ការវាយប្រហារឥតឈប់ឈររបស់វៀតណាម លើសេរីភាពសាសនាខ្មែរក្រោម
អត្ថបទវិចារណកថា ចុះផ្សាយនៅលើ ព្រឹត្តិបត្រ UNPO លេខ ខែមេសា ឆ្នាំ ២០១៨
ប្រែសម្រួលដោយ ឡឹម ស៊ីវេត
ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ជាឱកាសមួយសម្រាប់ប្រទេសកុម្មុយនិស្តមួយនេះ បង្ហាញនូវការប្តេជ្ញាចិត្តចំពោះការគោរពសិទ្ធិមនុស្ស ។ ផ្ទុយទៅវិញរដ្ឋាភិបាលវៀតណាម នៅតែរំលោភបំពានសិទ្ធិទៅលើសំឡេងអ្នកបញ្ចេញយោបល់ខ្វែងគំនិត, ក្រុមអ្នកកាន់សាសនាជនជាតិដើម, បង្ក្រាបលើសេរីភាពក្នុងការជួបជុំគ្នា ការបញ្ចេញមតិ និងការបង្កើតសមាគម ជាដើម ។ មានរបាយការណ៍ជាច្រើនអំពីការរំខានយាយី ការចាប់ខ្លួន ការដាក់គុក និងការធ្វើទារុណកម្មទៅលើសកម្មជនតស៊ូមតិដោយសន្តិវិធី ។ មានរបាយការណ៍ថា ប៉ូលីសបានជួលជនខិលខូចប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទៅលើក្រុម និង បុគ្គល អ្នកគោរពសាសនា ជនជាតិដើម ម៉ុង និង ខ្មែរក្រោម ។ ខ្មែរក្រោមជាក្រុមមួយដែលត្រូវគេរើសអើងទាំងសាសនា និង អត្តសញ្ញាណជាតិ ។ សមត្ថភាពរបស់ខ្មែរក្រោមក្នុងការអនុវត្តជំនឿ និងការចូលរួមក្នុងការរក្សានូវវប្បធម៌ និងការបង្រៀនភាសាខ្មែរត្រូវគេបង្ក្រាបយ៉ាងឃោរឃៅ ។ លើសពីនេះទៀត ដីធ្លីរបស់វត្តអារាមក៏ត្រូវអាជ្ញាធរវៀតណាមរឹបអូសយកទាំងបំពាន ។
ខ្មែរក្រោម ជាជនជាតិដើមដែលរស់នៅភាគខាងត្បូងនៃប្រទេសវៀតណាមសព្វថ្ងៃ ដែលគេហៅថា កម្ពុជាក្រោម បកទៅជាភាសាអង់គ្លេសថា “Lower Cambodia” ។ សម្រាប់ហេតុផលនៃយុទ្ធសាស្ត្រភូមិសាស្ត្រ ភាពចម្បងគឺដោយសារតែផ្លូវចូលទៅកាន់សមុទ្រតាមរយៈតំបន់ដីសណ្ដទន្លេមេគង្គ អាជ្ញាធរវៀតណាមយកជនជាតិដើមជាគោលដៅនៃការ បង្ក្រាបយ៉ាងសាហាវអស់រយៈពេលជាង ៤០ ឆ្នាំ មកហើយ ។ ការបង្ក្រាបដោយរដ្ឋវៀតណាម បានជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ ដូចជា សិទ្ធិសង្គម, សេដ្ឋកិច្ច និង សមត្ថភាព នៃការចូលរួមក្នុងសេចក្តីសម្រេចចិត្តក្នុងដំណើរការនយោបាយរបស់ប្រទេសវៀតណាម ប៉ុន្តែជាដំបូង និងសំខាន់បំផុតរដ្ឋាភិបាលវៀតណាម គឺព្យាយាមកាត់បន្ថយនូវសេរីភាពរបស់ខ្មែរក្រោមក្នុងការគោរពព្រះពុទ្ធសាសនាថេរវាទ ដើម្បីលុបបំបាត់នូវវប្បធម៌ ប្រវត្តិសាស្ត្រ និង អត្តសញ្ញាណរបស់ពួកគេ ។ ទោះបីជានៅលើក្រដាស រដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាម បានចែងច្បាស់អំពីគោលការណ៍នានាដូចជា សេរីភាពនៃជំនឿ និង សាសនា យ៉ាងណាក៏ដោយ អាជ្ញាធរវៀតណាម នៅតែជ្រៀតជ្រែកជាប្រព័ន្ធលើជីវិតសាសនារបស់ខ្មែរក្រោម ព្រមទាំងបង្ក្រាបយ៉ាងឃោរឃៅទៅលើព្រះសង្ឃ និងអ្នកប្រឆាំងដទៃទៀតដែលបានចូលរួមក្នុងការតស៊ូមតិដោយសន្តិវិធី ដើម្បីទាមទារសិទ្ធិសេរីភាពសាសនារបស់ពួកគេ ដែលរដ្ឋាភិបាលវៀតណាមត្រូវតែគោរព ។
ប្រព័ន្ធជ្រៀតជ្រែក និងការបង្ក្រាបសាសនារបស់រដ្ឋាភិបាល គឺជារឿងក្លែងបន្លំ និងប៉ះពាល់ដល់សូម្បីតែភាពលំអិតបំផុតនៃជីវិតសាសនា ។ ដើម្បីអនុវត្តពិធីបុណ្យណាមួយ ឬ ចង់សាងផ្នួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ពលរដ្ឋខ្មែរក្រោម ក៏ត្រូវសុំការអនុញ្ញាតពីភ្នាក់ងាររដ្ឋាភិបាលដែរ ពួកគេក៏ត្រូវហាមឃាត់មិនឲ្យនិយាយភាសាកំណើតរបស់ខ្លួននៅក្នុងបរិបទសាសនា ហើយព្រះសង្ឃក៏ត្រូវនិយាយភាសាយួននៅពេលដែលចូលរួមជាមួយរដ្ឋាភិបាល ។ សូម្បីតែរវាងគ្នាឯង ព្រះសង្ឃខ្មែរក្រោមក៏ត្រូវណែនាំឲ្យនិយាយជាភាសាយួនដែរ ។ ដើម្បីរំលាយនូវចលនាសន្តិវិធីរបស់ខ្មែរក្រោម រដ្ឋាភិបាលវៀតណាម បានព្យាយាមបង្កើតភាពមិនចុះសម្រុងគ្នានៅក្នុងសហគមន៍សាសនា ព្រមទាំងប្រើប្រាស់ភ្នាក់ ងារសម្ងាត់ ដើម្បីតាមដាននូវសកម្មភាពរបស់ព្រះសង្ឃនៅក្នុងវត្តអារាមនានា ។ ព្រះសង្ឃត្រូវដាក់គំនាប ឬ ជួនកាលត្រូវបង្ខំឲ្យទទួលសំណូក ដើម្បីតាមដាន និងរាយការណ៍អំពីសកម្មភាពណាមួយដែលបានកើតឡើងនៅក្នុងវត្ត ។
បុគ្គលដែលហ៊ានប្រឆាំងនឹងការកំណត់របស់រដ្ឋាភិបាល ជាពិសេស ព្រះសង្ឃ នឹងអាចធ្លាក់ខ្លួនជាជនរងគ្រោះដោយការឃុំឃាំង និងការចាប់ខ្លួនក្រៅប្រព័ន្ធតុលាការ ។ ភ័ស្តុតាងជាក់ស្តែងដូចជាករណី ព្រះសង្ឃព្រះនាម លីវ នី ជាព្រះចៅ អធិការវត្ត នៃវត្តសិរីតាសេក ត្រូវជាប់ពន្ធនាគាអស់រយៈពេល ៤ ឆ្នាំ តាំងពី ខែឧសភា ឆ្នាំ ២០១៣ ដល់ ខែឧសភា ឆ្នាំ ២០១៧ ដោយមិនយល់ព្រមផ្សឹកព្រះសង្ឃនៅក្នុងវត្ត ដែលព្រះអង្គត្រូវចោទប្រកាន់ថា បានបង្រៀនអក្សរខ្មែរប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រ នៃ ដែនដីកម្ពុជាក្រោម ។ ព្រះសង្ឃខ្មែរក្រោម រាប់សិបអង្គបានចូលរួមក្នុងសកម្មភាព ស្រដៀងគ្នានៃការតស៊ូប្រឆាំង ឬ ធ្វើបាតុកម្មដោយសន្តិវិធីក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាទូទៅរដ្ឋាភិបាលវៀតណាមបានឆ្លើយតបដោយប្រើកម្លាំងយោធាហួសប្រមាណ ការចាប់ខ្លួនដោយបំពាន បន្តសួរចម្លើយគ្មានសម្រាក ការចាប់ដាក់ពន្ធនាគារដោយគ្មានជំនុំជម្រះដោយយុត្តិធម៌ ការចោទប្រកាន់មិនពិត ការបង្ខំឱ្យសារភាព និងការឃ្លាំមើលយ៉ាងតឹងរ៉ឹង ភាគច្រើនរដ្ឋាភិបាលបានលើកយកមាត្រា ៨៧ និង ៨៨ នៃក្រមព្រហ្មទណ្ឌ មកចោទប្រកាន់ដោយក្ដីមិនពិតថាព្រះសង្ឃខ្មែរក្រោមបាន “បង្កអសន្តិសុខនៅក្នុងសង្គមវៀតណាម” និង “ពាក់ព័ន្ធជាមួយនឹងសកម្មភាពប្រឆាំងរដ្ឋា ភិបាលវៀតណាម” ។
ក្រៅពីការវាយប្រហារទៅលើបុគ្គល រដ្ឋាភិបាលរដ្ឋាភិបាលវៀតណាម ក៏បានសំដៅទៅលើសហគមន៍សាសនាទាំងមូលដោយរំលោភយកដីធ្លី និងសិទ្ធិជាប្រពៃណីទាក់ទងនឹងទីសក្ការបូជា ។ ជារឿយៗ រដ្ឋាភិបាលតែងតែយកទីតាំងរបស់វត្តទៅធ្វើជាលំនៅឋានរបស់ប្រជាជាន កសិឋាន ឬ ទីផ្សារ ខណៈដែលដីធ្លីនៅក្នុងវត្តនីមួយៗជាជាទីសក្ការៈ ហើយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្មែរក្រោម ទង្វើទាំងនេះគឺជាទម្រង់មួយផ្សេងទៀតនៃការវាយប្រហារដោយផ្ទាល់លើសេរីភាពសាសនា ។
ដោយសារតែខ្វះការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) ឈរជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងអង្គការសិទ្ធិមនុស្សដទៃទៀត ដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និង អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរដ្ឋាភិបាលវៀតណាមក្នុងការរំលោភលើសេរីភាពខាងជំនឿ និង សាសនា ។ តាមរយៈសកម្មភាពរួមគ្នា ដូចជាសន្និសីទអន្តរជាតិដែលបានរៀបចំជាមួយអង្គការជាសមាជិករបស់ខ្លួន សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) និង អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) បានធ្វើការយ៉ាងសកម្ម ដើម្បីលើកកម្ពស់នូវការយល់ដឹងអំពីករណីរំលោភសិទិ្ធមនុស្សលើពលរដ្ឋខ្មែរក្រោម ព្រមទាំងធ្វើឱ្យសហគមន៍អន្តរជាតិបានដឹងច្បាស់ និង មិនបំភ្លេចនូវការតស៊ូរបស់ខ្មែរក្រោម ទៀតឡើយ ៕