សមត្ថកិច្ចវៀតណាមរឹបអូសយកសៀវភៅ វេយ្យាករណ៍ខ្មែរពីពលរដ្ឋខ្មែរក្រោម
ដោយ យាង សុជាមេត្តា l RFA
2014-03-01
អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៤ បានរឹបអូសយកសៀវភៅវេយ្យាករណ៍ខ្មែរជាង ៣០ក្បាល ពីពលរដ្ឋខ្មែរក្រោមម្នាក់ នៅខេត្តព្រះត្រពាំង ឬវៀតណាម ហៅថា ខេត្តត្រាវិញ។ ពលរដ្ឋរូបនេះ គឺជាអ្នករៀបរៀងសៀវភៅវេយ្យាករណ៍ ហើយត្រូវបានព្រះសង្ឃខ្មែរក្រោមនៅប្រទេសថៃ ជួយយកទៅបោះពុម្ព ។

ចុចស្ដាប់ Khmer Grammar
ក្រោយមក បានបញ្ជូនសៀវភៅមួយចំនួនមកកម្ពុជាក្រោមវិញ ដើម្បីប្រគល់ឲ្យម្ចាស់រៀបរៀង។ ការរឹបអូសនេះ អាជ្ញាធរវៀតណាម អះអាងថា ម្ចាស់រៀបរៀងមិនបានសុំច្បាប់អនុញ្ញាតបោះពុម្ពពីអាជ្ញាធរជាមុន។
សៀវភៅវេយ្យាករណ៍ខ្មែរដែលមានចំណងជើងថា វេយ្យាករណ៍ខ្មែរសង្គ្រោះ ត្រូវបានអាជ្ញាធរវៀតណាម រឹបអូស បន្ទាប់ពីសៀវភៅទាំងនេះត្រូវបានបញ្ជូនពីប្រទេសថៃ ទៅកម្ពុជាក្រោម ដើម្បីចែកចាយជាធម្មទានដល់គ្រូបង្រៀនអក្សរសាស្ត្រខ្មែរ និងប្រគេនព្រះសង្ឃ ដើម្បីតម្កល់ទុកជាឯកសារអក្សរសាស្ត្រនៅតាមវត្តអារាមមួយចំនួននៅកម្ពុជាក្រោម។
ពលរដ្ឋខ្មែរក្រោមឈ្មោះ ថាច់ ឯក អាយុ ៦០ ឆ្នាំ សព្វថ្ងៃប្រកបរបរជាកសិករ និងជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរដល់ព្រះសង្ឃ នៅភូមិសំណឹងធំ ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ឬវៀតណាម ហៅថា ភូមិបាមី ឃុំហ្វាអឹង ស្រុកកូវកែ ខេត្តត្រាវិញ និងជាអ្នករៀបរៀងសៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ផងនោះ។ លោកបានឲ្យដឹងនៅថ្ងៃទី២៧ កុម្ភៈ ថា ព្រះសង្ឃខ្មែរក្រោមនៅប្រទេសថៃ បានផ្ញើសៀវភៅឲ្យលោកចំនួន ៣៧ ក្បាល ។
ក្រោយមក លោកបានយកសៀវភៅនោះទៅប្រគេនព្រះសង្ឃក្នុងស្រុកចំនួន ២ក្បាល ឲ្យមិត្តភ័ក្ដិ១ក្បាល និងបោះក្នុងរណ្ដៅសីមា១ក្បាល ហើយនៅសល់ ៣៣ ក្បាលទៀត លោកមានបំណងធ្វើបុណ្យឆ្លង មុននឹងលោកយកសៀវភៅទាំងអស់នោះទៅធ្វើជាធម្មទាន ប្រគេនព្រះសង្ឃ ដើម្បីតម្កល់ទុកតាមវត្តមួយចំនួន ក្នុងខេត្តព្រះត្រពាំង។
តែលោកថា សៀវភៅទាំងអស់នោះត្រូវអាជ្ញាធរវៀតណាម រឹបអូសយកអស់ទៅហើយ៖
«អ្នកដែលមករឹបអូសនោះ គឺមានក្រុមសន្តិសុខភូមិភាគ ៤នាក់ នគរបាលខេត្ត ២នាក់ នគរបាលស្រុក ២នាក់ គេមកកំណត់ហេតុ ប៉ុន្តែនៅពេលដែលគេមកកំណត់ហេតុ គេសុំតែមួយទេ គេទាមទារយក ខ្ញុំមិនឲ្យ ក៏គេមិនហ៊ានយកដែរ។ ហើយនៅពេលស្អែក គេនាំសន្តិសុខខេត្តម្នាក់យកខាងក្រសួងសិក្សាធិការ ស្រុក ២នាក់ ជាមួយអនុប្រធាននគរបាលឃុំម្នាក់ អនុប្រធាននគរបាលភូមិម្នាក់ ដើម្បីសុំសៀវភៅខ្ញុំយកទៅ គេនិយាយថា គេយកទៅទុកដាក់ជាបណ្ដោះអាសន្ន ព្រោះថា សៀវភៅដែលមិនបានសម្រេចដោយរដ្ឋាភិបាល មិនទាន់ពិនិត្យមិនទាន់មានសិទ្ធិចែកចាយ ពេលណាដែលគេយកទៅពិនិត្យឃើញថា សៀវភៅយើងយកទៅប្រើប្រាស់បាន គេនឹងធ្វើលិខិតទទួលស្គាល់ ដើម្បីឲ្យយើងមកប្រើប្រាស់ជាផ្លូវការ»។
ទោះជាយ៉ាងណាក៏ដោយ លោក ថាច់ ឯក អះអាងថា អាជ្ញាធរវៀតណាម មិនបាននិយាយគំរាមលោក ឬថាពួកគេនឹងចាត់វិធានការយ៉ាងណាចំពោះរូបលោកនោះទេ។ ប៉ុន្តែ ពួកគេនិយាយថា អ្វីដែលលោកបានធ្វើ គឺបានរំលោភច្បាប់របស់វៀតណាម ដែលថា រដ្ឋាភិបាលអនុញ្ញាតឲ្យបោះពុម្ពសៀវភៅ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់រដ្ឋជាមុនសិន។ អាជ្ញាធរក៏បានប្រាប់លោកថា បើសៀវភៅទាំងអស់នោះត្រូវបានបោះពុម្ពនៅប្រទេសវៀតណាម វាគ្រាន់បើជាងបោះពុម្ពនៅប្រទេសថៃ។
លោក ថាច់ ឯក៖
«គេគ្រាន់តែបញ្ជាក់យើងចុះឡើងៗថា ពូកុំភ័យគ្មានរឿងអីទាំងអស់ហ្នឹង ខ្ញុំគ្រាន់តែចង់សុំសៀវភៅហ្នឹងយកទៅត្រួតពិនិត្យ ដើម្បីដឹងថា ពូរៀបចំហ្នឹងមានអ្នកដទៃគេបញ្ចូលភាសាគេដែរឬទេ ខ្ញុំថា គ្មានទេ។ លោកបន្ថែមមួយឃ្លាពីរដែរ ប៉ុន្តែក្នុងន័យវេយ្យាករណ៍ដូចគ្នា មិនមែនក្នុងន័យនយោបាយទេ បើសិនជាមានទាក់ទងនយោបាយក្នុងហ្នឹង ទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក ថាច់ ឯក ដែលធ្លាប់បួសជាសង្ឃ ហើយបានឡើងមកបន្តការសិក្សានៅប្រទេសកម្ពុជា នៅឆ្នាំ១៩៧២។ ក្នុងសម័យខ្មែរក្រហម លោកត្រូវបានចាប់ផ្សឹកបញ្ជូនឲ្យទៅរស់នៅខេត្តព្រៃវែង។ លោកបានវិលត្រឡប់ទៅកម្ពុជាក្រោមវិញនៅឆ្នាំ១៩៨០ ហើយបន្តរស់នៅស្រុកកំណើតរបស់ខ្លួនរហូតដល់សព្វថ្ងៃ។ លោកថ្លែងថា លោកបានចាប់ផ្ដើមរៀបរៀងសៀវភៅវេយ្យាករណ៍ខ្មែរសង្រ្គោះ តាំងពីឆ្នាំ២០០៥ ហើយបានចប់សព្វគ្រប់នៅឆ្នាំ២០០៩។ លោកថា បន្ទាប់ពីរៀបរៀងរួចរាល់ហើយ លោកបានទូលព្រះតេជព្រះគុណ មេគណស្រុកថា លោកមានបំណងបោះពុម្ពចេញជាសៀវភៅ។
ព្រះតេជព្រះគុណមេគណ ក៏បានផ្តល់យោបល់ឲ្យលោកធ្វើការបោះពុម្ព។ ក្រោយមក លោក ថាច់ ឯក បានព្យាយាមរកឲ្យគេជួយបោះពុម្ព ប៉ុន្តែលោកថា ដោយសារពុំសូវមានអ្នកចេះវាយពុម្ពអក្សរខ្មែរ និងកង្វះបច្ចេកទេសផងនោះ ហើយម្យ៉ាងលោកខ្លាចឯកសារដែលលោកខិតខំរៀបរៀងនោះត្រូវខូចខាតដោយសារសត្វល្អិតបំផ្លាញ លោកក៏បានឲ្យព្រះសង្ឃខ្មែរក្រោមដែលនិមន្តទៅសិក្សានៅប្រទេសថៃ ជួយយកឯកសាររបស់លោកវាយបោះពុម្ពជាសៀវភៅនៅទីនោះតែម្តង និងបានបោះពុម្ពចប់សព្វគ្រប់នៅចុងឆ្នាំ២០១៣។ លោក ថាច់ ឯក ថា លោកមិននឹកស្មានថា ក្រោយពីសៀវភៅរបស់លោកត្រូវបានបោះពុម្ពរួច អាជ្ញាធរវៀតណាម មករឹបអូសយកសៀវភៅលោកដូច្នេះសោះ ។
ព្រះសង្ឃខ្មែរក្រោម ព្រះនាម ថាច់ ចន្ទតារា ដែលជាអ្នកវាយបោះពុម្ពសៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ បានមានថេរដីកាពីប្រទេសថៃ ថា ព្រះតេជព្រះគុណបានបោះពុម្ពសៀវភៅទាំងអស់ចំនួន ៣០០ក្បាល តែព្រះអង្គបានផ្ញើឲ្យ លោក ថាច់ ឯក ខ្លះសិន រហូតដល់ពេលដែលព្រះតេជព្រះគុណនិមន្តទៅស្រុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ព្រះតេជព្រះគុណនឹងនាំយកទៅទាំងអស់តែម្តង ដើម្បីចែកចាយជាធម្មទាន។ ព្រះតេជព្រះគុណ តារា ថា ព្រះអង្គនៅតែយកសៀវភៅទាំងអស់នេះទៅកម្ពុជាក្រោម បើទោះជាពេលនេះព្រះអង្គបានដឹងថា អាជ្ញាធរវៀតណាម បានរឹបអូសយកក៏ដោយ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា៖
«អាត្មាភាពគង់តែយកទៅដល់ចំណែកថា រដ្ឋាភិបាលគេរឹបយកហ្នឹង អាត្មាភាពមានវិធានការយ៉ាងណា អាត្មាភាព គឺមុនដំបូងប្រហែលជាមិនឲ្យដោយងាយៗដែរ មកពីអាត្មាភាពក៏ចង់សួរឲ្យជាក់ច្បាស់ថា រដ្ឋាភិបាលចេញច្បាប់ហើយ តើរដ្ឋាភិបាលមានគោរពសិទ្ធិរបស់ជនជាតិដើមដែរឬទេ? បើរដ្ឋាភិបាលគោរពសិទ្ធិរដ្ឋាភិបាល មិនគួររឹបយកទេ ប៉ុន្តែបើរដ្ឋាភិបាលប្រើកម្លាំង ដើម្បីមករឹបយកអាត្មាភាព ប្រហែលជាអង្គឯងហ្នឹងក៏ធ្វើអីមិនបានដែរ បើគេយកៗចុះ»។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានមានប្រសាសន៍នៅថ្ងៃទី២៨ កុម្ភៈ ថា វាគឺជាចរិតរបស់រដ្ឋាភិបាលវៀតណាម តាំងពីដើមមក ដែលតែងត្រួតពិនិត្យកម្មវិធីសិក្សារបស់ព្រះសង្ឃខ្មែរ។ លោកថា នេះគឺជាគោលដៅរបស់វៀតណាម ក្នុងការបំបាត់នូវឫសគល់អក្សរសាស្ត្រខ្មែរនៅកម្ពុជាក្រោម។ លោកថា វៀតណាម មិនបានឲ្យខ្មែររៀនសូត្រអក្សរសាស្ត្រជាតិរបស់ខ្លួនបានទូលំទូលាយនោះទេ គឺបានត្រឹមតែចេះអាន និងចេះសរសេរបន្តិចបន្តួចប៉ុណ្ណោះ។
លោក ថាច់ សេដ្ឋា៖
«គេមិនអាចឲ្យរៀនសូត្រអ្វីខុសពីមាគ៌ារបស់គេទេ សូម្បីតែសៀវភៅវេយ្យាករណ៍បាលី វាមិនចេះអានមិនចេះមើល ក៏វាយកទៅត្រួតពិនិត្យ ដើម្បីស្រាវជ្រាវអ៊ីចឹងដែរ អ៊ីចឹងមានន័យថា ជាចេតនាមួយគេមិនចង់ឲ្យខ្មែរយើងនៅខាងហ្នឹង ព្រះសង្ឃលោករៀនអីក្រៅពីការណែនាំពីមាគ៌ាក្រោមបញ្ជាបង្គាប់របស់គេទេ ហើយអ្វីដែលយើងឃើញច្បាស់ហើយ បង្ហាញពីសិទ្ធិសេរីភាពក្នុងការសិក្សារៀនសូត្រហ្នឹង គឺវាមិនអាចមានសិទ្ធិសិក្សារៀនសូត្រដូចអ្វីដែលខាងយួន លើកឡើងទេ គឺឃើញច្បាស់ហើយ អានេះជាគំនាបមួយយ៉ាងតឹងតែងបំផុត ដែលយើងមិនអាចរៀនសូត្រដោយសេរីបាន»។
កន្លងមក អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា តែងតវ៉ាទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម និងគោរពសិទ្ធិជនជាតិដើមរបស់ពួកគេ។ ក្នុងនោះក៏មានសិទ្ធិសេរីភាពក្នុងសិក្សាអក្សរសាស្ត្រជាតិរបស់ខ្លួន និងទាមទារឲ្យមានសាលាភាសាខ្មែរជាដើម។
អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បានថ្លែងនៅថ្ងៃទី២៧ កុម្ភៈ ថា លោកមិនបានដឹងអំពីការរឹបអូសសៀវភៅពីពលរដ្ឋខ្មែរក្រោមឡើយ។ ប៉ុន្តែលោកថា នៅប្រទេសវៀតណាម អ្នកដែលមានបំណងបោះពុម្ពសៀវភៅ ត្រូវសុំច្បាប់អាជ្ញាធរជាមុនសិន ហើយថា ការចរាចរឯកសារទាំងឡាយក៏ត្រូវមានការពិនិត្យដូចគ្នា។ លោកថា ប្រសិនបើរកឃើញថា ឯកសារណាមួយមានខ្លឹមសារដែលខុសពីច្បាប់វៀតណាម អាជ្ញាធរត្រូវមានវិធានការតាមច្បាប់។
លោក ត្រឹង វ៉ាំងថុង៖
«និយាយរួមទៅ គឺនៅវៀតណាម អ៊ីចឹង ដូចខ្ញុំជនជាតិវៀតណាម ខ្ញុំចង់សរសេរសៀវភៅមួយ ខ្ញុំចង់បោះពុម្ពផ្សាយ ខ្ញុំត្រូវសុំច្បាប់ ហើយដល់ពេលគេមានចេញ អាហ្នឹងហើយបានបោះពុម្ពបាន។ ពីបញ្ហាហ្នឹង ខ្ញុំសូមជម្រាបជូននៅវៀតណាម មាន ៥៤ជនជាតិ ហើយ ៥៤ជនជាតិហ្នឹង គឺមានសិទ្ធិស្មើគ្នាទេ គេស្មើភាពចំពោះច្បាប់ទាំងអស់ ទាំងអស់គ្នាមានការប្រកាន់ជនជាតិភាគតិច ឬជនជាតិដើមហ្នឹង ជាការមួលបង្កាច់ទេ ជាការប្រឌិតទៀត ព្រោះពួកម៉ាកខ្ញុំគាត់ជាជនជាតិភាគតិច ភាគច្រើនគាត់ចង់បោះពុម្ពសៀវភៅ គាត់ត្រូវសុំច្បាប់ដែរ»។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិភាគតិច លោក អាង ច័ន្ទឫទ្ធិ បានកត់សម្គាល់ថា ការរឹបអូសសៀវភៅវេយ្យាករណ៍ខ្មែរនេះ គឺជាការរំលោភលើសិទ្ធិពលរដ្ឋខ្មែរក្រោម។ លោកថា រដ្ឋាភិបាលវៀតណាម មិនគួរធ្វើសកម្មភាពដូចនេះទេ បើរដ្ឋាភិបាលវៀតណាម អះអាងថា ខ្លួនជាប្រទេសមួយដែលធានានូវការគោរពសិទ្ធិជនជាតិភាគតិច និងជនជាតិដើមនោះ។ លោកថា ផ្ទុយទៅវិញ រដ្ឋាភិបាលវៀតណាម គួរតែយកចិត្តទុកដាក់ និងលើកស្ទួយឲ្យមានការរក្សាភាសាកំណើតរបស់ជនជាតិភាគតិច និងជនជាតិដើមទាំងនោះ។ លោកថា ទង្វើរបស់រដ្ឋាភិបាលវៀតណាម ទាំងអស់នេះ មិនយូរមិនឆាប់ នឹងធ្វើឲ្យខ្មែរក្រោមត្រូវបាត់បង់អត្តសញ្ញាណអក្សរសាស្ត្រជាតិរបស់ខ្លួន។
លោក អាង ច័ន្ទឫទ្ធិ៖
«ទាក់ទងនឹងសិទ្ធិអន្តរជាតិ ជាពិសេសគឺកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិសេដ្ឋកិច្ចសង្គមវប្បធម៌ គឺសន្ធិសញ្ញាទាំង២នេះបានចែងច្បាស់ណាស់ ហើយប្រទេសវៀតណាម គឺជាប្រទេសហត្ថលេខី។ ដូច្នេះ រដ្ឋាភិបាលវៀតណាម ត្រូវតែអនុវត្តនូវសន្ធិសញ្ញាទាំង២ហ្នឹងឲ្យបានល្អ ដើម្បីធានាថា ខ្លួនជាអ្នកគោរព និងការពារនូវសិទ្ធិជនជាតិភាគតិច និងជំនឿសាសនា និងអក្សរសាស្ត្ររបស់ពួកគាត់»។
កាលពីខែកញ្ញា ឆ្នាំ២០១៣ ព្រះសង្ឃចំនួន ២អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ៦នាក់ផ្សេងទៀត ត្រូវបានតុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង ឬវៀតណាម ហៅថាស្រុកត្រាំង កាត់ទោសអោយជាប់ពន្ធនាគារពី ១០ខែទៅ ៦ឆ្នាំ ដោយចោទពីបទបង្កអោយខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និងរត់គេចខ្លួនទៅក្រៅប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម ជាដើម។ ប៉ុន្តែ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានអះអាងថា រដ្ឋាភិបាលវៀតណាម កាត់ទោសព្រះសង្ឃ និងពលរដ្ឋទាំងនោះ ដោយសារពួកគាត់ទាមទារចង់អោយពលរដ្ឋខ្មែរកម្ពុជាក្រោម បានសិក្សាអក្សរសាស្ត្រជាតិរបស់ខ្លួន៕