វៀតណាមនៅតែបង្ក្រាបទៅលើក្រុមអ្នកសរសេរប្លក់
ដោយ ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ

នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៣ នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍ជម្រុញ ឲ្យវៀតណាមដោះលែងក្រុមអ្នកសរសេរប្លក់ថា រដ្ឋាភិបាលវៀតណាមត្រូវតែដោះលែងក្រុម Blogger ដែលទើបតែត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ជាបន្ទាន់រាល់ការរំលោភ បំពានទៅលើអ្នកបញ្ចេញសំឡេងរិះគន់រដ្ឋាភិបាល ។ ម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មនៃប្រទេសវៀត ណាម ត្រូវតែនិយាយជាសាធារណៈស្នើឱ្យអាជ្ញាធវៀតណាមបោះបង់កម្មវិធី នៃច្បាប់ព្រហ្មទណ្ឌដើម្បីផ្ដន្ទា ទោសសកម្មជនបញ្ចេញមតិដោយសន្តិវិធី ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឲ្យវៀតណាមដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះក្រុម Blogger ដែលទើបតែត្រូវបានចាប់ខ្លួននានាពេលថ្មីៗនេះ ។ ក្រុមប្លក់ហ្គើទាំងនោះ រួមមាន លោក ត្រឿង យី ញ៉ឹក (Trương Duy Nhất) និង លោក ផាម វៀត ដាវ (Phạm Viết Đào) និងអ្នក ចលនាតាមបណ្ដាញអិនធើណិត ឌិន ញឹក វី (Đinh Nhật Uy) ។ ក្រៅពីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានថ្កោលទោសចំពោះការដែលនគរបាលវៀតណាម បានធ្វើទារុណកម្មចំពោះសកម្មជនអិនធើណិត រួមមាន លោក ង្វៀង ជី ដឹក (Nguyễn Chí Đức) លោក ង្វៀង វ៉ាង វី (Nguyễn Hoàng Vi) និង លោក ផាម ឡេ វឹក កាក ( Phạm Lê Vương Các) ជាពលរដ្ឋដែលគួរតែត្រូវបានកិច្ចគាំពារពីរដ្ឋាភិបាល ។
លោក Brad Adams នាយកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា៖ “គោលនយោបាយ បង្ក្រាបទៅលើអ្នក បញ្ចេញសំឡេងរិះគន់ ទោះមានទ្រង់ទ្រាយធំ ឬ តូចក្ដី រដ្ឋាភិបាលវៀតណាម នឹងនាំឲ្យប្រទេសមួយនេះ ធ្លាក់កាន់តែជ្រៅ ចូលទៅក្នុងវិបត្តិ” ។ លោក Brad Adams បានបន្តទៀតថា “ករណីរដ្ឋាភិបាលវៀតណាមចាប់ខ្លួន និងបង្ក្រាបលើក្រុម Blogger នាពេលថ្មីៗនេះ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលខ្លាចការរិះគន់ជាសាធារណៈ អំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនស្ស [នៅក្នុងប្រទេស វៀតណាម] ។
ការចាប់ខ្លួនមនុស្សជាច្រើន ត្រូវបានអនុវត្តទៅតាមមាត្រា ២៥៨ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀត ណាម ដែលជាច្បាប់មួយមានលក្ខណៈស្រពេចស្រពិល បង្កើតឡើងដើម្បីគាបសង្កត់ និងដាក់ទណ្ឌកម្មដល់អ្នកនិយាយរិះគន់រដ្ឋាភិបាល ។
នៅក្នុងសេចក្ដីថ្លែការណ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានរំឭកឡើង វិញនូវប្រវត្តិនៃការចាប់ខ្លួនសកម្មជនតស៊ូមតិវៀតណាម ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន នាពេលកន្លងមកផងដែរ ។
លោក Brad Adams បាននិយាយថា៖ “ម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មនៃប្រទេសវៀតណាម ត្រូវតែ គាំទ្រពលរដ្ឋវៀតណាមដែលកំពុងតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពួកគេ និងបញ្ចេញសំឡេងជា សាធារណៈថា គ្មានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួន ឬ ត្រូវធ្វើទារុណកម្ម ព្រោះតែការបញ្ចេញមតិឡើយ” ។
លោក Brad Adams បានបន្តទៀតថា៖ “ ពួកគេ [ម្ចាស់ជំនួយ និង ដៃគូពាណិជ្ជកម្មវៀតណាម] ត្រូវតែ បញ្ជាក់ពីគោលជំហរថា អនាគតនៃប្រទេសនីមួយៗដែលមានការអភិវឌ្ឍ និងរីកចម្រើន ជាប្រទេសដែល មានសេរីភាព និងបើកចំហ ហើយនៅទីនោះ មានការរិះគន់ ហើយត្រូវបានរដ្ឋាភិបាលទទួលស្គាល់ថា ជារឿងធម្មតាមួយសម្រាប់កិច្ចការនយោបាយ ៕