វៀតណាមនៅមិនទាន់គោរពតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម
(ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ)
នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅក្នុង កិច្ចប្រ ជុំលើកទី ៦ នៃយន្តការអ្នកជំនាញអំពីសិទ្ធិជនជាតិដើម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៧ ដល់ ថ្ងៃទី ១២ ខែកក្កដា នេះ នៅការិយាល័យកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេស្វិស ។ នៅ ថ្ងៃនេះ កញ្ញា គឹម សុភាព តំណាង ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងការណ៍អំពី ប្រទេសវៀតណាម នៅមិនទាន់បានអនុវត្តតាម “ សេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច” ដែលខ្លួនក្នុងនាមជាប្រទេសហត្ថលេខីមួយជាមួយនឹង អង្គការសហប្រជា ជាតិលើសេចក្ដីអនុម័តសេចក្ដីប្រកាសនេះ កាលពីឆ្នាំ ២០០៧ ។

វៀតណាមនៅមិនទាន់គោរពតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម
តទៅនេះ សូមអញ្ជើញលោកអ្នកស្ដាប់ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ ដែល កញ្ញា គឹម សុភាព បាន ថ្លែងនៅក្នុងអង្គការសហប្រជាជាតិដូចតទៅ៖
—————————-
កិច្ចប្រជុំលើកទី ៦ នៃយន្តការអ្នកជំនាញអំពីសិទ្ធិជនជាតិដើម
របៀបវារៈ ៦៖ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម
សហព័ន្ធខ្មែរកម្ពុជាក្រោម
អ្នកថ្លែង៖ Catherine Kim (គឹម សុភាព)
លោកប្រធាន
វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលបានគាំទ្រសេចក្ដីអនុម័ត លើសេចក្តីប្រកាស ជា សកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅក្នុងឆ្នាំ ២០០៧ ។ យើងកំពុងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជាពិសេស ជាមួយនឹងភាពមិនជឿនលឿនក្នុងការទទួលស្គាល់សិទ្ធិរបស់ជនជាតិដើម ដែលគិតមកដល់ពេលនេះ មានរយៈពេល ៦ ឆ្នាំហើយ តែពលរដ្ឋខ្មែរក្រោម មានចំនួនតិចតួចបំផុតដែលបានដឹងអំពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើមនេះ ។ ព័ត៌មាន ដែលទាក់ទងនឹងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ត្រូវបានស្ទះនៅទីនេះ គឺនៅត្រឹមអង្គការសហប្រជាជាតិ និងមិនត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយដល់ប្រជាជននៅក្នុងប្រទេសវៀត ណាមឡើយ ។
www.airmaniax.com/air-maniax-birthday-parties
យើងក៏សូមសាទរចំពោះប្រទេសវៀតណាមដែលបានប្រកាសបេក្ខភាពរបស់ខ្លួន សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងអាណត្តិពីឆ្នាំ ២០១៤ ដល់ ២០១៦ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៣ ។ ប៉ុន្តែព័ត៌មានចុងក្រោយដែលទាក់ទងនឹងការរំលោភសិទ្ធិសាសនា ដែលរដ្ឋាភិបាលវៀតណាមបានចាប់ព្រះសង្ឃខ្មែរ ក្រោមផ្សឹក និងដាក់ពន្ធនាគារ បានធ្វើឱ្យពួកយើងមានក្ដីបារម្ភយ៉ាងខ្លាំងណាស់ ចំពោះអាកប្បរិយា ដែលប្រទេសវៀតណាមអនុវត្តផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បាន ប្ដេជ្ញាថា ”វៀតណាមនឹងប្តេជ្ញាចិត្ត ដើម្បីធ្វើសកម្មក្នុងការចូលរួមស្ថាបនា និងទទួលខុសត្រូវនៅក្នុង ក្រុមប្រឹក្សា” ។
ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម សូមផ្ដល់អនុសាសន៍មួយចំនួនដូចតទៅ៖
- សូមឲ្យប្រទេសវៀតណាមអនុវត្តតាមមាត្រា ទី ១២ នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដើម្បីអនុញ្ញាតឱ្យខ្មែរក្រោមប្រតិបត្តិសាសនារបស់ពួកគេ ដោយសេរី ។ ខ្មែរក្រោមគួរតែត្រូវបានអនុញ្ញាតឱ្យបង្កើតជាអង្គការសាសនាឯករាជ្យរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាលវៀតណាម ។ សព្វថ្ងៃ ខ្មែរក្រោម កំពុងតែឋិតនៅក្នុងការប្រតិបត្តិព្រះពុទ្ធ សាសនាថេរវាទរបស់ពួកគេក្នុងលក្ខណៈភ័យខ្លាចមួយ ។ ព្រះពុទ្ធសាសនាថេរវាទ មិនមែនគ្រាន់តែជាសាសនាមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាផ្នែកមួយក្នុងការរក្សាអត្តសញ្ញាណវប្បធម៌របស់យើងជាជនជាតិ ដើម ។ ជាអកុសល រាល់ថ្ងៃ ប្រជាជនរបស់យើងដែលកំពុងប្រតិបត្តិព្រះពុទ្ធសាសនាស្ថិតនៅក្រោមការគំរាមកំហែង ។ រដ្ឋាភិបាលវៀតណាមបង្ខំឱ្យព្រះសង្ឃព្រះពុទ្ធសាសនារបស់យើង ចូលជាសមាជិករបស់ សមាគមព្រះពុទ្ធសាសនាវៀតណាម (PUBA) ដែលជាសមាគមបង្កើតឡើងដោយរដ្ឋាភិបាលដើម្បីត្រួតពិនិត្យការប្រតិបត្តិសាសនារបស់យើង ។
- យើងទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសវៀតណាម អនុវត្ដតាមមាត្រាទី ១៤ នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដើម្បីស្វែងរកមធ្យោបាយដោះស្រាយកង្វះខាតខាងវិស័យអប់រំ ។ រហូតមកដល់ពេលនេះ មាត្រានេះ នៅតែមិនត្រូវបានរដ្ឋាភិបាលវៀតណាម គោរពនៅឡើយ ។ ឧទាហរណ៍ ព្រះតេជព្រះគុណ លី ចិន្ដា បានព្យាយាមបើកសាលារៀនអក្សរខ្មែរនៅក្នុងវត្តរបស់ព្រះអង្គ តែព្រះអង្គត្រូវបានរដ្ឋាភិបាលចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងអយុត្តិធម៌ ។
- យើងសូមផ្តល់អនុសាសន៍ដល់វៀតណាម ចំពោះការអនុវត្តមាត្រា ទី ១៦ នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដើម្បីឲ្យខ្មែរក្រោម ទទួលបានព័ត៌មាន ឯករាជ្យ និងការបញ្ចេញមតិដោយសេរី ។ ករណីដែលវៀតណាមនៅមិនទាន់បានគោរពតាមមាត្រាទី ១៦ នោះ គឺ អាជ្ញាធរវៀតណាម បានចាប់ផ្សឹកនិងដាក់គុក ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជ ព្រះគុណ លីវ នី ព្រោះព្រះសង្ឃទាំងពីរអង្គនេះ បានទាក់ទង និងផ្តល់ព័ត៌មានអំពីការរំលោភសិទ្ធិ មនុស្សប្រឆាំងនឹងខ្មែរក្រោមតាមរយៈវិទ្យុ “សំឡេងកម្ពុជាក្រោម” ដែលមានមូលដ្ឋាននៅក្រៅប្រទេស ។
ករណីនេះ ជាភស្តុតាងបញ្ជាក់ថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ មិនត្រូវបានគោរពទេ ។
- យើងសូមទាមទារឲ្យមានសំណង តាមមាត្រាទី ២៥ នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ត្រូវបានអនុវត្តដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម សម្រាប់ជនជាតិដើមខ្មែរក្រោម ។ សព្វថ្ងៃ ដីស្រែចំការរបស់ខ្មែរក្រោម ត្រូវបានរដ្ឋាភិបាលវៀតណាមរឹបអូស និងការសង មកវិញនូវការចាប់ដាក់គុក និងធ្វើទារុណកម្ម ពេលពលរដ្ឋខ្មែរក្រោមទាំងនោះធ្វើការតវ៉ា ។
- យើងទទូចឱ្យរដ្ឋាភិបាលនៃប្រទេសវៀតណាមអនុវត្តតាមមាត្រាទី ២៧ នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) សម្រាប់ខ្មែរក្រោម ។ តាមមាត្រានេះ រដ្ឋាភិបាលវៀតណាមត្រូវតែទទួលស្គាល់ “ខ្មែរក្រោម” ថា ជនជាតិដើមនៅក្នុងប្រទេសរបស់ខ្លួន ។ យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យពួកយើងដាក់ឈ្មោះ ភូមិ ស្រុក និងខេត្ត របស់យើងតាមភាសាខ្មែររបស់ខ្លួន ។ ការធ្វើរបៀបនេះ វាអាចធ្វើឲ្យប្រជាជនដឹងអំពីអ្វីដែលមានតាំងពីមុនមកជា របស់យើងនៅក្នុងតំបន់ទាំងនេះ ។
- នៅក្នុងភាសាយួន ជនជាតិដើម និង ជនជាតិភាគតិច មានន័យខុសគ្នាស្រឡះ ។ “ជនជាតិដើម” នៅក្នុងភាសាយួនគេហៅថា “បាងដៀ” (Bản địa) និង “ជនជាតិភាគតិច” ក្នុងភាសាយួនហៅថា “ យ៉ឹងតុកទីវសូ” (Dân tộc thiểu số ) ។ រដ្ឋាភិបាលវៀតណាមពិតជាដឹងច្បាស់ណាស់ អំពីអត្ថ ន័យនៃពាក្យ “ជនជាតិដើម” ។ យើងសង្ឃឹមថា ពួកគេនឹងប្រើពាក្យនេះសម្រាប់ខ្មែរក្រោមឲ្យបានសមរម្យ ក្នុងពេលអនាគត ។
យើងជឿយ៉ាងមុតមាំថា ការអនុវត្ដតាមសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) អាចនឹងបានសម្រេចយ៉ាងពេញលេញ ប្រសិនបើជនជាតិដើមទាំងអស់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ពួកគេ ៕
សូមអរគុណ