អាជ្ញាធរវៀតណាម ឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀត រឿងរិះគន់បញ្ហារំលោភសិទ្ធិមនុស្ស
ដោយ យន់ សាមៀន | RFA Khmer
អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀត ដើម្បីគំរាមកំហែងមិនឲ្យរិះគន់អាជ្ញាធរវៀតណាម រឿងធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិមនុស្សខ្មែរក្រោម តាមបណ្ដេញសង្គម ។ នេះជាលើកទីពីរហើយ នៅដើមឆ្នាំ ២០២២ នេះ ដែលវៀតណាម បានបន្តឃាត់ខ្លួនសួរចម្លើយ និងផាកពិន័យយុវជនខ្មែរក្រោម ដោយសារតែពួកគេប្រើប្រាស់សិទ្ធិសំដែងមតិ ។

សកម្មជនសិទ្ធិមនុស្ស និងការងារ លោក យឿង ខាយ ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ចាប់ទៅឃុំខ្លួនអស់មួយយប់ កាលពីចុងសប្ដាហ៍នេះ ដោយគ្មានដីកា ហើយដោះលែងឲ្យមកផ្ទះវិញ ក្រោយព្រមានចាប់លោកដាក់ពន្ធនាគារ ប្រសិនបើលោកបន្តធ្វើការងារតស៊ូមតិឲ្យពលរដ្ឋខ្មែរក្រោម ។ លោក យឿង ខាយ ប្រាប់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ៥ កុម្ភៈ ក្រោយពេលចេញពីកន្លែងឃុំខ្លួនថា អាជ្ញាធរវៀតណាម ចោទប្រកាន់លោករឿងផ្សាយព័ត៌មានមិនពិត ដោយសារតែលោករិះគន់វៀតណាមថា បានរំលោភសិទ្ធិមនុស្ស សាសនា សេដ្ឋកិច្ចខ្មែរក្រោម តាមបណ្ដាញសង្គម ។ លោកបន្តថា មន្ត្រីវៀតណាម ដែលសួរចម្លើយលោក បានបង្ខំលោកឲ្យសារភាព ប៉ុន្តែ លោកបដិសេធដោយសារតែលោកប្រកាន់ជំហរថា រឿងដែលលោករិះគន់វៀតណាម ពីការរំលោភសិទ្ធិខ្មែរក្រោមនោះ ជារឿងពិត៖ «បាទប្អូនធម្មតាទេបងអើយ ។ ពេលខ្លះ គេបានលួងលោមទិញទឹកចិត្តប្អូនដែរ តែប្អូនមិនយល់ព្រមទេ។ ប្អូនតស៊ូទៅមុខទៀតនឹងឲ្យអ្នកណាទិញឧត្ដមគតិប្អូនបានទេបង ។ ប្អូនធ្វើដល់ថ្ងៃជីវិតចុងក្រោយបង» ។
លោក យឿង ខាយ ថា ទោះបីវៀតណាមដោះលែងលោកក៏ដោយ ក៏ប៉ុន្តែវៀតណាម បានគំរាមចាប់លោកដាក់ពន្ធនាគារប្រសិនបើលោកនៅបន្តសកម្មភាព ។ អាជ្ញាធរវៀតណាម ក៏បានរឹបអូសយកទូរស័ព្ទលោកមួយគ្រឿងផងដែរ ។ នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាមឃាត់ខ្លួន យុវជន យឿង ខាយ ទៅសម្លុត រឿងលោកសំដែងមតិដោយអហិង្សា ។ កាលពីថ្ងៃទី ១៣ មេសា ឆ្នាំ ២០២១ កន្លងទៅ នគរបាលសន្តិសុខផ្ទៃក្នុងផ្នែកសេដ្ឋកិច្ច និងនគរបាលសន្តិសុខផ្នែកនយោបាយជិត ១០០ នាក់ បានឆែកឆេរផ្ទះលោក យឿង ខាយ និងចាប់ខ្លួនលោកទៅឃុំដោយគ្មានលិខិតស្នាមត្រឹមត្រូវ ។ កាលនោះ លោក យឿង ខាយ ថា ប៉ូលិសបានរឹបអូសយកទូរស័ព្ទ កុំព្យូទ័រ និងសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើមជាង ១០០ ក្បាល ។
អាជ្ញាធរវៀតណាមពេលនេះ អះអាងថា អាជ្ញាធរបានឃាត់ខ្លួនលោក យឿង ខាយ ដោយសារតែលោក បានប្រើប្រាស់អ៊ីនធឺណិតផ្សព្វផ្សាយព័ត៌មានមិនពិតពីប្រវត្តិសាស្ត្រ ជនជាតិដើមខ្មែរក្រោម ហើយមានទំនាក់ទំនងនឹងអង្គការក្រៅរដ្ឋាភិបាលនៅបរទេសចង់បង្កើតតំបន់ស្វយ័ត ដែលជាការគំរាមកំហែងដល់សន្តិសុខវៀតណាម ។ ទោះបីយ៉ាងណាក្ដី លោក យឿង ខាយ បដិសេធការចោទប្រកាន់នេះ ។ លោកថា លោកបានផ្សព្វផ្សាយឯកសារ និងបទដ្ឋានច្បាប់អន្តរជាតិផ្សេងៗ ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម ស្វែងយល់ដឹងពីសិទ្ធិជាជនជាតិដើម ដើម្បីអាចឈានទៅ ស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ។
យុវជនខ្មែរក្រោម លោក យឿង ខាយ បានស្ម័គ្រចិត្តធ្វើការងារលើកស្ទួយសិទ្ធិមនុស្សការងារ និងសិទ្ធិបញ្ចេញមតិរបស់កម្មករ និងពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើត ។ លោកបានបង្កើតទំព័រហ្វេសប៊ុក ឈ្មោះថា សិទ្ធិការងារខ្មែរក្រោម ដើម្បីផ្ដល់ចំណេះដឹងពីច្បាប់ការងារ ។ ទំព័រហ្វេសប៊ុកនោះ ក៏បានផ្ដល់លេខទូរស័ព្ទ សម្រាប់ឱ្យកម្មករខ្មែរក្រោម ដែលរងការរំលោភបំពានផ្សេងៗ ទាក់ទង ដើម្បីពិគ្រោះយោបល់ស្វែងរកមធ្យោបាយដោះស្រាយបញ្ហាទាំងនោះ ។ លោកក៏បានបង្កើតទំព័រហ្វេសប៊ុក (Facebook) មួយឈ្មោះ (ប្រទេសខ្មែរក្រោម) និងបន្ថែមពាក្យថា អង្គការអង្កេតសិទ្ធិខ្មែរជនជាតិដើម នៅកម្ពុជាក្រោម ។ លោក យឿង ខាយ មានប្រសាសន៍បន្តទៀតថា ការឃាត់ខ្លួនលោកកាលពីថ្ងៃទី ៤ កុម្ភៈ សប្ដាហ៍មុននេះ ពីព្រោះវៀតណាម មានចេតនាចង់សងសឹកនឹងលោក ដែលបន្តហ៊ានតស៊ូមតិ ដើម្បីទាមទារសិទ្ធិសេរីភាពឲ្យពលរដ្ឋខ្មែរក្រោម៖ «បញ្ហាហ្នឹង គេប្រុងបំបិទមាត់ប្អូន ។ មិនឲ្យនិយាយតទៅមុខទៀតហ្មង ។ គេគំរាមកំហែងតែគេរកចំណុចណាធ្វើអ្វីប្អូនមិនកើតបង» ។
ការឃាត់ខ្លួន លោក យឿង ខាយ ទៅឃុំ និងគំរាមនេះរបស់អាជ្ញាធរ នៅខេត្តឃ្លាំងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង បានផាកពិន័យយុវជនខ្មែរក្រោមម្នាក់ទៀត ឈ្មោះ ថាច់ កឿង ជាលើកទីពីរដោយចោទប្រកាន់លោកថា ផ្សាយព័ត៌មានមិនពិត កាលពីចុងខែមករាកន្លងទៅ ។ វៀតណាមចោទប្រកាន់ លោក ថាច់ កឿង ដោយសារតែលោកហ៊ានចេញមុខ ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនា ។ កាលពីឆ្នាំ ២០២០ លោក ថាច់ កឿង ក៏ត្រូវវៀតណាម ផាកចំនួនបីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែ អាជ្ញាធរវៀតណាមចោទលោកថា ល្មើសច្បាប់សន្តិសុខអ៊ីនធឺណិតវៀតណាម ។
ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើយុវជនខ្មែរក្រោមក្នុងរយៈពេលចុងក្រោយនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើលិខិតស្នើកិច្ចអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដើម្បីដាក់សំពាធលើរដ្ឋាភិបាលវៀតណាម ក៏បញ្ឈប់រំលោភសិទ្ធិមនុស្សខ្មែរក្រោម ជាបន្តទៅទៀត ។ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធបានប្ដឹងទៅសហគមន៍អន្តរជាតិរួចរាល់ហើយ ។ ព្រះអង្គបន្តថា វៀតណាមមានចេតនាលាក់បាំងព័ត៌មាន អំពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ទៅសហគមន៍អន្តរជាតិ ទើបហាមឃាត់ខ្មែរក្រោមមិនឲ្យនិយាយរឿងនេះ៖ «មហិច្ឆតារបស់រដ្ឋាភិបាលវៀតណាមហ្នឹងគឺ លុបបំបាត់ពូជសាសន៍ខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោមហ្នឹង ។ ព្យាយាមធ្វើឲ្យខ្មែរក្រោមគ្មានសិទ្ធិសេរី ហើយមិនហ៊ានក្រោកឈរតាមសិទ្ធិជាម្ចាស់ស្រុក នៅលើទឹកដីកំណើត» ។
ចាប់តាំងពីពិភពលោកជួបបញ្ហាជំងឺ កូវីដ-១៩ មក អាជ្ញាធរវៀតណាម បានចាប់ផ្ដើមរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម កាន់តែធ្ងន់ធ្ងរៗ ទៅ ។ យ៉ាងហោចណាស់ ក៏មានកសិករខ្មែរក្រោម បីរូបត្រូវបានតុលាការវៀតណាម កាត់ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែហ៊ានងើបឡើងតវ៉ាទាមទារដីកេរដូនតាដើម្បីធ្វើស្រែ ។ អាជ្ញាធរវៀតណាម ក៏បានចាប់ពលរដ្ឋខ្មែរក្រោមម្នាក់ទៀតថា ដាក់ពន្ធនាគារពីបទ «កេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ទៅដល់កិត្តិយស អតីតមេដឹកនាំវៀតណាម» ។ ក្រៅពីចាប់ខ្មែរក្រោមដាក់ពន្ធនាគារ វៀតណាម ក៏បានគាបសង្កត់ខ្មែរក្រោម មិនឲ្យសំដែងមតិរឿង វប្បធម៌ សាសនា និងបង្ខំឲ្យខ្មែរក្រោម សម្របសម្រួល និងទទួលយកការរស់នៅតាមបែបជនជាតិវៀតណាមជាដើម ៕