វៀតណាមព្យាយាមលុបបំបាត់ប្រវត្តិដែនដីកម្ពុជាក្រោម
(សហរដ្ឋអាមេរិក – សារព័ត៌មាន ព្រៃនគរ ) រដ្ឋាភិបាលវៀតណាមនៅតែបន្តកោះហៅពលរដ្ឋ និងព្រះសង្ឃ ខ្មែរក្រោមទៅស្ដាប់ការបកស្រាយអំពីប្រវត្តិដែនដីកម្ពុជាក្រោមដែលគេអះអាងថា ដែនដីកម្ពុជាក្រោម បច្ចុប្បន្ន មិនមែនជាកម្ពុជាសិទ្ធិរបស់ប្រទេស កម្ពុជាទៀតទេ ។ ការបកស្រាយនេះ ធ្វើឡើងនៅឃុំរំដួល ឬ ឃុំដុងស្វឹង (Don Xuan) ស្រុកថ្កូវ ( Tra Cu ) ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១៦ ខែសីហា ដោយ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រមាណជាង ៣០០ រូប ។
ព្រះសង្ឃខ្មែរក្រោម ដែលបានចូលរួមស្ដាប់ក្នុងកិច្ចប្រជុំនេះ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម អំពីខ្លឹម សារសំខាន់ដែលតំណាងអាជ្ញាធរវៀតណាមនិយាយទៅកាន់ខ្មែរក្រោមថា ដែនដីកម្ពុជាក្រោម ត្រូវបាន បារាំងប្រគល់ឲ្យវៀតណាម មិនមែនរដ្ឋាភិបាលនៃប្រទេសកម្ពុជាជាអ្នកកាត់ឲ្យវៀតណាមទេ ។
ព្រះសង្ឃអង្គនេះបានថ្លែងថា៖ “ប្រជុំហ្នឹង គេនិយាយពីទឹកដីខ្មែរក្រោមហ្នឹង ឥឡូវហ្នឹងមិនមែនជាទឹកដី របស់ខ្មែរទៀតទេ ។ ហើយបានទាក់ទងគ្នាទៅ បានទឹកដីហ្នឹងធ្លាក់មកខាងបារាំង ។ បារាំងកាន់កាប់មួយ ពេលហើយ បានមកជាវៀតណាមវិញ ។ ដល់ហើយថា បារាំងហ្នឹងឲ្យទៅវៀតណាម មិនមែនប្រទេសខ្មែរ ហ្នឹងឲ្យទៅវៀតណាម ។ មិនមែនទេ ” ។
ព្រះអង្គបានបន្តទៀតថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលបានចូលស្ដាប់នោះ មិនមានអ្នកណាហ៊ាន បញ្ចេញមតិតបនឹងការលើកឡើងរបស់អាជ្ញាធរវៀតណាមទេ ដោយបិទមាត់ចេញមកផ្ទះរៀងៗខ្លួន ពេល កិច្ចប្រជុំបានបញ្ចប់ ។
“ចុងក្រោយគេធ្វើហើយស្រេចហើយ បានគេសួរយើងថា មានយោបល់អ៊ីទេ ។ មានយោបល់អ៊ី ម៉ោងហ្នឹង ហើយ ។ បើលោកចង់មានយោបល់ ក៏អស់ម៉ោងហើយហ្នឹង ។ ហើយគ្មានអង្គណាមានយោបល់អ៊ីទាំង អស់ហ្នឹង” ។
ព្រះសង្ឃអង្គនេះ បានបន្តទៀតថា មូលហេតុដែលនាំឲ្យរដ្ឋាភិបាលវៀតណាមហៅព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទៅប្រជុំស្ដាប់គេនិយាយនេះ គឺអាជ្ញាធរវៀតណាមចង់បំបាត់ភស្តុតាងប្រវត្តិសាស្ត្រដែនដីកម្ពុជា ក្រោម និងមិនចង់ឲ្យខ្មែរក្រោមដឹងថា ដែនដីកម្ពុជាក្រោម ជាកម្ពុជាក្រោម ជាកម្មសិទ្ធិរបស់ខ្មែរ ។
“គេចង់បំបាត់មែនទែនហើយហ្នឹង……គេផ្សាយដើម្បីកុំឲ្យយើងស្ទុះ ។ អ្នកណាស្ទុះ អ្នកហ្នឹងនឹងត្រូវគេ បង្ក្រាប” ។
ប៉ុន្តែ លោក ថាច់ លីភោ អតីតព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដែលត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់គុក កាលពីឆ្នាំ ២០០៥ ព្រោះចែកគ្នាអានសៀវភៅស្ដីពីកម្ពុជាក្រោម និងបច្ចុប្បន្ន កំពុងរស់នៅ សហរដ្ឋអាមេរិក បានលើកឡើងថា នេះជាចំណុចវិជ្ជមានមួយសម្រាប់ខ្មែរក្រោម ព្រោះទង្វើរបស់រដ្ឋាភិ បាលវៀតណាម នេះ អាចជាកត្តាធ្វើឲ្យពលរដ្ឋខ្មែរក្រោមចាប់អារម្មណ៍ដល់រឿងដែនដីកម្ពុជាក្រោម កាន់តែ ច្រើនឡើង ។
លោក ថាច់ លីភោ ថ្លែងថា៖ “វាផ្សាយហ្នឹង វាចំណេញផលនយោបាយដល់សង្គមជាតិសាសន៍ខ្មែរកម្ពុជា ក្រោមយើងទាំងមូល ពីព្រោះពេលនេះ វាដើរផ្សព្វផ្សាយប្រវត្តិសាស្ត្រខ្មែរយើង ជំនួសយើង …ពីដើមមក វាមិនដែលដើរផ្សាយអ៊ីចឹងអ៊ីឯណា ” ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍ មុនថ្ងៃចូលព្រះវស្សាពុទ្ធសករាជ ២៥៥៧ នេះ អាជ្ញាធរវៀតណាម បានកោះប្រជុំព្រះសង្ឃនៅក្នុងខេត្តព្រះត្រពាំង ដើម្បីស្ដាប់ពួកគេពន្យល់អំពីគោលនយោបាយរបស់ពួកគេ ផងដែរ ។
ខ្លឹមសារសារនយោបាយដែលពួកអាជ្ញាធរវៀតណាមថ្លែងទៅកាន់ព្រះសង្ឃនោះ រួមមានការលើកអំពី រឿង រ៉ាវដែនដីកម្ពុជាក្រោម ដែលវៀតណាមហៅថា ណាមបូ, រឿងសេរីភាពសាសនា, ការប្រកាន់ ពូជសាសន៍ លើពលរដ្ឋខ្មែរក្រោម និងការទប់ស្កាត់ចំពោះសកម្មភាពអ្វីមួយដែលគេហៅថា “ការបំបែកបំបាក់កម្លាំង សាមគ្គីពីក្រុមប្រតិកិរិយា” ដែលគេចង់សំដៅដល់ក្រុមខ្មែរក្រោមនៅក្រៅប្រទេស ។
នៅក្នុងកិច្ចប្រជុំនេះ តំណាងអាជ្ញាធរវៀតណាម បានថ្លែងថា កម្ពុជាក្រោម ជាដីមួយភាគដែលវៀតណាម បានមកពីការធ្វើសង្គ្រាមតស៊ូរបស់គ្រប់ជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាមប្រឆាំងអាមេរិក និង បារាំងក្នុងពេលកន្លងមក ។
តំណាងអាជ្ញាធរវៀតណាមបានថ្លែងថា៖“ដល់ឆ្នាំ ១៩៤៥ យើងវាយជាមួយបារាំង នៅពេលនោះ ពលរដ្ឋ វៀតណាមប្រជាជាតិវៀតណាម ក្នុងនោះ នៅតំបន់វាលរាបទន្លេមេគង្គ មានជនជាតិ ចិន យួន ខ្មែរ និង ចាមមានលទ្ធភាពទាមទារមកវិញនូវដីមួយភាគនេះ” ។
ថ្លែងនៅក្នុងអង្គប្រជុំនេះ តំណាងអាជ្ញាធរវៀតណាមក៏បានរំឭកអំពីប្រវត្តិ ព្រះបាទ ជ័យជេដ្ឋា ទី ២ ដែល បានរៀបអភិសេកជាមួយនឹងបុត្រីស្ដេចយួន ផងដែរ និងថា ព្រោះតែការចងមេត្រីភាពនេះហើយ ទើបជន ជាតិ យួនអាចពង្រីកទឹកដីមកខាងត្បូងបានដោយជោគជ័យ ។
តំណាងអាជ្ញាធរវៀតណាមបានថ្លែងថា៖ “ដូច្នេះហើយ ទើប ស្ដេចជ័យជេដ្ឋា ទី ២ នៃអាណាចក្រចេនឡា បានរៀបអភិសេកជាមួយនឹង នាង ង៉ុក វ៉ាង បុត្រីទី ៥ របស់ រាជវង្ស ង្វៀង ។ បុត្រីរូបនេះ មានរូបសម្បត្តិ ស្រស់ស្អាតណាស់ និងមានចំណេះ វិជ្ជាទៀតផង” ។
តំណាងអាជ្ញាធរវៀតណាមក៏បានថ្លែងទៅកាន់ព្រះសង្ឃថា បច្ចុប្បន្ននេះ ប្រទេសវៀតណាម ត្រូវបានក្រុម ប្រតិកិរិយានៅក្រៅប្រទេសលើកយកបញ្ហាសាសនា និងពូជសាសន៍មកដើម្បីបំបែកបំបាក់សាមគ្គីភាព រវាងព្រះពុទ្ធសាសនាខ្មែរថេរវាទ និងព្រះពុទ្ធសាសនាមហាយានយួន និងបំបែកបំបាក់សាមគ្គីភាពរវាង ខ្មែរក្រោម និងជនជាតិយួន ។ ក្រុមប្រតិកិយាដែលតំណាងអាជ្ញាធរវៀតណាម បានលើកឡើងនោះ គឺចង់ សំដៅលើក្រុមខ្មែរក្រោមនៅក្រៅប្រទេស ។
តំណាងអាជ្ញាធរវៀតណាមបានថ្លែងថា៖ “ពួកក្បត់បដិវត្តន៍កំពុងរកគ្រប់មធ្យោបាយដើម្បីបំបែកបំបាក់រវាងសាសនានិងជីវិត សាសនា និងជនជាតិ សាសនា និង សាសនា ។ ល្បិច និងទិសដៅរបស់ពួកវា គឺព្រះ ពុទ្ធសាសនាថេរវាទខ្មែរ ជនជាតិខ្មែរ ដែល របស់នៅតំបន់ដែនដីសណ្ដទន្លេមេគង្គ ។ ដូច្នេះ យើងត្រូវ ប្ដេជ្ញាចិត្ត និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញកល ល្បិចគ្រប់យ៉ាងរបស់ខ្មាំងដែលយកលេះរឿងជនជាតិ និង សាសនា បំពានសន្តិសុខជាតិ និងបំផ្លាញ បុព្វហេតុការកសាងជាតិរបស់យើង” ។
អ្វីដែលអាជ្ញាធរវៀតណាមបានកោះប្រជុំព្រះសង្ឃដើម្បីស្ដាប់សារនយោបាយនេះ ព្រោះគេសង្កេតឃើញ ថា នៅពេលថ្មីនេះ កាលពីថ្ងៃទី ២៥ ខែកក្កដា ប្រមុខរដ្ឋវៀតណាម ត្រឿង តឹង សាង បានមកបំពេញ ទស្សនកិច្ចនៅរដ្ឋធានី Washington ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងអំពីបញ្ហាវៀត ណាមរំលោភសិទ្ធិមនុស្ស ផងដែរ ។
វៀតណាមជាញឹកញាប់ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេស ធ្វើសេចក្ដី រាយការណ៍អំពីការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមទៅអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិ មនុស្សអន្តរជាតិ ព្រមទាំងសភាសហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ។
កាលពីខែមិថុនា គណៈកម្មការការសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចអន្តរជាតិផ្នែកសេរីភាពសាសនា អន្តរជាតិ បាននិមន្តព្រះតេជព្រះគុណ យ័ញ តូន ចូលបំភ្លឺនៅក្នុងសភាអំពីការរំលោភសិទ្ធិសាសនាពីរដ្ឋា វៀតណាមលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ការឆ្លើយបំភ្លឺនេះ បន្ទាប់ពីមានសេចក្ដីរាយ ការណ៍ថា រដ្ឋាភិបាលវៀតណាមបានចាប់ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃវត្តសេរីតាសេកអង្គផ្សឹក និងដាក់ពន្ធនាគារ និងចាប់ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃ ជាប់ផ្សឹក និងយកទៅធ្វើទារុណកម្ម ៕