តុលាការ​វៀតណាម នៅ​ខេត្ត​ក្រមួនស កាត់ទោស​កសិករ​ខ្មែរក្រោម ៤ នាក់​ឲ្យ​ជាប់គុក​ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុង​សំណុំរឿង​ដីធ្លី​

0 310

ដោយ ស៊ឺន ចែងចើន

​តុលាការខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃទី ៣ ខែធ្នូ សប្តាហ៍​នេះ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្តេញ​ពី​ដីធ្លី​ស្រែចំការ​ចំនួន ៤ នាក់​ឲ្យ​ជាប់ពន្ធនាគារ ពី ៦ ខែ​ទៅ ២ ឆ្នាំកន្លះ ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំងនឹង​អាជ្ញាធរ​សាធារណៈ ដែលជា​សំណុំរឿង​ដីធ្លី កាលពី​ដើ​ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ។ ចំណែក​ក្រុម​អង្គការ សង្គម​ស៊ីវិល​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ចាត់ទុក​សេចក្ដីសម្រេច​នេះ ថា ជា​រឿង​អយុត្តិធម៌ ដោយមាន​ចេតនា​ចង់​ធ្វើទុក្ខបុកម្នេញ និង​បំភ័យ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​ហ៊ាន​ងើបឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី ។​

សវនាការ​ជំនុំជម្រះ​ក្ដី​ ក្នុង​សំណុំរឿង​ដីធ្លី​ ​លើកសិករ​ខ្មែរក្រោម ៤ នាក់ ។ រូបថតៈ Screenshot
សវនាការ​ជំនុំជម្រះ​ក្ដី​ ក្នុង​សំណុំរឿង​ដីធ្លី​ ​លើកសិករ​ខ្មែរក្រោម ៤ នាក់ ។ រូបថតៈ Screenshot

​សាច់ញាតិ​បុរស​ខ្មែរក្រោម​ម្នាក់ ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស លោកស្រី ហ្វិ​ន ធី ហូ​វ ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន ព្រៃនគរ ថា បងប្រុស​របស់លោក​ស្រី គឺ​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ស្រុក​យ៉ាង ថា​ញ់ (Giang Thành) នៃ​ខេត្ត​ក្រមួនស សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ២ ឆ្នាំ ៦ ខែ ។​

​លោកស្រី ហ្វិ​ន ធី ហូ​វ ឲ្យ​ដឹងថា នៅក្នុង​អង្គ​សវនាការ ដែល​ប្រើពេល​ពេញ​មួយថ្ងៃ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ រសៀល នោះ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ត្រូវបាន​តុលាការ​រកឃើញថា មានទោស​ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំងនឹង​អាជ្ញាធរ​សាធារណៈ ក្នុង​សំណុំរឿង​ចេញមុខ​តវ៉ា​ករណី​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម ជាមួយ​រដ្ឋអំណាច​យួន ។​

​លោកស្រី ហ្វិ​ន ធី ហូ​វ ៖ «ពី​ម្សិល​ហ្នឹង​ម៉ោង ៨ កន្លះ ដល់​ម៉ោង ៥ កន្លះ ថ្ងៃ​ល្ងាច បានធ្វើការ​ហើយ ។ គេ​ចោទ​តែ​ម៉ា​មុខ កន្លែង​ដែល​គេ​ថា គាត់​យក​កណ្តូបសេះ​រារាំង អ្នកធ្វើការ គេ​ចោទ​តែ​កន្លែង​ហ្នឹង» ។​

​ដោយឡែក​កសិករ​ខ្មែរក្រោម បីនាក់​ផ្សេងទៀត ក៏​ត្រូវបាន​តុលាការ​ស្រុក យ៉ាង ថា​ញ់ កាត់ទោស​ពីបទ​ចោទ​ដូចគ្នានេះដែរ ។ ពួកគេ​ទាំងបី​នាក់​នោះ រួមមាន លោក តៀន ដាម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ លោក តៀន ណា​ម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) ផ្ដន្ទាទោស​ឲ្យ​ជាប់ ១ ឆ្នាំ និង​លោកយាយ ធី ភិ​ច អាយុ ៧១ ឆ្នាំ (​ជា​ម្ចាស់​ដី​) ផ្ដន្ទាទោស​ឲ្យ​ជាប់ ១ ឆ្នាំ តែ​ដាក់​ឲ្យ​ស្ថិតក្នុង​ការព្យួរទោស​មា​ន​លក្ខខណ្ឌ ។

​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ដដែល ថ្លែង​បញ្ជាក់ អំពី​វិធី​របស់​តុលាការ ថា ក​សិរ​ក​ខ្មែរក្រោម ៣ នាក់ គឺ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប លោក តៀន ដាម និង​លោក តៀន ណា​ម មិនទាន់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​មន្ទីរឃុំឃាំង​ភ្លាមៗ នៅឡើយ​ទេ ដោយ​គ្រាន់​បញ្ជូនពួក​គេ​ទៅ​ឃុំឃាំង​នៅក្នុង​ផ្ទះ​រៀងៗ ខ្លួន ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​លិខិត​សម្រេច​ប្រកាស​សាលក្រម​របស់​តុលាការ នៅ​រយៈពេល ១០ ថ្ងៃ ខាងមុខ​ទៀត ។

​លោកស្រី ហ្វិ​ន ធី ហូ​វ ៖ «គេ​អត់​ទាន់​យក​គាត់​ទៅ​ចូល​ឃុំឃាំង​នៅឡើយ​ទេ គេ​ឲ្យ​គាត់ នៅផ្ទះ​បណ្តោះអាសន្ន ហើយ​នៅក្នុង​រយៈ [​ពេល​] ១០ ថ្ងៃ តុលាការ គេ នឹង​ចេញ​លិខិត ឯកសារ ឲ្យ​យើង​ហ្នឹង មាន​សិទ្ធិ​តវ៉ា​ឡើងទៅ​តុលាការ »។​ ​

​ក្រុមគ្រួសារ​សាច់ញាតិ ដែល​រងគ្រោះ​ដោយសារតែ​ការបណ្ដេញ​ចេញពី​ដីធ្លី អះអាងថា ពួកគេ នឹង​ប្ដឹង​ទាស់​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​នេះ ដោយ​ពួកគេ​បាន​ពិភាក្សា​ជាមួយ​មេធាវី​ការពារ​ក្តី​រួចហើយ ដើម្បី​ប្តឹងទៅ​តុលាកា​ថ្នាក់លើ​បន្តទៀត ។

​ក្រៅពី​កសិករ​ខ្មែរក្រោម ទាំង​បួន​នាក់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ខាង​លើ ពលរដ្ឋ​ខ្មែរក្រោម ជាប់​ពាក់ព័ន្ធ​ចំនួន ២៣ នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ចាប់ពី​បី​លាន​ដុង​ទៅ​បួន​លាន​ដុង ឬ​ស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។​

​សូមបញ្ជាក់ថា លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ដែល​តុល​ការ កាត់ទោស​ធ្ងន់ធ្ងរ​ខ្លាំងជាងគេនោះ ធ្លាប់​ត្រូវបាន​អាជ្ញាធរ​វៀតណាម ប្រមាណ​ជាជាង ៥០ នាក់ កាលពី​យប់​ថ្ងៃទី ៧ មិថុនា ២០២០ ចុះ​ចាប់ខ្លួន យកទៅ​ឃុំឃាំង អស់​រយៈពេល ៣ ខែ ដោយ​អាជ្ញាធរ​ចោទប្រកាន់ថា លោក​ជា​អ្នកដឹកនាំ​បះបោរ​ធ្វើការ​ទន្ទ្រាន​យក​ដី​រដ្ឋ មាន​ទំហំ​ជាង ៣.០០០ ហិកតារ ។ ប៉ុន្តែ ក្រោយមក នៅ​ថ្ងៃទី ៤ ខែកញ្ញា អាជ្ញាធរ​វៀតណាម សម្រេច​ដោះលែង លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​វិញ ដោយសារតែ​ការស៊ើបអង្កេត​កន្លងមក រក​មិនឃើញ​ពី​ទោសកំហុស​របស់លោក ។ ទោះបីជា​យ៉ាងនេះ​ក្តី ស្រាប់តែ នៅ​ថ្ងៃទី ១០ ខែតុលា អាជ្ញាធរ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ទៅ​តុលាការ ដោយ​ចោទប្រកាន់ថា លោក​ប្រើ​អំពើហិង្សា​មកលើ​កម្លាំង​សម្ថ​កិច្ច​វៀតណាម វិញ ។​

កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot
កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot

​ជុំវិញ​ករណីនេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម មិនអាច​សុំ​ការបញ្ជាក់ ពី​មេធាវី​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រងគ្រោះ​ដីធ្លី ទាំង​បួន​នាក់​នោះ បានទេ នៅ​ថ្ងៃទី ៦ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំមាន​អ្នកទទួល ។​

​ចំណែក​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ ឲ្យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន ព្រៃនគរ ដឹងថា ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​អាជ្ញាធរ​វៀតណាម ខេត្ត​ក្រមួនស មកលើ​កសិក​ខ្មែរក្រោម គឺជា​រឿង​អយុត្តិធម៌​បំផុត ។ លោក​ថា នេះ​ជាការ​គំរាម​គំហែង ដោយ​ប្រើ​វិធានការ​របស់​តុលាការ ដើម្បី​បំបាក់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ហ៊ាន​ក្រោក​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី ក្នុងនាម​ជា​ម្ចាស់​ស្រុក​ជនជាតិដើម នៅលើ​ទឹកដី​កំណើត ។​

​លោក តាំង សារៈ បាន​លើក​ជា​ចម្ងល់​ថា នៅពេល​មានការ​ប៉ះទង្គិច​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំងប្រដាប់អាវុធ​របស់​អាជ្ញាធរ​យួន ហើយ​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រងរបួស​ធ្ងន់​ស្រាល​មិនតិចជាង ១០ នាក់​នោះ តើន​រណា​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការបង្កឡើង​ដោយ​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ​ប្រដាប់អាវុធ​ជាច្រើន​ផង​នោះ​? ។ ខណៈ​ករណី​បង្ក្រាប​ដោយ​ហិង្សា​នៅក្នុង​ជម្លោះដីធ្លី​នេះ ហើយ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្តេញ​ពី​ដីធ្លី​ស្រែចំកា បាន​ស្វែងរក​កិច្ច​អន្តរាគមន៍ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ តែ​ពួកគេ​មិន​អើពើ​ឡើយ បែរជា​មក​ចោទ​ប្រជាពលរដ្ឋ តាមផ្លូវ​តុលាការ​ទៅវិញ ។​

​លោក តាំង សារៈ ៖ «រឿង​អំពើហិង្សា បើ​យើង​និយាយ​ជាទូទៅ ប្រសិនបើ​គ្មាន​ការបង្កឡើង​ដោយ​កម្លាំងប្រដាប់អាវុធ គឺ​ប្រជាពលរដ្ឋ លោម​មិនដែល​បង្ក​អំពើហិង្សា​ទៅលើ​កងកម្លាំងប្រដាប់អាវុធ​ទេ ហើយ​បើ​ការបង្ក​អំពើហិង្សា ពី​ប្រជាពលរដ្ឋ​ទៅលើ​កងកម្លាំងប្រដាប់អាវុធ វា​ទាល់តែ​អំពើហិង្សា​របស់​កងកម្លាំង​ប្រដាប់អាវុធ​នោះ វា​ហួសហេតុ​ពេក បានន័យថា វា​ធ្វើ​ខុស​នឹង​ច្បាប់​ផង […] តែ​ទោះជា​យ៉ាងណាក៏ដោយ ការបង្ក​អំពើហិង្សា​របស់​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ទៅលើ​កងកម្លាំងប្រដាប់អាវុធ​វៀតណាម មិន​ធ្ងន់​ធ្ងូ​រ​ជាង​កងកម្លាំងប្រដាប់អាវុធ​របស់​វៀតណាម បង្ក​ជា​អំពើហិង្សា​មកលើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ទេ ។ ចុះ​ប្រសិន​ណា​ជា​ខ្មែរក្រោម ដែល​ង្ក​ជា​អំពើហិង្សា ត្រូវ​ទទួលទោស​ពី ៦ ខែ​ទៅ​ជាង ២ ឆ្នាំ តើ​កងកម្លាំងប្រដាប់អាវុធ ដែល​បង្ក​អំពើហិង្សា ទៅលើ​ខ្មែរ​កម្ពុជា​ក្រោម ដែរនោះ ត្រូវ​ទទួលទោស​ប៉ុន្មាន​ដែរ​? ។ ដូច្នេះ ការកាត់ទោស​នេះ ជា​អំពើ​អយុត្តិធម៌​មួយ ដែល​មិនអាច​ទទួលយកបាន »។

ចំណែក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ដោយ​ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​កាត់ទោស កសិករ​ខ្មែរក្រោម ចំនួន​បួន​នាក់ ឲ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ទាំង​អយុត្តិធម៌ ។ នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី ៦ ខែធ្នូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​ប្រទេស​វៀតណាម ទម្លាក់ចោល​បទចោទប្រកាន់​មកលើ​កសិករ​ខ្មែរក្រោម ។ សេចក្តីថ្លែងការណ៍​ដដែល​លើកឡើង​ទៀតថា ពួកគេ​ជា​កសិករ​ខ្មែរក្រោម មាន​ជីវភាព​ក្រីក្រ​ខ្វះខាត ដោយសារតែ​រង​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ ដូច្នេះ ពួកគេ​ត្រូវការ​ដីស្រែ​ចំការ​របស់​ពួកគេ ដើម្បី​ធ្វើ​កសិកម្ម​បង្កបង្កើនផល សម្រាប់​ផ្គត់​ផ្គង​គ្រួសារ​របស់​ពួកគេ ដ្បិត​តាំង​កំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​មក កសិក​ខ្មែរក្រោម​រងគ្រោះ​ដីធ្លី ធ្លាក់ខ្លួន​ទីទាល់ក្រ ។​

​គួររំឭកថា កាលពី​ថ្ងៃទី ៥ ខែឧសភា អាជ្ញាធរ​វៀតណាម រួមមាន ប៉ូលិស ទាហាន ដែល​ប្រដាប់​ដោយ​អាវុធ ប្រមាណ​ជា ១០០ នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ៣.០០០ ហិកតា ធ្វើជា​កម្មសិទ្ធិ​របស់រ​ដ្ឋ ពី​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៤៥ គ្រួសារ​កំពុង​ប្រើប្រាស់​ដី​កេរមត៌ក ដែល​ដូនតា​របស់​ពួកគេ​បន្សល់ទុក​មក ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរក្រោម បានធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើហិង្សា បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​ដឹងថា ពួកគេ​បាន​អាស្រ័យ​ផល​លើដី​នោះ​តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​មិន​ព្រមធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​នោះទេ ៕

Leave A Reply

Your email address will not be published.