តុលាការវៀតណាម នៃខេត្តក្រមួនស បន្តរក្សាបទចោទលើកសិករខ្មែរក្រោមដដែល តែសម្រេចបន្ធូរបន្ថយទោសចាប់ពី ៣ ខែដល់ ៦ ខែ
ដោយ ស៊ឺន ចែងចើន
តុលាការថ្នាក់ខេត្ត ឬសាលាដំបូងនៃខេត្តក្រមួនស ដែលវៀតណាម ដាក់ឈ្មោះថ្មី ថា ខេត្ត គៀន យ៉ាង សម្រេចតម្កល់សាលដីកាផ្ដន្ទាទោសរបស់តុលាការថ្នាក់ស្រុក លើកសិករខ្មែរក្រោម ៣ រូប ទុកជាបានការដដែល នៅថ្ងៃទី ៦ ខែឧសភា នេះ បន្ទាប់ពីការបើកសវនាការពេញមួយថ្ងៃ ។ ជនរងគ្រោះជាកសិករខ្មែរក្រោម យល់ថាសេចក្ដីសម្រេចរបស់តុលាការថ្នាក់ខេត្តមួយនេះ មិនអាចទទួលយកបានឡើយ ហើយថា វាជារឿងអយុត្តិធម៌បំផុត និងគ្រោងដាក់បណ្តឹងឧបាស្រ័យ (ប្តឹងទាស់) ទៅតុលាការជាន់ខ្ពស់ នៅទីក្រុងព្រៃនគរ ។

ភ្លាមៗ ក្រោយពីចេញពីសវនាការ លោក ហ្វិន វ៉ាំងឌែប ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម នឹងសារព័ត៌ព្រៃនគរ ដឹងថា តុលាការខេត្ត គៀន យ៉ាង បានសំអាងហេតុផលត្រឹមត្រូវតាមផ្លូវច្បាប់ ដូចអ្វីដែលតុលាការស្រុក យ៉ាង ថាញ់ (Giang Thành) បានសម្រេចកន្លងមក ដោយរក្សាបទចោទដដែល ។
ទោះជាយ៉ាងនេះក្តី ការប្រកាសសាលដីការបស់តុលាការខេត្ត គៀន យ៉ាង នៅថ្ងៃនេះ ក៏បានសម្រាលបន្ធូរបន្ថយទោសខ្លះដល់កសិករខ្មែរក្រោម ទាំង ៣ រូបនោះដែរ ។ ដោយកន្លងមក លោក ហ្វិន វ៉ាំងឌែប ដែលត្រូវតុលាការស្រុក យ៉ាង ថាញ់ សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ពេលនេះ នៅសល់កម្រិតទោសត្រឹមតែ ២ ឆ្នាំ លោក តៀន ដាម ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ មកនៅត្រឹម ២ ឆ្នាំ និងលោក តៀន ណាម ផ្ដន្ទាទោស ១ ឆ្នាំ មកនៅត្រឹម ៩ ខែវិញ ។
ក្រោយការប្រកាសសាលក្រមនេះ កសិរកខ្មែរក្រោម ទាំង ៣ រូបនេះ មិនទាន់ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ នៅឡើយទេ ។ តុលាការ អនុញ្ញាតឲ្យពួកគេទាំង ៣ រូប នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីប្ដឹងទាស់នឹងសាលក្រមទៅតុលាការជាន់ខ្ពស់វៀតណាម ។
ចំណែក កសិករខ្មែរក្រោមម្នាក់ទៀត គឺលោក តៀន ដាម មិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការនេះទេ ហើយលោកគ្រោងស្នើទៅមេធាវីរបស់ពួកលោក ប្ដឹងទាស់សាលដីកាផ្ដន្ទាទោសពួកលោកទៅតុលាការកំពូលបន្តទៀត នៅសប្ដាហ៍ក្រោយ ពីសេចក្ដីសម្រេចរបស់តុលាការថ្នាក់ខេត្ត នៅថ្ងៃនេះ ។
អំឡុងសវនាការកាតត់ក្តីកសិករខ្មែរក្រោម នេះដែរ សាច់ញាតិជនរងគ្រោះនៃការបង្ខំបណ្ដេញពីដីស្រែចម្ការ និងពលរដ្ឋជាច្រើននាក់ រួមទាំងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម មកពីខេត្តព្រះត្រពាំង ផង បាននាំគ្នាទៅតាមដានដំណើរការក្តីនៅខាងក្រៅបរិវេណតុលាការ ប៉ុន្តែ ត្រូវបានរំខាន និងរារាំង ពីសំណាក់នគរបាល ដែលយាមកាមយ៉ាងតឹងរ៉ឹង នៅក្នុងតុលាការ ។ ទន្ទឹមនឹងនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាច្រើននាក់ ត្រូវបានត្រូវនគរបាលនាំខ្លួនទៅធ្វើចត្តាឡីស័ក នៅពេលពួកគេទៅចូលរួមតាមដានសវនាការនេះ ដោយអាជ្ញាធរវៀតណាមយកលេសថា ពួកគេទាំងនោះ មិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងវិធានការរបស់ក្រសួងសុខាភិបាល ។

ព្រះសង្ឃខ្មែរក្រោម និមន្តមកពីខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ គិម សំរិន្ទ ឲ្យដឹងថា ព្រះអង្គត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិល មិនតិចជាង ១០ នាក់ បានមកចាប់ទាញស្បង់ចីពរ រួចរុញបញ្ចូលឡានបញ្ជូនចេញពីកន្លែងមុខតុលាការ ទៅកាន់មណ្ឌលចត្តាឡីស័ក ដើម្បីវាស់កំដៅ ដែលសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ។ ព្រះអង្គបន្តថា សមត្ថកិច្ចវៀតណាម បានឲ្យក្រុមគ្រូពេទ្យត្រួតពិនិត្យ និងវាស់កំដៅព្រះអង្គចំនួន ៣ លើក ប៉ុន្តែ រកករណីសង្ស័យជំងឺកូវីដ-១៩ មិនឃើញមានសញ្ញាអ្វីទាំងអស់ ក៏ពួកគេបាននាំខ្លួនព្រះអង្គទៅកាន់បន្ទប់មួយផ្សេងទៀត សួរចម្លើយអស់ច្រើនម៉ោង ។ ក្នុងពេលជាមួយគ្នា នគរបាលវៀតណាម ក៏បានដកហូតទូរសព្ទ រួចលុបរូបភាព និងវីដេអូ ចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ព្រះអង្គ ដែលបានផ្សាយផ្ទាល់ ពីខាងក្រៅបរិវេណតុលាការ ដែលកាត់ក្តីកសិករខ្មែរក្រោម ។ ក្រោយមកអាជ្ញាធរបានដោះលែងព្រះអង្គ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចំនួន ៣ រូបផ្សេង នៅវេលាម៉ោងជិត២ ថ្ងៃត្រង់ ។
ពាក់ព័ន្ធនឹងសំណុំរឿងដីធ្លីនេះដែរ លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាមេធាវីផងនោះ ដែលបានតាមដានសំណុំរឿងនេះ តាំងពីដើមមក លើកឡើងថា ការចោទប្រកាន់នេះ គឺធ្ងន់ធ្ងរពេក ហើយលោកបានសុំឲ្យតុលាការទម្លាក់ចោលវិញ ។ លោកយល់ថា វាជារឿងអយុត្តិធម៌ សម្រាប់កសិករខ្មែរក្រោម ព្រោះថា ពួកគេមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះឡើយ ។ ការមើលឃើញបែបនេះ គឺដោយសារលោកសង្កេតឃើញ និងផ្អែកទៅលើរូបភាពជាវីដេអូនៃការផ្ទុះជាអំពើហិង្សា ដែលកើតឡើងជាក់ស្ដែង នៅពេលនោះ គឺភាគីខាងអាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ បានប្រើកម្លាំងហួសប្រមាណទៅលើកសិករខ្មែរក្រោម ដែលមានចំនួនតិចជាងកងកម្លាំងរបស់អាជ្ញាធរវៀតណាម ក្នុងពេលតវ៉ារឿងតវ៉ាដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ។
លោកមេធាវី សឺន ជុំជួន លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរក្រោម ប្តឹងតវ៉ាតាមផ្លូវច្បាប់ ប្រសិនបើពួកគាត់រងទុក្ខ ពីការកាត់ក្ដីដោយភាពអយុត្តិធម៌របស់តុលាការថ្នាក់ក្រោមនោះ ។
គួររំឭកថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ ប្រមាណជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ ហិកតា ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារកំពុងប្រើប្រាស់ដីកេរមត៌ក ដែលដូនតារបស់ពួកគេបន្សល់ទុកមក ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោម ឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ៕