វៀតណាម​គ្រោង​អភិវឌ្ឍ​កោះត្រល់​ ឱ្យ​ក្លាយជា​ទីក្រុង​កោះ​ដំបូងបង្អស់​ នៅវៀតណាម​

0 100

ដោយ យាង សុ​ធារិ​ន្ទ

ប្រទេស​វៀតណាម​គ្រោង​អភិវឌ្ឍ​កោះត្រល់​ឱ្យ​ក្លាយទៅជា​ទីក្រុង​កោះ​ដំបូងបង្អស់​នៅក្នុង ប្រទេស​នេះ ។ ផែនការ​អភិវឌ្ឍន៍​នេះ​គ្រោង​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ជាធរមាន​ចាប់ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តទៅ ។ ទោះជាយ៉ាងណា កោះត្រល់​នៅតែ​ជា​ប្រធានបទ​ចំរូង​ចំរាស់ ដែល​ភាគី​ខ្មែរ​មាន​និន្នាការ​ផ្ទុយគ្នា បន្ត​លើក​មក​បកស្រាយ​អំពី​ភាព​មិន​ស្របច្បាប់ នៃ​ការ​គ្រប់គ្រង​របស់​វៀតណាម​ នៅ​លើ​កោះ​ខ្មែរ​មួយ​នេះ ។

Phu Quoc recently opened the world's longest non-stop three-rope cable car. Shutterstock
Phu Quoc recently opened the world’s longest non-stop three-rope cable car. Shutterstock

រដ្ឋាភិបាល​វៀតណាម​ បាន​ដាក់ចេញ​នូវ​ផែនការ​ជាបន្តបន្ទាប់ ​ក្នុង​គោលដៅ​អភិវឌ្ឍ​កោះ​នេះ​ ឱ្យ​ក្លាយទៅជា​តំបន់​ទាក់ទាញ​បំផុត​មួយ​ នៅក្នុង​ប្រទេស​វៀតណាម ។

ជាក់ស្តែង កាលពី​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វៀតណាម បាន​អនុម័ត​យល់ព្រម​នូវ​ផែនការ​ដើម្បី​អភិវឌ្ឍ​កោះ​នេះ​ ឱ្យ​ក្លាយទៅជា​ទីក្រុង​កោះ​ដំបូងបង្អស់ នៅក្នុង​ប្រទេស ។

សារព័ត៌មាន​វៀតណាម VN Express បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១០ ខែធ្នូ ថា ផែនការ អភិវឌ្ឍន៍​កោះត្រល់​នេះ នឹង​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​ក្រមួនស ដែល​វៀតណាម​ហៅថា ​ខេត្ត​កៀង​យ៉ាង (Kien Giang​) ។ ការ​អភិវឌ្ឍ​នេះ​ គឺ​គ្រប​ដណ្តប់​ទៅ លើ​ស្រុក​ភូ​ក្វឹក​ទាំងមូល​ ដែល​មាន​ប្រជាជន​រស់នៅ​ជិត ១ សែន ៨ ម៉ឺន នាក់ ។

កោះត្រល់​គឺជា​កោះ​របស់​ខ្មែរ​តែ​ត្រូវ​វៀតណាម​ប្តូរ​ឈ្មោះ​ទៅជា​កោះ ​ភូ​ក្វឹក​ (Phu Quoc​) និង​កំពុង​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ។ កោះ​នេះ​មានផ្ទៃ​ដី ប្រមាណ ៥៨៩ គីឡូម៉ែត្រ​ការ៉េ ដែល​ទំហំ​នេះ​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រទេស​សឹង្ហ​បុរី ។ កោះ​នេះ ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ប្រទេស​កម្ពុជា មាន​ចំងាយ​ប្រមាណ ១២ គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​ខេត្តកំពត និង​មាន​ចំងាយ​ប្រមាណ ៤៥ គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​ពាម ដែនដី​កម្ពុជាក្រោម ដែល​វៀតណាម​បាន​ប្តូរ​ឈ្មោះ​ទៅជា​ខេត្ត​ហា​ទៀង ។

កោះត្រល់​គឺជា​កោះ​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ជីវ​ចំរុះ ធន​ធន​បាតសមុទ្រ មាន ព្រៃឈើ ឆ្នេរសមុទ្រ​ស្រស់​ស្អាត​វែងអន្លាយ ឆ្នេរខ្សាច់​សក្បុស​ស្រស់បំព្រង និង​មាន​សហគមន៍ នេសាទ ដែល​ជា​សម្បត្តិ​ដ៏​មាន​តំលៃ និង​ជា​សក្តា​នុ​ពល​ដ៏​ធំធេង​សម្រាប់​វិស័យ​ទេសចរណ៍ ។ បច្ចុប្បន្ន រដ្ឋាភិបាល​វៀតណាម​ក៏បាន​សាង​សង់​ព្រលា​នយន្តហោះ​នៅ​លើ​កោះ​នេះ​ផង​ដែរ ។

សារព័ត៌មាន​វៀតណាម​មួយទៀត​ឈ្មោះ តូយ​ទ្រែ (Tuoi Tre News​) បានឱ្យ​ដឹង​កាលពី​ថ្ងៃទី ១០ ខែធ្នូ ថា ការសម្រេច​របស់​គណៈ​កម្មា​ការ​ធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វៀតណាម ​គឺជា​ការ​ផ្លាស់​ប្តូរ មុខមាត់​ថ្មី​របស់​កោះត្រល់​ឱ្យ​ក្លាយទៅជា​ទីក្រុង​កោះ​ដែល​មិនធ្លាប់​មាននៅ​វៀតណាម ។

កោះត្រល់​មាន​ឆ្នេរសមុទ្រ​ទឹកជ្រៅ​ ដែល​អំណោយផល​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កំពង់ផែ​សមុទ្រ និង​ការ​នេសាទ​សមុទ្រ ហើយ​ផែនការ​អភិវឌ្ឍន៍​កោះ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​បង្កើត ឱ្យ​មាន​ឡើង​តាំងពី​ឆ្នាំ ២០០៥ មក​ម៉្លេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំ​ពី​សក្តា​នុ​ពល​របស់​កោះត្រល់ ។ នេះ​បើ​តាម​សារព័ត៌មាន តូយ​ទ្រែ ។

សារព័ត៌មាន​ដដែល​ឱ្យ​ដឹង​ថា កោះត្រល់​បាន​រក្សា​នូវ​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​និង​ថេរ ក្នុងរយៈពេល ១៥ ឆ្នាំ​ចុងក្រោយ​នេះ និង​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន ៣២០ គម្រោង ដែល​មាន​តំលៃ​វិនិយោគ​ប្រមាណ ៣៤០ ទ្រី​លាន​ដុង ឬស្មើ​ប្រមាណ ១៧ ពាន់​លាន​ដុល្លារ អាមេរិក ។

បើ​និយាយ​ពី​វិស័យ​ទេសចរណ៍​វិញ កាលពី​ឆ្នាំ ២០១៩ មាន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក និង​អន្តរជាតិ​ប្រមាណ ៣ លាន​នាក់​បាន​ទៅ​ទស្សនា​នៅ​កោះត្រល់ ។ សារព័ត៌មាន​នេះ ​ក៏បាន​ស្រង់​សម្តី​រដ្ឋមន្រ្តី​កិច្ចការ​លំនៅឋាន​នៃ​ប្រទេស​វៀតណាម​ដែល​បាន​លើកឡើង​ថា កោះត្រល់​មាន​សហគ្រាស ពាណិជ្ជកម្ម សាលារៀន និង​គម្រោង​វិ​និ យោ​គធំៗ​ ជាច្រើន ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​លើក​កំពស់​ការរស់នៅ​របស់ ប្រជាជន​ប្រកបដោយ​ភាព​ទំនើប​ទាន់សម័យ ។

គួរ​បញ្ជាក់​ថា ក្រៅពី​សំណង់​អាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​នេះ នៅ​លើ​កោះត្រល់ ក៏​មាន​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​មួយ ​ត្រូវ​បាន​សាងសង់​ឡើង​ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០១៣ ផង​ដែរ ។ វត្ត​នោះ ​មានឈ្មោះ​ថា ពោធិ​ទី​បា​រាម – កោះត្រល់ កសាង​លើ​ផ្ទៃដី​ដ៏​ធំ​ទូលាយ និង​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​កសាង​ដោយ​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហាជាតិ​ខេត្ត​ក្រមួនស និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម ។

គម្រោសាងសង់​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​មួយ ​នៅកោះត្រល់ ។ រូបៈ Internet
គម្រោសាងសង់​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​មួយ ​នៅកោះត្រល់ ។ រូបៈ Internet

កោះត្រល់​ គឺជា​កោះ​មួយ​ក្នុងចំណោម​កោះធំ ២ នៅ​ដែនដី​កម្ពុជាក្រោម ។ កោះ​មួយទៀត គឺ​កោះត្រឡាច ដែល​ព្រះ​គ្រូអាចារ្យ ហែម ចៀវ ត្រូវ​បាន​អាណានិគម​បារាំង​ចាប់​ព្រះ​កាយ យក​ទៅ​ឃុំឃាំង​រហូតដល់​ព្រះអង្គ​សុ​គត់​នៅ​ទីនោះ ។

ទោះជា​បែបនេះ​ក្តី មកទល់​ពេល​បច្ចុប្បន្ន​នេះ កោះត្រល់​នៅតែ​ជា​ប្រធានបទ​ក្តៅ​ និង​រសើប​មួយ ដែល​ភាគី​ខ្មែរលើ​កយក​មក​បកស្រាយ ​អំពី​ភាព​មិន​ស្របច្បាប់​នៃ​ការគ្រប់គ្រង​របស់​វៀតណាម ។

គួរ​រម្លឹក​ត្រង់នេះ​ថា ក្នុង​ពេល​ដែល​កម្ពុជាក្រោម ឬបារាំង​ហៅថា​កូសាំងស៊ីន ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​បារាំង អគ្គ​ទេសាភិបាល​បារាំង​នៅ​ឥណ្ឌូចិន លោក ចូ​សេ​ប្ហ ស្សូល ប្រេវី​យេ (Joseph Jules Brévié​) បាន​ចេញ​សេចក្តី​សម្រេច​មួយ​នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៣៩ ដោយ​ដាក់​កោះ​ទាំងអស់​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែ​ប្រេវី​យេ រួម​ទាំង​កោះត្រល់​ផង ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​កូសាំងស៊ីន ។

តែ​ទោះជាយ៉ាងណា លោក ប្រេវី​យេ ហាក់​មិនបាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​អធិបតេយ្យ​ភាព​របស់​កោះ​ទាំងនោះ​ឡើយ ។ ភាព​មិន​ច្បាស់លាស់​នេះ​ហើយដែល​បាន​ធ្វើ​ឱ្យ​ខ្មែរ​មានការ​បក​ស្រាយ​ខុស​ៗគ្នា​រហូត​មកទល់​ពេល​បច្ចុប្បន្ន ។

តើ​សេចក្តី​សម្រេច​របស់ លោក ប្រេវី​យេ នៅ​ឆ្នាំ១៩៣៩ មាន​អត្ថន័យ​ដូចម្តេច​ខ្លះ​?

ខ្សែ​ប្រេវី​យេ ឬបន្ទា​ត់​ប្រេវី​យេ គឺជា​ខ្សែបន្ទាត់​កាត់​កែង​ទៅ​នឹង​ឆ្នេរសមុទ្រ ​ដែល​គូស​ចេញពី​ព្រំដែន​រវាង​ខេត្តកំពត​ប្រទេស​កម្ពុជា និង​ខេត្ត​ពាម ឬវៀតណាម ហៅថា ហា​ទៀង (Ha Tien​) នៃ​ដែនដី​កូសាំងស៊ីន ដែល​មាន​មុំ ១៤០ដឺក្រេ ព័ទ្ធជុំវិញ​ប៉ែក​ខាងជើង​កោះត្រល់ ដែល​ខ្សែ​នេះ​មាន​ចម្ងាយ​ពី​កោះត្រល់​ប្រមាណ ៣ គីឡូម៉ែត្រ ។

បើ​តាម​លិខិត​របស់​អគ្គ​ទេសាភិបាល​សហភាព​ឥណ្ឌូចិន លោក ប្រេវី​យេ ផ្ញើ​ជូន​លោក​ទេសាភិបាល​កូសាំងស៊ីន នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ ១៩៣៩ លោក ប្រេវី​យេ បាន​បញ្ជាក់​ប្រាប់​ទេសាភិបាល​កូសាំងស៊ីន​ថា លោក​ទើបតែ​បាន​ពិនិត្យមើល​តាម​នីតិវិធី នូវ​បញ្ហា​ថ្មី​មួយ​ស្ដីពី​កោះ​ទាំងឡាយ​នៅក្នុង​ឈូងសមុទ្រ​សៀម ដែល​ការ​កាន់កាប់​ត្រូវ​បាន​ជំទាស់​រវាង​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន ។

លោក ប្រេវី​យេ អះអាង​ថា សភាពការណ៍​នៃ​ចង្កោម​កោះ​ដែល​ស្ថិតនៅ​ដង្ហែ​គ្នា​តាម​បណ្តោយ​ឆ្នេរសមុទ្រ​កម្ពុជា ហើយដែល​មាន​កោះ​មួយចំនួន​ស្ថិតនៅ​យ៉ាង​ជិត​ឆ្នេរសមុទ្រ​ដែល​មាន​ដីដុះ​បន្ត​ភ្ជាប់គ្នា​ទៅ​នឹង​ឆ្នេរសមុទ្រ​កម្ពុជា ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នោះ កោះ​ទាំងអស់​នេះ​មាន​ភាព​ចាំបាច់ សមហេតុសមផល និង​តាម​លក្ខណៈ​ភូមិសាស្ត្រ ដែល​ត្រូវ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោមអំណាច​គ្រប់គ្រង​របស់​កម្ពុជា ។ លោក ប្រេវី​យេ បន្ត​ថា ដោយហេតុ​ផល​នេះ​ហើយ ទើប​លោក​សម្រេច​ថា កោះ​ទាំងអស់​ ដែល​ស្ថិតនៅ​ខាងជើង​ខ្សែ​កាត់​កែង​ទៅ​នឹង​ឆ្នេរសមុទ្រ​ ដែល​ចេញដំណើរ​ពី​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន ហើយ​បង្កើត​បាន​មុំ ១៤០ ដឺក្រេ​ជាមួយ​ទិសខាងជើង​នៃ​ខ្សែវ័ណ្ឌ នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ប្រទេស​កម្ពុជា ។ លោក​ថា អាណាព្យាបាល​នឹង​ទទួលបន្ទុក​ជាពិសេស​ទៅលើ​បញ្ហា​ប៉ូលិ​ស នៅ​លើ​កោះ​ទាំងនេះ ។

លោក ប្រេវី​យេ ក៏បាន​ប្រកាស​ថា កោះ​ទាំងអស់​ដែល​ស្ថិតនៅ​ខាងត្បូង​នៃ​ខ្សែវ័ណ្ឌ​នេះ ដោយរួមទាំង​កោះត្រល់​ទាំងមូល នឹង​បន្ត​គ្រប់គ្រង​ដោយ​កូសាំងស៊ីន ។ លោក​បញ្ជាក់​ថា អំណាច​រដ្ឋបាល និង​ប៉ូលិ​ស នៅ​លើ​កោះ​ទាំងអស់​នេះ នឹង​ត្រូវ​បាន​បែងចែក​យ៉ាង​ច្បាស់​រវាង​កូសាំងស៊ីន និង​ប្រទេស​កម្ពុជា ធ្វើ​យ៉ាងណា​ដើម្បី​ជៀសវាង​នូវ​ការ​ឈ្លោះ​គ្នា​ក្នុង​ពេល​អនាគត ។ នៅទីបញ្ចប់​នៃ​លិខិត​របស់ លោក ប្រេវី​យេ បាន​បញ្ជាក់​ជាថ្មី​យ៉ាង​ដូច្នេះ​ថា ប្រាកដហើយ​ថា គឺ​មានតែ​បញ្ហា​រដ្ឋបាល និង​ប៉ូលិ​សតែ​ប៉ុណ្ណោះ ហើយ​ចំពោះ​បញ្ហា​នៃ​ភាព​ នៅក្នុងចំណុះ​ទឹកដី​នៃ​កោះ​ទាំងនេះ ត្រូវ​រក្សាទុក​ទាំងស្រុង ។

ចំណុច​ចុងក្រោយ​នៃ​លិខិត​របស់ លោក ប្រេវី​យេ នេះ​ហើយ ដែល​ធ្វើឲ្យ​មានការ​បកស្រាយ​ប្រកបដោយ​ភាព​ចម្រូងចម្រាស​រវាង​ខ្មែរ និង​ខ្មែរ រហូតដល់​បច្ចុប្បន្ន ។

សម្រាប់​ក្រុម​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ឯនាយ​សមុទ្រ​របស់ លោក ស៊ាន ប៉េង​សែ ចាត់ទុកថា លោក ប្រេវី​យេ មិនទាន់​បានសម្រេច​ប្រគល់​កោះ​ទាំងអស់​នេះ​ទៅ​ឱ្យ​ភាគី​ណាមួយ​នោះ​ទេ ។ ពួក​គេ​អះអាង​ថា ទោះជា​កោះ​នេះ កម្ពុជា បាន​ទាមទារ​យក​មក​ភ្ជាប់នឹង​កម្ពុជា ដូចដើម​វិញ​ក្តី ហើយ​ថ្វីបើ​មាន​ខ្មែរ​រស់នៅ​លើ​កោះ​ក៏ដោយ ក៏​បារាំង​មិនបាន​សម្រេច​ប្រគល់​កោះត្រល់​មក​ឲ្យ​ខ្មែរ​វិញ​ឡើយ ។ ស្រដៀងគ្នា​នេះ ពួក​គេ​ថា ទោះជា​មាន​អាណិកជន​វៀតណាម​ជា ច្រើន​រស់នៅ​លើ​កោះ​ក៏ដោយ ក៏​លោក ប្រេវី​យេ មិនបាន​ប្រគល់​កោះត្រល់​នេះ​ទៅ​ឲ្យ​ភាគី​វៀតណាម​ដូចគ្នា​ដែរ ។

ចំពោះ​ការសម្រេច​ចិត្ត​បែបនេះ​របស់ លោក ប្រេវី​យេ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ស៊ាន ប៉េង​សែ យល់ថា ដោយសារ លោក ប្រេវី​យេ គិតថា កោះត្រល់​នេះ និង​កោះ​ដទៃទៀត ស្ថិតនៅ​ជិត​ឆ្នេរសមុទ្រ​ខ្មែរ ហើយ​នៅពេល​ដីដុះ​បន្តិច​ម្តង​ៗ ទៅ​អនាគត កោះ​ទាំងនេះ​នឹង​ត្រូវ​ភ្ជាប់​ទៅ​នឹង​ដី​របស់​ខ្មែរ ។

រូបភាព​កោះត្រល់ មើលពី Google Maps ។ រូបៈ ​Screenshot
រូបភាព​កោះត្រល់ មើលពី Google Maps ។ រូបៈ ​Screenshot

ប៉ុន្តែ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក​បាន​ចាត់ទុកថា កោះត្រល់​លែង​ជា​របស់​កម្ពុជា​តាំងពី​ឆ្នាំ ១៩៣៩ មក​ម្ល៉េះ ដោយ​លោក​សំអាង​ថា លោក ប្រេវី​យេ បាន​ដាក់​កោះត្រល់​ឲ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម តាំងពី​ពេលនោះ​មក បើ​ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់​ថា លោក ប្រេវី​យេ គូស​ខ្សែ​ប្រេវី​យេ ដើម្បី​ជា​មូលដ្ឋាន​ទារពន្ធ​ក៏ដោយ ។

ដំណាក់កាល​ទី ២ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កោះត្រល់​លែង​ជា​របស់​កម្ពុជា​នោះ គឺ​នៅពេល​ដែល​បារាំង​ប្រគល់​ដែនដី​កូសាំងស៊ីន​ទាំងមូល​ទៅ​ឲ្យ​ស្ដេច​យួន បាវ ដាយ គ្រប់គ្រង​ នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩។

សម្រាប់​ដំណាក់កាល​ចុងក្រោយ​នោះ គឺ​លោក​ថា​នៅ​ឆ្នាំ ១៩៦៤ នៅពេល​ដែល​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យក​ផែនទី​ខ្សែ​ប្រេវី​យ ឆ្នាំ ១៩៣៩ ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ ហើយ​ព្រះអង្គ​ស្នើសុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី ទទួលស្គាល់​ថា​ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ចំណុច​ចុងក្រោយ​នេះ​ហើយ គឺ​មានន័យថា កម្ពុជា ឈប់​ទាមទារ​យក​កោះត្រល់​ត្រឡប់មកវិញ​ហើយ ​​​​។ លោក​ថា ជំហរ​នេះ សម្ដេចព្រះ នរោត្តម សីហនុ បាន​បញ្ជាក់​ជាច្រើន​ដង​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ថា​ព្រះអង្គ​មិន​ទាមទារ​យក​កោះត្រល់​មកវិញ​ទេ ។

តែ​ទោះជាយ៉ាងណា​ក៏ដោយ សម្រាប់ លោក សារិ​ន ឆាក អតីត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​នៅ​អង្គការ​យូ​ណេស្កូ លោក​បាន​កត់សម្គាល់​នៅក្នុង​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់​លោក​នៅ​ឆ្នាំ ១៩៦៦ ទាក់ទង​ទៅ​នឹង​លិខិត​របស់ លោក ប្រេវី​យេ នៅ​ឆ្នាំ ១៩៣៩ ថា ឃ្លា​ចុងក្រោយ​នៃ​សេចក្តី​សម្រេច​របស់ លោក ប្រេវី​យេ គឺ​ងាយ​យល់​ណាស់ ។ លោក សារិ​ន ឆាក ថា វិធានការ​ដែលគេ​ប្រកាន់យក គឺ​ទាក់ទង​ទៅ​នឹង​ការគ្រប់គ្រង​ប៉ុណ្ណោះ ។ ចំណែក​បញ្ហា​អធិបតេយ្យ​ភាព​វិញ លោក​ថា វា​ត្រូវ​បាន​បម្រុងទុក ប៉ុន្តែ​ប្រសិនជា​វា​ត្រូវ​បាន​បម្រុងទុក នេះ​មិនមែន​មានន័យថា អធិបតេយ្យ​ភាព​នេះ​ ត្រូវ​បាន​សន្មត​រួចហើយ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រទេស​ណាមួយ​ឡើយ ។ លោក សារិ​ន ឆាក អះអាង​ថា អធិបតេយ្យ​ភាព​ទៅលើ​កោះត្រល់​នៅ​មិនទាន់​ដាច់ស្រេច​ទាំងស្រុង​នោះ​ទេ ៕

Leave A Reply

Your email address will not be published.