វត្តមង្គលបូរីទ្រនំសេកអាជ្ញាធរ​វៀតណាម ​ព្យាយាម​វាយកម្ទេច​សាលាឆទាន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​លង់​ហោរ កម្ពុជាក្រោម

0 310

ដោយ មាន ឫទ្ធិ | RFA Khmer

អាជ្ញាធរ​វៀតណាម ​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាង​មួយ​រយ​នាក់ ទៅ​លោមព័ទ្ធ​វត្ត​មង្គលបូរី​ទ្រនំ​សេក ខេត្ត​លង់​ហោរ ដែល​វៀតណាម​ហៅថា​ ខេត្ត​វិញឡុង (Vinh Long) ក្នុង​បំណង​ចាប់​ព្រះសង្ឃ ដែល​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម ​វាយកម្ទេច​សាលាឆទាន​ថ្មី ។ សាលាឆទាន​នេះ វៀតណាម​ចេញ​លិខិត​វាយកម្ទេច​បី​លើក​មក​ហើយ ប៉ុន្តែ​ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ចេញ​មក​រារាំង​មិន​ឲ្យ​វាយកម្ទេច ។

កងកម្លាំង​ប្រដាប់​អាវុធ​វៀតណាម​ ជាង​មួយ​រយ​នាក់ កាលពីព្រលប់ថ្ងៃទី ២៣ ខែធ្នូ បាន​លោមព័ទ្ធ​វត្ត​មង្គលបូរី​ទ្រនំ​សេក ស្រុក​ប្រាសាទ​ថ្មី ខេត្ត​លង់ហោរ ដើម្បី​ចាប់​ព្រះសង្ឃ​ដែល​តែងតែ​ប្រឆាំង​មិន​ឲ្យ​វៀតណាម​ បំផ្លាញ​សាលាឆទាន ដែល​ទើបនឹង​កសាង​ថ្មី សម្រាប់​កូនចៅ​ខ្មែរ​ក្រោម​រៀន​អក្សរខ្មែរ និង​ពលរដ្ឋ​ប្រតិបត្តិ​ជំនឿ​សាសនា ។

ក្រុមនគរបាលយួន ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក ។ រូបៈ Screenshot
ក្រុមនគរបាលយួន ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក ។ រូបៈ Screenshot

ព្រះសង្ឃ​គង់​វត្ត​មង្គលបូរី​ទ្រនំ​សេក ជា​សមាជិក​ផ្ដួចផ្ដើម​កសាង​សាលាឆទាន ព្រះភិក្ខុ ផេន ចន្ទតារា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅយប់ថ្ងៃទី ២៤ ខែធ្នូ ថា នគរបាល​វៀតណាម​ មិន​ពេញចិត្ត​នឹង​ព្រះអង្គ​ ដែល​តែងតែ​ដឹកនាំ​បរិស័ទ​កសាង​សាលាឆទាន និង​ដឹកនាំ​ខ្មែរ​ក្រោម​ រារាំង​មិន​ឲ្យ​ពួកគេ​រំលាយ​សាលាឆទាន ដែល​ទើប​នឹង​សាង​ថ្មី​នោះ ។ ព្រះអង្គ​មាន​ថេរ​ដីកា​ទៀត​ថា អាជ្ញាធរ​វៀតណាម​ ចង់​ចូល​ចាប់​ព្រះអង្គ​ក្នុង​វត្ត តែ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ ៤០ អង្គ និង​នាក់ ប្ដេជ្ញា​តស៊ូ​ការពារ​ព្រះអង្គ ទើប​ពួកគេ​ដក​ថយ៖ «កាល​ពីថ្ងៃម្សិល​តតាំង​គ្នាវា (វៀតណាម) គ្រាន់តែ​រដ្ឋ​អំណាច​យួន​ប្រើ​ពាក្យ​ប្រមាថ​ ចំពោះ​ព្រះសង្ឃ​នឹង​ណា ហើយ​ព្រះសង្ឃ​ការពារ​មិន​ឲ្យ​ចូល​ក្នុង​វត្ត ។ កាលណា​បើ​ឲ្យ​ចូល​ក្នុង​វត្ត គឺ​យើង​មិន​អាច​នឹង​ទប់ទល់​កម្លាំង​យក្ស​វា (យួន)​ បាន​ទេ ព្រោះ​យើង​បាន​តែ​ប៉ុន្មាន​គ្រាប់ (នាក់) ណា ហើយ​គ្នា​វា​រាប់​រយ​មក​ហ្នុង យើង​មិន​អាច​ទប់ទល់​បាន​ទេ ។ អំពើ​ហិង្សា​គ្រាន់តែ​ប្រើ​ត្រឹម​ពាក្យ​សម្ដី​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​នៅ​ខាង​ក្រៅ​ទៅ​ណា យើង​នៅ​ខាងក្នុង​ណា វា​ចង់​ចូល​យើង​មិន​ឲ្យ​វា​ចូល យើង​នៅ​យាម​របង​ជុំវិញ​អស់​ទាំង​វត្ត ហើយ​និង​បរិស័ទ​ភូមិ​កន្រែង ជាពិសេស​បរិស័ទ​សាលា​ទាន​ភូមិ​កន្រែង​ទៅ​ចូល​រួម​ណា» ។​

ក្នុង​ពេល​អាជ្ញាធរ​វៀតណាម​ ប្រដាប់​ដោយ​អាវុធ​ជាង​មួយ​រយ​នាក់ ព័ទ្ធ​ជុំវិញ​វត្ត បំណង​ទម្លុះ​របង​ចូល​ចាប់​ព្រះភិក្ខុ ផេន ចន្ធតារា ព្រះសង្ឃ​ក្នុង​វត្ត​ទូង​ស្គរ វាយ​រគាំង សូត្រ​ធម៌ ដើម្បី​ផ្ដល់​ដំណឹង​ដល់​បរិស័ទ ដែល​នៅ​ឆ្ងាយ​ពី​វត្ត​ប្រមាណ ១២ គីឡូម៉ែត្រ ពិសេស​បរិស័ទ​នៅ​ជុំវិញ​សាលាឆទាន​ថ្មី ភូមិ​កន្រែង ឃុំ​កំពង់ ស្រុក​ប្រាសាទ​ថ្មី ឲ្យ​មក​ជួយ​ការពារ​ព្រះសង្ឃ និង​វត្តអារាម ។ ពេល​ពលរដ្ឋ​ខ្មែរ​ក្រោម​មក​ច្រើន ហើយ​ពុះពារ​ការពារ​ព្រះសង្ឃ ពួក​អាជ្ញាធរ​វៀតណាម​ក៏​បាន​ដក​កងកម្លាំង​ត្រឡប់​ទៅ​វិញ ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ជា​គណៈកម្មការ​កសាង​សាលាឆទាន ក្នុង​ស្រុក​ប្រាសាទ​ថ្មី ខេត្ត​លង់​ហោរ លោក គឹម ឃីម ប្រាប់​ថា វៀតណាម​បាន​ចេញ​លិខិត​អញ្ជើញ​លោក និង​ខ្មែរ​ក្រោម​ពីរ​នាក់​ទៀត និង​ព្រះសង្ឃ ទៅ​ចរចា​នៅ​សាលា​ឃុំ​ជុំវិញ​រឿង​សាលា​ឆទាន កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ តែ​លោក និង​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​មិន​ព្រម​ទៅ លុះ​ព្រលប់​វៀតណាម​ បាន​នាំ​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ចាប់​ព្រះសង្ឃ​ក្នុង​វត្ត​មង្គលបូរី​ទ្រនំ​សេក ។ លោក​បន្ត​ថា លោក​ឮ​ដំណឹង​ថា​វៀតណាម​មក​ប៉ុនប៉ង​ចាប់​ព្រះសង្ឃ លោក​ក៏​បបួល​អ្នកភូមិ​មក​ជួយ​ព្រះសង្ឃ ។ លោក​ស្នើ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​ពិភពលោក ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម កុំ​ឲ្យ​វៀតណាម​រំលោភ​ជំនឿ​សាសនា និង​វាយកម្ទេច​សាលាឆទាន​របស់​ខ្មែរ​ក្រោម៖ «សំណូមពរ​ដល់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ណា ដែល​វៀតណាម ដែល​ជា​សមាជិក​សិទ្ធិមនុស្ស​អន្តរជាតិ​ គឺ​ថា សុំ​អង្គការសហប្រជាជាតិ ដាក់​សម្ពាធ​លើ​រដ្ឋ​អំណាច​យួន​ហ្នឹង​បន្តិច គឺ​ថា ខ្លួនឯង​ទទួល​នូវ​សិទ្ធិ ដែល​ជា​អ្នក​ទទួល​យក​នូវ​សិទ្ធិមនុស្ស ហេតុអ្វី? មិន​អនុវត្ត​ក្នុង​ប្រទេស​របស់​ខ្លួន​ណា ។ សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​នឹង​បង្វែរ​ភ្នែក​ឬ​ចក្ខុ​ហ្នឹង សម្លឹង​មើល​ពី​ការ​រំលោភ​សិទ្ធិ​របស់​រដ្ឋ​អំណាច​យួន​ហ្នឹង​ណា» ។

ទិដ្ឋភាពវត្ត​មង្គលបូរី​ទ្រនំ​សេក នៅខេត្ត​លង់​ហោរ ដែនដីកម្ពុជាក្រោម ។ រូប​ផ្តល់ឲ្យ
ទិដ្ឋភាពវត្ត​មង្គលបូរី​ទ្រនំ​សេក នៅខេត្ត​លង់​ហោរ ដែនដីកម្ពុជាក្រោម ។ រូប​ផ្តល់ឲ្យ

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អាជ្ញាធរ​វៀតណាម​ នៅ​ខេត្ត​លង់​ហោរ បានទេ នៅថ្ងៃទី ២៥ ខែធ្នូ ។

ជុំវិញ​រឿង​នេះ​ដែរ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា និង​ជា​មេធាវី លោក សឺន ជុំជួន លើកឡើង​ថា អាជ្ញាធរ​វៀតណាម​ លើក​កងកម្លាំង​ទៅ​ព័ទ្ធ​ចាប់​ព្រះសង្ឃ​ទាំង​យប់​ជា​ទង្វើ​ខុសច្បាប់​វៀតណាម និង​រំលោភ​សិទ្ធិពលរដ្ឋ​ខ្មែរ​ក្រោម ព្រោះ​ព្រះសង្ឃ​ជា​បុគ្គល​ដែល​ខ្មែរ​ក្រោម​លើក​តម្កើង ។ លោក​បន្ត​ថា វៀតណាម​គួរតែ​គោរព​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ខ្លួន​ទើប​ជាប់​ជា​សមាជិក​អចិន្ត្រៃយ៍​ នៃ​ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ៖ «ខ្ញុំ​ក៏​សុំ​សំណូមពរ​ដែរ ទៅ​ដល់​ខាង​អាជ្ញាធរ​វៀតណាម ដែល​មាន​សមត្ថកិច្ច​ជាពិសេស​ដល់​រដ្ឋាភិបាល​វៀតណាម ​គួរតែ​ណែនាំ​ដល់​សមត្ថកិច្ច​របស់​ខ្លួន​ហ្នឹង គួរ​អនុវត្ត​ឲ្យ​បាន​សមស្រប​ទៅ​តាម​គោលការណ៍​សិទ្ធិមនុស្ស សមស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​របស់​ខ្លួន​ជាដើម ។ វា​មិន​អាច​ធ្វើការ​កំហែង កំឡុង​ពេល​ដែល​រដ្ឋ​ជា​សមាជិក​ហើយ ហើយ​ជា​រដ្ឋ​មួយ​ដែល​ទើបតែ​ជាប់​ឆ្នោត​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផង ហើយ​បង្កើត​ឲ្យ​មាន​បញ្ហា​ដូច្នេះ ខ្លួន​គួរ! គួរ! គួរ​គិត​ហើយ​គួរតែ​ស្វែងយល់​អំពី​បញ្ហា​នេះ​ហើយ»

មេធាវី​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​ជំនឿ​សាសនា សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​រៀន​អក្សរ​ខ្មែរ និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាដើម ។ លោក​ថា បើ​វៀតណាម​នៅតែ​បំពាន ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​រាយការណ៍​ទៅ​អង្គការ​សិទ្ធិមនុស្ស​ពិភពលោក​ប្រចាំ​ទីក្រុង​ព្រៃនគរ​បាន​គ្រប់​ពេល ។

កន្លងមក​ព្រះសង្ឃ​វត្ត​មង្គលបូរី​ទ្រនំ​សេក ត្រូវ​បាន​វៀតណាម​អុកឡុក​ជា​ច្រើន​លើក ដូចជា ប៉ុនប៉ង​កាប់​ដើម​គគីរ​មាន​អាយុ​ជាង​ប្រាំពីរ​រយ​ឆ្នាំ ទះកំផ្លៀង​ព្រះសង្ឃ​ដែល​រារាំង​មិន​ឲ្យ​កាប់​ដើម​គគីរ ព្យាយាម​បំផ្លាញ​សាលាឆទាន​ថ្មី និង​ចាប់​ម៉ូតូ​កង់​បី​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត្រជាដើម ៕

Leave A Reply

Your email address will not be published.