អាជ្ញាធរយួន មិនទទួលស្គាល់សាមណេរ យឿង ខាយ ជាអ្នកបួស ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីរបស់សមាគមពុទ្ធសាសនាវៀតណាម
សមាគមពុទ្ធសាសនាវៀតណាម នៅខេត្តលង់ហោរ ដែលរដ្ឋាភិបាលវៀតណាម ប្តូរទៅខេត្តវិញឡុង នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ បានចេញលិខិតបដិសេធមិនទទួលស្គាល់ សាមណេរ យឿង ខាយ ជាបព្វជិតបួសក្នុងពុទ្ធសាសនា ។ ការចេញលិខិតហាមឃាត់នេះ ធ្វើឡើងក្រោយពីសកម្មជនសង្ឃ សាមណេរ យឿងខាយ បានសម្រេចចិត្តចូលសាងផ្នួសបួសជាព្រះសង្ឃ នៅវត្តមង្គលបុរីទ្រនុំសេក ក្នុងខេត្តលង់ហោរ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ។

ប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការសមាគមពុទ្ធសាសនាវៀតណាម ប្រចាំខេត្តលង់ហោរ ដែលជាសង្ឃយួនឈ្មោះ ធិត ឡេឡាក (Thích Lệ Lạc) បានចេញលិខិតណែនាំមួយ ផ្ញើទៅព្រះចៅអធិការវត្ត នៅគ្រប់លំដាប់ថ្នាក់ទាំងអស់ទូទាំងខេត្តលង់ហោរ ថា សាមណេរ យឿង ខាយ មិនមែនជាព្រះសង្ឃបួសស្របច្បាប់ នៅក្នុងព្រះពុទ្ធសាសនាទេ ។ នៅក្នុងលិខិតបញ្ជាក់ថា សមាគមរបស់ខ្លួន មិនដែលទទួលបានលិខិតស្ម័គ្រចិត្តសុំចូលបួសរបស់សមាណេរយឿងខាយម្តងណាឡើយ និងលិខិតស្នាមផ្ទេរពីខេត្តផ្សេងទៅកាន់ខេត្តមួយទៀត ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងផ្នែកសាសនានោះដែរ ។ លិខិតដដែលនេះ ក៏បានអះអាងថា សាមណេរ យឿង ខាយ មិនមានឈ្មោះក្នុងបញ្ជីរបស់សមាគមពុទ្ធសាសនាវៀតណាម នៅក្នុងខេត្តលង់ហោរដែរ និងបានចោទប្រកាន់ព្រះចៅអធិការវត្តមង្គលបុរីទ្រនុំសេក ព្រះតេជព្រះគុណ ថាច់ ច័ន្ទតារា ដែលបំបួសសាមណេរ យឿង ខាយ ថា ខុសនឹងច្បាប់សាសនា និងច្បាប់របស់រដ្ឋវៀតណាមផង ។
នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាម ចេញវិធានការបញ្ជាឲ្យសមាគមព្រះសង្ឃវៀតណាម បដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃ ។ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ មន្រ្តីសង្ឃជាន់ខ្ពស់ នៃ សមាគមព្រះសង្ឃស្នេហាជាតិខេត្តឃ្លាំង ក៏បានចេញសារាចរណែនាំទៅដល់ព្រះចៅអធិការ គណៈកម្មការគ្រប់វត្តអារាម ទាំង ៩២ វត្ត និង ៣៨ សាលាឆទាន នៅក្នុងមូលដ្ឋានខេត្តសុកឃ្លាំង កុំទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់ និងត្រូវរាយការណ៍ទៅសមាគមព្រះសង្ឃស្នេហាជាតិជាបន្ទាន់ ក្នុងករណីដឹងថា សាមណេរ យឿង ខាយ គង់នៅវត្តអារាមណាមួយ ។ សារាចរដដែលនោះ ក៏បានគំរាមទៅដល់ព្រះចៅអធិការវត្ត នៅទូទាំងខេត្តឃ្លាំង ថា ប្រសិនបើពួកគេលាក់បាំងព័ត៌មាន ឬផ្ដល់ទីតាំងឲ្យសាមណេរ យឿង ខាយ គង់នៅ នឹងត្រូវប្រឈមចំពោះមុខច្បាប់ ។
នៅលើគណនីហ្វេសប៊ុករបស់សាមណេរ យឿង ខាយ បានសរសេរថា ព្រះអង្គបានក្លាយជាបព្វជិតអ្នកបួសក្នុងពុទ្ធសាសនា គឺត្រូវបានអនុញ្ញាតពីឪពុកម្តាយ និងដោយមានការឯកភាពពីព្រះចៅអធិការវត្តរួចហើយ ។ ព្រះអង្គយល់ថា បុគ្គលគ្រប់រូបមានសិទ្ធបួសជាព្រះសង្ឃ ក្រោមម្លប់ នៃ ព្រះពុទ្ធសាសនា ដោយមិនចាំបាច់សុំលិខិតអនុញ្ញាត ពីអាជ្ញាធរវៀតណាម នោះឡើយ ។
សាមណេរ យឿង ខាយ កាលនៅជាគ្រហស្ថ គឺជាយុវជនខ្មែរក្រោមមួយរូប ដែលសកម្មក្នុងវិស័យផ្នែកការពារសិទ្ធិការងារ និងសិទ្ធិមនុស្ស ។ ព្រះអង្គ ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនមិនតិចជាង ១០ ដង និងរងការពិន័យ ដោយសារតែចែកចាយឯកសារ និងផ្សព្វផ្សាយ ពីសិទ្ធិជនជាតិដើម ។
ពាក់ព័ន្ធ នឹងករណីនេះដែរ កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២៣ វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចុះផ្សាយរបាយការណ៍សិទ្ធិមនុស្សសកលឆ្នាំ ២០២៣ របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលរកឃើញ ថា រដ្ឋាភិបាលវៀតណាម កំពុងបង្កើនការបង្ក្រាបសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ។ វៀតណាម ក៏រឹតត្បិតការសំដែងមតិការបង្កើតសមាគមការប្រមូលផ្ដុំដោយសន្តិវិធី ការធ្វើដំណើរ និងសាសនា ។
វិទ្យុអាស៊ីសេរី ក៏បានដកស្រង់សម្តីនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថា រដ្ឋាភិបាលវៀតណាម បន្តធ្វើទុក្ខបុកម្នេញ និងរើសអើងជាប្រព័ន្ធលើសហគមន៍ខ្មែរក្រោម ។ ទង្វើទាំងនោះ រួមមានការឃុំខ្លួន និងសួរចម្លើយយុវជន មេដឹកនាំសហគមន៍ និងព្រះសង្ឃដែលហ៊ានសំដែងមតិ ហើយព្យាយាមអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមូលដ្ឋាន ។ រដ្ឋាភិបាលវៀតណាម ក៏តែងតែជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្ទៃក្នុងរបស់ពុទ្ធសាសនិកខ្មែរក្រោម និងចង់ត្រួតត្រាពួកគេ បង្អាក់ការអប់រំជាភាសាខ្មែរ និងឃ្លាំមើលជាលក្ខណៈស្អប់ខ្ពើមលើមេដឹកនាំសហគមន៍ខ្មែរក្រោម ។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អះអាងប្រាប់ វិទ្យុអាស៊ីសេរី ទៀតថា វាគ្មានអ្វីចម្លែកទេ ដែលខ្មែរក្រោម ខឹងនឹងទង្វើរំលោភបំពានរបស់រដ្ឋាភិបាលវៀតណាម ។ វៀតណាមគិតថា ខ្មែរក្រោមមិនស្មោះត្រង់នឹងវៀតណាម ដោយសារតែពួកគេជាជនជាតិខ្មែរ ។ លោកស្នើឲ្យវៀតណាមគួរតែបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការបៀតបៀន ទៅលើខ្មែរក្រោម ទម្លាក់ការចោទប្រកាន់បទឧក្រិដ្ឋ លើសកម្មជនខ្មែរក្រោម ដែលជាប់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិរបស់ពួកគេដោយសន្តិវិធី និងទទួលស្គាល់អត្តសញ្ញាណសង្គម និងវប្បធម៌ខ្មែរក្រោម ។ លោកក៏ស្នើសហរដ្ឋអាមេរិកសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្ម និងម្ចាស់ជំនួយសំខាន់ៗ ផ្សេងទៀតជាមួយវៀតណាម គួរតែនិយាយជាសាធារណៈអំពីស្ថានភាពលំបាករបស់សហគមន៍ខ្មែរក្រោម ហើយទាមទារឱ្យទីក្រុងហាណូយគោរពសិទ្ធិរបស់ពួកគេ ។