វៀតណាម​ សន្យា​ឆ្លើយតប​ ចំពោះ​អង្គការសហប្រជាជាតិ​ ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​២​១​ ​ករណី​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​

0 218

ដោយ យាង​ ​សុធា​រិន្ទ

​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​បាន​សន្យា​ថា​ នឹង​ឆ្លើយតប​ទៅកាន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ចំពោះ​ករណី​ ដែល​អាជ្ញាធរ​វៀតណាម ​ខេត្ត​ដូន​ណៃ​ បាន​ធ្វើ​ទុក្ខម្នេញ​លើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​កាលពី​ពាក់កណ្តាល​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​អង្គការ​សហប្រជាជាតិ​ ចាត់ទុកថា​ ជា​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​វៀតណាម ​គឺ​នៅ​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រោយ​ពី​វៀតណាម ​បាន​ស្នើសុំ​អង្គការសហប្រជាជាតិ​ព​ន្យា​ពេល​ឆ្លើយតប​ចំនួន​ ​៣​០​ ​ថ្ងៃ​ ​បន្ថែម​ទៀត​ ​។​

លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ
លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ

​មែនទែន​ទៅ​រដ្ឋាភិបាល​វៀតណាម​ ត្រូវ​ឆ្លើយតប ​ចំពោះ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ តាំងពី​ថ្ងៃ​ទី​ ២​២​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​១​ ​មក​ម៉្លេះ ​ប៉ុន្តែ​ ពួកគេ​បាន​ស្នើសុំ​ព​ន្យា​ពេល​ឆ្លើយ​តប​ចំនួន​ ​៣​០​ ​ថ្ងៃ​បន្ថែម​ទៀត​ ​ដូច្នេះ​ វា​មានន័យ​ថា​ ​វៀតណាម​ត្រូវ​ឆ្លើយតប​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ជា​ថ្ងៃ​ផុត​កំណត់​វៀតណាម​ បាន​សន្យា​ ​។​

​សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃ​ទី​ ២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ ​ជាតិ​ចំនួន​ ​៤​ ​រូប ​ដែល​រួម​មាន​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ស្តីពី​ «បញ្ហា​ជនជាតិ​ភាគតិច»​ ​លោក​ ​Fern​and​ ​d​e​ ​V​are​nn​e​s ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ​ស្តីពី «ការ​លើកកំពស់​ ​និង​ការពារ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ ​និង​ទ​ស្សនៈ» ​អ្នកស្រី​ ​Ire​n​e​ K​h​an​ ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការសហប្រជាជាតិ ​ស្តីពី​ «ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស»​ ​អ្នកស្រី​ ​Mar​y​ ​Law​l​or ​និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ស្តីពី​ «សិទ្ធិ​ជនជាតិ​ដើម​» ​លោក​ José ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​ ​បាន​ចេញ​លិខិត​រួមគ្នា​មួយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ បកស្រាយ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដែល​បាន​ថត​ចំ​លង​សៀវភៅ​ ស្តីពី​ ​«សិទ្ធិ​ជនជាតិ​ដើម​អង្គការសហប្រជាជាតិ​» ដើម្បី​ចែកចាយ​បន្ត​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

​ការ​ទាមទារ​ឱ្យ​មានការ​ពន្យល់​នេះ​ ​ក្រោយ​ពី​សមត្ថកិច្ច​វៀតណាម ​នៅ​ខេត្ត​ដូន​ណៃ ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ឃ្លាំង​ជាង​ ​១​០​០​ ​នាក់​ ​កាលពី​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ ​មួយថ្ងៃ​មុន​ ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​បាន​មក​ឡោមព័ទ្ធ​ ​និង​ធាក់​ទ្វារ​ទម្លុះ​សោ​រ​សម្រុក​ចូល​ផ្ទះ​ជួល​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដើម្បី​រុករក​សៀវភៅ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ ​ស្តីពី​ «សិទ្ធិ​ជនជាតិ​ដើម»​ ​។​ ​អាជ្ញាធរ​បាន​រឹប​អូសសៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ជាង​ ​១​០​០​ ​ក្បាល​ ​ដោយ​ចោទប្រកាន់​យុវជន​ យឿ​ង​ ខា​យ​ ​ថា​ បាន​បោះពុម្ព​ចំ​លង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ ​អង្គការ​សហប្រជាជាតិ​ ​ដោយ​មិនបាន​បង់ពន្ធ​ឱ្យ​រដ្ឋ​វៀតណាម​ ​។​ ​អាជ្ញាធរ​វៀតណាម​ ក៏បាន​ ​បញ្ជូន​ខ្លួន​ ​យុវជន​ យឿ​ង​ ខា​យ​ ​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អស់​រយៈពេល​ប្រហែល​ ​១​២​ ​ម៉ោង​ ​ថែមទៀត​ ​មុននឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់មក​ផ្ទះ​វិញ​ ​។​ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​យុវជន​រូប​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ចោមរោម​បណ្តាក់គ្នា​សួរ​ចំ​លើ​យ​ ​និង​បាន​ប្រើ​ពាក្យពេចន៍​គំរាមកំហែង​ហិង្សា​ផង​ដែរ​ ។​

​នៅ​ក្នុង​លិខិត​ចំនួន​ ​៥​ ​ទំព័រ​ផ្ញើ​ទៅកាន់​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍ ​នៃ​សាធារណរដ្ឋ​សង្គម​ ​និយម​វៀតណាម​ ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​អង្គការ​អន្តរជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិមនុស្ស​ ​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​ ​ដែល​បាន​កើតឡើង​ ចំពោះ​យុវជន​ យឿ​ង​ ខា​យ​ ​ដោយ​បញ្ជាក់​ថា​ ​យុវជន​រូប​នេះ​ គឺជា​អ្នកការ​ ​ពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ដែល​បាន​សកម្ម​ នៅ​ក្នុង​ការងារ​សិទ្ធិ​របស់​ខ្មែរក្រោម​ ​។​ ​ពួកគេ​ បាន​បញ្ចា​ក់​ប្រាប់​រដ្ឋាភិបាល​វៀតណាម ​បន្ថែម​ថា​ ​ខ្មែរក្រោម​ គឺជា​ជនជាតិ​ដើម​ភាគតិច​ ដែល​មាន​ជាតិសាសន៍​ សាសនា​ ​និង​ភាសា​ផ្ទាល់ខ្លួន​ ​គឺ​ភាសាខ្មែរ​ ​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ទាំងអស់​នេះ​ បាន​លើកឡើង​ក្នុង​ខ្លឹមសារ​ដើម​ថា​ ​«​ពួកយើង​ ​សម្តែង​ការ​បារម្ភ​ អំពី​របាយការណ៍​នៃ​ការ​គំរាមកំហែង​ ​ហើយដែល​ការ​គំរាមកំហែង​ទំា​ង​អស់នេះ​ ​អាច​ជាប់​ទាក់ទង​នឹង​កិច្ចប្រឹងប្រែង​របស់​គាត់​ (​យុវជន​ យឿ​ង​ ខា​យ​) ​ក្នុង​ការ​ផ្សព្វ​ផ្សា​ឯកសារ​ ​អង្គការសហប្រជាជាតិ​ ​ជាពិសេស​ ​គឺ​ការ​លើកកំពស់​ ​និង​ការ​បកប្រែ​សេ​ច​ក្កី​ប្រកាស​អង្គការ​ ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​ហើយ​វា​ប្រហែលជា​មានផល​ប៉ះពាល់​ទៅលើ​ ​ការសំដែង​មតិ​របស់​ជន​ទាំងឡាយ​ ​រួម​មាន​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស​ ដែល​ពួកគេ​លើកឡើង​ ឱ្យ​មានការ​យកចិត្តទុកដាក់ ​អំពី​បញ្ហា​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ជនជាតិ​ភាគតិច​ នៅ​ក្នុង​ប្រទេស​វៀតណាម​»​ ​។​

សៀវភៅស្តីពីសិទ្ធិផ្សេងរបស់អង្គការសហប្រជាជាតិ
សៀវភៅស្តីពីសិទ្ធិផ្សេងរបស់អង្គការសហប្រជាជាតិ

​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ឆ្លើយ​បំភ្លឺ​នូវ​ចំណុច​មួយ​ចំនួន​ ​រួម​មាន​ ​ទី​ ១​ ​ផ្តល់​នូវ​ព័ត៌មាន​ ​ឬ​យោបល់​បន្ថែម​ទៀត​ ​ឆ្លើយតប​ចំពោះ​ការ​ចោទប្រកាន់​លើ​រដ្ឋាភិបាល​វៀតណាម​ ​ទី ​២​ ​ពន្យល់​អំពី​មូលដ្ឋាន​ច្បាប់​ ​និង​ការពិត​ ចំពោះ​ការ​ចាប់ខ្លួន យុវជន​ យឿ​ង​ ខា​យ​ ​ហើយ​ថា​ តើ​ការ​ចាប់ខ្លួន​នេះ ​ធ្វើឡើង​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្សអន្តរជាតិ​របស់​រដ្ឋាភិបាល​វៀតណាម​ ក្រោម​កតិកាសញ្ញា​អន្តរជាតិ​ ស្តីពី «​សិទ្ធិពលរដ្ឋ​ ​និង​នយោបាយ​» ឬ​យ៉ាងណា​ ​ទី ​៣​ ​បង្ហាញ​អំពី​វិធានការ​ ដែល​ត្រូវ​បាន​អនុវត្ត​ ដោយ​រដ្ឋាភិបាលវៀតណាម​ ដើម្បី​ធានា ​ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ជាពិសេស​អ្នក​តស៊ូ​មតិ​ ​និង​អ្នកធ្វើការ​ ​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ជនជាតិ​ភាគតិច​ ​ថា ​ពួកគេ​អាច​អនុវត្ត​ការងារ​ស្របច្បាប់​ នៅ​ក្នុង​បរិស្ថាន​ប្រកបដោយ​សុវត្ថិភាព​ ​និង​អំណោយផល​ ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ​ការ​កាត់ទោស​ ​ការ​យាយី​ ​និង​អំពើ​ហិង្សា​ ​និង​ដោយមាន​ការគោរព​ពេញលេញ​នូវ​សិទ្ធិពលរដ្ឋ​ ​និង​នយោបាយ​របស់​ពួកគេ​ ​ទី ​៤​ ​ផ្តល់​ព័ត៌មាន​លំអិត​អំពី​ការ​ចាត់វិធានការ​នានា ​ដើម្បី​ធានា​ថា​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​តួអង្គ​សង្គម​ស៊ីវិល​ នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ព្រមទាំង​ក្រុម​គ្រួ​សារ​របស់​ពួកគេ​ មិន​ស្ថិតនៅ​ក្នុង​សកម្មភាព​បំភិតបំភ័យ​ ​ឬ​ការសងសឹក​ ​ដោយសារ​ការចូលរួម​ ​របស់​ពួកគេ​ក្នុង​ការ​លើកកំពស់​ ​និង​ផ្សព្វផ្សាយ​ឯកសារ​អង្គការសហប្រជាជាតិ​ ​និង​ទី​ ៥​ ​បង្ហាញ​ ​អំពី​វិធានការ​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​វៀតណាម​ ដើម្បី​ធានា​ការពារ​ ​និង​លើក​កំពស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​និង​ជនជាតិ​ភាគតិច​ ​ក្នុង​ការ​ប្រកាន់យក​ទ​ស្សនៈ​ ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក​ ​និង​រីករាយ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សំដែង​មតិ​ ​ទាំង​សេរីភាព​ក្នុង​ការ​និយាយ​ ​ការ​សរសេរ​ ​ការ​បោះពុម្ព​ សិល្បៈ ​ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ដែល​ជា​ជំរើស​​របស់​ពួកគេ​ ​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បាន​ទុក​រយៈពេល​ ​៦​០​ ​ថ្ងៃ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ឆ្លើយតប​ ចំពោះ​បញ្ហា​ទំា​ង​អស់នេះ​ ​និង​មិនបាន​បញ្ចេញ​លិខិត​រួម​នេះ​ ជា​សាធារណៈនោះ​ទេ​ ​។​ ​ប៉ុន្តែ ​បើ​មិន​មានការ​ឆ្លើយតប​ក្នុងរយៈពេល​ ​៦​០​ ​ថ្ងៃ​នោះ​ទេ​ ​ពួកគេ​នឹង​បញ្ចេញ​លិខិត​ ​នេះ​ ​និង​ការ​ឆ្លើយតប​ផ្សេងៗ​ ទៀត​របស់​រដ្ឋាភិបាល​វៀតណាម​ ជា​សាធារណៈ​ នៅ​លើ​គេហទំព័រ​ ​ហើយ​ឯកសារ​ទាំងអស់​នេះ ​ក៏​នឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ក្នុង​របាយការណ៍​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផង​ដែរ​ ​។​

​អ្នករាយការណ៍​ពិសេស​ទទូច​ដែរ​ថា​ ​ក្នុង​អំឡុង​ពេល​រង់ចាំ​ការ​ឆ្លើយតប​ ​រដ្ឋាភិបាល​វៀតណាម​ ​ត្រូវ​ចាត់វិធានការ​ចាំបាច់​បញ្ឈប់​រាល់​ការ​រំលោភបំពាន​ ​និង​បង្ការ​កុំ​ឱ្យ​មានការ​រំលោភបំពាន​ ​កើតឡើងជា​ថ្មី​ ​។​ ​ពួកគេ​បញ្ជាក់​ថា​ ​ក្នុង​ករណី​រក​ឃើញ​ថា​ ពិតជា​មានការ​រំលោភបំពាន ​ដូច​ការ​ចោទប្រកាន់​មែន​នោះ​ ​រដ្ឋាភិបាល​វៀតណាម ​ត្រូវ​ធានា​ថា​ ​អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ ​ចំពោះ​ការ​រំលោភបំពាន​នេះ​ ​។​

លិខិត​ សុំពន្យាពេល​ឆ្លើយតបរបស់​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍ ​នៃ​សាធារណរដ្ឋ​សង្គម​​និយម​វៀតណាម​ ប្រចាំ​អង្គការសហប្រជាជាតិ  នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស ចំពោះកា​រិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិមនុស្ស​ ​​ករណី​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​
លិខិត​ សុំពន្យាពេល​ឆ្លើយតបរបស់​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍ ​នៃ​សាធារណរដ្ឋ​សង្គម​​និយម​វៀតណាម​ ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស ចំពោះកា​រិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិមនុស្ស​ ​​ករណី​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​

​ទោះជាយ៉ាងណា​ ​រដ្ឋាភិបាល​វៀតណាម ​មិនបាន​ឆ្លើយតប​ក្នុងរយៈពេល​ ​៦​០​ ​ថ្ងៃ​ដូច​ការកំណត់​ ​នោះ​ទេ​ ​ប៉ុន្តែ​ បាន​ស្នើសុំ​ព​ន្យា​ពេល​ចំនួន​ ​៣​០​ ​ថ្ងៃ​បន្ថែម ​ដើម្បី​ឆ្លើយតប​ ​។​ ​ទោះជាយ៉ាងណា​ ​តំណាង​វៀតណាម​ មិនបាន​បញ្ជាក់​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ស្នើសុំ​ព​ន្យា​ពេល​នោះ​ឡើយ​ ​។​

​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​យល់ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​បាន​ធ្វើខុស​ចំពោះ​ខ្មែរក្រោម​ ​ហើយ​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​ជាមួយ​អង្គការសហប្រជាជាតិ​បែបណា​ឱ្យ​បាន​ល្អ​ ​ទើប​ភាគី​វៀតណាម ​មិន​អាច​ឆ្លើយតប​តាមកាល​កំណត់​ ​ហើយ​ត្រូវ​សុំ​ព​ន្យាពេល​ឆ្លើយ​បន្ថែម​ទៀត​ ​។​

​ករណី​ប​ង្រ្កា​ប​លើ​យុវជន​ យឿ​ង​ ខា​យ​ ​គ្រាន់តែ​ជា​ករណី​មួយ ក្នុងចំណោម​ករណី​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ផ្សេងទៀត​ នៅ​កម្ពុជាក្រោម​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ទៀ​ ថេ​ន​ ​ប្រកាស​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នឹង​បន្ត​ផ្សព្វផ្សាយ ​អំពី​ «សិទ្ធិ​ជនជាតិ​ដើម»​ ​និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរ​ជាតិ​នានា​ដល់​យុវជន​ ​និង​ ​ពលរដ្ឋ​ខ្មែរក្រោម​ ដើម្បី​ខ្មែរក្រោម​ ធ្វើការ​តស៊ូ​មតិ​ការពារ​សិទ្ធិ​ ​សេរីភាព​របស់​ខ្លួន​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​ស្រប​ទៅតាម​កិច្ចការពារ​របស់​អង្គការ​សហប្រជាជាតិ​ ​។​

Leave A Reply

Your email address will not be published.