អាជ្ញាធរ​វៀតណាម ព្រមាន​យុវជន​ខ្មែរក្រោម​ម្នាក់ ឲ្យ​ដក​រូបសញ្ញា​កាន់ទុក្ខ​មាន​ទង់ជាតិ​កម្ពុជាក្រោម នៅ​លើ​ប្រូ​ហ្វា​ល (Profile​) ហ្វេសប៊ុក​របស់​ខ្លួន

0 983

ដោយ ស៊ឺន ចែងចើន

ស្រប​ពេល ពលរដ្ឋខ្មែរ​ក្រោម នៅ​ជុំវិញ​ពិភពលោក ប្រារព្ធ​ខួប ៧១ ឆ្នាំ ជា​ថ្ងៃ​ដែល​អាណានិគម​និយម​បារាំង បាន​កាត់ទឹក​ដី​កម្ពុជាក្រោម ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​បន្ត ដើម្បី​បង្ហាញ​ពី​ការឈឺចាប់ និង​ចងចាំ​ថ្ងៃជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ។ ពលរដ្ឋខ្មែរ​ក្រោម នៅ​ដែនដី​កម្ពុជាក្រោម ដែល​មិន​មាន​សិទ្ធិ​ប្រារព្ធ​ខួប ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ខ្លួន​នោះ បាន​នាំគ្នា​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ប្ដូរ​រូប​លើ​ប្រូ​ហ្វា​ល (Profile​) របស់​ខ្លួន នូវ​រូបសញ្ញា​កាន់ទុក្ខ​ជា​រូប​ទង់ជាតិ​កម្ពុជាក្រោម ដោយ​សរសេរជា​សារ​ថា «ទិវា​កាន់ទុក្ខ​ជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួន​ត្រួតត្រា​កម្ពុជាក្រោម» ។ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ព្រមាន​ឲ្យ​លុបចេញ ដោយ​ចោទ​ពួក​គេ​ថា ធ្វើសកម្មភាព​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម ។

យុវជន​ខ្មែរក្រោម ថាច់ ថុង ដែលអាជ្ញាធរវៀតណាម ព្រមានឲ្យ​ដក​រូបសញ្ញា​កាន់ទុក្ខ​មាន​ទង់ជាតិ​កម្ពុជាក្រោម នៅ​លើ​ប្រូ​ហ្វា​ល (Profile​) ហ្វេសប៊ុក​របស់​ខ្លួន ។ រូបៈ ផ្តល់ឲ្យ
យុវជន​ខ្មែរក្រោម ថាច់ ថុង ដែលអាជ្ញាធរវៀតណាម ព្រមានឲ្យ​ដក​រូបសញ្ញា​កាន់ទុក្ខ​មាន​ទង់ជាតិ​កម្ពុជាក្រោម នៅ​លើ​ប្រូ​ហ្វា​ល (Profile​) ហ្វេសប៊ុក​របស់​ខ្លួន ។ រូបៈ ផ្តល់ឲ្យ

យុវជន​ខ្មែរក្រោម​ម្នាក់ ឈ្មោះ ថាច់ ថុង នៅ​ភូមិ​កញ្ចោង​កំពង់លាវ ស្រុក​កញ្ចោង ខេត្ត​ព្រះត្រពាំង (Phú Cần​, Tiểu Cần​, Trà Vinh​) ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម ដឹង​ថា កាលពី​ថ្ងៃទី ៤ មិថុនា គ្រួសារ​លោក បាន​ទូរស័ព្ទ​មក​ប្រាប់​លោក ខណៈ​លោក​កំពុង​បំពេញការងារ នៅ​ខេត្ត​ដូន​ណៃ (Đồng Nai​) ឬខ្មែរក្រោម ហៅថា ខេត្ត​វាល​ប្រើស ថា អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​គំរាម​គ្រួសារ​របស់​លោក ដោយបង្ខំ​ឲ្យ​ទាក់ទង​ទៅ​លោក ដើម្បី​លុប​រូបសញ្ញា​កាន់ទុក្ខ ដែល​មាន​រូប​ទង់ជាតិ​កម្ពុជាក្រោម ចេញពី​ប្រូ​ហ្វា​ល (Profile​) ហ្វេសប៊ុក​របស់​ខ្លួន​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ពួក​គេ នឹង​ស្នើ​ទៅ​ក្រុម​នគរបាល នៅ​ខេត្ត​ដូន​ណៃ ទៅ​ចាប់ខ្លួន​លោក ដល់ទី​កន្លែង ដែល​លោក​កំពុងធ្វើការ​ជា​ពុំខាន​ឡើយ ។

យុវជន​រូប​នេះ កត់សម្គាល់​ថា នា​ពេល​កន្លងមក​អាជ្ញាធរ​វៀតណាម តែង​តាមដាន​គ្រប់​សកម្មភាព​របស់​លោក ព្រោះ​ជា​ញឹកញាប់​លោក​តែងតែ​បញ្ចេញមតិ នៅ​លើ​បណ្ដាញ​សង្គម និង​ចែករំលែក​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ដោយ​បាន​ចែករំលែក​ព័ត៌មាន​បន្ត អំពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន​ព្រៃនគរ វិទ្យុ​សំឡេង​កម្ពុជាក្រោម និង​វិទ្យុ​បរទេស​មាន វិទ្យុ​អាស៊ី​សេរី (RFA​) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA​) ជាដើម ។ ហើយ​នៅ​ពេល​ថ្មី​ៗ លោក​បាន​ចែករំលែក​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook​) ក្នុង​ពិធី​រំឭក​ខួប ៧១ ឆ្នាំ នៃ​ទិវា ៤ មិថុនា កម្ពុជាក្រោម ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម ដែ​លប្រារ​ព្វ​ឡើង ដោយ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម នៅ​រាជធានី​ភ្នំពេញ ។

យុវជន ថាច់ ថុង មានការ​បារម្ភ​ថា នគរបាល​មូលដ្ឋាន នៅ​ស្រុកកំណើត​របស់​លោក កំពុង​ប្រមូល​ឯកសារ និង​ភស្តុតាង ដើម្បី​កសាង​សំណុំរឿង​ចាប់ខ្លួន​លោក ដោយ​ពួក​គេ​ចាត់ទុកថា សកម្មភាព​របស់​លោក ជា​ទង្វើ​ខុសច្បាប់​របស់​ប្រទេស​វៀតណាម ។

ករណី​គំរាម យុវជន ថាច់ ថុង មិនមែន​ជា​ករណី​លើកទីមួយ​នោះ​ទេ ។ នៅពេល​ថ្មីនេះ អាជ្ញាធរ​វៀតណាម ធ្លាប់​បង្ខំឲ្យ​យុវជន​ខ្មែរក្រោម ជាច្រើន​រូប ចុះហត្ថលេខា ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ពលរដ្ឋខ្មែរ​ក្រោម នៅ​ដែនដី​កម្ពុជាក្រោម មិន​មាន​សិទ្ធិ​ប្រារព្ធ​ខួប ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត​ររបស់​ខ្លួន ដែល​អាណានិគម​និយម​បារាំង បាន​កាត់​ដែនដី​កម្ពុជាក្រោម និង​វាសនា​របស់​ខ្លួន ផ្ទេរ​ឲ្យ​ទៅ​នៅ​ក្រោម​នឹម​អាណានិគម​ថ្មី​របស់​វៀតណាម​នោះ​ឡើយ ។ ទិវា​នេះ ប្រារព្ធ​បានតែ​ពលរដ្ឋខ្មែរ​ក្រោម នៅ​ក្រៅប្រទេស​តែ​ប៉​ណ្ណោះ ៕

Leave A Reply

Your email address will not be published.