ជនជាតិយួនសង់ខ្ទមកៅស៊ូ មកនៅក្បែរដើមឈើទាល ឧកញ៉ា សឺង គុយ
ដោយ ថាច់ ប្រីជា គឿន
នៅពេលថ្មីៗនេះ ក្រុមអ្នកប្រើបណ្ដាញសង្គម Facebook បាននាំគ្នាផ្សព្វផ្សាយ និងចែក រំលែកនូវរូបថតខ្ទមជាតង់កៅស៊ូរបស់ជនជាតិយួន ដែលបានមកសង់ និងស្នាក់នៅជាប់នឹង ដើមឈើទាលបញ្ច្រាស់ចុង ដែល ឧកញ៉ា សឺង គុយ បានដាំនៅក្បែរវត្តខឿន នាទីរួមខេត្តព្រះ ត្រពាំង អម ជាមួយ នឹងពាក្យថ្កោលទោសថា ជាចេតនារបស់អាជ្ញាធរយួនក្នុងការលុបបំបាត់ នូវភស្តុតាង ប្រវត្តិ សាស្ត្រកម្ពុជាក្រោម និងក្នុងគោលបំណងបន្តុះបង្អាប់ដល់ព្រលឹងវីរបុរសខ្មែរក្រោម ។
អ្នកប្រើគណនេយ្យ Facebook ឈ្មោះ ស៊ូន សុវណ្ណពៅ បានប្រតិកម្មថា៖ “រដ្ឋអំណាចយួនចង់ បំបាត់វប្បធម៌ ប្រពៃណី ជំនឿរបស់បងប្អូនជនរួមជាតិខ្មែរក្រោម គឺចង់បំបាត់ភស្តុតាងដើមឈើ ទាលដាំចុងចុះគល់ឡើងលើ របស់ឧកញ៉ា សឺង គុយ” ។
អ្នកប្រើគណនេយ្យ Facebook ឈ្មោះ Ekareach Thach បានសរសេរជាសំនួរថា៖ “តើយើងទាំង អស់គ្នា គួរគិតយ៉ាងណា? នាំគ្នាទៅរុះខ្ទមនេះចោល ឬ ទៅដុត ? វាប៉ះពាល់ដល់សោភណភាពដើម ឈើ ពេកហើយ” ។ ឆ្លើយតបនឹងសំនួរនេះ អ្នកខ្លះបញ្ចេញមតិថា គួរតែនាំគ្នាទៅដុតខ្ទមនេះចោល និងអ្នក ខ្លះថា ស្នើទៅរដ្ឋអំណាចយួនឲ្យគេរុះរើខ្ទមនេះចេញជាបន្ទាន់ ។

សូមបញ្ជាក់ថា ដើមឈើទាលបញ្ច្រាស់ចុង ឬ ដើមឈើទាល ចៅហ្វាយ គុយ ឋិតនៅជាប់ដងផ្លូវ មហា សឺង ថុង សង្កាត់ ទី ៧ ទីរួមខេត្តព្រះត្រពាំង ក្បែរវត្តខឿន ជាដើមឈើដែលមានចំណាស់មួយ ត្រូវបានអ្នកស្រុកដំណាលថា ឧកញ៉ា សឺង គុយ ជាអតីតចៅហ្វាយស្រុកព្រះត្រពាំង ជាអ្នកដាំបញ្ច្រាស់ចុង នៅឆ្នាំ ១៨៤១ ដើម្បីផ្សងចំពោះវាសនាជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោមថា ប្រសិនបើមែកឈើទាល នេះរស់ វាសនាខ្មែរនៅកម្ពុជាក្រោមនឹងរស់ តែបើមែកឈើទាលនេះងាប់ វាសនាខ្មែរនឹងលែងមានវត្តមាន នៅលើទឹកដីកម្ពុជាក្រោម តទៅទៀតហើយ” ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ១៨៣៤ ដល់ ១៨៤១ ប្រទេសកម្ពុជា គ្រប់គ្រងដោយស្ដេចស្រី អង្គ ម៉ី ជា ក្សត្រិយ៍ ទី ៩៧ នៃប្រទេសកម្ពុជា ដែលបានលើកបន្តុបដោយស្ដេចយួន មិញ ម៉ាង (Minh Mang) ក្នុង អំឡុងពេលដែលប្រទសកម្ពុជា ត្រូវរងឥទ្ធិពល និង ត្រូវហែកហួរដោយសង្គ្រាមសៀម និង យួន ។
នៅឆ្នាំ ១៨៣៦ ក្នុងពេលដែលកំពុងតែចូលវាតទីទឹកដីខ្មែរ ស្ដេច ម៉ិញ ម៉ាង បានបង្កើតយុទ្ធសាស្ត្រ មួយហៅថា យុទ្ធសាស្ត្រ “យួនឧបនេយ្យកម្ម” ឬ យុទ្ធសាស្ត្រ “ធ្វើខ្មែរឲ្យក្លាយទៅជាយួន” សម្រាប់អនុវត្ត លើប្រជារាស្ត្រខ្មែរ នៅប្រទេសកម្ពុជា និង ខ្មែរនៅដែនដីកម្ពុជាក្រោម ដូចជា បានចេញបញ្ជាឲ្យប្ដូរឈ្មោះប្រ ទេសកម្ពុជាទៅជាភាសាយួនថា ត្រាន់ តាយ ថាញ់ (Trấn Tây Thành), ទីក្រុងភ្នំពេញទៅជា ណាមយ៉ាង (Nam Vang) និង ឲ្យប្រជារាស្ត្រខ្មែរ ប្រកាន់យកប្រពៃណីយួន និង ព្រះសង្ឃខ្មែរ ត្រូវតែគោរពតាមប្រពៃណីបែបពុទ្ធសាសនាមហាយានយួន ជាដើម ។ យុទ្ធសាស្ត្រនេះ អនុវត្តមិនទាន់បានជោគជ័យ ស្រាប់តែ នៅឆ្នាំ ១៨៤១ ស្ដេច ម៉ិញ ម៉ាង (Minh Mang) បានសោយទិវង្គត, ស្ដេច ទេវ ទ្រី (Thieu Tri) បានឡើងសោយរាជ្យជំនួស ហើយបានអនុវត្តនូវយុទ្ធសាស្ត្រនេះបន្តពីបិតារបស់ខ្លួន ។

បទបញ្ជារំលាយពូជសាសន៍ខ្មែរ បានធ្វើប្រជារាស្ត្រខ្មែរនៅគ្រប់ទីគ្រប់ទីកន្លែងក្ដៅក្រហាយ និងក្រោកបះ បោរប្រឆាំងនឹងយួនយ៉ាងខ្លាំងក្លា ក្នុងនោះ មានចលនាតស៊ូរបស់ ចៅហ្វាយស្រុកព្រះត្រពាំង ឧកញ៉ា សឺង គុយ ជាដើម ។
មានរឿងដំណាលថា នៅពេលកំពុងធ្វើសង្គ្រាមជាមួយនឹងទ័ពយួន ឧកញ៉ា សឺង គុយ បានដាំដើមឈើទាលនេះ ដោយបានយកមែកឈើទាលមួយទៅដោត «ចុងចុះដីគល់ឡើងលើ» ហើយផ្សងថា «ប្រសិន បើ មែកឈើទាលនេះដុះ (រស់) គឺ អាយុជីវិត នៃជនជាតិខ្មែរនៅកម្ពុជាក្រោម ក៏នៅរស់ដែរ» ហើយដើម ឈើទាលនេះ ក៏បានដុះរស់រហូតមកដល់ សព្វថ្ងៃ ។
ក្រោយមក ដើម្បីឲ្យយួនលុបចោល នូវបទបញ្ជា “យួនឧបនេយ្យកម្ម” ចោល ឧកញ៉ា សឺង គុយ បានឲ្យ យួនកាត់ ក ទាំងរស់ ជាថ្នូរឲ្យប្រជារាស្ត្រខ្មែរនៅកម្ពុជាក្រោម មានសិទ្ធិរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និង ព្រះសង្ឃអាចគោរពប្រតិបត្តិតាមប្រពៃណីពុទ្ធសាសនាថេរវាទរបស់ជនជាតិខ្មែរ ដូចដើមវិញ ។
សព្វថ្ងៃ គេសង្កេតឃើញ ព្រះសង្ឃ និង ពលរដ្ឋខ្មែរនៅគ្រប់ទិសទី តែងតែនាំគ្នាមកទស្សនានូវដើមឈើ ទាលបញ្ច្រាស់ចុងនេះ ជាបន្តបន្ទាប់ ទោះបីទីនេះ រដ្ឋាភិបាលវៀតណាម មិនបានចាត់ទុកថា ជាតំបន់ ទេសចរណ៍ ក៏ដោយ ។ ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ចាត់ទុក ដើមឈើទាលបញ្ច្រស់ចុងនេះ ជាទី សក្ការបូជារបស់ពួកគាត់ និងជាភស្តុតាងប្រវត្តិសាស្ត្រមួយបញ្ជាក់អំពី ប្រវត្តិនៃការឈ្លានពានទឹកដីខ្មែរ ពីសំណាក់ជនជាតិយួន ក្នុងសម័យអតីតកាល ៕