រដ្ឋសភាវៀតណាម អនុម័តច្បាប់ការងារថ្មី ដើម្បីការពារសិទ្ធិកម្មករ

0 580

ដោយ ស៊ឺន ចែងចើន

ច្បាប់​ការងារ​ ឬច្បាប់​ពលកម្ម​ នៅក្នុង​ប្រទេស​វៀតណាម​ ទើបតែ​បាន​កែប្រែ​ និង​ធ្វើ​វិ​សោ​ធទនក​ម្ម​លើ​ចំណុច​មួយចំនួន​ ហើយ​ត្រូវ​បាន​រដ្ឋសភា​វៀតណាម​ អនុម័ត​ ដែលគេ​មើលឃើញ​ថា​ ដើម្បី​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​កម្មករ​ ។ តើ​ច្បាប់​ពលកម្ម​ ដែល​ទើបតែ​បាន​កែសម្រួល​លើ​ចំណុច​ថ្មី​មួយចំនួន​នេះ​ មានខ្លឹមសារ​សំ​ខាន់​ៗ អ្វីខ្លះ​? និង​កម្មករ​ជនជាតិ​ដើម​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​ បាន​ទទួលផល​ប្រយោជន៍អ្វី​ខ្លះ​ ពី​ច្បាប់​ការងារ​នេះ​? ។

សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ៨ នៃ​រដ្ឋសភា​វៀតណាម​ នីតិកាល​ទី​ ១៤​ ដើម្បី​អនុម័ត​លើច្បាប់​ការងារ​ (ធ្វើ​វិសោធនកម្ម​) នា​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ២០១៩​ ។ រូបៈ​ QUỐC​ HỘI​ VIỆT​ NAM​
សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ៨ នៃ​រដ្ឋសភា​វៀតណាម​ នីតិកាល​ទី​ ១៤​ ដើម្បី​អនុម័ត​លើច្បាប់​ការងារ​ (ធ្វើ​វិសោធនកម្ម​) នា​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ២០១៩​ ។ រូបៈ​ QUỐC​ HỘI​ VIỆT​ NAM​

ដើម្បី​ឆ្លើយតប​ នឹង​តម្រូវការ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ វៀតណាម​ត្រូវ​បាន​បង្ខំឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ ដោយ​អនុញ្ញាត​ឲ្យ​បង្កើត​សហជីព​ឯករាជ្យ​ នៅ​កម្រិត​មូលដ្ឋាន​ ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ​ប្រទេស​វៀតណាម​ ។

  • ការ​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​សេដ្ឋកិច្ច​ពិភពលោក​ បង្ខំឲ្យ​វៀតណាម​ ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​

រដ្ឋសភា​នៃ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ បាន​អនុម័ត​លើច្បាប់​ការងារ​ (ធ្វើ​វិសោធនកម្ម​) ដែល​ត្រូវ​បាន​កែ​សំរួល​ និង​ត្រូវ​បាន​អនុម័ត​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ ៩០​,៦% នៃ​សមាជិករដ្ឋសភា​ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ បាន​រាយការណ៍​ថា​ ច្បាប់​ស្ដីពី​ការងារ​ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ថ្មីនេះ​ មាន​ចំនួន​ ១៧​ ជំពូក​ និង​ ២២០​ មាត្រា​ ។ ក្នុង​នោះ​ មាន​ ១០​ មាត្រា​ (ថ្មី​) សម្រាប់​អនុវត្ត​ចំពោះ​កម្មករ​និយោជិត​ និង​ ៦ មាត្រា​ (ថ្មី​) អនុវត្ត​ចំពោះ​ក្រុម​និយោជក​ ។

តាមរយៈ​ការ​ធ្វើ​វិសោធ​កម្ម​ច្បាប់​ការងារ​នេះ​ មាន​ចំណុច​ថ្មី​មួយចំនួន​ ដូចជា​ កម្មករ​និយោជិត​ នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ ១ ថ្ងៃ​បន្ថែម​ ទៅលើ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​វៀតណាម​ (ថ្ងៃទី​ ២ ខែកញ្ញា​) ។ ចំពោះ​ពេលវេលា​ធ្វើការ​ធម្មតា​ ច្បាប់​បាន​ចែងថា​ មិន​លើស​ពី​ ៨ ម៉ោង​ក្នុង​មួយថ្ងៃ​ និង​មិន​លើស​ពី​ ៤៨​ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ និង​បំពេញបន្ថែម​នូវ​បទប្បញ្ញត្តិ​ជាក់លាក់​ ទៅលើ​ការងារ​បន្ថែម​ម៉ោង​ពី​ ២០០​ ម៉ោង​ដល់​ ៣០០​ ម៉ោង​ ក្នុង​មួយឆ្នាំ​ ដើម្បី​ធានា​នូវ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ សម្រាប់​កម្មករ​និយោជិត​ ។

ក្រៅពី​នេះ​ ក៏​មាន​ចំណុច​សំ​ខាន់​ៗ នៃ​មាត្រា​មួយចំនួន​ទៀត​ ដែល​ត្រូវ​បាន​កែសម្រួល​ រួមមាន​ ការពង្រីក​វិសាលភាព​នៃ​ការ​កែ​សំរួល​ និង​មុខសញ្ញា​ត្រូវ​បាន​អនុវត្ត​ក្រម​ប្រតិបត្តិ​ ចំពោះ​កម្មករ​និយោជិត​ ដែល​មិន​ជាប់​កិច្ចសន្យា​ ។ បទប្បញ្ញត្តិ​ ស្តី​ពី​ការបង្កើត​សហជីព​ឯករាជ្យ​ នៅក្នុង​ក្រុមហ៊ុន​ និង​សហគ្រាស​ដោយ​ផ្ទាល់​ ដែល​មិន​ស្ថិតនៅ​ក្រោម​ ការគ្រប់គ្រង​របស់​សហជីព​ពលកម្ម​ការងារ​វៀតណាម​ ដើម្បី​ជំរុញ​ និង​លើកកម្ពស់​ប្រសិទ្ធភាព​ ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​កម្មករ​ ក្នុង​ទំនាក់ទំនង​ការងារ​ ស្រប​ជាមួយ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​) និង​បណ្តា​កិច្ច​ព្រមព្រៀង​អន្ដរ​ជាតិ​ផ្សេងទៀត​ ។ បន្ថែម​ពីលើ​នេះ​ គឺ​ច្បាប់​ការងារ​ថ្មី​ ក៏បាន​លើក​កំពស់​ សម្រាប់​កម្មករ​ជា​ស្ត្រី​ និង​ធានា​លើកកម្ពស់​នូវ​សមភាព​យេនឌ័រ​ និង​ការ​មិន​រើសអើង​ភេទ​ ​ការ​ការពារ​កម្មករ​ជា​អនីតិជន​ ការ​ដោះស្រាយ​វិវាទ​ការងារ​ និង​ការ​បង្កើន​អាយុ​ចូលនិវត្តន៍​ដល់​ ៦០​ ឆ្នាំ​សម្រាប់​ស្ត្រី​ និង​ ៦២​ ឆ្នាំ​ សម្រាប់​បុរស​ (បុរស​ នឹងអាច​ធ្វើការ​រហូតដល់​អាយុ​ ៦២​ ឆ្នាំ​ គិតដល់​ឆ្នាំ​ ២០២៨​ ចំណែក​ស្ត្រី​ នឹង​ធ្វើការ​រហូតដល់​អាយុ​ ៦០​ ឆ្នាំ​ គិតដល់​ឆ្នាំ​ ២០៣៥​) ដើម្បី​ត្រៀម​ និង​ទប់ទល់​ នឹង​ដំណើរការ​វ័យ​ចំណាស់​របស់​ប្រជាជន​ ដើម្បី​ឆ្លើយតប​ នឹង​តម្រូវការ​ទីផ្សារ​ការងារ​ ។ បច្ចុប្បន្ន​ អាយុ​ចូលនិវត្តន៍​ របស់​បុរស​ និង​ស្រ្តី​ នៅ​វៀតណាម​ ត្រឹម​ ៥៥​ ឆ្នាំ​ ។

ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយសា​ទរ​ ចំពោះ​រដ្ឋាភិបាល​ និង​រដ្ឋសភា​វៀតណាម​ បាន​អនុម័ត​កំណែទម្រង់​ច្បាប់​ការងារ​ ដែល​ស្ថានទូត​អាមេរិក​ចាត់ទុកថា​ជា​ «ប្រវត្តិសាស្ត្រ​» ថ្មី​ ។ ពីព្រោះ​វា​ជា​ការ​បោះជំហាន​សំខាន់​មួយ​ ដើម្បី​ធានា​នាំមក​នូវ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​វៀតណាម​ ផ្សារភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​ នឹង​លក្ខខណ្ឌ​ការងារ​ និង​សមស្រប​តាម​បទដ្ឋាន​ការងារ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់អន្តរជាតិ​ ។

សហរដ្ឋអាមេរិក​ ក៏បាន​សង្កត់ធ្ងន់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ អំពី​សារៈសំខាន់​នៃ​ច្បាប់​ថ្មីនេះ​ ដូចជា​ការបង្កើត​សហជីព​ឯករាជ្យ​ ការ​បង្កើន​ការ​ការពារ​ប្រឆាំង​ នឹង​ការរើសអើង​នៅកន្លែង​ធ្វើការ​ ។ ពង្រីក​វិសាលភាព​នៃ​ការ​គាំពារ​ផ្នែក​ច្បាប់​ដល់​កម្មករ​ ដែល​មិន​ជាប់​កិច្ចសន្យា​ ។

ទាក់ទង​ នឹង​កំណែទម្រង់​ច្បាប់​ការងារ​ថ្មីនេះ​ដែរ​ លោក​ Chang​ Hee​ Lee​ នាយក​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​) ប្រចាំ​នៅ​ប្រទេស​វៀតណាម​ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ដោយ​បាន​គូសបញ្ជាក់​ថា​ សេរីភាព​នៃ​ការបង្កើត​សហជីព​ឯករាជ្យ​ គឺជា​សិទ្ធិ​មូលដ្ឋាន​ ដែល​មាន​ចែង​នៅក្នុង​គោលការណ៍​ និង​សិទ្ធិ​ជា​មូលដ្ឋាន​ពលកម្ម​អន្តរជាតិ​ នៅ​ឆ្នាំ​ ១៩៩៨​ ។ តាម​ ILO​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ថ្មី​ គឺជា​ “ការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយ​” ដើម្បី​ឆ្ពោះទៅ​សមាហរណកម្ម​អន្តរជាតិ​ និង​ពាណិជ្ជកម្ម​ដោយសេរី​ និង​យុត្តិធម៌​ ។

សូម​បញ្ជាក់​ថា​ ការ​កែប្រែ​ច្បាប់​ការងារ​នេះ​ នឹង​ចូលជាធរមាន​ ចាប់ពី​ថ្ងៃទី​ ១ ខែមករា​ ឆ្នាំ​ ២០២១​ ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​បង្កើត​សហជីព​ឯករាជ្យ​ ដោយ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ របស់​សហជីព​ពលកម្ម​ការងារ​វៀតណាម​ ដែល​ជា​អង្គភាព​សហជីព​របស់​រដ្ឋាភិបាល​ ដើម្បី​ធានា​ឲ្យបាន​នូវ​សិទ្ធិ​ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​ និង​និយោជិត​ ។

យោង​តាម​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​វៀតណាម​ បាន​បង្ហាញ​តួលេខ​ប្រជាជន​ក្នុង​ប្រទេស​ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៩៦​,២ លាន​នាក់​ គិត​ចាប់តាំងពី​ថ្ងៃទី​ ១ ខែមេសា​ ឆ្នាំ​ ២០១៩​ មក​ ។ បច្ចុប្បន្ន​ប្រជាជន​សរុប​ចំនួន​ ៩៦​ ២០៨​ ៩៨៤​ នាក់​ ដែល​ក្នុង​នោះ​ បុរស​មាន​ចំនួន​ ៤៧​ លាន​នាក់​ ហើយ​ស្ត្រី​មាន​ចំនួន​ ៤៨​ លាន​នាក់​ ដោយ​អត្រា​បុរស​ និង​ស្ត្រី​ហាក់​ ដូចជា​មាន​លក្ខណៈ​សមភាព​ នឹងគ្នា​ គឺ​បុរស​មាន​ប្រហែល​ ៤៩​,៨% ខណៈ​ពេល​ស្ត្រី​មាន​ប្រហែល​ ៥០​,២% ។ វៀតណាម​ គឺជា​ប្រទេស​ ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ ជាប់​ចំណាត់ថ្នាក់​ ទី​ ១៥​ លើ​ពិភពលោក​ និង​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បន្ទាប់ពី​ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន​ ។

  • តើ​កម្មករ​ជនជាតិ​ដើម​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​ បាន​ទទួលផល​ប្រយោជន៍អ្វី​ខ្លះ​ ពី​ច្បាប់​ការងារ​នេះ​?

ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​ការងារ​ ត្រូវ​បាន​រដ្ឋសភា​វៀតណាម​ សម្រេច​អនុម័ត​ទាំងស្រុង​ដោយ​សំឡេង​គាំទ្រ​ ៩០​,៦% នៃ​សមាជិករដ្ឋសភា​ ដែល​មាន​គោលដៅ​ការពារ​ផលប្រយោជន៍​កម្មករ​ ដោយ​បាន​បន្ថែម​ ១០​ មាត្រា​ (ថ្មី​) ដែល​ក្នុង​នោះ​ គឺ​មាន​មាត្រា​មួយ​អនុញ្ញាត​ឲ្យ​កម្មករ​បង្កើត​សហជីព​មូលដ្ឋាន​ ។

នៅពេល​ច្បាប់​ស្តី​ពី​ការងារ​ ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ឆ្នាំ​ ២០២១​ កម្មករ​ខ្មែរក្រោម​ នឹង​ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ពី​ការបង្កើត​សហជីព​នេះ​ ។ ពីព្រោះ​សហជីព​មាន​តួនាទី​ក្នុង​ការ​តំណាង​ឲ្យ​កម្មករ​និយោជិត​ ក្នុង​ការចរចា​ជាមួយ​និយោជក​ ដើម្បី​រក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ប្រឈម​នានា​ ដែល​កើតមានឡើង​ពាក់ព័ន្ធ​ នឹង​លក្ខខណ្ឌ​ការងារ​ ក៏ដូចជា​ឈាន​ទៅ​រក​ការព្រមព្រៀង​គ្នា​ រវាង​កម្មករ​និយោជិត​ និង​និយោជក​ ។ និយាយ​ជា​រួម​ សហជីព​មាន​ករណីយកិច្ច​ ការ​ការពារ​ផលប្រយោជន៍​កម្មករ​ ការពារ​សិទ្ធិ​សេរីភាព​របស់​កម្មករ​តាម​រោងចក្រ​ និង​ក្រុមហ៊ុន​ និង​វិស័យ​ការងារ​ផ្សេងទៀត​ ដើម្បី​ធានា​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ​ និង​ចូលរួម​ជួយ​លើកកម្ពស់​ជីវភាព​កម្មករ​ តាមរយៈ​ការចរចា​ប្រាក់ឈ្នួល​ និង​ដោះស្រាយ​វិ​វាទ​ផ្សេង​ៗ របស់​កម្មករ​ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ទៀត​ ។

ដោយហេតុ​តែ​ ជនជាតិ​ដើម​ខ្មែរក្រោម​ ដែល​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​ និង​រោងចក្រ​ នៅក្នុង​ទីក្រុង​ព្រៃនគរ​ និង​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ រង​ការរំលោភ​សិទ្ធិ​កម្មករ​ តម្លៃ​ប្រាក់ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ​ រួម​ទាំង​បញ្ហា​ប្រឈម​នានា​ ដែល​ពួកគេ​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ តែងតែ​ត្រូវ​បាន​ថៅកែ​រំលោភសិទ្ធិ​ការងារ​យ៉ាងធ្ងន់ធ្ងរ​ ។ល។

សំខាន់​ជាង​នេះ​ទៅទៀត​ ជា​រៀងរាល់​ឆ្នាំ​ កម្មករ​ខ្មែរក្រោម​ នៅតែ​ជួប​ការ​លំបាក​ក្នុង​ការ​អបអរ​ និង​ចូលរួម​ពិធីបុណ្យ​ជាតិ​របស់​ខ្លួន​ ។ ដោយសារ​រដ្ឋាភិបាល​វៀតណាម​ មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​ជាតិ​របស់​ជនជាតិ​ខ្មែរ​ ។ ដូច្នេះ​ ការបង្កើត​សហជីព​ សម្រាប់​កម្មករ​ខ្មែរក្រោម​ ពិតជា​មាន​សារៈសំខាន់​ ក្នុង​ការ​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ និង​ទាមទារ​គោលនយោបាយ​ការពារ​នូវ​សិទ្ធិ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ ដើម្បី​ទទួល​បាន​សេរីភាព​គ្រប់គ្រាន់​ ក្នុង​ការចូលរួម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ ។

គួរ​ជម្រាប​ជូន​ថា​ កាលពី​ថ្ងៃទី​ ១៤​ ខែមីនា​ ឆ្នាំ​ ២០១៩​ កម្មករ​ខ្មែរក្រោម​ ដែល​ធ្វើការ​ នៅក្នុង​ទីក្រុង​ព្រៃនគរ​ ក៏​ធ្លាប់​បាន​រួមគ្នា​ចុះហត្ថលេខា​ នៅ​លើ​ញត្តិ​រួម​មួយ​ ផ្ញើ​ទៅ​ប្រធាន​សហជីព​ពលកម្ម​វៀតណាម​ នៅ​ទីក្រុង​ព្រៃនគរ​ (Chủ​ tịch​ Liên​ đoàn​ Lao​ động​ Việt​ Nam​ Thành​ phố​ Hồ​ Chí​ Minh​) ដោយ​ស្នើ​ទៅ​ក្រុមហ៊ុន​ និង​ រោងចក្រ​ទាំងអស់​ នៅក្នុង​ទីក្រុង​ព្រៃនគរ​ និង​ នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ អនុញ្ញា​តឲកម្មករ​ខ្មែរក្រោម​ បាន​ឈប់សម្រាក​ ៤ ថ្ងៃ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ចាប់ពី​ថ្ងៃទី​ ១៣​ ដល់​ ១៦​ ខែមេសា​ ឆ្នាំ​ ២០១៩​ ​។

ជា​រៀងរាល់​ឆ្នាំ​ នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ ដូចជា​ បុណ្យចូលឆ្នាំ​ថ្មី​ នៅ​ថ្ងៃទី​ ១៤​, ១៥​ និង​ ១៦​ ខែមេសា​ និង​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឬ បុណ្យ​សែនដូនតា​ នៅ​ថ្ងៃ​ ១៤​ និង​ ១៥​ រោច​ ខែភទ្របទ​ ពលរដ្ឋខ្មែរ​ក្រោម​ ដែល​ជា​និស្សិត​ សិស្សសាលា​ កម្មករ​ បុគ្គលិក​ និង​កម្មាភិបាល​ ដែល​កំពុងតែ​រៀន​ និង​ ធ្វើការ​នៅ​តាម​សាលា​ រោងចក្រ​ និង​ការិយាល័យ​រដ្ឋ​នានា​ មិន​មាន​សេរីភាព​គ្រប់គ្រាន់​ ក្នុង​ការចូលរួម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ទេ​ ។ មូលហេតុ​ ដោយសារ​រដ្ឋាភិបាល​វៀតណាម​មិន​មាន​គោលនយោបាយ​ជា​មូលដ្ឋាន​ និង​អនុម័ត​នូវ​ច្បាប់​ជា​ផ្លូវការ​ណាមួយ​ សម្រាប់​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ក្នុង​ថ្ងៃ​ បុណ្យ​សែនដូនតា​ និង​ បុណ្យចូលឆ្នាំ​ថ្មី​ របស់​ជនជាតិ​ខ្មែរ​ ។ នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​នេះ​ សាលារៀន​នៅតែ​រៀន​ រោងចក្រ​ និង​ការិយាល័យ​រដ្ឋ​ និង​ឯកជន​នៅតែ​ធ្វើការ​ជា​ធម្មតា​ ដែល​ធ្វើឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​មាន​អារម្មណ៍​ថា​ ពួកគេ​មិន​ទទួល​បាន​នូវ​សេរីភាព​ និង​ យុត្តិធម៌​ពិតប្រាកដ​ក្នុង​ការចូលរួម​ និង​ ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់​ខ្លួន​ឡើយ​ ។ ផ្ទុយទៅវិញ​ ជនជាតិ​យួន​ និង​ ចិន​ រដ្ឋាភិបាល​វៀតណាម​ បាន​អនុម័ត​ច្បាប់​ជា​ផ្លូវការ​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ទូទាំង​ប្រទេស​ពី​ ១០​ ទៅ​ ១៥​ ថ្ងៃ​ នៅក្នុង​ឱកាស​ បុណ្យចូលឆ្នាំ​យួន​ និង​ ចិន​ ជា​រៀងរាល់​ឆ្នាំ​ ។ ទង្វើ​ទាំងនេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​ផ្ទុយ​ នឹង​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម​ តែងតែ​ឃោសនា​ថា​ យួន​ ចិន​ និង​ ខ្មែរក្រោម​ ជា​ជនជាតិ​ទាំង​បី​បងប្អូន​ នឹងគ្នា​រស់នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ដោយ​ជនជាតិ​យួន​ និង​ ចិន​ បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​របស់​ពួកគេ​យ៉ាង​សេរី​ តែ​ខ្មែរក្រោម​វិញ​បែរជា​មិនបាន​ ៕

Leave A Reply

Your email address will not be published.