អាមេរិក​ចេញ​របាយការណ៍​ ពី​ការរំលោភ​សិទ្ធិមនុស្ស នៅ​វៀតណាម​

0 507

ដោយ ស៊ឺន ចែងចើន

សហរដ្ឋអាមេរិក​បង្ហាញ​កំណត់ត្រា​សិទ្ធិមនុស្ស​វៀតណាម​ នៅតែ​អាក្រក់​នៅឡើយ ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩​ របស់ក្រ​សួង​ការបរទេស​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១១ មីនា ។

លោកស្រី ឡេ​ ធី​ធូ​ហាំង (Lê Thị Thu Hằng​) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ។ រូបៈ REUTERS​/Kham​
លោកស្រី ឡេ​ ធី​ធូ​ហាំង (Lê Thị Thu Hằng​) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ។ រូបៈ REUTERS​/Kham​

នៅក្នុង​របាយការណ៍​ថ្មី​នោះ​ សហរដ្ឋអាមេរិក រក​ឃើញថា រដ្ឋាភិបាល​វៀតណាម បាន​រំលោភបំពាន​ទៅលើ​បញ្ហា​ជាច្រើន​ រួម​ទាំង​ការចាប់ពង្រត់ ការ​ឃុំឃាំង ឬការ​បង្ខាំង​តាមអំពើចិត្ត ការ​ធ្វើទារុណកម្ម​ ការ​រឹតត្បិត​សេរីភាព ចំពោះ​អ្នកទោស​នយោបាយ ។

របាយការណ៍​ដដែល​នោះ​ ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ប្រទេស​វៀតណាម​ ទៅ​ក្នុង​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ រួមមាន​ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ សេរីភាព​លើ​ជំនឿ​សាសនា ។ លើស​ពីនេះ សហរដ្ឋអាមេរិក ក៏​ចោទប្រកាន់​រដ្ឋាភិបាល​វៀតណាម​ ពី​ការ​ចាប់ខ្លួន និង​ឃុំខ្លួន​តាមអំពើចិត្ត​ ដើម្បី​បំបិទមាត់​អ្នក​ដែល​ហ៊ាន​និយាយ​ប្រឆាំង និង​និ​ន្នា​កា​រន​យោ​យបាយ​របស់​ខ្លួន​ ។

ប្រតិកម្ម​តប​ទៅ​ នឹង​របាយការណ៍​សិទ្ធិមនុស្ស​របស់ក្រ​សួង​ការបរទេស​អាមេរិក​នេះ​ដែរ​ រដ្ឋាភិបាល​ក្រុង​ហាណូយ នៅ​ថ្ងៃទី ២៣ មីនា ប្រកាស​ជាថ្មី​ម្តង​ទៀត​ថា «វៀតណាម ជានិច្ចកាល​រក្សា​គោលនយោបាយ​ស្រប​ទៅ នឹង​ការគោរព ការពារ​ និង​លើកកម្ពស់​សិទ្ធិមនុស្ស​» ។

សារព័ត៌មាន​ក្នុង​ស្រុក​ បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោកស្រី ឡេ​ ធី​ធូ​ហាំង (Lê Thị Thu Hằng​) នា​សន្និសីទ​កាសែត​ក្នុង​ក្រុង​ហាណូយ​ យ៉ាង​ដូច្នេះ​ថា «វៀតណាម បាន​កត់សម្គាល់​ឃើញថា​ របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ របស់ក្រ​សួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​គូសបញ្ជាក់​ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​វិវត្ត​នៃ​ការ​លើកកម្ពស់​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន​ ។ ទន្ទឹម នឹង​នេះ ខ្លឹមសារ​មួយចំនួន នៅ​ខ្វះ​មូលដ្ឋាន​ច្បាស់លាស់ ដោយ​ផ្អែក​តែ​លើ​ព័ត៌មាន​ ដែល​មាន​លក្ខណៈ​បំភ័ន្ត និង​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ការពិត នៅ​វៀតណាម​» ។

ប្រទេស​វៀតណាម​ នា​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ តែងតែ​ចេញមុខ​ប្រឆាំង​ជំទាស់ និង​រិះគន់​ទៅលើ​របាយការណ៍​ ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម របស់ក្រ​សួង​ការបរទេស​អាមេរិក​ និង​តែង​ចាត់ទុក​របាយការណ៍​នោះ​ថា មិន​ត្រឹមត្រូវ និង​លម្អៀង​ទៀតផង ៕

Leave A Reply

Your email address will not be published.