ក្រុមជើងកាងវៀតណាម បាញ់ប្រហារបណ្តាលឲ្យពលរដ្ឋខ្មែរក្រោមម្នាក់រងរបួសធ្ងន់ ក្នុងទំនាស់ដីធ្លី នៅខេត្តក្រមួនស
ដោយ ស៊ឺន ចែងចើន
គ្រួសារអ្នកមានអំណាចជាជនយួន បានជួលក្រុមជើងកាង ប្រើហិង្សារហូតឈានដល់ការបាញ់ប្រហារ ទៅលើក្រុមគ្រួសារខ្មែរក្រោម ក្នុងទំនាស់ដីធ្លីមួយកន្លែង នៅភូមិរ៉ាញហាក ក្នុងស្រុកភ្នំដី (Hòn Đất) ខេត្តក្រមួនស (Kiên Giang) កាលពីរសៀលថ្ងៃអង្គារ៍ ទី ២៧ ខែកញ្ញា ម្សិលមិញនេះ ។ ហេតុការណ៍បាញ់គ្រាប់កាំភ្លើងពិតនេះ បានបណ្ដាលឱ្យស្រ្តីខ្មែរក្រោមអាយុ ២៧ ឆ្នាំម្នាក់រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំ និងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយក្នុងខេត្តនេះ ។

សាច់ញាតិរបស់ជនរងគ្រោះ ដែលបានរងរបួស លោក ចៅ ផល្លា ប្រាប់សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ថា ក្រុមគ្រួសាររបស់គាត់ ត្រូវបានរំលោភយកដីធ្លីដោយអ្នកមានអំណាច ដែលបានឃុបឃិតជាមួយអាជ្ញាធរវៀតណាម និងបានជួលបក្ខពួក ដែលជាក្រុមអ្នកលេងប្រដាប់ដោយដំបង និងកាំភ្លើង មកធ្វើបាបក្រុមគ្រួសាររបស់លោក ហើយបញ្ជាពួកបាតដៃទីបីទាំងនោះ យកគ្រឿងចក្រឈូសឆាយលើដីលំនៅឋានរបស់គ្រួសារគាត់ ដើម្បីធ្វើរបងព័ទ្ធជុំវិញដីដែលគេរឹបអូសយកនោះ ។
លោក ចៅ ផល្លា យល់ថា ករណីជនជាតិវៀតណាម ជួលក្រុមជើងកាងឲ្យធ្វើបាបក្រុមគ្រួសារលោក ជាការគំរាមកំហែង និងបំភិតបំភ័យមិនឲ្យក្រុមគ្រួសារលោក ទាមទារយកដីរបស់ខ្លួនមកវិញ ។ លោក ផល្លា ដាក់ការសង្ស័យថា អាជ្ញាធរវៀតណាម ជាអ្នកនៅពីក្រោយ នៃ ការរៀបចំឲ្យមានអំពើហិង្សានេះ ពីព្រោះលោកថា ពលរដ្ឋធម្មតាគ្មានសិទ្ធិប្រើកាំភ្លើងនោះទេ ។
នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ រូបភាពរបស់ស្រ្តីខ្មែរក្រោម ត្រូវរបួស ដោយគ្រាប់កាំភ្លើង ត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញហើយ ។ ក្រុមគ្រួសារសាច់ញាតិ បានបង្ហោះរូបភាពចំនួន ៣ សន្លឹកឡើងលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីស្ថានភាពរបួសរបស់ជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយ ក្នុងខេត្តក្រមួនស ។
សូមបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះ បានមកតាំងលំនៅលើដីរបស់ខ្លួននេះ ជាង ៣០ ឆ្នាំមកហើយ តែអាជ្ញាធរមូលដ្ឋានវៀតណាម បដិសេធមិនចេញលិខិតផ្លូវច្បាប់ឲ្យពួកគេឡើយ ។
ក្រោយកើតហេតុ សមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះ បានបង្ហោះវីដេអូ និងរូបភាព អំពីព្រឹត្តិការណ៍អំពើហិង្សា នៅពេលនោះ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកជាបន្តបន្ទាប់ ។ ទោះជាយ៉ាងនេះក្តី ប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរវៀតណាម បានបង្ខំឲ្យពួកគេលុបចោលវីដេអូ និងរូបភាពនោះភ្លាម ក៏ប៉ុន្តែ មានអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកជាច្រើនផ្សេងទៀត បានថតរូបសារនោះទុក និងបានបង្ហោះចែកចាយតៗ គ្នា ។
គិតមកត្រឹមម៉ោងចេញផ្សាយអត្ថបទនេះ នៅល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ ព្យាយាមទាក់ទងទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះជាច្រើនលើកច្រើនសា ដើម្បីចង់ដឹងពីការវិត្តន៍ចុងក្រោយជុំវិញរឿងនេះ ក៏ប៉ុន្តែ ការហៅតាមទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកចូល តែមិនមានអ្នកទទួល ។
ទោះយ៉ាងនេះក្តី អ្នកភូមិម្នាក់ ដែលបានដឹងរឿងនេះ បញ្ជាក់ប្រាប់ថា សមត្ថកិច្ចប៉ូលិសវៀតណាម ចាប់ខ្លួនជនដៃដល់បានម្នាក់ហើយ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកជាង ១០ នាក់ផ្សេងទៀត ។