អាជ្ញាធរ​វៀតណាម​ កោះហៅ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ​ទៅ​សាកសួរ​រឿង​បង្ហោះ​ព័ត៌មាន​​លើ​ហ្វេសប៊ុក

0 167

ដោយ នៅ វណ្ណារិន | RFA Khmer

អាជ្ញាធរ​វៀតណាម ​កោះ​ហៅ​សកម្មជន​ខ្មែរ​ក្រោម​ម្នាក់​ ទៅ​គំរាម​កំហែង​មិន​ឲ្យ​ធ្វើ​សកម្មភាព​ចែក​ចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម​ តាម​បណ្ដាញ​សង្គម​ទៀត ។ សកម្មជន ​និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​ក្រោម​ថា វៀតណាម​បំបិទ​សិទ្ធិ​ខ្មែរ​ក្រោម ​មិន​ឱ្យ​ផ្សព្វផ្សាយ​រឿងរ៉ាវ​ដែន​ដី​កម្ពុជា​ក្រោម និង​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរក្រោម​ នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ ដែល​វៀតណាម​ទើប​ចូល​ជា​សមាជិក​ថ្មីៗ​ នេះ ។

សកម្មជន​ខ្មែរ​ក្រោម​ ដែល​តែងបង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​ចែក​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ លោក ទ្រីវ ស៊ីវ ហៅ​ ហ៊ីវ​ ។ រូបៈ ផ្តល់ឲ្យ
សកម្មជន​ខ្មែរ​ក្រោម​ ដែល​តែងបង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​ចែក​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ លោក ទ្រីវ ស៊ីវ ហៅ​ ហ៊ីវ​ ។ រូបៈ ផ្តល់ឲ្យ

សកម្មជន​ខ្មែរ​ក្រោម​ម្នាក់ ​ដែល​តែងតែ​ពាក់អាវ​រម្លឹក​ខួប ​៧៣ ឆ្នាំ នៃ ​ការ​គ្រប់​គ្រង​របស់​វៀតណាម​ មក​លើ​កម្ពុជា​ក្រោម​ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​ចែក​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ គឺ​លោក ទ្រីវ ស៊ីវ ហៅ​ ហ៊ីវ​ ត្រូវ​អាជ្ញាធរ​វៀតណាម ​ហៅ​ទៅ​គំរាម​ពីរ​លើក​ គឺ​លើកទី ១​ នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ និង​លើក​ទី ២​ នៅ​ថ្ងៃទី ​២៥ ខែមករា​ ដោយ​ហាម​មិន​ឱ្យ​លោក​បន្ត​និយាយ​ ពី​ទឹក​ដី​កម្ពុជា​ក្រោម​ លើ​​បណ្ដាញ​សង្គម​ទៀត ។

វៀតណាម​ព្រមាន​លោក​ ទ្រីវ ស៊ីវ ទៀត​ថា បើ​លោក​នៅ​តែ​ចចេស​ខំ​ចែក​រំលែក​ប្រវត្តិ​ខ្មែរ​កម្ពុជា​ក្រោម​ ឬ​និយាយ​ពី​សិទ្ធិ​ជនជាតិ​ដើម​ តាម​បណ្ដាញ​សង្គម​ទៀត អាជ្ញាធរ​វៀតណាម​មិន​ធានា​ពី​សុវត្ថិភាព​របស់​លោក​ឡើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។

សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត​ ដែល​វៀតណាម​បាន​កោះហៅ​លោក​ ៩ ដង ទៅ​គំរាម​មិន​ឲ្យ​និយាយ​រឿង​ខ្មែរក្រោម​ និង​ជា​មិត្តភ័ក្ដិ​របស់​លោក ទ្រីវ ស៊ីវ គឺ​លោក មិន ហ្វាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ព្រឹកថ្ងៃទី​ ២៦​ ខែ​មករា​ ថា ​វៀតណាម​មិន​ចង់​ឲ្យ​ខ្មែរ​ក្រោម​ដឹង​ជ្រួត​ជ្រាប​ពី​សិទ្ធិ​របស់​ខ្លួន​ទេ​ ព្រោះ​វៀតណាម​ខ្លាច​ខ្មែរក្រោម​ងើប​ឡើង​ប្រឆាំង​ ពេល​ដែល​ខ្មែរក្រោម​ចេះ​ច្បាប់​គ្រប់គ្នា ។​ លោក​យល់​ថា​ ទង្វើ​របស់​វៀតណាម ​បាន​ដើរ​បញ្ច្រាស​ពី​ច្បាប់​ ដែល​មាន​ក្នុង​ប្រទេស​ខ្លួន​ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​វៀតណាម​ជា​សមាជិក​អចិន្ត្រៃយ៍​ផង​នោះ ។

លោក មិន ហ្វាង៖ «នៅ​លើ​ហ្នឹង​គេ​ធ្វើ​ត្រូវ​ច្បាប់​ដែរ​ អ៊ីចឹង​បាន​ប្រាប់​គាត់​ថា ហ្អា​ខាង​ក្រោម​នេះ ​វា​មិន​គោរព​ច្បាប់​ ​វា​ធ្វើ​ខុស​ច្បាប់​ ​ពីព្រោះ​វា​មក​បំពាន​ច្បាប់​ ​មក​សង្កត់​ប្រជា​ជន​ទទេ​ហ្នឹង ។ អ៊ីចឹង ​ដូច​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ហ្នឹង​ ​បើ​ថា​បង​មាន​ការ​អី​ ​បង​យក​ហ្អា​ពាក្យ​សម្ដី​ ដែល​ខ្ញុំ​បាន​និយាយ​មិញ​ហ្នឹង​ ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ផង ថា​ហ្អើ​កុំ​ឱ្យ​គាបសង្កត់​ខ្មែរ​ក្រោម​ កន​ខ្ញុំ​ពេក​ ​ព្រោះ​កន​ខ្ញុំ​ហ្នឹង​នៅ​ក្រោម​អាណា​និគម​យួន​ហើយ កន​ខ្ញុំ​ពាក់អាវ​សញ្ញា​ឡូហ្គូ ​(Logo) ​ខ្មែរ​ក្រោម នៅ​ក្រោម​អាណានិគម​យួន​ហ្អា!​ តែ​កន​ខ្ញុំ​ជា​ខ្មែរ​ម្ចាស់​ស្រុក»

​ក្នុង​ឆ្នាំ ២០២២​ កន្លង​មក​នេះ វៀតណាម​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ​និង​សកម្មជន​ខ្មែរ​ក្រោម​ជា​ញឹកញាប់​ មានដូចជា ចាប់​យុវជន​ខ្មែរ​ក្រោម​​លោក ចៅ លីណា ដែល​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​ជូន​ស្ត្រី​ខ្មែរ​ក្រោម ​និង​រម្លឹក​ខួប​ថ្ងៃ​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​ បាញ់​ស្ត្រី​ខ្មែរ​ក្រោម​ ឲ្យ​របួស​ធ្ងន់​ត្រង់​ភ្លៅ​នៅ​ខេត្ត​ក្រមួនស​ ​ពេល​ចេញ​មក​តវ៉ា​ដីធ្លី​ ​និង​កោះហៅ​សកម្មជន​ផ្សេង​ទៀត​ មាន​លោក​ តោ ហ្វាងចឿង លោក​ ​យឿង ខាយ​ និង​លោក​ ​ថាច់ គឿង​ ​ជាដើម​ដោយ​ហាម​ពួកគេ​មិន​ឲ្យ​និយាយ​ប្រវត្តិ​រឿង​ខ្មែរ​ក្រោម​ទៀត ។​

ពាក់ព័ន្ធ​នឹង​ការកោះ​ហៅ​សកម្មជន​ខ្មែរ​ក្រោម​ នគរ​បាល​វៀតណាម​ខេត្ត​ឃ្លាំង​និយាយ​ដោយ​មិន​ព្រម​ប្រាប់​ឈ្មោះ​ដល់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ដឹង​រឿង​ប៉ូលិស​វៀតណាម ​ចេញ​ដីកា​អញ្ជើញ​យុវជន​ខ្មែរ​ក្រោម​នោះ​ទេ​ ដោយ​លោក​ឲ្យ​ទៅ​សួរ​អ្នក​ដែល​បាន​ចេញ​លិខិត​អញ្ជើញ ។ លោក​បន្ថែម​ថា បើ​ចង់​ដឹង​ព័ត៌មាន​ច្បាស់​សុំ​ឲ្យ​អ្នក​ព័ត៌មាន​ទៅ​ជួប​លោក​ នៅ​ស្នងការ​នគរបាល​ខេត្ត​ឃ្លាំង​ដោយ​​ផ្ទាល់ ។

ជុំវិញ​រឿង​នេះ​ដែរ​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រចាំ​កម្ពុជា លោក តាំង សារៈ ​លើក​ឡើង​ថា ធម្មតា​របប​កុម្មុយនិស្ត​មិនដែល​ទុកឲ្យ​សកម្មជន​ស្នេហា​ជាតិខ្មែរ​ក្រោម ​ធ្វើអ្វី​តាម​ចិត្ត​នោះ​ទេ​ ពោល​គឺ​វៀតណាម​តែង​តាម​ក្ដិច​ត្រួយ​យុវជន​ណា​ដែល​ហ៊ាន​តវ៉ា​រឿង​បញ្ហា​សិទ្ធិ​មនុស្ស ។ ​លោក​លើក​ទឹក​ចិត្ត​ដល់​សកម្មជន​ខ្មែរ​ក្រោម ឱ្យ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ច្បាប់​វៀតណាម ​និង​អន្តរជាតិ ហើយ​ត្រូវ​តស៊ូ​មតិ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់ ។​ លោក​បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ក៏​មិន​ទុក​ឲ្យ​វៀតណាម​ធ្វើបាប​សកម្មជន​ខ្មែរក្រោម​ តាម​អំពើ​ចិត្ត​ទៀត​ទេ ។

លោក តាំង សារៈ៖ «ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ចូល​អន្ទាក់​វៀតណាម គឺទី ១​ ​យើង​មើល​តើ​អ្វី​ដែល​យើង​ធ្វើ​ហ្នឹង​វា​ស្រប​ទៅ​តាម!​ ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ ​សន្ធិសញ្ញា​ ​អនុសញ្ញា ឬ​នែ៎​កតិកា​សញ្ញា​របស់​អន្តរ​ជាតិ ​ជា​ពិសេស​គឺ​អង្គការ​សហ​ប្រជា​ជាតិ​ដែរ​ឬ​ទេ?​ ហើយ​ទី ២ ​គឺ​ដើម្បី​ជៀសវាង​គេ​យក​លេស​មក​ចោទ​ប្រកាន់ ហើយ​គេ​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​អី​ផ្សេងៗ​ ក៏​តោង​មើល​ទៅ​រដ្ឋធម្មនុញ្ញ​របស់​វៀតណាម»

នគរបាល​វៀតណាម​ខេត្ត​ឃ្លាំង​ បាន​ហៅ​សកម្មជន​ខ្មែរ​ក្រោម​លោក ទ្រីវ ស៊ីវ ទៅ​សួរ​ចម្លើយ​នៅ​ថ្ងៃទី ២០ ខែ​មករា អស់​ ៣០ ម៉ោង​ និង​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របួស​ធ្ងន់​ ទើប​ដោះ​លែង​ឲ្យ​លោក​មក​ផ្ទះវិញ ដោយ​មាន​ម្ដាយ​ និង​បង​ថ្លៃ​ទៅ​ធានា​ខ្លួន ។ ក្រោយ​មក នៅថ្ងៃទី ២៥ ​ខែ​មករា​ នគរបាល​បាន​ហៅ​ទៅ​សួរ​ចម្លើយ​អស់​ ៨ ម៉ោង​ទៀត ​និង​បង្ខំ​ឲ្យ​លោក​ទទួល​កំហុស​ថា លោក​បង្ហោះ​រឿង​ខ្មែរ​ក្រោម​លើ​បណ្ដាញ​សង្គម​ខុស​ច្បាប់​វៀតណាម​ តែ​លោក​មិន​ព្រម​ស៊ីញ៉េ​ទទួល​កំហុស ។ លោក​ថា​ លោក​មិន​បាន​ធ្វើខុស​ដូច​ការ​ចោទ​របស់​អាជ្ញាធរ​វៀតណាម​ នោះ​ទេ ៕

Leave A Reply

Your email address will not be published.