តុលាការវៀតណាម នៃខេត្តក្រមួនស នឹងបើកសវនាការ លើករណីប្ដឹងទាស់របស់កសិករខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន
តុលាការខេត្តគៀនយ៉ាង នឹងបើកសវនាការជំនុំជម្រះ នៅថ្ងៃទី ៦ ខែឧសភា ខាងមុខនេះ លើបណ្ដឹងរបស់មេធាវី ការពារក្តីឲ្យកសិករខ្មែរក្រោម ៣ រូប ដែលប្ដឹងទាស់នឹងការសម្រេចរបស់តុលាការស្រុកយ៉ាង ថាញ់ (Giang Thành) នៃខេត្តក្រមួនស កាត់ទោសឲ្យជាប់ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុងសំណុំរឿងដីធ្លី កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ ។ នេះជាសវនការលើកទី ២ ហើយ បន្ទាប់សវនាការកាត់ក្តីបណ្តឹងទាស់លើកទី ១ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ ត្រូវបានផ្អាកទៅវិញ ដោយសារតែភាគីដើមបណ្តឹងជាអាជ្ញាធរ មិនបានចូលរួម នៅក្នុងសវនាការថ្នាក់ខេត្តនោះទេ ។ ចំណែកក្រុមគ្រួសារជនរងគ្រោះ និងអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ទាមទារទៅតុលាការខេត្តនេះ ឲ្យទម្លាក់បទចោទប្រកាន់ទៅលើកសិករខ្មែរក្រោម ទាំង ៣ រូប ដែលត្រូវបានចោទប្រកាន់ពីបទ «បទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ដោយពួកគេ ចាត់ទុកការចោទប្រកាន់នេះថា គឺជារឿងអយុត្តិធម៌បំផុត ។

លោក ហ្វិន វ៉ាំងឌែប អាយុ ៤១ ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកអេស្កាវ៉ាទ័រ ដែលតុលាការស្រុក យ៉ាង ថាញ់ ចោទប្រកាន់ពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច អំពាវនាវដល់តុលាការថ្នាក់ខេត្ត ឲ្យទម្លាក់ចោលការចោទប្រកាន់លើលើរូបលោក ក្រោយពេលមេធាវីបានដាក់បណ្ដឹងទាស់ទៅតុលាការជាន់ខ្ពស់ខេត្តនេះ ។ លោកសង្ឃឹមថា តុលាការថ្នាក់ខេត្តនឹងអាចរកយុត្តិធម៌ជូនលោក ដោយទម្លាក់ចោលបទចោទប្រកាន់មិនសមទំនងមកលើរូបលោក និងកសិករខ្មែរក្រោម ៣ នាក់ទៀត ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ២៤ ខែមេសា នេះ លោក ហ្វិន វ៉ាំងឌែប អះអាងថា អាជ្ញាធរស្រុក យ៉ាង ថាញ់ ពុំមានភស្តុតាង ដើម្បីដាក់បន្ទុកលើពួកលោកនោះទេ ។ លោកថា តុលាការថ្នាក់ស្រុក កាត់ទោសឲ្យរូបលោក និងកសិកររងគ្រោះនៃការបង្ខំបណ្តេញពីដីធ្លីស្រែចំការ ៣ នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគាររយៈពេលពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ គឺធ្វើតាមការចង់បានរបស់អាជ្ញាធរស្រុក យ៉ាង ថាញ់ តែប៉ុណ្ណោះ ។ លោក ចាត់ទុកថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់ពួកលោក និងមិនអាចទទួលយកបានឡើយ ព្រោះថា លោក និងកសិករខ្មែរក្រោម ដទៃទៀត មិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះឡើយ ។
តុលាការវៀតណាម នៅខេត្តក្រមួនស បានចោទប្រកាន់លោក លោក ហ្វិន វ៉ាំងឌែប និងមនុស្ស ៣ នាក់ទៀត ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» បន្ទាប់ពីបានឃាត់ខ្លួនលោក កាលពីថ្ងៃទី ៧ មិថុនា ២០២០ កន្លងទៅ ។ អាជ្ញាធរវៀតណាម ស្រុក យ៉ាង ថាញ់ បានឃុំខ្លួនលោក ហ្វិន វ៉ាំងឌែប ក្នុងពន្ធនាគារអស់រយៈពេលជាង ៣ ខែ ហើយ នៅថ្ងៃទី ៤ ខែកញ្ញា ២០២០ ទើបអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារតែការស៊ើបអង្កេតកន្លងមក រកមិនឃើញពីទោសកំហុសរបស់លោក ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរវៀតណាម ភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដោយដាក់ឲ្យ លោក ហ្វិន វ៉ាំងឌែប ស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានរបស់អាជ្ញាធរមូលដ្ឋាន និងហាមធ្វើដំណើរពីភូមិមួយទៅភូមិមួយផ្សេងទៀត ឬទៅក្រៅប្រទេសជាដើម ។
នៅថ្ងៃទី ១០ ខែតុលា អាជ្ញាធរវៀតណាម បានកសាងសំណុំរឿងបញ្ជូនខ្លួនលោក ហ្វិន វ៉ាំងឌែប និងកសិករខ្មែរក្រោម ៣ រូបទៀត ទៅតុលាការ ហើយនៅថ្ងៃទី ៣ ខែធ្នូ ២០២០ តុលាការវៀតណាម ប្រកាសសាលក្រមផ្តន្ទាទោសកសិករខ្មែរក្រោមចំនួន ៤ នាក់ ឲ្យជាប់ពន្ធនាគារ ចាប់ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ដោយចោទប្រកាន់កសិករខ្មែរក្រោមទាំងនោះថា បានប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរសាធារណៈវៀតណាម ។ ការកាត់ទោសរបស់តុលាការវៀតណាមនេះ ធ្វើឡើងដោយសារតែពលរដ្ឋខ្មែរក្រោម រាប់រយនាក់ បាននាំគ្នាតវ៉ា និងប៉ះទង្គិចនឹងអាជ្ញាធរវៀតណាម ពេលអាជ្ញាធរចុះមករឹបអូសដីរបស់ពួកគាត់ កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ។

សូមបញ្ជាក់ថា លោក ហ្វិន វ៉ាំងឌែប ត្រូវតុលាការស្រុកយ៉ាង ថាញ់ (Giang Thành) នៃខេត្តក្រមួនស សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ។ ដោយឡែកកសិករខ្មែរក្រោម ៣ នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការស្រុកនេះ កាត់ទោសពីបទចោទដូចគ្នានេះដែរ ។ ពួកគេទាំង ៣ នាក់នោះ រួមមាន លោក តៀន ដាម អាយុ ២៨ ឆ្នាំ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ លោក តៀន ណាម អាយុ ២៨ ឆ្នាំ ផ្ដន្ទាទោសឲ្យជាប់ ១ ឆ្នាំ និងលោកយាយ ធី ភិច អាយុ ៧១ ឆ្នាំ ផ្ដន្ទាទោសឲ្យជាប់ ១ ឆ្នាំ តែដាក់ឲ្យស្ថិតក្នុងការព្យួរទោសមានលក្ខខណ្ឌ ។ ក្រៅពីកសិករខ្មែរក្រោម ទាំងបួននាក់ ដែលត្រូវបានតុលាការចោទប្រកាន់ខាងលើ ពលរដ្ឋខ្មែរក្រោម ជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពីបីលានដុងទៅបួនលានដុង ឬស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។
ទាក់ទងនឹងបញ្ហានេះ ប្រធានលេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សម្បត្តិ ស៊ីណា ស្នើឲ្យតុលាការវៀតណាម ដោះលែងកសិករខ្មែរក្រោម ឲ្យមានសេរីភាពវិញ និងទម្លាក់បទចោទប្រកាន់ ក្នុងសំណុំរឿងនេះ ព្រោះកសិករខ្មែរក្រោម មិនបានប្រព្រឹត្តិកំហុស ដូចការចោទប្រកាន់របស់តុលាការនោះទេ ។ លោកចាត់ទុក ការចាប់ខ្លួននេះ គឺជាការរៀបចំឡើង ដោយអាជ្ញាធរវៀតណាម ដើម្បីជាលេសក្នុងការចាប់ខ្លួនកសិករខ្មែរក្រោម កុំឲ្យតវ៉ាទាមទារដីធ្លីជាមួយអាជ្ញាធរវៀតណាមបន្តទៀត ។
គួររម្លឹកថា គួររំឭកថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ ប្រមាណជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ ហិកតា ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារកំពុងប្រើប្រាស់ដីកេរមត៌ក ដែលដូនតារបស់ពួកគេបន្សល់ទុកមក ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោម ឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ៕