អាជ្ញា​ធរ​យួន​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​រើ​រុះ​មណ្ឌប​ភ្នំពាន់

209

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង|ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥

​កាលពី​ថ្ងៃ​ចន្ទ ទី ៣០ ខែមីនា ឆ្នាំ ២០១៥ នេះ អាជ្ញាធរ​យួន​កុម្មុយនីស្ត ខេត្ត​ព្រះ​ត្រពាំង បានចេញ​បញ្ជា​ជា​កំហិត​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) ស្ថិតនៅ​ភូមិ​ផ្នោ​រាំង ឃុំ​ទួល​សំរោង ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម រុះរើ​មណ្ឌប​ភ្នំ​ពាន់ ដែល​ព្រះសង្ឃ​វត្ត​នេះ​ខ្នះខ្នែង​តុបតែង​ឡើង​ដើម្បី​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដោយ​ការចោទប្រកាន់​ទៅលើ​ព្រះសង្ឃ​ថា មាន​ចេតនា​ជ្រោង​ទង់ជាតិ​កម្ពុជា​ក្រោម នៅលើ​ទឹកដី​កម្ពុជា​ក្រោម ដែល​កំពុង​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ។​

មណ្ឌបភ្នំពាន់ នៅវត្តផ្នោរាំង ដែលអាជ្ញាធរវៀតណាមឲ្យព្រសង្ឃរុះរើ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥ ។
មណ្ឌបភ្នំពាន់ នៅវត្តផ្នោរាំង ដែលអាជ្ញាធរវៀតណាមឲ្យព្រសង្ឃរុះរើ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥ ។

​បុព្វហេតុ​ដែល​នាំ​បណ្តាល​ឲ្យ​អាជ្ញាធរ​យួន​ចោទប្រកាន់ ហើយ​ហ៊ាន​ដាក់​បញ្ជា​ឲ្យ​ព្រះសង្ឃ​វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) រុះរើ​មណ្ឌប ដែល​ព្រះសង្ឃ​វត្ត​នេះ បាន​ព្រមព្រៀងគ្នា​ព្យាយាម​ចំណាយពេល​រៀបចំ​តុបតែង​យ៉ាង​ផ្ចិតផ្ចង់​ជាច្រើន​ថ្ងៃ​ទម្រាំ​តែ​បានសម្រេច​ជា​មណ្ឌប​ដ៏​ស្រស់​សោភា​នា​កណ្តាល​មណ្ឌលភ្នំ​ពាន់ ដោយ​គ្រាន់តែ​ដំបូល​នៃ​មណ្ឌប​នោះ​ត្រូវបាន​ព្រះសង្ឃ​ប្រក់​សំពត់ ៣ ពណ៌​គឺ ពណ៌​ខៀវ លឿង ក្រហម ចួន​ចំ​លើ​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម ក៏មាន ៣ ពណ៌ គឺ ខៀវ លឿង ក្រហម ដែរនោះ ម្ល៉ោះហើយ​យួន​ក៏​ចោទប្រកាន់​ទាំង​ទទឹងទិស​ថា ព្រះសង្ឃ​លើក​ទង់ជាតិ​កម្ពុជា​ក្រោម ។

កាលបើ​ពិចារណា​ឲ្យ​ហ្មត់ចត់​ទៅលើ​រឿងនេះ វា​ជា​ការគួរ​ឲ្យ​អស់សំណើច​ណាស់ ដែល​អាជ្ញាធរ​យួន​ស្រៀវ​ខ្លួន​ខុស​ទំនង​បែបនេះ បើ​គ្រាន់តែ​ពណ៌​សំពត់ ៣ ពណ៌​ខៀវ លឿង ក្រហម​សោះ ក៏​យួន​សន្សំរឿង​យក​ធ្វើជា​លេស​ចោទប្រកាន់ថា “​ទង់ជាតិ​កម្ពុជា​ក្រោម​” ចំណុច​ស្រៀវស្រាញ​ព្រឺព្រួច​នេះ ឈាន​ចុះ​ក្នុង​តម្រា​ថា “​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រម្លង រំសាយកន្ទុយ​” គឺ​យួន​តែងតែ​ដឹង​ខ្លួនឯង​ថា កំពុងតែ​រស់នៅ​និង​គ្រប់គ្រង​ទាំង​បំពារបំពាន​លើ​ទឹកដី​របស់​ខ្មែរក្រោម ម្ល៉ោះហើយ​យួន​តែ​រស់នៅ​ជា​ទុក្ខ ជា​ភ័យ ពុំដែល​សុខ​ពិតប្រាកដ​ទេ ព្រោះ​ខ្លាច​ម្ចាស់​ទឹកដី​គេ​មិន​សុខចិត្ត​ទាមទារ​យកមក​វិញ តាមច្បាប់​ធរមាន​រប​ស់​អន្តរជាតិ ដែល​ខ្លួន​មិនអាច​ប្រកែក​បាន សម​ដូច​ពុទ្ធភាសិត​ថា “​ជ​យំ វេ​រំ ប​សវ​តិ បុគ្គល​អ្នកឈ្នះ តែង​រង​នូវ​ពៀរ​” គឺ​ពិតមែនតែ​យួន​បានឈ្នះ​ខ្មែរក្រោម​ដោយ​អំពើចោរកម្ម​ដណ្តើមយក​ទឹកដី​កម្ពុជា​ក្រោម​បានសម្រេច​សមបំណង​ក៏ពិតមែន ប៉ុន្តែ​ពៀរ​វេរា​ដែល​យួន​បាន​សាបព្រោះ​លើ​ថ្នាល​ជិវិត​ខ្មែរក្រោម​យ៉ាង​ព្រៃផ្សៃ​នឹងមិន​ងាយ​សាបសូន្យ​បានឡើយ លើស​ជាង​នោះ​ទៅទៀត​យួន​នៅតែ​ភ្ញាក់ខ្លួន តាម​ចងពៀរ ធ្វើទុក្ខបុកម្នេញ រំលោភបំពាន​លើ​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​គ្រប់យ៉ាង ពោលគឺ​យួន​មិន​ត្រឹមតែ​ជា​ចោរលួច​ទឹកដី​របស់​ខ្មែរក្រោម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ចោរ​ឧក្រិដ្ឋ​លួច​សេរីភាព​របស់​ខ្មែរក្រោម​ទៀតផង ។

ជាការ​ពិតណាស់​ខ្មែរក្រោម​ជា​អ្នកចាញ់ ធម្មតា​អ្នកចាញ់​មិនដែល​បាន​សុខ​ទេ តែងតែ​ទទួល​ទុក្ខទោស​គ្រប់យ៉ាង​ពី​អ្នកឈ្នះ ដូច​ពុទ្ធភាសិត “​ទុក្ខំ សេ​តិ បរា​ជិ​តោ បុគ្គល​អ្នកចាញ់​តែង​ដេក (​ការរស់នៅ​) ជា​ទុក្ខ​” ទុក្ខ​ធំ​បំផុត​របស់​ខ្មែរក្រោម​នាពេល​បច្ចុប្បន្ន​នេះ​គឺ​រស់​គ្មនា​សេរីភាព គ្មាន​សិទ្ធិ​ពេញលេញ​ដើម្បី​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង គឺ​ខ្មែរក្រោម​គិត​អ្វី ធ្វើ​អ្វី និយាយ​អ្វី ក៏ត្រូវ​គិត ត្រូវធ្វើ ត្រូវ​និយាយ​តាម​យួន​កុម្មុយនីស្ត​ទាំងអស់ បើ​ហ៊ាន​គិត ធ្វើ និយាយ ខុសពី​ការបង្គាប់បញ្ជា​របស់គេ គេ​នឹង​ចោទថា​ជា​អ្នក​ប្រតិកិរិយា ឬ​ក្រុម​ប្រតិកិរិយា មានទោស​ក្បត់ជាតិ នឹងត្រូវ​កាត់ទោស​ទ័​ណ្ឌ​ជា​ទម្ងន់​តាមច្បាប់ ។​

​ក្នុង​រឿង​អាជ្ញាធរ​យួន​ចោទប្រកាន់​ព្រះសង្ឃ​សង់​មណ្ឌប​ប្រក់​សំពត់​ពណ៌ ខៀវ លឿង ក្រហម ថា​ជា​ការលើក​ជ្រោង​ទង់ជាតិ​កម្ពុជា​ក្រោម​នោះ ប្រសិនបើ​បើដូច្នោះ​មែន គួរតែ​អាជ្ញាធរ​យួន​ចោទប្រកាន់​ទាំង​រោងចក្រ​យួន​ដែល​ផលិត​សំពត់​ពណ៌​ខៀវ លឿង ក្រហម នៅក្នុង​ប្រទេស​យួន​ទាំងអស់​ថា ជា​អ្នក​ផលិត​ទង់​កម្ពុជា​ក្រោម​ផងដែរ​ទើប​ត្រឹមត្រូវ​ព្រះសង្ឃ​ជាវ​សំពត់​នេះ​មកពីផ្សារ​យួន​, ម្ល៉ោះហើយ​គួរតែ​ចោទប្រកាន់​រោងចក្រ​សំពត់​ទាំងនោះ​ថា ពិត​ជាមាន​ចេតនា​ផលិត​និង​គាំទ្រ​ឲ្យ​មានការ​ជ្រោង​ទង់ជាតិ​កម្ពុជា​ក្រោម លើ​ទឹកដី​កម្ពុជា​ក្រោម​យ៉ាង​ពេញទំហឹង​មែន ។ ទន្ទឹមនឹងនោះ​អាជ្ញាធរ​យួន​ក៏​គួរតែ​ចេញ​បញ្ជា​ឲ្យ​បិទ​រោងចក្រ​សំពត់​ដែលមាន​ផលិត​សំពត់​ពណ៌ ខៀវ លឿង ក្រហម ជា​កំហិត និង​ផលិតផល​សព្វ​សារពើភ័ណ្ឌ​ទូទាំងប្រទេស​ដែលមាន​ពណ៌​ខៀវ លឿង ក្រហម​ដូច​ទង់ជាតិ​កម្ពុជា​ក្រោម ក៏ត្រូវ​ឲ្យ​បំផ្លាញចោល​ដូចដែល​ខ្លួន​បាន​ចោទប្រកាន់ និង​ចេញ​បញ្ជា​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​រុះរើ​មណ្ឌប​ដែល ប្រក់​សំពត់​ពណ៌ ខៀវ លឿង ក្រហម​ជាបន្ទាន់​ដូច្នោះ​ដែរ ទើប​យុត្តិធម៌ មានតែ​ធ្វើ​ដូច្នោះ​ទើប​រារាំង​កុំ​ឲ្យ​មាន​ពណ៌​ខៀវ លឿង ក្រហម​ដ៏​ស្រស់​ឆើត​ពេញនិយម​របស់​ប្រជាពលរដ្ឋ​យួន និង​ខ្មែរក្រោម​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​តទៅទៀត​, នេះ​នៅ​មិនទាន់​និយាយ​ដល់​ការពេញនិយម​ប្រ​ប្រាស់​ពណ៌ ខៀវ លឿង ក្រហម​របស់​ប្រជា​ពល​លោក​នោះ​ផង ។ មួយទៀត​ទាល់តែ​ចោទប្រកាន់​ឲ្យ​គ្រប់សព្វ​ជ្រុងជ្រោយ​បែបនេះ ទើប​សម​នឹង​ឈ្មោះ​យួន​ជា​ប្រទេសមួយ​ខ្លាំងពូកែ​ខាង​ការចោទប្រកាន់​,​ខាង​មួលបង្កាច់​, បំផ្លើស​បំភ្លៃ​, រំលោភបំពាន​ក្នុង​លោក ។​

​សេចក្តី​ពិត​មណ្ឌប​ប្រក់​ដំបូល​ដោយ​សំពត់​ពណ៌​ខៀវ លឿង ក្រហម ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ព្រះសង្ឃ​ខ្មែរក្រោម វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) បើ​ទុក​ណា​ជា​អាជ្ញាធរ​យួន​សង្កៀរចិត្ត​ឆ្អិត​ទ្រូង​មិន​សុខចិត្ត​គិត​ចង់​ចោទប្រកាន់​យ៉ាងណាក៏ដោយ ក៏​គួរតែ​ធ្វើការ​បែងចែក​ឲ្យ​ច្បាស់លាស់​ជាមុនសិន ថា​តើ​អ្វី​ជា​មណ្ឌប ? អ្វី​ជា​ទង់ ? ឬ​អាជ្ញាធរ​យួន​ខ្លួនឯង​មិន​ស្គាល់​ច្បាស់​ទង់ជាតិ​កម្ពុជា​ក្រោម ដែល​អន្តរជាតិ​ទទួលស្គាល់​ជា​ផ្លូវការ​នោះ មាន​សណ្ឋាន​ទ្រង់ទ្រាយ​បែបណា ? និង មិន​ស្គាល់​មណ្ឌប​មាន​សណ្ឋាន​ទ្រង់ទ្រាយ​បែបណា ? បានជា​មានការ​មមិងមមាំង​ងេងងោង​ច្រឡំបល់​ថា ទង់​ជា​មណ្ឌប មណ្ឌប​ជា​ទង់​ដូច្នេះ​ទៅវិញ ? ។​

​សូមបញ្ជាក់​ជាថ្មី​ថា នៅ​ទូទាំង​កម្ពុជា​ក្រោម​តាំងពី​បុរាណកាល​រៀងរៀប​ដរាប​មក នៅក្នុង​វត្តនី​មួយ ៗ ទោះបី​បុណ្យ​ធំ​តូច​អ្វី​ក៏ដោយ មិន​ថា​បុណ្យចូលឆ្នាំថ្មី​ខ្មែរ បុណ្យ​ដូនតា បុណ្យកឋិន និង​បុណ្យបញ្ចុះសីមា​ជាដើម​ទេ សុទ្ធតែ​រៀបចំ​តុបតែង​ស្អិតស្អាង​ឡើង​ដោយ​ស្នា​ព្រះហស្ត​របស់​ព្រះសង្ឃ​ស្ទើរតែ ១០០ % ឯ​គ្រហស្ថ​គ្រាន់តែ​ឧបត្ថម្ភ​គាំទ្រ​បច្ច័យ ៤ និង​ជួយ​ជ្រោមជ្រែង​ចំពោះ​កិច្ចការ​ខ្លះ​ដែល​ព្រះសង្ឃ​ធ្វើ​ពុំ​កើត​ប៉ុណ្ណោះ ។​

​ចំពោះ​ការរៀបចំ​មណ្ឌប​ភ្នំ​ពាន់​តាំង​ពិ​ពរណ៍​ពុទ្ធសាសនា និង​វប្បធម៌ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃ​ណៅ​ជាតិខ្មែរ ដោយមាន​ការសង់​មណ្ឌប​ចំ​កណ្តាល​មណ្ឌលដើម្បី​តម្កល់​ព្រះពុទ្ធ​ប្បដិមា និង​សក្ការ​វត្ថុ​ដទៃទៀត ឲ្យ​ពុទ្ធបរិស័ទ​ធ្វើដំណើរ​មួយ​ជុំ​ភ្នំ​ពាន់​ដែល​ប្រទាក់ក្រឡា​ដោយ​ខ្សែ ហើយ​ចូលទៅ​ថ្វាយ​ម​ង្គំ​ព្រះពុទ្ធ​ប្បដិមា ទុកជា​និមិត្តរូប​នៃ​ការតស៊ូ​ព្យាយាម​ធ្វើដំណើរ​តាម​ស្នាម​ព្រះបាទ​នៃ​សម្មាសម្ពុទ្ធ​ដោយ​ការប្រព្រឹត្ត​សីល សមាធិ បញ្ញា ទោះបី​លំបាក​យ៉ាងណា​ក៏​មិន​ងាករេ ។ ការរៀបចំ​ធ្វើ​នេះ គ្រាន់តែ​ដើម្បី​អភិ​ក្ស និង​ផ្សព្វផ្សាយ​នូវ​វប្បធម៌ សាសនា ទំនៀមទម្លាប់​របស់ខ្លួន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​យួន​ចោទប្រកាន់ ហើយ​ចេញ​បញ្ជា​ឲ្យ​រុះរើ​ជាបន្ទាន់ ធ្វើ​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជើងវត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) និង​ខ្មែរក្រោម​ជាទូទៅ​មានការ​ក្តៅក្រហាយ នឹង​រដ្ឋាភិបាល​យួន​យ៉ាង​ក្រៃលែង ។​

ដំណើរ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​រឹតតែ​ច្បាស់ នូវ​សេចក្តីថ្លែងការណ៍​លាតត្រដាង​ការពិត​របស់​ប្រេសិត​អង្គការសហប្រជាជាតិ​ អំពី​ការរំលោភ​សិទ្ធិ​សាសនា​របស់​រដ្ឋាភិបាល​យួន​កុម្មុយនីស្ត​ក្នុងពេល​ថ្មី ៗ នេះ ថា​ជាការ​ពិត​ដល់​កម្រិត ១០០ % ។​

​ក្នុងនាម​ជា​ខ្មែរក្រោម​ជនជាតិដើម យើង​ត្រូវការ​សេរីភាព​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុង​ការគិត ការនិយាយ ការធ្វើ ស្របតាម​ច្បាប់​ធរមាន​របស់​ជាតិ និង​អន្តរជាតិ ដើម្បី​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ទឹកដី​ដូនតា​យើង ដូចជា​ជនជាតិ​ដទៃទៀត​នៅលើ​លោក​នេះដែរ មិនមែន​សម្រេច​វាសនា​ខ្លួន​ដោយ​យួន​តទៅទៀត​ទេ ។ យើង​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​នូវ​រាល់​ទង្វើ​រំលោភបំពាន​សិទ្ធិសេរីភាព​ក្នុងការ​រស់នៅ របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ទាំង​ផ្នែក​សាសនា ទាំង​ផ្នែក​វប្បធម៌ និង​សិទ្ធិ​ជា​មនុស្សជាតិ ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​ជាតិ​សាសនា​របស់​យើង​ជា​ខ្មែរក្រោម​ជនជាតិដើម​ម្ចាស់​ទឹកដី ៕​

Comments are closed.