អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង​ ដកហូត​ទូរសព្ទ​យុវជន​ខ្មែរក្រោម​ម្នាក់ទៀត ករណី​ចែករំលែក​ព័ត៌មាន​ទាក់ទង​ នឹង​ប្រវត្តិ​សាស្រ្ត​កម្ពុជាក្រោម​

0 514

ដោយ ស៊ឺន ចែង​ចើន​

ពលរដ្ឋខ្មែរ​ក្រោម ជាពិសេស​ក្រុម​យុវជន ក្នុង​ពេល​បច្ចុប្បន្ន​ បាន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook​) ដែល​មាន​តួនាទី​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​ សម្រាប់​ទទទួល​ព័ត៌មាន​ពាក់ព័ន្ធ នឹង​រឿងរ៉ាវ​នៃ​ទឹកដី​កម្ពុជាក្រោម ។ ក្រុម​យុវជន​ខ្មែរក្រោម ជា​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​ ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ និង​ការ​ចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ​វៀតណាម ដោយសារតែ​ពួក​គេ​ហ៊ាន​បញ្ចេញមតិ​ពាក​ព័ន្ធ​ នឹង​រឿង​ខ្មែរក្រោម នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ។ គិត​ចាប់តាំងពី​ថ្ងៃ ទី ៣ ខែ​កុម្ភះ​ឆ្នាំ ២០២០ ដែល​ប្រទេស​វៀតណាម​ បានដាក់ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​រួចមក​ យុវជន​ខ្មែរក្រោម​បី​នាក់​ហើយ ត្រូវ​អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង​ធ្វើការ​ពិន័យ​ជា​ប្រាក់​ និង​ព្រមាន​ចាប់ខ្លួន​ករណី​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ដាក់​រូប​កាន់ទុក្ខ​នៅ​លើ​ប្រូ​ហ្វា​ល (Profile​) ជុំវិញ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ លើក​ទី ៧១ ឆ្នាំ​ កាលពី​ថ្ងៃទី ៤ មិថុនា​កន្លងទៅ នៅលើ​ហ្វេសប៊ុក ។ អាជ្ញាធរ​វៀតណាម​ ក៏​ធ្លាប់​បង្ខំឲ្យ​យុវជន​ខ្មែរក្រោម​ ចុះហត្ថលេខា​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ ។

លិខិតកោះហៅ យុវជន​ខ្មែរក្រោម​ឈ្មោះ ឡឹម ណា​រិទ្ធ​ ចូលបំភ្លឺ​ករណីចែកចាយព័ត៌មានរឿងខ្មែរក្រោម
លិខិតកោះហៅ យុវជន​ខ្មែរក្រោម​ឈ្មោះ ឡឹម ណា​រិទ្ធ​ ចូលបំភ្លឺ​ករណីចែកចាយព័ត៌មានរឿងខ្មែរក្រោម

អាជ្ញាធរ​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ប្តូរ​ឈ្មោះ​ទៅ ខេត្ត​សុក​ត្រាំង (Sóc​ Trăng​) នៅ​ព្រឹក​ថ្ងៃទី​ ១៩ មិថុនា បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ម្នាក់ ឲ្យ​ចូល​ទៅ​បំភ្លឺ ជុំវិញ​ការ​បង្ហោះ​សារ​ និង​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មានខ្លឹមសារ​ទាក់ទង​ប្រវត្តិ​សាស្រ្ត​កម្ពុជាក្រោម​ ។

យុវជន​ខ្មែរក្រោម​ឈ្មោះ ឡឹម ណា​រិទ្ធ​ ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព និងជាសិទ្ធិមូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើការ​បញ្ចេញមតិ​ទាក់ទង​ នឹង​ប្រវត្តិ​សាស្រ្ត​នៃ​ទឹកដី​កម្ពុជាក្រោម និង​ចែកចាយ​ព័ត៌មាន​ ពី​សកម្មភាព​របស់​ខ្មែរក្រោម នៅ​ក្រៅប្រទេស ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម ដឹង​ថា​ លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើការ​ដកហូត​ទូរសព្ទ​ដៃ​មួយ​គ្រឿង លេខ​ស៊ី​មកា​ត និង​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ។ យុវជន​ខ្មែរក្រោម រូប​នេះ បន្ថែម​ថា​ អាជ្ញាធរ​វៀតណាម បាន​បង្ខំឲ្យ​លោក​លុបរាល់​ព័ត៌មាន​ ដែល​លោក​ចែករំលែក​បន្ត​ពី​វិទ្យុ​សំឡេង​កម្ពុជាក្រោម (VOKK​) ទូរទស្សន៍​ ព្រៃនគរ និង​លុប​នូវ​រូបសញ្ញា​កាន់ទុក្ខ ដែល​មាន​ទង់ជាតិ​កម្ពុជាក្រោម​ ដោយ​សរសេរជា​សារ​ថា «ទិវា​កាន់ទុក្ខ​ជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួន​ត្រួតត្រា​កម្ពុជាក្រោម​» ព្រមទាំង​លុប​វីដេអូ​បទចំរៀង​ជាតិនិយម​ខ្មែរក្រោម​ ដែល​ច្រៀង​ដោយ នាង ទូច ស៊ុន​នីច ចេញពី​គណនី​ហ្វេសប៊ុក​របស់​លោក​ផង ។ លោក​ថា អាជ្ញាធរ​វៀតណាម​ បាន​ថត​យក​ព័ត៌មាន ដែល​លោ​កបង​ង្ហោះ​នៅ​លើ​ហ្វេសប៊ុក ហើយផ្តិចេញមក​ឲ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់​ថា​ ជា​ព័ត៌មាន​ ដែល​លោក​បង្ហោះ​ និងចែករំ​លែកទាក់ទង នឹង​រឿង​ខ្មែរក្រោម គឺជា​ការពិត ។ បន្ថែម​ពីលើ​នេះ​ អាជ្ញាធរ​វៀតណាម ក៏បាន​ព្រមាន​ថា លោក នឹង​ត្រូវ​ចាប់ខ្លួន ប្រសិនបើ​លោក នៅតែ​បន្ត​បង្ហោះ​សារ​ និង​ចែកចាយ​ព័ត៌មានទាំង​ឡាយ​ណា ដែល​មានខ្លឹមសារ​ពាក់ព័ន្ធ នឹង​ទឹកដី​កម្ពុជាក្រោម​ទៀត ។

យុវជន​ខ្មែរក្រោម លោក ឡឹម ណា​រិទ្ធ ឲ្យដឹង​ទៀត​ថា នគរបាល​ខេត្ត​ឃ្លាំង​ នឹង​ធ្វើការ​ស៊ើបសួរ​លោក​បន្ថែម​ទៀត នៅ​វេលា​ម៉ោង ៨ នាទី​ព្រឹក ថ្ងៃទី ២៦​ ខែមិថុនា សប្តាហ៍​ក្រោយ នៅ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង ។ យុវជន​ខ្មែរក្រោម​រូប​នេះ​ បញ្ជាក់​ថា លោក នឹង​មិនទៅ​តាម​ការ​កោះហៅ​នោះ​ទេ បើសិនជា​អាជ្ញាធរ​មិន​ចេញ​លិខិត​អញ្ជើញ​ ឬមិន​ដាក់​មូលហេតុ​នៃ​ការសាកសួរ​នោះ ឲ្យបាន​ច្បាស់លាស់ ។

គួរ​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ ៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ​នេះ​ ពលរដ្ឋខ្មែរ​ក្រោម នៅ​ជុំវិញ​ពិភពលោក ​ប្រារព្ធ​ខួប ៧១ ឆ្នាំ​ ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ឲ្យ​ទៅ​វៀតណាម​ធ្វើអាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។ ចំណែក​ពលរដ្ឋខ្មែរ​ក្រោម នៅ​ដែនដី​កម្ពុជាក្រោម ដែល​មិន​មាន​សិទ្ធិ​ប្រារព្ធ​ខួប​ ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត​ររបស់​ខ្លួន​ ដែល​អាណានិគម​និយម​បារាំង បាន​កាត់​ដែនដី​កម្ពុជាក្រោម និង​វាសនា​របស់​ខ្លួន​ ផ្ទេរ​ឲ្យ​ទៅ​នៅ​ក្រោម​នឹម​អាណានិគម​ថ្មី​របស់​វៀតណាម​នោះ​ ក៏បាន​នាំគ្នា​ចែករំលែក​ព័ត៌មាន​បន្ត​ទាក់ទង នឹង​ព្រឹត្តិ​ការណ៍​នេះ​ ពី​វិទ្យុ​សំឡេង​កម្ពុជាក្រោម (VOKK​) ទូរទស្សន៍ ព្រៃនគរ វិទ្យុ​អាស៊ី​សេរី (RFA​ Khmer​) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA​ Khmer) ជាដើម​ ។ ប៉ុន្តែ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ព្រមាន​ចាប់ខ្លួន​ បើសិនជា​ពួក​គេ​មិនព្រម​លុប​សារ​ទាំងនោះ​ចេញ​ទេ ។ ក្រុម​អាជ្ញា​ធចោទប្រកាន់​ថា​ សកម្មភាព​របស់​យុវជន​ខ្មែរក្រោម ដែល​បង្ហោះ​សារ​ពាក់ព័ន្ធ នឹង​បញ្ហា​របស់​ខ្មែរក្រោម​ គឺជា​ទង្វើ​ខុសច្បាប់ ហើយ​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម ។

ជា​រឿយ​ៗ ព្រះសង្ឃ និង​ពលរដ្ឋខ្មែរ​ក្រោម​ តែងតែ​ត្រូវ​អាជ្ញាធរ​នៃ​អាណានិគម​យួន កោះហៅ​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់​ ដោយ​ចោទ​ពី​បទ ប្រឆាំង នឹង​រដ្ឋ​ភិបាល ឬមាន​ទំនាក់ទំនង នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន នៅ​ក្រៅប្រទេស ។

ក្នុងរយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម​ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ធ្វើការ​រឹតត្បិត​យ៉ាង​ខ្លាំង​ ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​ធ្វើទុក្ខ​បុកម្នេញ និង​ការ​គំរាមកំហែង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ចំពោះ​ពលរដ្ឋខ្មែរ​ក្រោម រូប​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​ពាក​ព័ន្ធ​ នឹង​រឿង​ខ្មែរក្រោម នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ។ វិធានការ​របស់​រដ្ឋាភិបាល​យួន​ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ។ ជាពិសេស ការ​ទទួល​ព័ត៌មាន ពី​វិទ្យុ «សំឡេង​កម្ពុជាក្រោម» និង​ទូរទស្សន៍​ ព្រៃនគរ ដែល​មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក និង​ជា​វិទ្យុ និង​សារព័ត៌មាន​ ដើរតួ​នាទី​សំខាន់​ ក្នុង​ការ​ពាំនាំ​ដំណឹង​ជូន​ដល់​ប្រជាជាតិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជាក្រោម​ ដែល​ពួក​គេ​មិន​មាន​ស្ថាន​ប័ន​ព័ត៌មាន​ឯករាជ្យ​របស់​ខ្លួន​ និង​មិនដែល​បាន​ទទួល​ព័ត៌មាន​ពិត​គ្រប់ជ្រុងជ្រោយ​ឡើយ ។ ដោយសារតែ សព្វថ្ងៃ​ កំពុង​រស់នៅ​ក្រោម​ការត្រួតត្រា​បែប​អាណានិគម​ ពីសំណាក់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ។ បច្ចុប្បន្ន វៀតណាម​ជា​ប្រទេស​ប្រកាន់យក​របប​កុម្មុយនិស្ត​ រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ​ ហើយ​មិន​មាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ឡើយ ។ ការ​រឹ​ត្បិត​បែបនេះ ដោយសារតែ​រដ្ឋាភិបាល​យួន​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋខ្មែរ​ នៅ​កម្ពុជាក្រោម ដឹងពី​ការពិត​ថា កម្ពុជាក្រោម ជា​ទឹកដី​របស់​ខ្មែរ​ ហើយ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​យក​ទៅ​គ្រប់គ្រង កាលពី​ថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ ១៩៤៩ ៕

Leave A Reply

Your email address will not be published.