អាជ្ញាធរ​យួន​ដោះលែង​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ បន្ទាប់ពី​ជាប់គុក​អស់​រយៈពេល​ ៦ ឆ្នាំ​

0 1,267

ដោយ ស៊ឺន ចែងចើន

នៅ​ថ្ងៃទី​ ២១​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ ជា​គ្រូ​ពហូ​ស្សូ​តវត្ត​សិរី​តា​សេក​ នៅ​ខេត្ត​ឃ្លាំង​ ត្រូវ​បាន​អាជ្ញាធរ​យួន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ​ បន្ទាប់ពី​ព្រះអង្គ​ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក​ និង​ដាក់​ពន្ធនាគារ​អស់​ ៦ ឆ្នាំ​ កាលពី​ឆ្នាំ​ ២០១៣​ ។

ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ (រូបពាក់អាវ ស) ជា​គ្រូ​ពហូ​ស្សូ​តវត្ត​សិរី​តា​សេក​ នៅ​ខេត្ត​ឃ្លាំង​ ពេល​ចេញពី​ ពន្ធនាគារ​​ ។
ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ (រូបពាក់អាវ ស) ជា​គ្រូ​ពហូ​ស្សូ​តវត្ត​សិរី​តា​សេក​ នៅ​ខេត្ត​ឃ្លាំង​ ពេល​ចេញពី​ ពន្ធនាគារ​​ ។

ដំណឹង​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ ចេញពី​ពន្ធនាគារ​នេះ​ ត្រូវ​បាន​សាច់ញាតិ​របស់​ព្រះអង្គ​ បង្ហោះ​រូបថត​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក អម​ដោយសារ​មួយ​ឃ្លា​ថា​ «ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ក្រុម​គ្រួសារ​ និង​លោកគ្រូ​ ថាច់​ ធឿន​ បាន​ចេញពី​ពន្ធនាគារ​ថ្ងៃនេះ​ “អ្នកតស៊ូ​នយោបាយខ្មែរ​កម្ពុជាក្រោម​”» ។

គួរ​ជម្រាប​ជូន​ថា​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ ត្រូវ​បាន​អាជ្ញា​វៀតណាម​ ចាប់​ផ្សឹក​ទាំង​ខុសវិន័យ​ព្រះពុទ្ធ​សាសនា​ ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​ព្រះសង្ឃ​ខ្មែរក្រោម​ទ្រង់ទ្រាយ​ធំ​ កាល​ពី​ឆ្នាំ​​ ២០១៣​ ។ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ ត្រូវ​តុលាការ​វៀតណាម​ កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ៦ ឆ្នាំ​ ពី​បទ​ទាក់ទង​ខ្មែរក្រោម​ នៅ​ក្រៅប្រទេស​ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​បរទេស​ មាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជាដើម​ ។ ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ដែរ​ តុលាការខេត្ត​ឃ្លាំង​ នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ក៏បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ ព្រះសង្ឃ​ខ្មែរក្រោម​ ១ អង្គ​ផ្សេងទៀត​ គឺ​ព្រះតេជព្រះគុណ​ លីវ​ នី​ ជា​ព្រះចៅ​អធិការ​វត្ត​សេរី​តា​សេក​ ឲ្យ​ជាប់ពន្ធ​នា​គារ​ ៤ ឆ្នាំ​ ពី​បទ​ «មិនព្រម​ផ្សឹក​ព្រះសង្ឃ​ នៅក្នុង​វត្ត​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ​យួន​ និង​បើក​សាលាបង្រៀន​អក្សរខ្មែរ​ដល់​ព្រះសង្ឃ​ និង​កូនចៅ​ខ្មែរក្រោម» ។ ក្រៅពី​នេះ​ តុលា​ខេត្ត​មួយ​នេះ​ ក៏បាន​ផ្ដន្ទាទោស​ ពលរដ្ឋខ្មែរ​ក្រោម​ ពីរ​រូប​ទៀត​ គឺ​លោក​ ថាច់​ ភូមិ​រិទ្ធ​ ឲ្យ​ជាប់ពន្ធ​នា​គារ​ ៣ ឆ្នាំ​ ពី​បទ​ “ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង​លោក​ ត្រា​ វណ្ណ​ថា​ ឲ្យ​ជាប់ពន្ធ​នា​គារ​ ២ ឆ្នាំ​ ពី​បទ​ «ចាត់តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​ប្រទេសក្រៅ» ។

រាប់ពីស្តាំ ព្រះតេជព្រះគុណ​ លីវ​ នី ព្រះតេជព្រះគុណ ថាច់ ធឿន ​លោក​ ថាច់​ ភូមិ​រិទ្ធ​ និងលោក​ ត្រា​ វណ្ណ​ថា នៅក្នុងអង្គសវនាការជំនុំជម្រះ ក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៤ រូប នៅខេត្តឃ្លាំង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
រាប់ពីស្តាំ ព្រះតេជព្រះគុណ​ លីវ​ នី ព្រះតេជព្រះគុណ ថាច់ ធឿន ​លោក​ ថាច់​ ភូមិ​រិទ្ធ​ និងលោក​ ត្រា​ វណ្ណ​ថា នៅក្នុងអង្គសវនាការជំនុំជម្រះ ក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៤ រូប នៅខេត្តឃ្លាំង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ចំណែក​អតីត​ព្រះសង្ឃ​ខ្មែរក្រោម​ និង​ជា​អ្នកទោស​មនសិការ​ គឺ​លោក​ លី​ នី​ ត្រូវ​បាន​តុលាកា​ដោះលែង​ចេញពី​ពន្ធនាគារ​ កាលពី​ថ្ងៃទី​ ២១​ ខែឧសភា​ ឆ្នាំ​ ២០១៧​ ។ ក្រោយពី​ចេញពី​ពន្ធនាគារ​ លោក​ធ្លាប់​បាន​សុំ​សាងផ្នួស​ឡើងវិញ​ដែរ​ តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​អនុញ្ញាត​ឡើយ​ ហើយ​ត្រូវ​អាជ្ញាធរ​យួន​ហៅ​ទៅ​សួរចម្លើយ​ជាច្រើនលើក​ និង​ឃ្លាំមើល​គ្រប់​សកម្មភាព​នៃ​ជំហាន​ចេញចូល​ ពីសំណាក់​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម​ ដែល​បញ្ហា​នេះ​បណ្ដាលឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​ និង​ការស្វែងរក​ប្រាក់ចំណូល​ ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ។

លោក លីវ នី (ខាងឆ្វេង) ក្រោយចេញពីពន្ធនាគារ ។
លោក លីវ នី (ខាងឆ្វេង) ក្រោយចេញពីពន្ធនាគារ ។

របាយការណ៍​សិទ្ធិមនុស្ស​ក្រសួង​ការបរទេស​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០១៧​ រក​ឃើញថា​ រដ្ឋាភិបាល​វៀតណាម​ បាន​បន្ត​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មួយចំនួន​ ដូចជា​ ការ​ដកហូត​សេចក្ដីថ្លៃថ្នូរ​ពី​ជីវិត​មនុស្ស​ ដោយ​អនាធិបតេយ្យ​ និង​ខុសច្បាប់​ ការ​ធ្វើទារុណកម្ម​ និង​អំពើឃោរឃៅ​ អមនុស្សធម៌​ ការ​ចាប់​ឃុំខ្លួន​អ្នកប្រឆាំង​ នឹង​រដ្ឋាភិបាល​វៀតណាម​ យ៉ាង​អនាធិបតេយ្យ​ ការរំលោភ​បំពាន​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ រួមមាន​ការ​បដិសេធ​មិន​ផ្ដល់​មេធាវី​ឲ្យ​ជនជាប់ចោទ​ ការ​បដិសេធ​មិន​ឲ្យ​សាច់ញាតិ​ជួប​អ្នកជាប់ឃុំ​ និង​មិន​ផ្ដល់​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ ។ របាយការណ៍​រក​ឃើញ​ទៀត​ថា​ អាជ្ញាធរ​វៀតណាម​ក៏បាន​ជ្រៀតជ្រែក​កិច្ចការឯកជន​របស់​ពលរដ្ឋ​ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដើរហើរ​ បញ្ចេញមតិ​ ការ​ជួបជុំ​សាសនា​ និង​ការ​រឹតត្បិត​សិទ្ធិ​សេរី​របស់​សារព័ត៌មាន​ អ៊ិ​នធឺ​ណែ​ត និង​អំពើពុករលួយ​ ។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​វិញ​ មានការ​តឹងរ៉ឹង​ និង​ពេលខ្លះ​បាន​គំរាមកំហែង​ដល់​ជីវិត​អ្នកជាប់ឃុំ​ទៀត​ក៏​មាន​ ដោយសារតែ​អាហារ​ឲ្យ​អ្នកទោស​មិន​គ្រប់គ្រាន់​ គ្មាន​អនាម័យ​ និង​បន្ទប់​តូច​ចង្អៀត​ណែន​ជាដើម​ ។ របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​ រក​ឃើញថា​ ឆ្មាំ​ពន្ធនាគារ​តែង​ធ្វើបាប​ផ្នែក​រាងកាយ​ដល់​អ្នកទោស​មនសិការ​ អ្នកទោស​នយោបាយ​ ជនជាតិភាគតិច​ និង​ក្រុម​សាសនា​ ។ ឆ្មាំ​ពន្ធនាគារ​វៀតណាម​ ក៏​មិន​ផ្ដល់​ថ្នាំ​ព្យាបាល​ជំងឺ​ដល់​អ្នកជាប់ឃុំ​ និង​ដាក់​អ្នក​ត្រូវ​ឃុំឃាំង​ នៅ​ឯកា​ម្នាក់ឯង​ក៏​មាន​ ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឲ្យដឹង​ថា​ យ៉ាងហោចណាស់​ក៏​មាន​អ្នកទោស​នយោបាយ​ និងសាសនា​ប្រមាណ​ ១០០​ នាក់​ កំពុង​ជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ​វៀតណាម​ ។ របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​ឲ្យដឹង​ទៀត​ថា​ ទោះបី​រដ្ឋធម្មនុញ្ញ​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ធ្វើដំណើរ​នៅក្នុង​ស្រុក​ ការ​ធ្វើដំណើរ​ទៅបរទេស​ និង​ការ​វិលត្រឡប់​ចូល​ស្រុក​វិញ​ក៏ដោយ​ ប៉ុន្តែ​ វៀតណាម​ បាន​ដាក់កម្រិត​ដល់​ការ​ធ្វើដំណើរ​របស់​បុគ្គល​មួយចំនួន​ ដែល​ត្រូវ​បាន​កាត់ទោស​ ឬចោទប្រកាន់​ថា​ បាន​រិះគន់​ ឬប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ ។

បារាំង​បាន​កាត់ទឹក​ដី​កម្ពុជាក្រោម​ ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​ទាំង​ខុសច្បាប់​ និង​គ្មាន​ការយល់ព្រម​ពី​ពលរដ្ឋខ្មែរ​ ក្រោម​ កាលពី​ទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។ គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ មាន​រយៈពេល​ ៧០​ ឆ្នាំ​ហើយ​ ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​ នឹង​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​នេះ​ នៅក្នុង​អគារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅ​ទីក្រុង​ឡា​អេ​ (La​ Hague​) ប្រទេស​ហូ​ឡង់​ នៅ​ថ្ងៃសៅរ៍​ទី​ ១ មិថុនា​ ។ គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​ គឺជា​យុទ្ធសាស្ត្រ​មួយ​ ដើម្បី​ឈាន​ទៅ​ទាមទារ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​ខ្មែរក្រោម​មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ខ្លួន​ ដោយខ្លួនឯង​ នៅ​ថ្ងៃ​អនាគត​ ៕

Leave A Reply

Your email address will not be published.