អាជ្ញាធរ​វៀតណាម ហាមមិនឲ្យ​ខ្មែរក្រោម​ ក្នុង​ស្រុក​ទាក់ទង​ខ្មែរក្រោម នៅ​ក្រៅ​ស្រុក រឿង​ចែក​អំណោយ​ដោយ​ការរើសអើង​

0 577

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា បាន​ចូល​ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​អាជ្ញាធរ​វៀតណាម ថា បាន​រើសអើង​រឿង​ចែក​ជំនួយ នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​-១៩ ។ យុវជន​ខ្មែរក្រោម រូប​នេះ ថា អាជ្ញាធរ​វៀតណាម គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរី​របស់​លោក មិន​ឲ្យ​ទាក់ទង​ផ្តល់​ព័ត៌មាន​ពី​បញ្ហា​នេះ ទៅ​ខ្មែរក្រោម នៅ​ក្រៅប្រទេស ។

យុវជន យ៉ា​ញ់ មិញ​ក្វាង នៅខាងក្រៅការិយាល័យ​នគរបាល ក្រោយចូលបំភ្លឺ នៅចំពោះមុខអាជ្ញាធរវៀតណាម ។ រូបៈ Screenshot
យុវជន យ៉ា​ញ់ មិញ​ក្វាង នៅខាងក្រៅការិយាល័យ​នគរបាល ក្រោយចូលបំភ្លឺ នៅចំពោះមុខអាជ្ញាធរវៀតណាម ។ រូបៈ Screenshot

យុវជន យ៉ា​ញ់ មិញ​ក្វាង ឲ្យដឹង​ថា អាជ្ញាធរ​វៀតណាម​នៃ​ខេត្ត​ឃ្លាំង បាន​ចំណាយពេល​សាកសួរ​លោក​អស់​ជាច្រើន​ម៉ោង រួច​ចោទប្រកាន់​លោក​ថា ជា​ជន​ក្បត់ជាតិ និង​បង្ខំឲ្យ​លោក​ចុះហត្ថលេខា ក្នុង​លិខិត​កំណត់ហេតុ ដោយ​យល់ព្រម​បញ្ឈប់​ថត​វីដេអូ រិះគន់​រដ្ឋាភិបាល​វៀតណាម តាមរយៈ​បណ្ដាញ​សង្គម និង​ផ្តល់​ព័ត៌មាន​ទៅ​ខ្មែរក្រោម នៅ​ក្រៅ​ស្រុក​ទៀត ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩ ឲ្យ​ទទួលអំណោយ​ពី​រដ្ឋាភិបាល ប៉ុន្តែ មានតែ​ឈ្មោះ​ពលរដ្ឋ​ជា​សាច់ញាតិ​របស់​ជនជាតិ​វៀតណាម ប៉ុណ្ណោះ ។ លោក​ថា លោក​មិនដឹង​ពី​ខ្លឹមសារ​ក្នុង​លិខិត​កំណត់ហេតុ ដែល​សរសេរ​យ៉ាង​វែង​ពី​អាជ្ញាធរ​វៀតណាម​នោះ​ទេ ដោយសារតែ​អាជ្ញាធរ​មិន​អាន​ឲ្យ​លោក​ស្តាប់ ហើយ​នៅពេល​លោក​សុំ​ថត​លិខិត​កំណត់ហេតុ​នោះ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ឡើយ ទើប​មានការ​ប្រទាញប្រទង់​គ្នា​រវាង​លោក និង​សមត្ថកិច្ច​នគរបាល​វៀតណាម ហើយ​ក៏​បណ្តាល​ឲ្យ​លិខិត​នោះ ដាច់​ចេញ​ជា​ពីរ​កំណាត់ ។ លោក​បន្ថែម​ថា នៅពេល​នោះ លោក​បាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​សកម្មភាព ប៉ុន្តែ ក្រុម​សមត្ថកិច្ច​ទាំងនោះ បាន​នាំគ្នា​រត់គេច​ចេញពី​បន្ទប់​សួរចម្លើយ ទើប​លោក​ដើរចេញ​ពី​ការិយាល័យ​នគរបាល ហើយ​ធ្វើដំណើរ​មក​ផ្ទះវិញ ។ យុវជន យ៉ា​ញ់ មិញ​ក្វាង បញ្ជាក់​ទៀត​ថា លោក​អាច នឹង​ត្រូវ​នគរបាលចាប់ខ្លួន ប្រសិនបើ លោក​មិន​អនុវត្ត​តាម​លិខិត​កំណត់ហេតុ​នោះ ។

គួរ​ជម្រាប​ជូន​ថា យុវជន​ខ្មែរក្រោម យ៉ា​ញ់ មិញ​ក្វាង នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ នៃ​ខេត្ត​ឃ្លាំង កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ នេះ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់ (Live​) នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ដើម្បី​សម្ដែង​ពី​ការ​កើតទុក្ខ​មិនសុខចិត្ត ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ភាព​ខ្វះចន្លោះ ក្នុង​ការ​ចុះ​ចែក​អំណោយ និង​មានការ​រើសអើង​រវាង​ពលរដ្ឋខ្មែរ​ក្រោម និង​ពលរដ្ឋ​វៀតណាម ដោយ​លោក​អះអាង​ថា គ្រួសារ​លោក​ពិតជា​មាន​ជីវភាព​ក្រីក្រ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដទៃទៀត រស់នៅ​ក្នុង​ភូមិ​របស់​លោក កំពុងតែ​ជួបប្រទះ​ទុក្ខ​លំ​បាក​​យ៉ាង​​ខ្លាំង តែ​​មិន​​ទទួល​​បាន​​ជំ​នួយ ពី​​អាជ្ញាធរ​​វៀតណាម​​ឡើយ ។ លោក​ចោទ​​ពួក​​អាជ្ញា​ធរ​មូលដ្ឋាន ថា បាន​ឃុប​ឃិត​គ្នា​ប្រ​ព្រឹត្ត​អំ​ពើ​ពុក​រលួយ ដោយ​ចុះ​ស្រង់​​យក​តែ​ឈ្មោះ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋខ្មែរ​ក្រោម ដែល​មាន​ជីវភាព​ក្រីក្រ​ដែរ បែរជា​មិន​មានឈ្មោះ​ក្នុង​បញ្ជី ដើម្បី​ទទួល​បាន​ជំនួយ​នោះ​ទេ ។ ជុំវិញ​បញ្ហា​នេះ ក្រុម​គ្រួសារ​ខ្មែរក្រោម ក៏បាន​នាំគ្នា​ទៅ​ធ្វើការ​តវ៉ា នៅ​ឯសាលា​ស្រុក​ម៉ី​ស្វៀ​ងដែរ ។ ប៉ុន្តែ អាជ្ញាធរ​វៀតណាម បាន​ឆ្លើយតប​ថា មូលហេតុ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ទាំងនោះ មិន​ទទួល​បាន​ជំនួយ ក៏​ព្រោះតែ​ពួក​គេ បាន​រួចចាក​ផុត​ពី​ភាព​ក្រីក្រ ។ ចំណែក​ឯប័ណ្ណ​ក្រីក្រ​របស់​ពួក​គេ ដែល​អាជ្ញាធរ​ចេញ​ឲ្យ​នោះ ក៏​ត្រូវ​បាន​លុបចោល​ហើយ​ដែរ ៕

Leave A Reply

Your email address will not be published.