រដ្ឋាភិបាលវៀតណាម ឆ្លើយតបចំពោះអង្គការសហប្រជាជាតិ ករណីធ្វើទុក្ខបុកម្នេញយុវជន ខ្មែរក្រោម យឿង ខាយ
រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម បានឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ចំពោះករណី ដែលអាជ្ញាធរវៀតណាម ខេត្តដូនណៃ បានធ្វើទុក្ខម្នេញលើយុវជនខ្មែរក្រោម យឿង ខាយ កាលពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២១ ដែលអង្គការសហប្រជាជាតិ ចាត់ទុកថា ជាការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។
ខាងក្រោមនេះ ជាសេចក្តីបកប្រែទាំងស្រុង ដោយលោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីពីរដ្ឋាភិបាលវៀតណាម ឆ្លើយតបចំពោះអង្គការសហប្រជាជាតិ ករណីធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោម យឿង ខាយ ៖
ស្ថានបេសកកម្មអចិន្ត្រៃយ៍
នៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម
ប្រចាំការិយាល័យ អ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក
និងអង្គការអន្តរជាតិ មិនមែនរដ្ឋាភិបាល ផ្សេងៗ នៅក្រុងហ្សឺណែវ
លេខៈ ១៤៣/VNM.២១
ហ្សឺណែវ, ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំការិយាល័យ អ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលផ្សេងៗ នៅក្រុងហ្សឺណែវ សូមសំដែងនូវសេចក្តីសរសើររាប់អានជម្រាបជូន សាខានីតិវិធីពិសេស នៃឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ។ តបតាមសេចក្តី នៅក្នុងលិខិត លេខៈ ១២៦/VNM/២១ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ ដែលបានស្នើសុំពន្យាពេល ៣០ ថ្ងៃ នៃការកំណត់ឲ្យផ្តល់ការឆ្លើយតបទៅនឹងសំបុត្ររួមគ្នា មកពីសាខានីតិវិធីពិសេស ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ លិខិតយោងលេខៈ AL VNM ៣/២០២១ ករណី (លោក) យឿង ខាយ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម មានកិត្តិយសសូមបញ្ជូនការឆ្លើយតបនេះ របស់វៀតណាម ជូនសាខានីតិវិធីពិសេស នៃឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ។
ជាថ្មីម្តងទៀត ស្ថានបេសកកម្មសកកម្មអចិន្ត្រៃយ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំការិយាល័យ អ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលផ្សេងៗ នៅហ្សឺណែវ សូមសំដែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សាខានីតិវិធីពិសេស នៃឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ។
១) (លោក) យឿង ខាយ កើតនៅថ្ងៃទី …(បិទបាំង)… នៃក្រុមជនជាតិខ្មែរ បានចុះបញ្ជីអាសយដ្ឋានរបស់គាត់នៅ …(បិទបាំង)… ហើយបច្ចុប្បន្នកំពុងស្នាក់នៅ …(បិទបាំង)… ។
២) វៀតណាម គឺជាប្រទេសមួយ ដែលរួមមានក្រុមជនជាតិទាំងអស់ចំនួន ៥៤ នៅក្នុងនោះ ជនជាតិ គិញ មានប្រជាជនភាគច្រើន (៨០%) ក្រុមជនជាតិនានា ក្រៅពីនេះ ត្រូវបានគេហៅថា «ជនជាតិភាគតិច » ។ ក្នុងចំណោមជនជាតិទាំងអស់រួមទាំងជនជាតិគិញ គឺត្រូវបានទទួលសមភាព ដូចគ្នា ។ បុគ្គលិកលក្ខណៈប្លែកគ្នានៃក្រុមប្រជាជាតិទាំងនោះ គឺ ភាសា ទំនៀមទម្លាប់ និងប្រពៃណី ។ ផ្អែកតាមប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ក្រុមជនជាតិទាំងឡាយនៃវៀតណាម មានសាមគ្គីភាព និងប្រពៃណីអភិវឌ្ឍន៍ជាមួយគ្នា និងចូលរួមកិច្ចខិតខំប្រឹងប្រែងកសាង និងការពារប្រទេស ។ ហេតុដូច្នេះ សញ្ញាណនៃ «ក្រុមជនជាតិដើមភាគតិច» និងសិទ្ធិរបស់ជនជាតិដើម មិនកើតមានទេ ហើយក៏មិនសមស្របទៅនឹងសភាពលក្ខណៈរបស់ក្រុមជនជាតិទាំងអស់ នៅវៀតណាមដែរ ។
៣) ការឃោសនា អំពីឧបករណ៍ និងអនុសញ្ញាទាំងឡាយ ស្តីពីសិទ្ធិមនុស្ស មិនត្រូវបានហាមឃាត់ឡើយ នៅក្នុងប្រទេសវៀតណាម ។ ក្នងការអនុវត្តជាក់ស្តែងប្រទេសវៀតណាម បាន និងកំពុងអនុវត្តន៍កម្មវិធី និងគម្រោងជាច្រើន ដែលផ្សព្វផ្សាយ អំពីឧបករណ៍ និងអនុសញ្ញាទាំងនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាជន អំពីការទទួលបានសិទ្ធិមនុស្ស ។ ទោះជាយ៉ាងណា ច្បាប់វៀតណាម ហាមដាច់ខាតការរំលោភបំពានលើការឃោសនា អំពីឧបករណ៍ និងអនុសញ្ញា ស្តីពីសិទ្ធិមនុស្ស ដើម្បីបង្ខូចសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិត ស្តីពីគោលនយោបាយលើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់វៀតណាម ដើម្បីសាបព្រោះការបំបែកបំបាក់ និងបំផ្លាយឯកភាពជាតិ ។
៤) អំពីករណីលោក យឿង ខាយ អាជ្ញាធរសណ្តាប់ធ្នាប់ បានរកឃើញថា ពលរដ្ឋម្នាក់នេះ បានបង្ហោះ និងចែករំលែកអត្ថបទជាច្រើន នៅក្នុងអ៊ីនធើរណែត បំភ្លៃប្រវត្តិ- សាស្ត្ររបស់ជនជាតិភាគតិចខ្មែរ និងវៀតណាមខាងត្បូង បានធ្វើការឃោសនាសម្រាប់ការបង្កើតនូវ «រដ្ឋខ្មែរកម្ពុជាក្រោម» នៅលើទឹកដីប្រទេសវៀតណាម ។ ហើយលោក យឿង ខាយ ក៏មានទំនាក់ទំនងដ៏ស្មុគស្មាញជាច្រើន ជាមួយអង្គការមិនមែនរដ្ឋាភិបាល នានានៅឯបរទេស ។ អង្គការទាំងនេះតែងតែធ្វើសកម្មភាពជ្រុលនិយម ញុះញង់ជនជាតិភាគតិច ឲ្យមានការស្អប់ខ្ពើម បង្កការបែកបាក់សាមគ្គីភាពជាតិ ញុះញង់បំបែកបំបាក់ និងការធ្វើស្វ័យភាព ព្រមទាំងគម្រាមកំហែងដល់សន្តិសុខជាតិ ឯកភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសវៀតណាម ។
៥) អង្គការទាំងឡាយខាងលើនេះ តែងតែរំលោភបំពានក្នុងការឃោសនា អំពី «សេចក្តីប្រកាសរបស់អង្គសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម» ហើយមានរួមបញ្ចូលទាំងការឃោសនា និងការបកស្រាយខុសអំពីខ្លឹមសារ និងស្មារតីនៃ សេចក្តីប្រកាស ដោយមាន «សិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ជនជាតិដើមខ្មែរ» នៅក្នុងប្រទេសវៀតណាម ប្រវត្តិសាស្ត្រ វៀតណាមខាងត្បូង ដោយលើកហេតុផលថា តំបន់នេះគឺជាកម្មសិទ្ថីរបស់ជនជាតិខ្មែរ ហើយផ្តើមពីចំណុចនោះ ក៏មានផែនការដើម្បីធ្វើសកម្មភាពជាទ្រង់ទ្រាយធំដុំ ដូចបានរាយការណ៍ខាងលើ ។
៦) នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាម បានធ្វើការត្រួតពិនិត្យរដ្ឋបាល នៅឯគេហដ្ឋានរបស់ (លោក) យឿង ខាយ ។ ក្នុងព្រឹត្តិការណ៍នេះ សមត្ថកិច្ចបានរកឃើញសំណេរចម្លងបកប្រែអំពី «សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម» ចំនួន ១០២ ច្បាប់ និងឯកសារនានា ដែលសរសេរបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាម ភាគខាងត្បូង គម្រោងស្នើការធ្វើ «សិទ្ធិស្វ័យសម្រេច វាសនាដោយខ្លួនឯង របស់ជនជាតិដើម » ។ នៅក្នុងកំឡុងពេលសួរនាំ (លោក) យឿង ខាយ មិនបានសហការ ឬផ្តល់ព័ត៌មាន អំពីប្រភពដើមស្របច្បាប់នៃឯកសារទាំងនេះទេ ។ ដូច្នេះ សមត្ថកិច្ចជំនាញបានអញ្ជើញ (លោក) យឿង ខាយ មកប៉ុស្តិ៍នគរបាល ដើម្បីធ្វើការបំភ្លឺ (លិខិតអញ្ជើញត្រូវបានបញ្ជូនទៅឲ្យលោក យឿង ខាយ) ។
៧) នៅឯទីស្នាក់ការប៉ូលីស (លោក) យឿង ខាយ បានសារភាពថា គាត់ត្រូវបានផ្តល់ជូននូវសេចក្តីចម្លង ចំនួន ១២០ ច្បាប់ អំពី «សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម» ហើយនេះ គឺជាគោលបំណងបង្កើតឲ្យមានអំពើបែងចែកការឯកភាពជាតិ ។ ក្នុងពេលជាមួយគ្នានេះដែរ គាត់មិនបានបញ្ជាក់ អំពីភាពស្របច្បាប់ក្នុងការបោះពុម្ពឯកសារខាងលើនេះទេ ។ សកម្មភាពរបស់គាត់ គឺជាការបំពានបទប្បញ្ញត្តិនៃច្បាប់របស់វៀតណាម ក្នុងវិស័យសារព័ត៌មាន និងកិច្ចការបោះពុម្ពផ្សាយ ។ អាជ្ញាធរ មានសមត្ថកិច្ចសម្រេចចិត្តរឹបអូសយកឯកសារខាងលើ ហើយបានព្រមាន (លោក) យឿង ខាយ ហាមឲ្យឈប់បន្តធ្វើសកម្មភាព ដែលប្រឆាំងនឹងគោលនយោបាយរបស់វៀតណាម ស្តីពីការរួបរួម និងអភិវឌ្ឍន៍ជនជាតិភាគតិច ។ នៅវេលាម៉ោង ១១ : 00 ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរសមត្ថកិច្ចបានប្រគល់សង (លោក) យឿង ខាយ វិញនូវម៉ាស៊ីន កុមព្យុទ័រ និងទូរស័ព្ទ ប៉ូលីសមិនបានគម្រាមកំហែង ប្រើកម្លាំងតបទៅលើ យឿង ខាយ ដូចការចោទប្រកាន់ ដែលមាននៅក្នុងលិខិតរួមគ្នានោះទេ ៕