ECOSOC ពន្យារ​ពេល​សំណើ​សុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​សមាជិក​ក្រុម​ប្រឹក្សា​នេះ

0 827

ដោយ យន់ សាមៀន | RFA

គណៈកម្មាធិការ​អង្គការ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ បាន​សម្រេច​ពន្យារពេល​សំណើសុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ រយៈពេល ៦​ ខែ​ទៅ​មុខ​ទៀត ក្រោយ​ពេល​ប្រទេស​វៀតណាម​ បាន​បដិសេធ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ប្រទេស​មាន​ចំនួន​ទៀត ​បាន​ដាក់​សំណួរ​ជុំវិញ​សំណើ​របស់​សហព័ន្ធខ្មែរកម្ពុជាក្រោម ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) ។ រូបថតៈ Mannrinh Tran
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) ។ រូបថតៈ Mannrinh Tran

នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​ឯកសារ​ចម្លើយ​ដើម្បី​ឆ្លើយតប​ទៅ ​នឹង​សំណួរ​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) ក្នុង​រយៈពេល ៦ ខែ​ទៀត ដើម្បី​ឱ្យ​គណៈកម្មាធិការ​អង្គការ​នេះ ដាក់​បញ្ជូន​សហព័ន្ធ​ជា​សមាជិក​ប្រឹក្សា​ផ្តល់​យោបល់​នៃ​ក្រុមប្រឹក្សា​នេះ​ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ដាក់​បញ្ជូល​ពាក្យ​ស្នើ​សុំ​ឱ្យ​ក្លាយ​ជា​សមាជិក ECOSOC កាលពីដើម​សប្ដាហ៍​នេះ ហើយ​គណៈកម្មាធិការ​អង្គការ​នៃ​ក្រុមប្រឹក្សា​នេះ​ បាន​សាកសួរ​សំណួរ កាលពី​ថ្ងៃ​ទី​ ២១ ឧសភា ខណៈ​តំណាង​ប្រទេស​វៀតណាម បាន​ជំទាស់​សមាជិកភាព​របស់​សហព័ន្ធខ្មែរកម្ពុជាក្រោម ។ តំណាង​ប្រទេស​វៀតណាម អះអាង​ថា ប្រទេស​នេះ​ជំទាស់​សមាជិកភាព​របស់​សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយ​ចោទ​ប្រកាន់​ថា សហព័ន្ធខ្មែរកម្ពុជាក្រោម​ជា​ចលនា​នយោបាយ ​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​ប្រទេស​វៀតណាម និង​បាន​ដឹកនាំ​ចលនា​មួយ​ចំនួន​ប្រឆាំង​ នឹង​រដ្ឋាភិបាល​វៀតណាម ។ ទោះបីជា​យ៉ាងណា ប្រតិភូ​តំណាង​ខាង​អាមេរិក​បាន​សំដែង​ការ​គាំទ្រ សមាជិកភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ប្រតិភូ​តំណាង​អាមេរិក​អះអាង​ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជា​អង្គការ​ស្របច្បាប់ ធ្វើ​ការងារ​ដើម្បី​បម្រើ​ពលរដ្ឋ​ជនជាតិ​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ក្នុង​វិស័យ​សង្គម សិទ្ធិមនុស្ស និង​អប់រំ៖ «ពាក់ព័ន្ធ​ទៅ​​ នឹង​លិខិតស្នើ​សុំ​ជា​សមាជិក​ភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គឺថា បេសកកម្ម​សហព័ន្ធខ្មែរកម្ពុជាក្រោម គឺ​ដើម្បី​ការពារ និង​រក្សា​វត្តមាន​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ដើម្បី​ធានា​សិទ្ធិ​របស់​ពួកគេ ត្រូវ​បាន​ការពារ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ធ្វើ​ការងារ​យ៉ាង​ល្អ​ប្រសើរ ​ដើម្បី​លើកកម្ពស់​សេរីភាព​ផ្នែក​សាសនា និង​ភាសា​របស់​សហគមន៍ ​ដើម្បី​ធានា​ថា ពួកគេ​ទទួល​បាន សិទ្ធិ​ស្មើភាព​គ្នា​ទៅ​ នឹង​ពលរដ្ឋ​វៀតណាម​ដែរ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តំណាង​សំឡេង​ឱ្យ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​រួម​ទាំង​ព្រះសង្ឃ​ផង​ដែរ ។ ព្រះសង្ឃ​ដែល​បាន​ទាមទារ​ឱ្យ​មានការ​បង្រៀន​អក្សរ​ខ្មែរ តែងតែ​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ និង​រង​ការវាយប្រហារ​ថែម​ទៀត​ផង» ។

លោក ត្រឹង ម៉ាន់រិន្ទ មានប្រសាសន៍ថា វៀតណាម​ព្រួយបារម្ភ​ថា ប្រសិនបើ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ក្លាយ​ជា​សមាជិក ក្រុមប្រឹក្សា​ពិភាក្សានៃ (ECOSOC) សហព័ន្ធ នឹង​អាច​មាន​សិទ្ធិ​រាយការណ៍​ជូន​អង្គ​សន្និបាត​អង្គការសហប្រជាជាតិ​ ស្ដីពី​ការ​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា​ក្រោម ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស​វៀតណាម ​នៅ​លើ​ឆាក​អន្តរជាតិ ។ លោក ត្រឹង ម៉ាន់រិន្ទ បដិសេធ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ មាន​គម្រោង​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​វៀតណាម៖ «និយាយ​រួម​អង្គការ​សហព័ន្ធ​ដូច​សហរដ្ឋអាមេរិក​បាន​និយាយ​អ៊ីចឹង ជា​អង្គការ​មួយ​ទាមទារ​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ សិទ្ធិ​ខាង​សាសនា សិទ្ធិ​ខាង​ភាសា ។ យើង​ទាមទារ​សិទ្ធិ​ឱ្យ​ស្មើ​នឹង​ជនជាតិ​យួន ។ ហេតុអ្វី​បានជា​ខ្មែរ​អត់​មាន​សិទ្ធិ​រៀន​អក្សរ​ខ្មែរ អត់​មាន​សិទ្ធិ​រៀន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន?» ។

ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) មាន​សមាជិក​មកពី​ប្រទេស​ចំនួន ៥៤​ ប្រទេស​។ កម្ពុជា​មិន​មាន​សមាជិកភាព​ក្នុង​ក្រុមប្រឹក្សា​នេះ​ នៅ​ឡើយ​ទេ ។ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ មាន​តួនាទី​ជា​វេទិកា​កណ្ដាល​មួយ​សម្រាប់​ការពិភាក្សា​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ ដើម្បី​ជំរុញ​ស្តង់​ការរស់នៅ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ផ្ដល់​ការងារ និង​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ៕

Leave A Reply

Your email address will not be published.