អាជ្ញាធរ​វៀតណាម ពិន័យ​លុយ​យុវជន​ខ្មែរក្រោម ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​

0 248

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម ដែល​បង្ហោះ​រូបសញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម និង​លិខិត​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី​មិញ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម កោះហៅ​ទៅ​សួរនាំ​ជាបន្តបន្ទាប់ ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែមិថុនា យុវជន​ខ្មែរក្រោម​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ត្រា​វិញ (Tra Vinh​) ដែល​ខ្មែរក្រោម​ហៅថា​ ខេត្ត​ព្រះត្រពាំង ពិន័យ​លុយ​ជាង ៧ លាន​ដុង ឬប្រមាណ​ជាង ៣ រយ​ដុល្លារ​អាមេរិក ។

យុវជន តោ ហ្វាងចឿង
យុវជន តោ ហ្វាងចឿង

យុវជន​ខ្មែរក្រោម លោក តោ ហ្វាង​ចឿង បាន​ឲ្យដឹង​ថា លោក​ព្រម​ទទួលរង​ពិន័យ​រដ្ឋបាល​ដោយ​បង់ប្រាក់ ទៅតាម​មាត្រា​មួយ​នៃ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាជ្ញាធរ​យួន​ចាត់ទុកថា លោក​បាន​ប្រព្រឹត្ត​ល្មើស​ទៅ នឹង​ច្បាប់​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​អ៊ីនធឺណិត ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថាប័នរដ្ឋ​អំណាច​វៀតណាម ។ យោង​តាម កថាខណ្ឌ ១ នៃ​មាត្រា ១០១ នៃ​ក្រិត្យ​លេខ 15​/2020​/NĐ​-CP របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី ៣ ខែ​កុម្ភះ​ឆ្នាំ ២០២០ បាន​ចែង​អំពី​ការ​ដាក់ទណ្ឌកម្ម ប្រឆាំង នឹង​ការរំលោភ​ផ្នែក​រដ្ឋបាល ក្នុង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ ព័ត៌មាន​វិទ្យា ប្រេកង់​វិទ្យុ បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច នឹង​ត្រូវពិន័យជាប្រាក់ ចំនួន ៧.៥០០.០០០ ដុង ។

គួរ​ជម្រាប​ជូន​ថា ការ​ពិន័យ​នេះ ធ្វើឡើង ក្រោយពី​លោក ប្រើ​គណនី​ហ្វេសប៊ុក​ឈ្មោះ (To Hoang Chuong​) កាលពី​ថ្ងៃទី ៣១ ខែឧសភា បាន​បង្ហោះ​រូបសញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម លើ​ហ្វេសប៊ុក និង​លិខិត​មួយ​ច្បាប់ ដែល​លោក​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នូវ​ឯកសារ​ទាក់ទង នឹង​លិខិត​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី​មិញ ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ មានខ្លឹមសារ​ថា ដែនដី​កម្ពុជាក្រោម ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរក្រោម ។ ចំណែក ជនជាតិ​វៀតណាម ដែល​រស់នៅ​លើទឹក​ដី​នេះ គ្រាន់​ជា​អ្នក​ស្នាក់អាស្រ័យ និង​គ្មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ទេ ទាក់ទង នឹង​អធិបតេយ្យ​ភាព និង​សិទ្ធិ​ធ្វើជា​ម្ចាស់ការ នៅ​លើទឹក​ដី​នេះ ។

ក្រៅពី​យុវជន យុវជន តោ ហ្វាង​ចឿង ដែល​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ខេត្ត​ព្រះត្រពាំង យុវជន​ខ្មែរក្រោម​ពីរ​នាក់​ទៀត នៅក្នុង​ខេត្ត​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើការ​ពិន័យ​ជា​ប្រាក់ និង​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជា​ឱ្យ​លុប​រូបសញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម នៅ​លើ​ប្រូ​ហ្វា​ល (Profile​) ហ្វេសប៊ុក​របស់​ខ្លួន​ចេញ​វិញ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ចាប់ខ្លួន ។

អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម នៅ​ប្រទេស​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក កត់សម្គាល់​ឃើញថា នៅ​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​វៀតណាម បាន​តាមដាន និង​មាន​វិធានការ​ជាបន្តបន្ទាប់ លើ​ការ​បង្ហោះ​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជាក្រោម ដែល​វិធានការ​នេះ ជា​ការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋខ្មែរ​ក្រោម ៕

លិខិតបង់ប្រាក់ពិន័យ

យុវជន តោ ហ្វាងចឿង

Leave A Reply

Your email address will not be published.