អាជ្ញាធរវៀតណាម ប្រើហិង្សាលើពលរដ្ឋខ្មែរក្រោម ដែលរារាំងការប៉ុនប៉ងអាររម្លំដើមគគីរ អាយុកាលជាង ៧០០ ឆ្នាំ នៅក្នុងវត្តមង្គលបុរីទ្រនុំសេក នៃ ខេត្តលង់ហោរ

0 121

ដោយ លី ឈូន

យ៉ាងហោចណាស់ ក៏មានព្រះសង្ឃចំនួនពីរព្រះអង្គ និងពុទ្ធបរិស័ទខ្មែរក្រោមពីររូបរងរបួសស្នាម ដោយសារតែការវាយតប់ ទាក់ ធាក់ ពីសមត្ថកិច្ចវៀតណាម នៅពីព្រឹកថ្ងៃទី ២៣ ខែមីនា ម្សិលមិញនេះ ។ នេះជាលើកទី ២ ហើយ ដែលព្រឹត្តិករណ៍នេះ កាលពីប៉ុន្មានខែមុន ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម បានព្យាយាមរារាំង និងបញ្ឈប់ការប៉ន់ប៉ងអារំលំដើមគគីរបិតិកភណ្ឌជាតិ ដែលមានអាយុកាលជាង ៧០០ ឆ្នាំ ស្ថិតនៅក្នុងវត្តទ្រនំសេក នៃ ខេត្តលង់ហោរ ។ តែការប៉ន់ប៉ងទាំងពីរលើកនេះ សុទ្ធតែត្រូវរងបរាជ័យ ព្រោះតែការសុខចិត្តលះបង់អាយុជីវិតរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដើម្បីការពារបិតិកភណ្ឌជាតិរបស់ខ្លួន ។ យុវជនខ្មែរក្រោម លើកឡើងថា បើទោះបីជាដើមគគីនេះបានងាប់ទៅហើយក៏ពិតមែន តែវិធីសាស្ត្រ សម្រាប់ការពារសុវត្ថិភាព ពីការបាក់រលំនៃដើមគគីរនេះ មានច្រើនវិធីសាស្ត្រណាស់ ដូចជាវិធីសាស្ត្រ កសាងជន្ទល់ ទប់រលំជាដើម មិនមែនមានតែវិធីត្រូវអារំលំម្យ៉ាងនោះទេ ។ យុវជនខ្មែរក្រោម អះអាងថា វិធីសាស្ត្ររបស់អាជ្ញាធរវៀតណាម នាពេលនេះ ជាវិធីសាស្ត្របំបាត់ដានប្រវត្តិសាស្ត្រកម្ពុជាក្រោម ហើយដែលជាអំពើប្រព្រឹត្តិផ្ទុយទាំងច្បាប់ជាតិ និងអន្តរជាតិទាំងស្រុង ។

(រូបកណ្ដាល និងស្ដាំ) ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​លើក​គ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម ដែល​ប៉ុនប៉ង កាប់​យក​ដើម​គគីរ (រូបខាងឆ្វេង) ដែល​មាន​អាយុ​កាល​ជាង ៧០០ឆ្នាំ ជា​កេរដំណែល​របស់​វត្ត​មង្គល​បុរី​ទ្រនុំ​សេក​ ​ខេត្ត​លង់​ហោរ ទឹកដីកម្ពុជាក្រោម ។ រូប៖ ពីវីឌីអូលើហ្វេសប៊ុក
(រូបកណ្ដាល និងស្ដាំ) ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​លើក​គ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម ដែល​ប៉ុនប៉ង កាប់​យក​ដើម​គគីរ (រូបខាងឆ្វេង) ដែល​មាន​អាយុ​កាល​ជាង ៧០០ឆ្នាំ ជា​កេរដំណែល​របស់​វត្ត​មង្គល​បុរី​ទ្រនុំ​សេក​ ​ខេត្ត​លង់​ហោរ ទឹកដីកម្ពុជាក្រោម ។ រូប៖ ពីវីឌីអូលើហ្វេសប៊ុក

តាំង​ពី​ព្រលឹម​ស្រាង​ ៗ​ នៃ​ថ្ងៃ​ពុធ​ទី ២៣ មីនា​កន្លង​ទៅ​នេះ​​ ពួក​សមត្ថកិច្ច​វៀតណាម​ មាន​​ទាំង​​មន្ត្រី​​ខ្មែរ​ផង ប្រកប​ដោយ​ទាំង​ឯក​សណ្ឋាន​ជា​ស៊ីវិល​ និង​ឯក​សណ្ឋាន​ជា​នគរ​បាល​ផង​ ​មាន​គ្នា​​ជិត​​ ១០០​ នាក់​​ប្រដាប់​​ដោយ​ដំបង​ឈើ ​ដំបង​​ឆក់​ ព្រម​ទាំង​នាំ​មក​នូវ​រណារ​យន្ត​ ៣​ គ្រឿង​​ចូល​ ឆ្វេច​ឆ្វាច​​ ពេញ​ផ្ទៃ​​វត្ត​​មង្គល​បុរី​​ទ្រនំ​សេក​​ ដែល​​ស្ថិត​​នៅ​​ក្នុង​​ស្រុក​ផ្សារ​ថ្មី​​​ខេត្ត​លង់​ហោរ​​ ។

​​សកម្មភាព​របស់​ពួក​សមត្ថកិច្ច​ទាំង​នេះ​ ក្នុង​គោល​បំណង​ប៉ុន​ប៉ង​​អារ​រំលំ​ដើម​គគីរ​​ជា​បេ​តិ​ក​ភណ្ឌ​ជាតិ​​ខ្មែរ​​ដែល​មាន​អាយុ​កាល​ ជាង​ ៧០០ ​ឆ្នាំ​ នា​វត្ត​​មង្គល​បុរី​​ទ្រនំ​សេក​នេះ​ឯង​ ។

ក្រោយ​ពី​អស់​រយៈ​ពេល​ជាង​បី​ម៉ោង​ អង្វរ​​ក​រ​​​ផង​​ បន្លាច​ផង​​ដល់​​ព្រះ​សង្ឃ​​និង​​ពុទ្ធ​បរិស័ទ​​ដើម្បី​​បាន​​អារ​​រំលំ​​ដើម​​គ​គីរ​នោះ ។ ដោយ​ពួក​គេ​លើក​ឡើង​ថា ដើម​គគីរ​បាន​ស្លាប់​ទៅ​ហើយ​ ហើយ​ក៏​ពុក​ថែម​ទៀត​  ហេតុនេះ វា​អាច​ហ្នឹង​បាក់​រលំ​បង្ក​ភ័យ​អន្តរាយ​នៅ​ថ្ងៃ​​ណា​​មួយ​​មិនខាន ​។  ដោយ​អស់​លទ្ធភាព​ នឹង​ការ​លួង​លោម​ បន្លាច​ខ្មែរ​ក្រោម​នោះ​  ​​​​ហើយ​ដោយ​​មើល​ឃើញ​ ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​​​ចេះ​​​តែ​​ចូល​​មក​​ច្រើន​ឡើង​ ៗ ទាំង​ពុទ្ធបរិស័ទ​នៅ​ចំណុះ​ជើង​វត្ត​មង្គល​បុរី​ទ្រនំ​សេក​ផង​ និង​ពុទ្ធបរិស័ទ​នៅ​វត្ត​សាលវ័ន​ឧទ្យាន​ព្រែក​​ឈូក​​ផង​នោះ ​ពួក​សមត្ថកិច្ច​​ក៏​​បាន​ប្រើ​កម្លាំង​​បាយ​​ដោយ​បាន​​វាយ​​ដំ​​ច្រំ​ធាក់​​ទៅ​​លើ​​ព្រះ​សង្ឃ​​និង​​ពលរដ្ឋ​​ខ្មែរ​​ដែល​​ឱប​ ដែល​ឈរ​​ហ៊ុំ​ព័ទ្ធ​​ការ​ពារ​​ដើម​​គគីរ​ជាតិ​យ៉ាង​ដំណំ ​។

ហើយ​នេះ​ជា​សំឡេង​​ផ្សាយ​​ផ្ទាល់​របស់​អ្នក​នាង​សុង ​ចិន្តា​ជា​សកម្ម​ជន​កសាង​សាលា​ឆ​ទាន​​ភូមិ​កន្រែង​​ ​ដែល​ត្រូវ​រង​គំរាម​កំហែង​ដេញ​ឆក់​ទូរស័ព្ទ​មិន​ឲ្យ​ផ្សាយ​ផ្ទាល់​ ។​ ក្នុង​​ស្ថាន​ភាព​​បែប​​នេះ​​អ្នក​នាង​សុំ ចិន្តា និង​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដទៃ​ទៀត​គ្មាន​អ្វី​ក្រៅ​ពី​ទ្រហោយំ បួង​សួង​សុំ​ឲ្យ​ពុទ្ធ​ព្រះ​ធម៌​ព្រះ​សង្ឃ​ និង​​ពលរដ្ឋ​​ខ្មែរ​ក្រោម​​នៅ​​ជិត​ខាង​ឲ្យ​ជ្រំ​ជ្រែង​​សាមគ្គី​ជួ​យ​គ្នា​តែ​ប៉ុណ្ណោះ៖ «…» ។

បែរ​ទៅ​មើល​លោក​ស្រី​ថាច់​ ធី​សាបិត​ ដែល​ជា​អ្នក​បរិច្ចាគ​​ដី​ក​សាង​​សាលា​​ឆ​ទាន​​​ភូមិ​​កន្រែង​​ម្ដង​​វិញ​​បើ​ទោះ​បី​ជា​សមត្ថកិច្ច​ត្រូវ​បាន​ព្រះ​សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដេញ​ឲ្យ​ចេញ​ឆ្ងាយ​ពី​គល់​គគីរ​​ហើយ​​ក៏​លោក​ស្រី​នៅ​តែ​អង្គុយ​ឱប​ដើម​គគីរ​ជាតិ​ដោយ​មិន​របេះ​ ទោះ​ជា​ពួក​សមត្ថកិច្ច​​លួង​លោម​​ឲ្យ​លោក​​ស្រី​ចេញ​​ពី​គល់​គគីរ​ បែប​ណា​ក៏​មិន​ស្ដាប់​ ដោយ​លោក​ស្រី​តប​ថា៖ លោក​ស្រី​ធ្លាប់​​ធ្វើ​កុម្មុយនិស្ដុ​​លោក​ស្រី​ដឹង​ល្បិច​​កល​អស់​ហើយ​  តែ​​កាល​​ណា​លោក​ស្រី​ចេញ​ឆ្ងាយ​ពី​គល់​គគីរ​ ពួក​សមត្ថកិច្ច​ហ្នឹង​មាន​ឱកាស​អារ​​រលំ​ដើម​គគីរ​​ជា​មិន​ខាន​​ ។ លោក​ស្រី​ថាច់​ ធី​សា​បិត​ ចោទ​ប្រកាន់​ថា​សមត្ថ​កិច្ច​ រំលោភ​សិទ្ធិ​ពលរដ្ឋ​​ ហើយ​លោក​​ស្រី​អះអាង​ទៀត​ថា  សុខ​ចិត្ត​ស្លាប់​នៅ​នឹង​គល់​គគីរ​ជាតិ​​នេះ​ ​ព្រោះ​អដ្ឋិធាតុ​ជីដូន​ជីតា​របស់​លោក​ស្រី​​ និង​​អដ្ឋិធាតុ​​ជី​ដូន​ជីតា​​​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ​ក្រោម​ច្រើន​ណាស់​នៅ​ក្រោម​ដើម​គល់​គគីរ​នេះ៖​ «សូម​ពុទ្ធ​បរិស័ទ ​ហ៊ឹះ​ ​ៗៗ ហ៊ិះ​ៗៗ លោក​អើយ​ជួយ​ ហ៊ឹះ ៗៗ ហ៊ិះៗ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ អើយ  ហ៊ឹះ​ ៗ ៗ (លាយឡំ នឹង​សំឡេង​ ពួក​នគរ​បាល​​យួន ​ស្រែក​គំរាម​ហាម​មិន​ឲ្យ​ថត​រូប​ ថត​ វីដេ​អូ​ ​ជា​​ភាសា​យួន​​កង​​រំពង​​) បង​​ប្អូន​​ មើល​​រដ្ឋ​​​ មើល​​រដ្ឋ​​នោះ​​ ហ្ន៎​​ ! គេ​​នាំ​​គ្នា​​វាយ​​ព្រះ​​សង្ឃ​​ បង​ ប្អូន​ខ្មែរ​​យើង​ ហ៊ិះ​​ៗ  ហ៊ិះ​ៗៗ ខ្មែរ​យើង​ ហ៊ឺ ៗៗ​ »

ឥឡូវ​នេះ​សូម​នាំ​គ្នា​បែរ​​ទៅ​មើល​លោក​ស្រី​​ ថាច់​ ធី​ សា​បិត​ អ្នក​អ្នក​បរិច្ចាគ​​ដី​ កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​ម្ដង​​វិញ​ បើ​ទោះ​បី​ជា​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ខ្មែរ​​​ ដេញ​​កម្លាំង​​សមត្ថកិច្ច​​ ចេញ​​ឲ្យ​​ផុត​​ពី​​គល់​​គគីរ​​អស់​​ហើយ​ក្ដី ​លោក​ស្រី​ក៏​នៅ​តែ​អង្គុយ​ឱប​ដើម​គគីរ​​ដោយ​មិន​​របេះ​​ ។ ទោះ​ជា​ពួក​សមត្ថកិច្ច​លួង​លោម​អង្វរ​ករ​​​​យ៉ាង​ណា​ក្ដី​ ក៏​លោក​ស្រី​មិនព្រម​​ចាក​ចេញ​ពី​គល់​គគីរ​ដែរ​  មិន​តែ​ប៉ុណ្ណោះ​​ លោក​ស្រី​ពោល​ដាក់​សមត្ថកិច្ច​ជា​ភាសា​វៀតណាម​ថា​៖ «អាញ់​​​ធ្វើ​​កុម្មុយ​និស្តុ​ អាញ់​ដឹង​ល្បិច​​ច្បាស់​ណាស់ តែ​អាញ់​ក្រោក​ពី​គល់​គគីរ​ ពួក​ឯង​ហ្នឹង​បាន​ឱកាស អារ​ដើម​គគីរ​ហើយ​»លោក​ស្រី ថាច់​​ធី​​សា​បិត​ដែល​ជា​គ្រួសារ​មាន​គុណ​បំណាច​​នឹង​បដិ​វដ្ដ​ន៍​​​​ (បក្ស រដ្ឋ) វៀតណាម​ និង​ជា​យុទ្ធ​ជន​ ជា​មាតា​យុទ្ធ​ជន​ ជា​ប្រពន្ធ​យុទ្ធ​ជន​នេះ​ ចោទ​ប្រកាន់​ថា​​៖ «រដ្ឋ​អំណាច​ជិះ​ជាន់​រាស្ត្រ​ ខ្ញុំ​ដឹង​ ខ្ញុំ​មិន​ល្ងង់​ទេ ខ្ញុំ​សុខ​​ចិត្ត​ងាប់​នៅ​នឹង​គល់​គគីរ​នេះ​ ខ្ញុំ​មិន​​ចាក​​ចេញ​​ពី​គល់​គគីរ​ពេលនេះ​ឡើយ ​បើ​សមត្ថកិច្ច​នៅ​តែ​ប៉ុន​ប៉ង​អារ​រំលំ​គគីរ​នេះ​ ព្រោះ​ថា​ធាតុ ​ឪពុក​ ម្ដាយ​ ជីដូន ជីតា​ខ្ញុំ​ និង​ធាតុ​ជីដូន​ជីតា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​​កប់​នៅ​ក្រោម​គល់​គគីរ​នេះ​ច្រើន​ណាស់​»

ក្នុង​ព្រឹត្តិការណ៍​រារាំង​​មិន​ឲ្យ​សមត្ថកិច្ច​អារ​រំលំ​ដើម​គគីរ​នេះ​ យ៉ាង​តិច​ណាស់​ក៏​មាន​​ព្រះ​សង្ឃ​ពីរ​​ព្រះ​អង្គ​​​​និង​​ពុទ្ធបរិស័ទ​ខ្មែរ​ពីរ​រូប​ផង​ដែរ​ ​ដែល​ត្រូវ​រង​របួស​ស្នាម​ព្រោះ​ការ​វាយ​ដំ​ច្រំ​ធាក់​​​ពី​សំណាក់​​សមត្ថកិច្ច​​​​វៀតណាម ​។

រឿង​ហេតុ​ ដែល​អាជ្ញាធរ​វៀតណាម​ប៉ុនប៉ង​អារ​រំលំ​ដើម​គគីរ​ពេល​នេះ​ គឺ​​ជា​លើក​ទី ២​ ហើយ ៗ​ ដែល​លើក​​នេះ​ ប្រព្រឹត្តិ​ការ​​ឡើង​​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ​គឺ​​ថ្ងៃ​ទី​ ២២ និង​​ថ្ងៃ​ទី​ ២៣ មីនា​នេះ​ឯង  ។ ចំណែក​ឯ​លើក​ទី១ កើត​ឡើង​តាំង​ពី​​ថ្ងៃ​​ទី​ ៧ តុលា ឆ្នាំ ២០២១ ម្ល៉េះ​​ ដែល​ពេលនោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយ​​ចំនួន​​ទៀត​ នាំ​​​គ្នា​​​ចូល​​​គល់​​​ព្រះ​ចៅ​​អធិការ​​វត្ត​​ វត្ត​​​មង្គល​​​បុរី​​ទ្រនំ​​​សេក​​​ និង​​​ជួប​​​គណ​កម្មការ​​​វត្ត​​​​ សួ​រ​នាំ​​អំពី​​រឿង​​អាជ្ញាធរ​​ និង​​​​​គណ​កម្មការ​​​វត្ត​​​មួយ​ចំនួន​ចង់​​​អា​រ​រំលំ​​​ដើម​​​គគីរ​​​ជា​​បេ​តិ​ក​ភណ្ឌ​ជាតិ​​ ដែល​មាន​អាយុកាល​ជាង​ ៧០០ ឆ្នាំ​​នោះ ​អ្នក​​សួរ​​នាំ​​បាន​​ដាក់​​ចេញ​​នូវ​​គោលការណ៍​​សំខាន់​ ៗ ចំនួន ៣ ​គឺ ករណី ។ ករណី​​​ទី​មួយ​​គឺ​​សុំ​​ឲ្យ​​មាន​​ការ​​​ព្រមព្រៀង​​​​​​ពី​​ពុទ្ធ​បរិស័ទ​​ចំណុះ​​ជើង​​វត្ត​​ជា​​មុន​​សិន​ មុន​នឹង​រំលំ​ដើម​គគីរ​​ ។ ទីពីរ​អ្នក​ទទួល​បន្ទុក​អា​រ​ដើម​​គគីរ​​នេះ ​ត្រូវ​ទទួល​​ខុស​​​ទាំង​​ស្រុង​​ បើ​​មាន​​ហានិភ័យ​​អ្វី​​មួយ​កើត​​ឡើង​​ ក្នុង​​ពេល​​កំពុង​​អារ​​ក្ដី​​ និង​ក្រោយ​​ពេល​​អារ​​​​។​ រីឯ​​ខ​ទី ​៣ ​ក្រោយ​​ពេល​​រំលំ​​ហើយ​ បើ​ចង់​យក​ទៅ​កសាង​សមិទ្ធផល​​អ្វី​មួយ ឬ​​ក៏​​ត្រូវ​​យក​​ទៅ​​ធ្វើ​​អ្វី​​ នៅ​ទីណា​សូម​រាយការណ៍​ ឲ្យ​បាន​ច្បាស់​លាស់​ ទើប​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ព្រមព្រៀង​ឲ្យ​រំលំ​ដើម​គគីរ​នេះ ។

រីឯ​លើក​នេះ​ ក៏​ដូច្នេះ​ដែរ​ ព្រះភិក្ខុ​ ថាច់​ ច័ន្ទ​តា​រា​ ជា​ព្រះ​ឧទ្ទេសាចារ្យ​ នៃ​វត្ត​មង្គល​បុរី​ទ្រនំ​សេក​ ដំណាង​ឲ្យ​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ​​​អ្នក​ការ​ពារ​ដើម​គគីរ​ជាតិ​ដដែល អះ​អាង​តាម​ការ​ផ្សាយ​ផ្ទាល់​​​ក្នុង​​ព្រឹត្តិការណ៍​ថ្ងៃ​ពុធ​ទី​ ២៣ ​មិនា ថា ​​​ព្រះ​អង្គ និង​ពុទ្ធ​បរិស័ទ​ដទៃ​ទៀត​ ​​​មិន​​​រា​រាំង​​​​​ការ​​រ​លំ​​ដើម​​​គគីរ​​​នេះ​ទេ​ ​តែ​​សូម​​ឲ្យ​​មាន​​​ផែន​ការ​​ច្បាស់​​លាស់​ជា​មុន​សិន​​មុន​នឹង​រំលំ៖ «រឿង​កាប់​ហ្នឹង​គ្មាន​នរណា​ប្រឆាំង​ទេ​កាប់​ហ្នឹង​ តែ​យើង​ត្រូវ​ជួប​ជុំ​គ្នា​សិន​តើ​ការ​កាប់​ហ្នឹង​មាន​នរ​ណា​ទទួល​ខុស​ត្រូវ​ ហើយ​​បន្ទាប់​ពី​កាប់​ហើយ​តើ​យក​ទៅ​ធ្វើ​អ្វី​ខ្លះ​ ។  ចំណែក ពេល​កាប់​ហើយ​មាន​គ្រោះ​ថ្នាក់ ដូច​ជា​ងាប់​មនុស្ស​ជា​ដើម​​តើ​នរណា​ទទួល​ខុស​ត្រូវ​ ព្រោះ​​តាំង​​ពី​សម័យ​​ដើម​​មក​​ធ្លាប់​ល្បី​ហើយ​​តើ​ថា ​ដើម​​គគីរ​​​នេះ​ បាន​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​អ្នក​អារ​​​ ហើយ​បើ​អ្នក​អារ​ត្រូវ​គ្រោះ​ថ្នាក់​នរណា​អ្នក​ធានា​វត្ត​អ្នក​ធានា​ ឬ ក៏​រដ្ឋ​អ្នក​ធានា​ ។ គឺ​​អាត្មា​​មាន​ភ័យ​ព្រួយ​កន្លែង​នេះ​ឯង​ ហើយ​ម្យ៉ាង​វិញ​ទៀត​ពេល​នាំ​គ្នា​មក​​​អារ​ដោយ​គ្មាន​ការ​​ព្រមព្រៀង​​ដូច្នេះ​ នឹង​មាន​ពាក្យ​ចោទ​ប្រកាន់​ថា​ ​រដ្ឋ​មក​បំពាន​វត្ត​អារាម​  . ដូច្នេះ​អាត្មា​សូម​ផ្ដាំ​ផ្ញើ​ទៅ​អាជ្ញាធរ​និង​គណៈកម្មការ​ដែល​ចង់​អារ នៅ​ថ្ងៃ​ណា​មួយ​យើង​ជួប​ជុំ​គ្នា​ពិភាក្សា​​ឲ្យ​ឯក​ច្ឆ័ន្ទ​គ្នា​​​ទៅ​»

ទាក់​ទិន​ដល់​ករណី​ដែល​សមត្ថកិច្ច​ថា​​ត្រូវ​អារ​រំលំ​ ដើម​គគីរ​ ដើម្បី​សុវត្ថិ​ភាព​ដល់​ប្រជាពលរដ្ឋ​ទូ​ទៅ និង​អារ​រំលំ​​ដើម្បី​យក​ឆ្លាក់​ជា​រូប​បដិមា​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​ នោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពេញ​ទាំង​ក្នុង​និង​ក្រៅ​បណ្ដាញ​ព័ត៌មាន​សង្គម​ លើក​ឡើង​ថា  ការ​រក្សា​ដើម​គគីរ​នេះ​មាន​វិធី​​សាស្ត្រ​​​ថែ​រក្សា​​​ច្រើន​​​ណាស់​​​ មិន​មែន​ទាល់​ចាំបាច់​រំលំ​ទើប​អាច​ការ​ពារ​សុវត្ថិភាព​​និង​​ថែ​រក្សា​នោះ​បាន​ទេ ឧទាហរណ៍​ដូច​ជា​កសាង​បង់បាញ់​ ឬ​​​ ជន្ទល់​ជា​គ្រឿង​ស៊ីម៉ងត៍​ ឬ ​ជា​គ្រឿង​ដែក​ជា​ដើម​ ដើម្បី​ទល់​នូវ​ជំហរ​នៃ​​ដើម​​គគីរ​​នេះ​ ឲ្យ​​​នៅ​​ឈរ​​ដដែល ​។

ដើម​​គគីរ​​ដ៏​មាន​ចំណាស់​ ដែល​​មាន​​ទំហំ​ប្រមាណ​ជា​ ​៤​​ ឱប​​កម្ពស់​​ជាង​ ២៥ ម៉ែត្រ​ និង​​មាន​​អាយុ​កាល​ជាង​​ ៧០០​​ នេះ​ ក្នុង​ចំណោម​ដើម​គគីរ​រាប់​រយ​ដើម​ផ្សេង​ទៀត​ក្នុង​វត្ត​មង្គល​បុរី​ទ្រនំ​សេក​ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ គីម​ ឃីម​ ដែល​ធ្លាប់​បួស​រៀន​អស់​ច្រើន​ឆ្នាំ​ ក្នុង​វត្ត​មង្គល​​បុរី​ទ្រនំ​សេក​​ និង​ជា​អ្នក​តាម​ដាន​ប្រវត្តិ នៃ​ដើម​គគីរ​នេះ​ ធ្លាប់​ប្រាប់​​វិទ្យុ​​សំឡេង​​កម្ពុជា​​ក្រោម​ និង​​​សារព័ត៌មាន​​​ព្រៃ​នគរ​ថា ដើម​​គគីរ​​​អាយុ​រយ​​ឆ្នាំ​​នេះ​​ មាន​វត្ត​​មាន​នៅ​ទី​ធ្លា​វត្ត​ទ្រនំ​សេក​ មុន​ការ​កសាង​វត្ត​នេះ​ទៅ​ទៀត ។ ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ទទួល​ស្គាល់​ជា​បេ​តិ​ក​ភណ្ឌ​ជាតិ​​កាល​​ពី​ថ្ងៃ​ទី​ ២១​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​ និង​បាន​ស្លាប់​កាល​ពី​កំឡុង​ខែ​​ឧសភា​ ឆ្នាំ ​២០២១ ​នេះ​ឯង​ ៖ «ខ្ញុំ​មិន​ដឹង​ថា​មាន​អាយុកាល​ប៉ុន្មាន​នោះ​ទេ​ តែ​ឮ តា ៗ គាត់​កើត​មក​ឃើញ​ដើម​គគីរ​ហ្នឹង​មាន​ទំហំ​ប៉ុណ្ណឹង​ទៅ​ហើយ ។ ហើយ​ខាង​ក្រោយ​នេះ​ ប្រហែល​ជា​ ពីរ​ បី​ ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋ​​អំណាច​​យួន​ទទួល​ស្គាល់​ថា​ដើម​គគីរ​ហ្នឹង​មាន​អាយុ​កាល​ជាង​ ៧០០ ឆ្នាំ​ និង​​បាន​​ចាត់​​ចំណាត់​ថ្នាក់​បេ​តិ​ក​ភណ្ឌ​ជាតិ ។ ចំណែក​ប្រវត្តិ​នៃ​ដើម​គគីរ​នេះ​ តា​ ៗ ក៏​គាត់​មិន​បាន​ដឹង​ពិត​ប្រាក​ដែរ​ សូម្បី​តែ​ប្រវត្តិ​​វត្ត​ទ្រ​នំ​សេក​ គ៏​គ្មាន​ចង​ក្រង​ជា​ស្លឹក​រឹត​ ឬ ក៏​ជា​សៀវភៅ​​នោះ​ដែរ​»

 ឈ្មោះ​​គីម ឃីម​​ ដែល​ជា​សកម្មជន​​កសាង​​សាលា​​ឆ​​ទាន​​ភូមិ​​កន្រែង​ ឲ្យ​​ដឹង​ទៀត​​ថា​​  ​ដើម​គគីរ​ដ៏​មាន​ចំណាស់​នេះ​ ក្រៅ​ពី​មាន​បារមី​ពូកែ​ស័ក្ដិ​សិទ្ធិ​ហើយ​ ក៏​នៅ​អាច​បង្ក​​គ្រោះ​មហន្តរាយ​ដល់​អ្នក​ដែល​ប៉ុនប៉ង​យាយី​ ដល់​ដើម​គគីរ​នេះ​ផង​ដែរ​៖ «ដើម​គគីរ​ហ្នឹង​កាល​សម័យ​សង្គ្រាម ក្រៅ​ពី​រង​គ្រាប់​ផ្លោង​ ​សូម្បី​តែ​យន្ត​ហោះ​អាមេរិក​ព្រាច​ថ្នាំ​សម្លាប់​ ងាប់​ហើយ​រស់​ឡើង​វិញ​ ណា បន្ទាប់​មក​មាន​ករណី​រន្ទះ​បាញ់​រហែក​ដើម​មួយ​ចំហៀង​ ប៉ុន​ទូក​ត្នោត​ ទាំង​ពី​ចុង​ដល់​គល់​ នៅ​មិន​ងាប់​ទៀត​ផង​ ។ ម្យ៉ាង​ទៀត​សព្វ​ថ្ងៃ​នៅ​មាន​ស្លាក​ស្នាម​មុខ​រណា​អារ​នៅ​ពី​ចំហៀង​ខាង​ជើង​នៃ​ដើម​គគីរ​នេះ​ នៅ​ឡើយ ​ហើយ​បើ​តាម​ការ​ដំណាល​ពី​ចាស់​ ៗ ​ថា​ ស្លាក​ស្នាម​ហ្នឹង​  កាល​ពី​ព្រះ​ចៅ​អធិការ​ និង​គណ​កម្មការ​ជំនន់​មុន ហៅ​យួន​មក​អារ​លក់​ដើម្បី​កសាង​វត្ត​ដែរ​ លុះ​ពេល​កំពុង​អារ​នោះ ​ក៏​ស្រាប់​តែ​ដើម​គគីរ​ហ្នឹង​បាញ់​ឈាម​ចេញ​មក​ ធ្វើ​ឲ្យ​ពួក​យួន​អ្នក​អារ​នោះ​ ឈឺ​លោះ​ព្រលឹង​ទាល់​តែ​ស្លាប់​អស់​»

 បុរស​សកម្មជន​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​នេះ​ ឲ្យ​ដឹង​បន្ត​​ទៀត​​ថា ​​ដើម​គគីរ​ហ្នឹង ​ក្រៅ​ពី​ពូ​កែ​ស័ក្ដិ​សិទ្ធ​ចំពោះ​ការ​បួង​សួង​ បន់​ស្រន់​ ឬ ស្បថស្បែ​ ឲ្យ​ឃើញ​ទន់​ហន់​ភ្លាម​ ៗ​ នោះ​ សំបក​ មែក​ស្លឹក​ ឫស នៃ​ដើម​គគីរ​នេះ​ ក៏​នៅ​ជា​ឱសថ​បូរាណ​ដ៏​ពូកែ​ទៀត​ផង​៖​ «តាម​និយាយ​ទៅ​ខ្ញុំ​ធ្លាប់​ឃើញ​យាយ​ ៗ តា ៗ ​រៀង​រាល់​ថ្ងៃ​សីល​ តែង​អុជ​ធូប​បួង​សួង​ សុំ​សក​សំបក​យក​ទៅ​ដាំ​ទឹក​កែ​​រោគ​ផ្សេង​ ៗ​ ដូច​ជា​ចុក​ដៃ​ជើង​ កម​ រមាស់​ និង​ថ្នាំ​កូន​ខ្ចី​ជាដើម​ហ្នឹង​ណា​ ។ ជា​ពិសេស​អ្នក​មិន​ស្មោះ​ត្រង់​ ឬ​ លួច​ទ្រព្យ​សម្បត្តិ​គេ​ លុះ​ពេល​ទៅ​ស្បថ​ គេ​យក​មាន់​ធ្វើ​​ជា​​និម្មិត​រូ​ប​​​មួល​ក​មាន់ បណ្ដាល​ឲ្យ​អ្ន​មាន​គំនិត​អាក្រក់​ ងាប់​​​ តែ​ពាស តែ​ពេញ តាម​សម្បថ​ហ្នឹង​ ហើយ​ខ្ញុំ​ក៏​នៅ​ឃើញ​ទាន់​អ្នក​ស្លាប់​ដោយ​ការ​ស្បថ​នេះ​ ពីរ​ បី​នាក់​ដែរ​»

បុរស​ខ្មែរ​ក្រោម​ដែល​ធ្លាប់​បួស​ជា​ច្រើន​ឆ្នាំ​នៅ​វត្ត​មង្គល​ទ្រនំ​សេក​ និង​ជា​អ្នក​ធ្លាប់​តាម​ដាន​ប្រវត្តិ​ដើម​គគីរ​នេះ​ សំដែង​ការ​សោក​ស្ដាយ​ ដោយ​ដើម​ជាតិ​នេះ ស្លាប់​ដោយ​អាថ៌​កំបាំង​ក្រោយ​ពី​អាជ្ញាធរ​ទទួល​ស្គាល់​ជា​បេ​តិ​ក​ភណ្ឌ​ជា​តិ ៖ «ហើយ​ដល់​យួន​ទទួល​ស្គាល់​ទៅ​ គេ​ឲ្យ​ ១០​ លាន​ដុង ​ហ្នឹង​ណា ដើម្បី​បូម​ខ្សាច់​ឡើង​លប់​គល់​អស់​ រឿង​អី​មិន​​ងាប់​ តាម​ពិត​ដើម​ឈើ​ហ្នឹង​មិន​ងាប់​ទេ ប្រសិន​បើ​គ្មាន​បូម​ខ្សាច់​​លប់​​គល់​វា​ហ្នឹង​ បូម​ខ្សាច់​លប់​ហើយ​ចាក់​បេតុង​ជិត​អស់​ទៀត​រឿង​អី​មិន​ងាប់​»

ពលរដ្ឋ​និង​យុវជន​ខ្មែរ​ក្រោម​លើក​ឡើង​ថា​ដើម​គគីរ​ដែល​ជា​បេតិ​ក​ភណ្ឌ​ជាតិ​នេះ​ មិន​មែន​ជា​របស់​វត្ត​មង្គល​បុរី​ទ្រនំ​សេក​តែ​ឯង​នោះ​ទេ​ ដើម​គគីរ​នេះ​​ជា​សម្បត្តិ​រួម​របស់​ខ្មែរ​។ហេតុ​នេះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​កាតព្វកិច្ច​ការ​ពារ​នូវ​ដើម​គគីរ​នេះ​ គ្រប់ ៗ គ្នា ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម​ត្រង់​មាត្រា​​ ៤១​ ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​យក​នូវ​វប្បធម៌​ អនុវត្ត​នូវ​វប្បធម៌​របស់​ខ្លួន​ និង​លើក​តម្កើង ធ្វើ​ឲ្យ​រីក​ចម្រើន​​នូវ​វប្បធម៌​របស់​ខ្លួន​ ។

រីឯ​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ច្បាប់​ជន​ជា​ដើម​ត្រង់​មាត្រា​ទី​ ១១​ កថា​ខណ្ឌ​ទី ១ ចែង​ថា ​ជន​ជាតិ​ដើម​ មាន​សិទ្ធិ​ប្រតិបត្តិ​ និង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​ នូវ​ប្រពៃណី ​ទំនៀម​ទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន​។ សិទ្ធិ​នេះ​ រួម​មាន​ទាំង​សិទ្ធិ​ក្នុង​ការ​ថែ​រក្សា​ ការ​ពារ​ និង​អភិវឌ្ឍន៍​អ្វី​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ ​វប្បធម៌​របស់​ខ្លួន​ ដែល​មាន​ ពី​អតីត​កាល​ បច្ចុប្បន្ន​ និង​អនាគត​ ដូច​ជា​តំបន់​បុរាណ​វិទ្យា​ និង​ស្ថានីយ​ប្រវត្តិសាស្ត្រ​​ បុរាណវត្ថុ​ រចនាបថ​ ពិធី​បុណ្យ​ បច្ចេកវិទ្យា​ និង​សិល្បៈ​ ទស្សនីយភាព​ និង​ការ​សំដែង​សិល្បៈ​ និង​អក្សរសាស្ត្រ​ ។

រីឯ​កថា​ខណ្ឌ​ទី ​២ ចែងថា រដ្ឋ​ទាំង​ឡាយ​​ត្រូវ​​ផ្ដល់​​​ឲ្យ​​មាន​ដំណោះ​ស្រាយ​តាម​រយៈ​យន្តការ​ មាន​ប្រ- សិទ្ធិ​ភាព​​ ដែល​រួម​ទាំង​បដិទាន​ ដោយ​បាន​រៀប​ចំ​បង្កើត​ឡើង​ជា​មួយ​ជន​ជាតិ​ដើម​ ចំពោះ​កម្មសិទ្ធិ​វប្បធម៌​ កម្ម​សិទ្ធិ​បញ្ញា​ កម្ម​សិទ្ធិ​សាសនា​ កម្មសិទ្ធិ​ជំនឿ​របស់​ពួក​គេ ដែល​ត្រូវ​ដក​ហូត​ដោយ​គ្មាន​ការ​យល់​ព្រម​ដោយ​សេរី​ និង​ដោយ​មិន​បាន​ប្រាប់​ ឲ្យ​ដឹង​ជា​មុន​ ឬ​ដែល​រំលោភ​លើ​ច្បាប់​ ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ពួក​គេ​៕

Leave A Reply

Your email address will not be published.