អតីត​ប្រ​ធាន​ធនា​គារ ២ នាក់ នៅ​វៀត​ណាម ត្រូវ​ចាប់​ខ្លួន​ក្នុង​រឿង​អាស្រូវ​បង្វិល​ប្រាក់​ខុស​ច្បាប់

369

អតីត​ប្រធាន​ធនាគារ​ឯកជន​ពីរនាក់ ​នៅ​វៀតណាម ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​មាន​ដីកា​ចាប់​ខ្លួន ​ទាក់ទិន ​នឹង​សំណុំ​រឿង​បង្វិល​ប្រាក់​ខុសច្បាប់ ​នៅ​ក្នុង​ធនាគារ ។ នៅមាន​មនុស្ស​ ១២​ នាក់​ផ្សេង​ទៀត ​ដែល​ជាប់​ពាក់​ព័ន្ធ ​នឹង​រឿង​អាស្រូវ​នេះ ​ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​កំពុង​តាម​ចាប់​ខ្លួន ។ វិស័យ​ធនាគារ​វៀត​ណាម ​មិន​ថា​រដ្ឋ ឬឯកជន​ ត្រូវ​បាន​គេ​មើលឃើញ​ថា ​ពោរពេញ​ទៅ​ដោយ​ សកម្មភាព​មិន​ប្រក្រតី ​ដែល​បាន​បង្ករ​ឲ្យ​មាន​ការ​ខាតបង់​ប្រាក់​ របស់​អតិថិជន​រាប់​រយ​លាន​ដុល្លារ ។

នគរបាលនៃក្រសួងមហាផ្ទៃវៀតណាម ចាប់ខ្លួនអតីត​ប្រធាន​ធនាគារ​ឯកជន​ពីរនាក់ គឺលោក ផាន់ ហ្វីខាង (ស្តាំ) និងលោក ត្រឹម បេ (ឆ្វេង) ។
នគរបាលនៃក្រសួងមហាផ្ទៃវៀតណាម ចាប់ខ្លួនអតីត​ប្រធាន​ធនាគារ​ឯកជន​ពីរនាក់ គឺលោក ផាន់ ហ្វីខាង (ស្តាំ) និងលោក ត្រឹម បេ (ឆ្វេង) ។

ក្រសួង​មហាផ្ទៃ​វៀតណាម ​បាន​ចេញ​ផ្សាយ​ នៅលើ​គេហទំព័រ​របស់​ខ្លួន ​ នូវ​ដីកា​ចាប់​ឃាត់​ខ្លួន​ ដែល​ក្នុង​នោះ​មាន​ឈ្មោះ​មនុស្ស ​១៤​ នាក់​ ស្តីពី​បទ​ល្មើស​ធនាគារ​ដ៏​ធ្ងន់ធ្ងរ ។ គិត​មក​ត្រឹម​ ល្ងាច​ថ្ងៃ​អង្គារ​ ទី ១​ សីហា ម្សិលមិញនេះ​ មនុស្ស​ពីរ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​ហើយ ​ដែល​ជា​អតីត​ប្រធាន​ធនាគា​ឯកជន​វៀតណាម​មួយ​ឈ្មោះ ​Sacombank ។ មនុស្ស​ទីមួយ​ឈ្មោះ ​ផាន់ ហ្វីខាង ​ជា​អតីត​អគ្គនាយក​ធនាគារ​នេះ ​ចាប់​ពីឆ្នាំ ​២០១២​ មុន​ នឹង​ត្រូវគេ​បណ្តេញ​ចេញ ​កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ ។ ឯ​មនុស្ស​ទី​ពីរឈ្មោះ ​ត្រាំ បេ​ អតីត​អនុប្រធាន​ ហើយ​ក៏​ជា​មនុស្ស​ក្នុង​ត្រកូល​អ្នក​មាន​ជាង​គេ​បំផុត​នៅ​វៀតណាម ​ដែល​មាន​ជំនួញ​អចលនទ្រព្យ ​និង​គ្រឿង​អលង្ការ ។

សូមរំលឹក​ថា​ នេះគឺ​ជា​រឿងរ៉ាវ​បន្ត ​នៃ​រឿង​អាស្រូវ​ធនាគារ ​ដែល​បាន​កើត​ឡើង ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ ​ដែល​បាន​ធ្វើ​ឲ្យ បុគ្គលិក​ធនាគារ ​Vietnam Construction Bank ​ចំនួន​ ៣៦​ នាក់​ ជាប់​ទោស ​ដែល​ករណី​ខ្លះ ​មាន​ទៅ​ដល់​ជាប់​គុក​ ៣០ ​ឆ្នាំ ។ បុគ្គលិក​ធនាគារ​ទាំង​នោះ ​ បាន​ប្រើ​វិធី​បង្វិល​ប្រាក់​ ចេញ​ពី​គណនី​របស់​អតិថិជន​ខ្លួន​​ យក​ទៅ​បង្កើត​ជា​កញ្ចប់​ប្រាក់​ ដើម្បី​ទទួល​បាន​នូវ​កំចីឲ្យ​ទៅ​ក្រុមហ៊ុន​ផ្សេងៗ ។ សកម្មភាព​បង្វិល​ប្រាក់​ខុស​ច្បាប់​នេះ ​បាន​បង្ករ​ឲ្យ​ខាត​បង់​ប្រាក់ ​ប្រមាណ​ ៥៦០​ លាន​អឺរ៉ូ ។

ទីស្នាក់ការកណ្តាលនៃធនាគារ​ឯកជន​ ​Sacombank នៅទីក្រុងព្រៃនគរ ។
ទីស្នាក់ការកណ្តាលនៃធនាគារ​ឯកជន​ ​Sacombank នៅទីក្រុងព្រៃនគរ ។

ករណី​មួយទៀត ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ ​២០១៥ ​អតី​ប្រធាន​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​វៀតណាម ​Petro Vietnam ​ ឈ្មោះ ​ង្វៀន ស្វឹងស៊ឺន ​ត្រូវ​បាន​គេ​ចាប់​ឃាត់ខ្លួន ​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ ​បាន​ខាត​បង់​ប្រាក់​ប្រមាណ ​៣៨​ លាន​ដុល្លារ ​ នៅ​ក្នុង​ធនាគារ​ Ocean Bank ។ ប្រធាន​ធនាគារ​នេះ ​ ដែល​ជា​មហាសេដ្ឋី​មួយ​រូប​ដែរ​នៅ​វៀតណាម ​ក៏ត្រូវ​បាន​គេ​ចាប់​ឃាត់​ខ្លួន​ផងដែរ ។

សូមបញ្ជាក់ថា​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​កំណើន​សេដ្ឋកិច្ច​វៀតណាម ​បាន​កើន​ឡើង​ល្អ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ។ ក៏​ប៉ុន្តែ​វិស័យ​ធនាគារ​វៀតណាម ​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ទេ ​ ដោយសារ​តែ​គ្មាន​តម្លាភាព​ និង​ក្រិត្យក្រម​ត្រឹមត្រូវ ។ ចាប់ពី​ឆ្នាំ​ ២០១១ ​មក​ រដ្ឋាភិបាល​កុម្មុយនីស្តិ​វៀតណាម ​បាន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​វិស័យ​ធនាគារ ​ ដោយ​បាន​ខិតខំ​ផ្សាយ​ពាណិជ្ជកម្ម​ បង្អួត​ពី​ការ​តាម​ចាប់​បក​មុខ​ បុគ្គលិក​ធនាគារ ​ឬ​អ្នក​មានៗ ​ដែល​រកស៊ី​ឃុបឃិត​ខុសច្បាប់​ ក្នុង​ប្រព័ន្ធ​ធានាគារ​ជាដើម ។ តែ​យ៉ាង​ណា​ លទ្ធផល​ជាក់​ស្តែង ​នៃការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ​នៅ​មិន​ទាន់​ឆ្លើយ​តប​ ទៅតាម​ការ​ចង់​បាន​ទេ ៕ ប្រភពព័ត៌មាន៖ RFI

 

Comments are closed.