វៀតណាម​មិន​ព្រម​សង​ដី​វត្ត​ដែល​ខ្លួន​កាន់កាប់​

0 95

(​សារព័ត៌មាន ព្រៃនគរ​) ព្រះសង្ឃ​វត្ត​មុនី​រង្សី (​មេ​ពាំង​) ស្ថិតនៅ​ក្នុងភូមិ​មេ​ពាំង ឬ ភូមិ​ទី ៤ (Ấp 4) ឃុំ​ឫស្សី ស្រុក  (Xã Phong Phú) ស្រុក​កំពង់​ស្ពាន (Huyện Cầu Kè) ខេត្ត ព្រះ​ត្រពាំង (Tỉnh Trà Vinh) បាន លើកឡើងថា រដ្ឋាភិបាល​វៀតណាម បាន​កាន់កាប់​ដី​កេរ​ដូនតា​របស់​វត្ត​ដែល​មានមក​តាំងពី​បុរាណ ហើយ ពេល​វត្ត​ធ្វើលិខិត​ស្នាម ទាមទារ​មកវិញ​រដ្ឋា​ភិ​បាល​មិន​ព្រម​សង  ព្រោះ​វត្ត​មិនមាន​លិខិត​កម្មសិទ្ធិ​ដីធ្លី ។​

ដីវត្តមេពាំង ដែលរដ្ឋាភិបាលវៀតណាមយកធ្វើសាលារៀន ។
ដីវត្តមេពាំង ដែលរដ្ឋាភិបាលវៀតណាមយកធ្វើសាលារៀន ។

​ព្រះសង្ឃ​វត្ត​មុនី​រង្សី (​មេ​ពាំង​) មួយអង្គ​ដែល​សុំ​មិន​ចេញ​ព្រះនាម បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម កាល ពីថ្ងៃ ទី ២៧ ខែសីហា ថា  ដី​ធា​ចាស់​ដែល​ពុទ្ធបរិស័ទ​បាន​ប្រគេន​ដល់​វត្ត​ជាច្រើន​កន្លែង  បច្ចុប្បន្ន ត្រូវបាន អាជ្ញាធរ​វៀតណាម​កាន់​កាប់​ដោយ​លើក​ហេតុផល​ថា ដី​មិនមាន​ម្ចាស់ ព្រោះ​វត្ត​មិនទាន់​ធ្វើលិខិត​កម្ម សិទ្ធិ​ដី ។ បច្ចុប្បន្ន ដី​កេរ​វត្ត​នេះ មួយចំណែក​ត្រូវបាន​អាជ្ញាធរ​វៀតណាម​យកទៅ​សាងសាលា​រៀន​ភាសា យួន និង​មួយចំណែក​នៅ​ទំនេរ តែ​រដ្ឋាភិបាល​មិន​ព្រម​សង​ម​វិញ ពេលដែល​ព្រះសង្ឃ​ទាមទារ ។​

​ព្រះអង្គ​បាន​បន្តទៀតថា ព្រះសង្ឃ​ធ្លាប់បាន​នាំគ្នា​ទៅ​កាប់ឆ្ការ​នៅ​ផ្ទៃដី​វត្ត​នោះដែរ ដើម្បី​កសាង​ទី​សម្រាប់​ពុទ្ធបរិស័ទ​ធ្វើបុណ្យ តែ​ត្រូវបាន​កម្មាភិបាល​វៀតណាម​ហាមឃាត់ ដោយ​លើកឡើងថា នឹងមាន​បញ្ហា ប្រសិនបើ​ព្រះសង្ឃ​នៅតែ​កាប់ឆ្ការ​លើដី​ដែល​មិនមាន​លិខិតបញ្ជាក់​ពី​កម្មសិទ្ធិ ។​

យោងតាម​បញ្ជី​វត្ត​នៅ​កម្ពុជា​ក្រោម វត្ត​មុនី​រង្សី (​មេ​ពាំង​)​បានកកើតឡើង​ក្នុង ព​.​ស​. ២៣៩៥ គ​.​ស​. ១៨៥១ បើ​គិត​មកដល់​ឆ្នាំ ២០១៣ នេះ វត្ត​នេះ មាន​អាយុកាល ១៦២ ឆ្នាំ ហើយ ។
​តាម​ថេរ​ដីកា​របស់ ព្រះសង្ឃ​ខាងលើ វត្ត​នេះ បាន​រើ​ទីតាំង​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជាច្រើនលើក ហើយ​បាន​បន្សល់ទុក​នូវ​ដី​ធា​វត្ត​ចាស់​ជាច្រើន​កន្លែង​នៅ​ខាងក្រៅ​វត្ត​ដោយ​មិនបាន​ធ្វើលិខិត​កម្មសិទ្ធិ​ដីធ្លី ឡើយ ។ ព្រះសង្ឃ​បាន​អះអាងថា វត្ត​កំពុងតែ​ដំណើរការ​ទាមទារ​ដី​កេរ​របស់​វត្ត​ទាំងនោះ​មកវិញ ៕

Leave A Reply

Your email address will not be published.