វៀតណាម​ដកតំណែង​ព្រះចៅអធិការ​ថ្មី នៃ​វត្ត​សេរី​តាសេក​

0 196

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​អាជ្ញាធរ​វៀតណាម​នៅក្នុង​ច​ខេត្ត​ឃ្លាំង​ទើបតែ​បាន​ដកតំណែង​ព្រះចៅអធិការ​ថ្មី នៃ​វត្ត​សិរី​តាសេក ហើយ​បាន​បញ្ជូន ឲ្យ​ព្រះចៅអធិការ​អង្គ​នេះ​ទៅ​អប់​រំលត់​ដំនៅ​វត្ត​ថ្មី​មួយទៀត ដោយ​ចោទថា ព្រះចៅអធិការ​អង្គ​នេះ មិនបាន​បំពេញ ការងារ​តាម​អ្វីដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើ ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

យោងតាម​លិខិត​ដកតំណែង​ព្រះចៅអធិការ​វត្ត​មួយច្បាប់ ដែល​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សេរី​តាសេក ឋិត​នៅក្នុង ស្រុក​ជ្រោ​យញ នៃ​ខេត្ត​ឃ្លាំង បាន​ផ្ញើ​មកកាន់​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា អាជ្ញាធរ​វៀត ណា​ម​ទើបតែ​ចេញ​លិខិត​មួយច្បាប់​ដកតំណែង ព្រះតេជព្រះគុណ គឹម ឡុង ចេញពី​តួនាទី​ជា​ព្រះចៅអធិការ​វត្ត សិរី​តាសេក ហើយ​បញ្ជូន​ឲ្យ​ទៅ​អប់រំ ឬ លុត​ដំឡើង​វិញ​នៅ​វត្ត​សំរោង ឋិត​នៅក្នុង​សង្កា​ត់ទី ៥ ខេត្ត​ឃ្លាំង ។

យោងតាម​លិខិត​លេខ ១២ / CV- HDKSSYN ចុះ​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤ ស្ដីពី​ការផ្លាស់ប្ដូរ​ទីលំនៅ និង តែងតាំង​ព្រះចៅអធិការ​វត្ត​សិរី​តាសេក ដោយ​ព្រះតេជព្រះគុណ យឿ​ង ញើ​ង ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី ស្នេ​ជាតិ​ខេត្ត​ឃ្លាំង ថា ៖

“​អនុវត្តតាម​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អចិន្ត្រៃយ៍​នៃ​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ខេត្ត​ឃ្លាំង អំពី ការចាត់ ព្រះតេជព្រះគុណ គឹម ឡុង ជា​ព្រះចៅអធិការ​ស្ដីទី​នៃ​វត្ត​សិរី​តាសេក ។ ក្នុងពេល​កន្លងមក ព្រះ​តេជ ព្រះ​គុណ គឹម ឡុង (Kim Long) មិនបាន​ធ្វើតាម​អ្វីដែល​ថ្នាក់លើ​តម្រូវ​ឲ្យ​ធ្វើ ហើយ​បាន​បណ្ដោយ​ឲ្យ​ព្រះសង្ឃ​មួយ ចំនួន​ក្នុង​វត្ត​បំពាន​ធម៌​វិន័យ ។ ដើម្បី​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ក្នុង​វត្ត​សិរី​តាសេក​បាន​បន្ត​ការរៀនសូត្រ​បួស​រៀន ។​

​ពេលនេះ  សមាគម​ព្រះសង្ឃ​សាមគ្គី ស្នេ​ជាតិ​ខេត្ត​ឃ្លាំង សូម​បញ្ជូន​ព្រះតេជព្រះគុណ គឹម ឡុង ទៅ​ស្នាក់ នៅ ក្នុង​វត្ត​សំរោង ឋិត​នៅក្នុង​សង្កា​ត់ទី ៥ ទី​រួម​ខេត្ត​ឃ្លាំង ដើម្បី​លត់​ដំឡើង​វិញ ។​

​សមាគម​ព្រះសង្ឃ​សាមគ្គី ស្នេ​ជាតិ​ខេត្ត​ឃ្លាំង សូម​តែងតាំង ព្រះតេជព្រះគុណ លី ហាយ (Ly Hai) ជា​ព្រះចៅអធិការ​វត្ត និង​ព្រះតេជព្រះគុណ លីវ សារឿន (Lieu Saruol) ជា​ព្រះចៅអធិការ​រង​ជា​បណ្ដោះអាសន្ន នៅ​វត្ត​សិរី តាសេក​” ។

​សូមបញ្ជាក់ថា សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេ​ជាតិ ជា​សមាគម​មួយ​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះសង្ឃ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម តែ​ឋិត​នៅក្រោម​ការត្រួតត្រា​របស់​បក្ស​កុ​ម្មុនិ​ស្ត​វៀតណាម សមាគម​នេះ បច្ចុប្បន្ន ជា​សមាជិក​របស់ សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ដែលជា​សមាគម​មួយ​ដឹកនាំ​ដោយ​ព្រះសង្ឃ​មហាយាន​យួន និង​ជា​សមាជិក របស់​រណសិរ្ស​មាតុភូមិ​វៀតណាម ។​

​ការដែល​ព្រះតេជព្រះគុណ យឿ​ង ញើ​ង ចេញ​លិខិត​ដកតំណែង​ព្រះតេជព្រះគុណ គឹម ឡុង ពី​តួនាទី​ជា​ព្រះ​ចៅ​អ​ធិ ការ​វត្ត​នេះ ត្រូវបាន​ពុទ្ធបរិស័ទ​ខ្មែរក្រោម​នៅ​ចំណុះជើងវត្ត​មួយ​នេះ​មើលឃើញថា ជាការ​ធ្វើឡើង​តាម​ការបញ្ជា​របស់ រដ្ឋាភិបាល​វៀតណាម ។​

សូមបញ្ជាក់ សិរី​តាសេក ជា​វត្ត​មួយ​ឋិត​នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង  ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ឡោមព័ទ្ធ  ដើម្បី​ចាប់​ព្រះសង្ឃ​ពីរ​អង្គ កាលពី​ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយ​ចោទ​ពីបទ​ថា ព្រះសង្ឃ​ទាំងនេះ​បាន​ទាក់ទង    ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​បាន​បំពេញ​ធម្មនុញ្ញ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម ។ ក្នុង​ព្រឹត្តិការណ៍​នេះ ពុទ្ធបរិស័ទ​រាប់រយ​នាក់ បាន​ចូលមក​វត្ត​សិរី​តាសេក​ប្រឆាំងនឹង​ក្រុម​អាជ្ញាធរ​វៀតណាម​ដែល​ចូលមក​វត្ត​បម្រុង​នឹង   ចាប់​ព្រះសង្ឃ ។​

​នៅ ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ គឺ ព្រះតេជព្រះគុណ លីវ នី  ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ព្រះតេជព្រះគុណ ថាច់ ធឿន  ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក និង​ប្រ ជា​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​គឺ លោក ថាច់ ភូមិ​រិ​ទ្ធ និង លោក ត្រា វណ្ណ ថា ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ត្រូវ អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​នៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម ខណៈដែល​អ្នក​ទាំងនេះ​ព្យាយាម​ភៀសខ្លួន​ចេញទៅ ប្រទេស​កម្ពុជា ។

​ក្រោយពី​បាន​ចាប់ខ្លួន​ព្រះសង្ឃ និង​អ្នកភូមិ​ដាក់ពន្ធនាគារ​ប៉ុន្មាន​ខែ​មក ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ខាងលើ ឲ្យ​ជាប់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ជនរងគ្រោះ​ទាំងនេះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ​,  ព្រះតេជព្រះគុណ លីវ នី  ជាប់ពន្ធនាគារ ៤ ឆ្នាំ​, លោក ថាច់ ភូមិ​រិ​ទ្ធ  កើត ឆ្នាំ ១៩៨៩ ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង លោក ត្រា វណ្ណ ថា ជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “​ចាត់តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​បរទេស​” ។​

​ក្រៅពីនេះ មុន​តុលាការ​ផ្ដន្ទាទោស​ព្រះសង្ឃ និង អ្នកភូមិ​តាសេក ២ ថ្ងៃ នៅ ថ្ងៃ ២៥ ខែកញ្ញា ២០១៣ តុលាការ​សាលាដំបូង​នៃ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាលក្រម​ឲ្យ​អ្នកភូមិ​ព្រៃ​ជាប់  នៃ​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ដែល​ជាប់​ទាក់ទិន​នឹង​ករណី​ព្រះតេជព្រះគុណ លី ចិន្ដា នៃ វត្ត​ព្រៃ​ជាប់ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម ។ ជនរងគ្រោះ​ទាំងនេះ ត្រូវ​តុលាការ​សម្រេច​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក​ដូចតទៅ ៖

១. អ្នកស្រី លី ធី​សា​ប៊ុត ១ ឆ្នាំ​

២. ង្ន​ក​ស្រី លី ធី​យន់ ១ ឆ្នាំ​

៣. អ្នកស្រី ឡឹម ធី​ឡង ១ ឆ្នាំ​

៤. លោក លី មិញ​ហាយ ១១ ខែ និង លោក តាំង ផល្លា ១០ ខែ ។​

​ចំណែក​លោកស្រី លី ធី សា​ប៊ុត ត្រូវ​កាត់ទោស​កំបាំងមុខ​ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ​ក្រៅ​ស្រុក ។​

​សព្វថ្ងៃ ព្រះសង្ឃ​ទាំងពីរ​អង្គ និង​អ្នកភូមិ​ទាំង ៦ រូប​កំពុងតែ​ជាប់​នៅក្នុង​ពន្ធនាគារ​វៀតណាម​នៅឡើយ ។​

​ក្រោយពី​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម ទូទាំង​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​អ្នក​ទាំងនេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ។ ម្យ៉ាងទៀត ក្រសួង​ការ បរទេស សហរដ្ឋអាមេរិក​ទទួល​បន្ទុក​សេរីភាព​សាសនា​អន្តរជាតិ  និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានចេញ​របាយការណ៍​ស្ដីពី​បញ្ហា​នេះ​ជា​បន្តបន្ទាប់ ផងដែរ ៕

Leave A Reply

Your email address will not be published.