ចង់បានសិទ្ធិម្ចាស់ការលើទឹកដី ត្រូវមានសិទ្ធិម្ចាស់ការលើទឹកចិត្តជាមុន
ដោយ ថាច់ ប្រីជា គឿន | ទស្សនៈ សារព័ត៌មាន ព្រៃនគរ លេខ ២៨ ឆ្នាំទី ២ | ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១
ប្រជាជាតិខ្មែរក្រោមនៃដែនដីកម្ពុជាក្រោមមិនដែលទទួលបាននូវសិទ្ធិម្ចាស់ការលើទឹកដីរបស់ខ្លួនទេ បើទោះបីមកដល់ថ្ងៃនេះមានរយៈពេល ៦៣ ឆ្នាំហើយ ដែលអង្គការសហប្រជាជាតិបានចេញ សេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិរបស់មនុស្សនៅក្នុងពិភពលោក ចាប់តាំងពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ មក ។ ក្នុងអំឡុង ៦៣ ឆ្នាំ ក្រោយពីអង្គការសហប្រជាជាតិបានចេញ សេចក្ដីប្រកាសជាសកលស្ដីអំពី សិទ្ធិមនុស្សនេះ ប្រជាជាតិខ្មែរក្រោមនៅតែកំពុងត្រូវបានរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរពីរបបមួយទៅរបបមួយឥតស្រាកស្រាន្ត ។ ការរើសអើងពូជសាសន៍ឈានទៅដល់ការជិះជាន់ និងសម្លាប់រង្គាលលើប្រជាជាតិខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាមនោះ បានជម្រុញឲ្យខ្មែរ ក្រោមងើបឡើងតស៊ូដើម្បីសិទ្ធិម្ចាស់ការរបស់ខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ ។ តាំងពីប្រជាជាតិ ដើមមួយដែលត្រូវបានគេបំភ្លេចចោល ហើយឈានទៅដល់ការបង្ហាញវត្តមានរបស់ខ្លួននៅក្នុងឆាក អន្តរជាតិ នាពេលបច្ចុប្បន្ននេះ វាជាលទ្ធផលមួយបង្ហាញឲ្យឃើញថា “ខ្មែរក្រោមគ្រប់រូបមានសិទ្ធិម្ចាស់ការ លើទឹក ចិត្តខ្លួនជា មូលដ្ឋានហើយក្នុងការស្វែងរកសិទ្ធិម្ចាស់ការលើទឹកដីរបស់ខ្លួននាពេលអនាគត” ។ ដើម្បីឈានដល់ការទទួលបាននូវ “សិទ្ធិម្ចាស់ការ” ឬ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៅលើ “ដែនដីកម្ពុជាក្រោម” របស់ខ្លួននោះ តើបុគ្គលខ្មែរក្រោមម្នាក់ៗក្នុងនាមជាសមាជិកសង្គមនៃប្រ ជាជាតិខ្មែរក្រោមគួរត្រៀមខ្លួនយ៉ាងណាខ្លះ ?

មានតែខ្លួនជាទីពឹងរបស់ខ្លួន ៖
ជាការពិតណាស់ អ្វីដែលខ្មែរក្រោមមានវត្តមាន នៅក្នុងឆាកអន្តរជាតិនាពេលនេះ គឺមកពីការតស៊ូ របស់ខ្មែរ ក្រោម គ្រប់ជំនាន់ ដើម្បីរក្សានូវអត្តសញ្ញាណជាតិរបស់ខ្លួន និងប្រឆាំងជាដាច់ខាតរាល់ឧបាយ កល ក្នុងបំណងរំលាយពូជសាសន៍ ពីសំណាក់អាណា និគមយួន ដោយយើងផ្អែកលើគោលការណ៍ “ខ្លួនជាទីពឹងរបស់ខ្លួន” ជាចម្បង និងមានទិសដៅពិតប្រាកដមួយក្នុងការ “សម្រេចវាសនាខ្លួន ដោយខ្លួនឯង” នៅលើដែនដីកម្ពុជាក្រោមរបស់យើងក្នុងនាមជាប្រជាជាតិមួយនៃពិភពលោក ។
ដើម្បីបានឈានដល់ការ “សម្រេចវាសនាខ្លួនដោយខ្លួនឯង” នោះ ជាបឋមយើងត្រូវមានគោលការណ៍ “ខ្លួនជាទីពឹងរបស់ខ្លួន” នេះ ឲ្យបានច្បាស់លាស់សិន គឺខ្មែរក្រោមម្នាក់ៗទូទាំងពិភពលោក ត្រូវមាន គោលបំណង ទិសដៅ និង សំឡេង ឲ្យបាន ឯកភាពគ្នាជាធ្លុងមួយ ដែលជាកត្តាចាំបាច់ខានពុំបាន ។
មេរៀនជូរចត់មួយ ដែលបានបន្សល់ទុកមកឲ្យខ្មែរក្រោម នៅតែនៅក្រោមអាណានិគមយួនរហូត មកដល់សព្វថ្ងៃនេះ នោះគឺ “ការតស៊ូជ្រកក្រោមបដានយោបាយរបស់គេ” ហើយសង្ឃឹមថា “គេ នឹងជួយខ្លួន ពេលណាគេបានជោគជ័យ ឬ បានទទួលលទ្ធផល” ។ នៅកម្ពុជាក្រោម ក្នុងសម័យសង្គ្រាមអាមេរិកមុនឆ្នាំ ១៩៧៥ ខ្មែរក្រោមខ្លះ រត់ចូលបំរើអាមេរិក ខ្លះទៀតចូលបំរើយួនកុម្មុយនិស្ត ដោយសង្ឃឹមថា ពេលភាគីម្ខាងៗបានជោគជ័យ គេនឹងជួយខ្មែរក្រោមឲ្យមានសិទ្ធិសេរីភាព ។ នៅប្រ ទេសកម្ពុជាវិញ ខ្មែរក្រោមខ្លះ ចូលបំរើក្នុងក្រុមសាធារណរដ្ឋ ខ្លះចូលបំរើស្ដេច និងខ្លះទៀតចូលបំរើខ្មែរក្រហម ដោយសង្ឃឹមថា ពួកគេនឹងជួយរំដោះកម្ពុជាក្រោមចេញពីយួន ពេលណាគេបានជោគជ័យ ឬ បានទទួលលទ្ធផលឡើងកាន់អំណាច ។ ក្ដីសង្ឃឹមដែលខ្មែរក្រោមបានបូជាជីវិតនោះ លទ្ធផលត្រូវបានគេ បំភ្លេច ចោល ឲ្យនៅកំព្រារងាតែលតោល “ចុះទឹកក្រពើ ឡើងលើខ្លា” ទុក្ខឥតស្រាកស្រាន្ត ។
ដូច្នេះ ទោះបីអង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាសជា សកលស្ដីអំពីសិទ្ធិមនុស្ស ដើម្បីជម្រុញឲ្យប្រទេសជាហត្ថលេខីគោរព នូវសិទ្ធិរបស់មនុស្សគ្រប់ជាតិសាសន៍ នៅក្នុងលោកក្ដី និងបានចេញសេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិជនជាតិដើម ក្នុងនោះបានចែងថា “ជនជាតិដើមគ្រប់ រូបមានសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង” ក៏ដោយ តែខ្មែរក្រោមគ្រប់រូបមិននាំគ្នាឆក់ យកឱកាស ដើម្បីបានទទួល នូវសិទ្ធិទាំងនោះទេ វាពិតជាគ្មានទេវតាឬ បុគ្គលណាម្នាក់ក្រៅពីខ្លួនយើង នាំយកនូវសិទ្ធិទាំងនោះ មកឲ្យយើងបានឡើយ ។
ខ្មែរក្រោមម្នាក់ៗ ជាមន្ត្រីស្ថានទូតរបស់ខ្មែរក្រោម ៖
បច្ចុប្បន្ន “ខ្មែរក្រោម” បានក្លាយទៅជាប្រជាជាតិមួយដែលមានទង់ជាតិដាច់ដោយឡែករបស់ខ្លួន ហើយត្រូវបានទទួលស្គាល់ដោយ អង្គការប្រជាជាតិគ្មានតំណាង (Unrepresented Nations and Peoples Organization ) ឬ ហៅកាត់ជាភាសាអង់គ្លេសថា យូអិនភីអូ (UNPO) ក្រោយពី សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea – Krom Federation ) បានចូលជាសមាជិកនៃអង្គការមួយនេះ កាលពីថ្ងៃទី ១៥ ខែ កក្ដដា ឆ្នាំ ២០០១ មក ។
ពេលនេះ យើងមានទង់ជាតិសម្រាប់តំណាងឲ្យ “ខ្មែរក្រោម” និងមានដែនដី “កម្ពុជាក្រោម” ជាមោទនភាព សម្រាប់ប្រជាជាតិរបស់យើងហើយ ដូច្នេះ យើងជាខ្មែរក្រោមម្នាក់ៗ មានមោទនភាពខ្លាំង ក្នុងការ ឧទ្ទេសនាមខ្លួន ដល់មនុស្សគ្រប់ជាតិសាសន៍ ដែលនៅជុំវិញខ្លួនយើងរាល់ថ្ងៃ ដើម្បីបញ្ជាក់ឲ្យ ពិភព លោក បានដឹងថា “យើងជានរណា ? ” និង “ខ្មែរក្រោមជានរណា ?” ។
សម្រាប់ប្រទេសដែលមានឯករាជ្យដូចជា កម្ពុជា ថៃ លាវ វៀតណាម និង ចិន ជាដើម ដែលជា សមាជិក នៃអង្គការសហប្រជាជាតិ ពលរដ្ឋរបស់គេពិតជាងាយស្រួលខ្លាំងណាស់ ក្នុងការឧទ្ទេសនាម និងបង្អួតខ្លួនគេ ដល់បរទេស ហើយប្រទេសនីមួយៗ គេតែតែងមាន ស្ថានទូតតំណាង នៅក្រៅប្រទេស ជានិច្ច ប៉ុន្តែសម្រាប់ “ខ្មែរក្រោម” ឬ ដែនដី “កម្ពុជាក្រោម” របស់យើង នៅមិនទាន់មានទេ ។ ដើម្បីឲ្យខ្មែរក្រោមយើងមានស្ថានទូតដូចគេនោះ គឺយើងជាខ្មែរក្រោមម្នាក់ៗ តាំងពី បុគ្គល គ្រួសារ សមាគម អង្គការ និង វត្តអារាម នានានៅក្នុងសកលលោក ត្រូវតែលើក “ទង់ជាតិខ្មែរក្រោម” និងតាំង “ផែនទីកម្ពុជាក្រោម” នៅគ្រប់ទីកន្លែងរបស់ខ្លួន ហើយមានតួនាទី និងកាតព្វកិច្ចក្នុងការនាំសារប្រាប់ ដល់បរទេស ដែលនៅជុំវិញខ្លួនឲ្យបានដឹងអំពី “ខ្មែរក្រោម” និងជួយធ្វើកិច្ចការដ៏សំខាន់មួយទៀតនោះ គឺត្រូវចេះគាំពារគ្នាប្រកបដោយព្រហ្មវិហារធម៌ឲ្យបានដូចជាមន្ដ្រីស្ថានទូតការពារពល រដ្ឋរបស់ខ្លួន ។
ដូច្នេះ បើខ្មែរក្រោមទាំងអស់គ្នាចង់បាន “សិទ្ធិម្ចាស់ការ” ឬ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៅលើទឹកដី “កម្ពុជាក្រោម” នោះ យើងជាខ្មែរក្រោមម្នាក់ៗ ត្រូវមានគំនិត “សិទ្ធិម្ចាស់ការ” ឬ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៅលើទឹកចិត្តជាមុនសិន ៕