វៀតណាមស្នើកម្ពុជាចាត់វិធានការផ្លូវច្បាប់ លើក្រុមដុតទង់ជាតិយួន
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៣ ខែសីហា ខណៈដែលអ្នកតវ៉ានៅមុខស្ថានទូតវៀតណាមធ្វើបាតុកម្មឈានដល់ថ្ងៃទី ៣ ពីទីក្រុង ហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយ បិន (Lê Hải Bình) បានថ្លែងចាត់ទុកពល រដ្ឋខ្មែរកម្ពុជាក្រោម អ្នកដែលចូលរួមធ្វើបាតុកម្មមុខស្ថានទូតវៀតណាមនៅភ្នំពេញថាជា “ក្រុមជ្រុលនិយមមួយ ក្ដាប់តូច” បានដុតទង់ជាតិវៀតណាម ។

លោក ឡេ ហាយ បិន បានថ្លែងថា៖
“វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដែលក្រុមជ្រុលនិយមខ្មែរ កម្ពុជាក្រោមមួយក្ដាប់ តូចដែលបានធ្វើបាតុកម្មខុសច្បាប់ និងបានដុតទង់ជាតិវៀតណាម នៅទីក្រុងភ្នំពេញ កាលពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤” ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានបន្តទៀតថា ទង្វើដុតទង់ជាតិវៀតណាមនេះ ធ្វើឲ្យប៉ះ ពាល់ មិត្តភាពប្រទេសទាំងពីរ គឺ វៀតណាម និង កម្ពុជា ហើយស្នើឲ្យភាគីប្រទេសកម្ពុជា ដែលដឹកនាំដោយ គណបក្ស ប្រជាជនកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់លើក្រុមអ្នកតវ៉ា ។
លោក ឡេ ហាយ បិន បានថ្លែងថា៖
“នេះជាសកម្មភាពមួយដែលមិនអាចទទួលយកបាន ដែលមានចេតនាមួយ បំពានដល់ផ្លូវចិត្តរបស់ ប្រជាពលរដ្ឋវៀតណាម មិនសមនឹងទំនាក់ទំនងប្រទេសភូមិផងរបងជាមួយដែលមានប្រ ពៃណី ដ៏ល្អ រវាងវៀតណាម និងកម្ពុជា ។ យើងខ្ញុំសូមស្នើឲ្យកម្ពុជាផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ទៅតាមច្បាប់ និង មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ដើម្បីកុំឲ្យមានហេតុការណ៍នេះ កើតមានដដែលជា ដដែល” ។
នៅរសៀលថ្ងៃទី ១២ ខែសីហា ក្នុងថ្ងៃទីពីរនៃការធ្វើបាតុកម្ម ៣ ថ្ងៃ នៅក្បែរស្ថានទូតវៀតណាម នាទីក្រុងភ្នំពេញ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតទង់ជាតិវៀតណាម បន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាមមិនព្រមចេញ មុខមកទទួលញត្ តិពីក្រុមអ្នកតវ៉ា ។ ក្រៅពីការដុតទង់ជាតិវៀតណាម ក្នុងពេលធ្វើបាតុកម្ម ៣ ថ្ងៃ ក្រុមអ្នកតវ៉ាក៏បានជាន់ឈ្លីលើ ទំនិញ ដែលទិញពីអ្នកលក់ជនជាតិយួន និងបានហែករូប លោក ហូ ជី មិញ ផងដែរ ។

កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន សែន បានចាប់ផ្សឹកព្រះតេជព្រះគុណ ទឹម សាខន ព្រះសង្ឃខ្មែរក្រោមជាព្រះចៅអធិការវត្តភ្នំដិនខាងជើង នៃខេត្តតាកែវ ហើយបញ្ជូនទៅដាក់គុកយួននៅ ប្រទេសវៀតណាម ដោយចោទព្រះសង្ឃអង្គនេះថា “បានធ្វើប្រេះស្រាំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា” ។ ទង្វើដែលរដ្ឋាភិបាលកម្ពុជា បានចាប់ព្រះតេជព្រះគុណ ទឹម សាខន បញ្ជូនទៅដាក់គុកយួននេះ ត្រូវបាន មជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថា គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជានាយករដ្ ឋមន្ត្រី ឋិតនៅ ក្រោមឥទ្ធិពលនយោបាយរបស់ប្រទេសវៀតណាម និងជាអាយ៉ងរបស់យួន ។
នាពេលកន្លងមក ក្រុមអ្នកតវ៉ា ជនជាតិយួនក៏ធ្លាប់បានដុតទង់ជាតិចិន និងក្រុមហ៊ុនចិនជាច្រើននៅវៀតណាម ដើម្បីប្រឆាំងនឹងអ្វីមួយដែលយួនចាត់ថា ចិនបានឈ្លានពានដែនសមុទ្ររបស់វៀតណាម ក្នុងជម្លោះសមុទ្រចិន ខាងត្បូង ដែរ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ ខែសីហា មុនការអនុម័តសេចក្តីព្រាង វិសោធនកម្មបទ បញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ ៦ នៅក្នុងរដ្ឋសភា បានអំពាវនាវឲ្យគណបក្សប្រឆាំងឈប់ចាត់ទុកអ្នកនយោបាយ គណបក្សប្រជាជនកម្ពុជាថាជា “អាយ៉ងយួន” តទៅទៀត ដែលនេះ លោក ហ៊ុន សែន មានបំណងចង់បញ្ជាក់ ឲ្យពលរដ្ឋខ្មែរទូទៅឃើញថា រដ្ឋាភិបាលរបស់លោកមិនមែនជារដ្ឋាភិបាលអាយ៉ងយួននោះទេ ។
សូមបញ្ជាក់ថា នេះជាលើកទីបីហើយដែលក្រុមយុវជនខ្មែរបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថានទូតនេះ ចេញមុខសុំទោសជាសាធារណៈ ចំពោះអ្វីដែល មន្ត្រីវៀត ណាមរូបនេះ ធ្លាប់បានថ្លែងថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរ យារណាស់ មកហើយ ។ រហូតមកទល់ពេលនេះ លោក ត្រឹង វ៉ាំង ថុង មិនបានចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈ និងបានចេញ ទទួលញត្តិពីក្រុមអ្នកតវ៉ានៅឡើយទេ ។
យោងតាមប្រវត្តិសាស្ត្រ បារាំងបានផ្ទេរដែនដីកម្ពុជាក្រោមដែលជាអតីតតៈទឹកដីរបស់កម្ពុជាមួយភាគឲ្យក្លាយទៅ ជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ក្រោយពីការផ្ទេរដែនដីនេះ មកដល់ពេលនេះ មានរយៈពេល ៦៥ ឆ្នាំហើយ ដែលពលរដ្ឋខ្មែរក្រោមរស់នៅក្រោមអាណានិគមរបបគ្រប់គ្រងរបស់វៀតណាម មកដល់សព្វថ្ងៃ ៕
Comments are closed.