ប៉ះទង្គិចដោយហិង្សារវាងកម្លាំងពលរដ្ឋខ្មែរក្រោម និងកម្លាំងសមត្ថកិច្ចយួន
ដោយ ស៊ឺន ចែងចើន
នៅរសៀលថ្ងៃអង្គារ ទី ៥ ខែឧសភា នៅខេត្តក្រមួនស នៃដែនដីកម្ពុជាក្រោម មានករណីផ្ទុះអំពើហិង្សារវាងកម្លាំងសមត្ថកិច្ចយួន និងអ្នកភូមិរាប់រយនាក់ ដែលនាំគ្នាទៅតវ៉ាក្នុងទំនាស់ដីធ្លីអូសបន្លាយយូរអ្វែងអស់ជាច្រើនឆ្នាំ បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាលប្រមាណជាង ១០ នាក់ ។

យោងតាមវីដេអូឃ្លីបមួយ ដែលបានផ្សាយផ្ទាល់ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Bori Jung បានបង្ហាញអំពីទិដ្ឋភាព ពលរដ្ឋខ្មែរក្រោម ចុះមកតវ៉ា និងការពារដីស្រែ ដែលកំពុងមានជម្លោះជាមួយរដ្ឋអំណាចយួន ដើម្បីទាមទារឲ្យមានដំណោះស្រាយលើដីស្រែរបស់ពួកគេ ។ ការតវ៉ានោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១០០ នាក់ ប្រដាប់ដោយដំបងឆក់ ខែល និងអាវុធក្នុងដៃផង បានធ្វើការបំបែកក្រុមអ្នកតវ៉ា រហូតបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ១០ នាក់រងរបួស ដោយសារគ្រាប់កាំភ្លើង និងមួយចំនួនទៀតរងរបួស ដោយការវាយដំដោយកម្លាំងសមត្ថកិច្ច ហើយស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានចាប់វាយខ្នោះដៃ ។
ប្រជាពលរដ្ឋខ្មែរក្រោមម្នាក់ ស្រែកនៅលើគណនីហ្វេសប៊ុក ដែលកំពុងផ្សាយផ្ទាល់នោះថា ពលរដ្ឋខ្មែរក្រោម ខេត្តក្រមួនស បានធ្វើស្រែនៅលើទីតាំងដី កំពុងមានជម្លោះនោះ ចាប់តាំងពីឆ្នាំ ១៩៧៣ មកម្ល៉េះ ។ នៅឆ្នាំ ២០០០ ពលរដ្ឋខ្មែរក្រោម ជួបវិបត្តិជំនន់ទឹកលិចស្រែលិចស្រូវ ហើយក៏បោះបង់ការធ្វើស្រែ និងផលដំណាំ រហូតដល់ឆ្នាំ ២០០៨ ទើបពលរដ្ឋខ្មែរក្រោម បានចាប់ផ្តើមកាប់ឆ្ការធ្វើស្រែឡើងវិញ តែត្រូវរដ្ឋអំណាចយួនហាមឃាត់ទៅវិញ ។ ចាប់តាំងពីនោះមក ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋខ្មែរក្រោម និងរដ្ឋអំណាចយួន ក៏តែងកើតមានឡើងជាហូរហែ និងពេលខ្លះ ឈានដល់ការផ្ទុះអំពើហិង្សាទៀតផង ។
ផ្អែកតាមវីដេអូឃ្លីបដដែលនោះ ស្ត្រីខ្មែរក្រោមម្នាក់ទៀត ជាជនរងគ្រោះដោយបញ្ហាដីធ្លីបានស្រែក ដោយទាមទារឲ្យរដ្ឋាភិបាលយួនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ជាបន្ទាន់ ។ ពលរដ្ឋខ្មែរក្រោមរូបនេះ ចោទអាជ្ញាធរយួនថា បានរើសអើងពូជសាសន៍ខ្មែរក្រោម និងបង្ខំឲ្យបោះបង់ចោលដីកេរដូនតារបស់ពួកគេ ដោយគ្មានសងសំណងឡើយ ។
កន្លងមកពលរដ្ឋខ្មែរក្រោម ដែលចូលរួមតវ៉ា ពីបញ្ហាដីធ្លីនោះ មានដូចជា ខេត្តមាត់ជ្រូក ខេត្តឃ្លាំង ខេត្តព្រះត្រពាំង និងខេត្តក្រមួនស នៃដែនដីខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម ។ ហើយការតវ៉ានោះ ក៏មានការចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារជាហូហែរ ៕
មើលវីដេអូ ពីការប៉ះទង្គិចដោយហិង្សារវាងកម្លាំងពលរដ្ឋខ្មែរក្រោម និងកម្លាំងសមត្ថកិច្ចយួន