ពុទ្ធបរិស័ទវត្តព្រះបួនព្រះភ័ក្ត្រ ថា ទុកថវិកាទំនុកបំរុងព្រះសង្ឃរៀនល្អជាង វាយក្លោងទ្វារបូរាណចោល ហើយកសាងថ្មីដែលគ្មានតម្លៃ
ដោយ លី ឈូន
ពុទ្ធបរិស័ទទាំងក្នុងស្រុក និង ក្រៅស្រុក នៃចំណុះវត្ពព្រះបួនព្រះភ័ក្ត្រ ស្ថិតនៅក្នុងស្រុកកំពង់ធំ ខេត្តឃ្លាំងដែលវៀតណាមដាក់ឈ្មោះថ្មីថាសុកត្រាំង (Soc Trang) ដែនដីកម្ពុជាក្រោម មិនពេញចិត្ត ចំពោះ ព្រះចៅអធិការវត្ត ដែលវាយក្លោងទ្វារបូរាណចោល ។ ពុទ្ធបរិស័ទលើកឡើងថា បើទុកថវិកាសម្រាប់កសាងក្លោងទ្វារថ្មី យកទៅទំនុកបំរុងដល់ព្រះសង្ឃរៀនសូត្រវាល្អជាង ។ ការលើកឡើងដូច្នេះ ដោយពុទ្ធបរិស័ទមើលឃើញថា ក្លោងទ្វារបូរាណ ហ្នឹងនៅមាំមួនល្អនៅឡើយ គ្រាន់តែដុសខាត់លាបថ្នាំឡើងវិញ នឹងទៅជាថ្មីហើយ ម្យ៉ាងវិញទៀតវត្តព្រះបួនព្រះភ័ក្ត្រ សាលា កុដិក៏ច្រើន រីឯពុទ្ធបរិស័ទចំណុះជើងវត្តក៏ច្រើន តែមិនមានបើកសាលាពុទ្ធិកសិក្សាសម្រាប់ព្រះសង្ ឃនិង ពុទ្ធបរិស័ទសិក្សារៀនសូត្តឡើយ ។

ពុទ្ធបរិស័ទខ្មែរក្រោមម្នាក់ចំណុះជើងវត្តព្រះបួនព្រះភ័ក្ត្រ សព្វថ្ងៃលោករស់នៅប្រទេសបារាំង គឺលោក ថាច់ ទីទី លោកសម្ដែងការសោកស្ដាយចំពោះព្រះចៅអធិការវត្តព្រះបួនព្រះភ័ក្ត្រ ដែលវាយកំទេចក្លោងទ្វារបុរាណចោល ។ លោកថាក្លោងទ្វារបុរាណដែលមានទំហំផ្ទៃដីប្រហែលជា ៨ ម៉ែត្របួនជ្រុងប្រកបដោយក្បូរក្បាច់រចនាបថខ្មែរនេះ នៅមាំមួននៅឡើយមិនគួរណាព្រះចៅអធិការវត្តព្រះអង្គវាយកំទេចចោលឡើយ។
លោកថាច់ ទីទី ៖ «ព្រះចៅអធិការវត្តព្រះបួនព្រះភ័ក្ត្របានសម្រេចវាយចោល នូវក្លោងទ្វារបុរាណដែលជាកេរមត៌កដូនតាខ្មែរ ខំកសាងមកជាច្រើនឆ្នាំមកហើយ ហើយក្លោងទ្វារវត្តព្រះបួនព្រះភ័ក្ត្រនេះ គ្មានក្លោងទ្វារវត្តណាមួយធ្វើដូចទេ នៅក្នុងខេត្តឃ្លាំងយើងនេះ បងប្អូនដឹងស្រាប់ហើយ មានកំពូលបី ហើយមានដៃ (មុខឈ្នាង) លយទៅមុខ» ។
លោកថាច់ ទី ទី បន្តទៀតថាគួរតែទុកថវិកាសម្រាប់កសាងក្លោងទ្វារថ្មីនេះ យកទៅ ទំនុកបំរុង ដល់ព្រះសង្ឃ ពុទ្ធបរិស័ទសិក្សាល្អជាង ។
ពុទ្ធបរិស័ទខ្មែរក្រោម នៅបារាំងដដែលនេះ លើកឡើងទៀតថា វត្តព្រះបួនព្រះភ័ក្ត្រ កុដិសាលាក៏សំបូរ ពុទ្ធបរិស័ទចំណុះជើងវត្តក៏ច្រើនគួរសមដែរ តែចាប់តាំងពីព្រះចៅអធិការវត្តបច្ចុប្បន្នឡើងគ្រប់គ្រងវត្តមកប្រអង្គមិនដែលបើកសាលាពុទ្ធិកសោះ និងមិនដែលបើកសាលាបង្រៀនភាសាខ្មែរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តឲ្យបានជាប់លាប់ឡើយ ។
លោកថាច់ ទីទី ៖ «លោកបង ថាច់ ប៊ន ជាប្រវត្តិសាស្ត្រតាំងពីណាពីណីមក លោកបង មិនដែលកសាងសម្បត្តិមនុស្សឡើយ ។ កសាងតែវត្ត ហើយវត្តព្រះបួនព្រះភ័ក្ត្រ មានកុដិ សាលាច្រើនណាស់ មានសាលាតាំងពិព័ណ៌រូបភាព សាលាប្រជុំ សាលាទាន និងកុដិ ជាដើម ដែលព្រះសង្ឃគង់នៅមួយរយអង្គក៏គ្រប់ដែរ ហេតុម៉េចក៏លោកបងមិនកសាងមនុស្ស មិនឱ្យលោកចេញទៅរៀន ។ ការកសាងធនធានមនុស្សសំខាន់ណាស់ សង្គមនិមួយ ៗ គេត្រូវការកសាងធនធានមនុស្សសិន កាលណាមនុស្សចេះដឹងច្រើនទើបសង្គម ទើបវត្តអារាមជឿនលឿនបាន» ។
ចំណែកព្រះចៅអធិការវត្ត វត្តភ្នំពេញថ្មីនៅកម្ពុជា ព្រះអង្គធ្លាប់សាងផ្នួសនៅវត្តចំប៉ាដែលនៅជិតនឹងវត្តព្រះបួនព្រះភ័ក្ត្រ ព្រះអង្គបង្ហោះសារ នៅលើបណ្ដាញមព័ត៌សង្គមានរបស់ព្រះអង្គ (វត្តភ្នំពេញថ្មី) ថា៖ ពុទ្ធបរិស័ទខ្មែរក្រោមមួយចំនួន លោកមិនយល់តម្លៃការរៀនសូត្រភាសាខ្មែរ តម្លៃវប្បធម៌ និងតម្លៃវត្ថុបុរាណនោះទេ ។

ដូចជាវត្តចំប៉ារបស់ព្រះអង្គអីចឹង ពេលនេះព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្តនាំគ្នាកាប់ដើមឈើធំ ៗ ដែលមានអាយុកាលជាង ១០០ ឆ្នាំលក់អស់ហើយ ចំណែកសសរ ព្រះវិហារបុរាណ ដែលរុះចេញដើម្បីសាងសង់វិហារថ្មីនោះ ពេលនេះ សសរបូរាណទាំងនោះ ក៏ត្រូវចៅអធិការ និងគណៈកម្មការ អាចារ្យវត្តលក់ឱ្យឈ្មួញវៀតណាមអស់ដែរ ។
វៀតណាមគេយកសសរបូរាណទាំងនោះ ទៅកសាងវត្តគេនៅលើកំពូលភ្នំរួចហើយគេផ្សព្វផ្សាយថា វត្តរបស់គេមានអាយុកាលប្រមាណជាជាង ៥០០ ឆ្នាំហើយ ដោយគេសំអាងទៅនឹងសសរព្រះវិហាររបស់ខ្មែរក្រោម ។
រីឯបុរសខ្មែរក្រោមម្នាក់ទៀត ដែលមានហ្វេសប៊ុកឈ្មោះ ថាច់ ថា (Thach tha) លោកដាក់វិចារថា ៖ រឿងរ៉ាវបបែនេះ មានយូរមកហើយ ហើយនេះ គឺជាល្បិចរបស់អាជ្ញាធរវៀតណាម ខ្ចីខ្មែររដៃដើម្បីលុបបំបាត់មត៌កវប្បធម៌របស់ខ្មែរក្រោមតែប៉ុណ្ណោះ ។
ការលើកឡើងជាបន្តបន្ទាប់មកនេះ គឺបន្ទាប់ពីព្រះចៅអធិការវត្តព្រះបួនព្រះភ័ក្ត្រវាយកម្ទេចចោលនូវក្លោងទ្វារបូរាណ នៃវត្តព្រះបួនព្រះភ័ក្ត្រដែលកសាងឡើងនៅគ្រឹស្តសករាជ ១៩៦៤ ។
ក្លោងទ្វារនេះមានទំហំផ្ទៃដីប្រមាណជា ៨ ម៉ែត្របួនជ្រុង និងមានកម្ពស់ពីផ្ទៃដីដល់កំពូលត្រៃសូល៍ប្រមាណជា ៥ ម៉ែត្រ ប្រកបដោយក្បូរក្បាច់រចនាខ្មែរ លំអដោយចម្លាក់យក្សកាន់ដំបងឈរយាមក្លោងទ្វារ និងចម្លាក់កិន្នរី ចម្លាក់គ្រុឌ ហើយនិងចម្លាក់សិង្ហឱបកំពូលត្រីសូល៍ ស្ថិតនៅក្នុងស្រុកកំពង់ធំ ខេត្តឃ្លាំងដែលវៀតណាមដាក់ឈ្មោះថ្មីថាសុកត្រាំង (Soc Trang) ដែនដីកម្ពុជាក្រោម ។ ក្លោងទ្វារនេះ ត្រូវបានវាយកម្ទេចចោល កាលពីថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ ។
ទាក់ទងនឹងរឿងរ៉ាវទាំងនេះវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ហៅទូរសព្ទទៅកាន់ព្រះចៅអធិការវត្តជាច្រើនសារតែព្រះអង្គមិនទទួលទូរស័ព្ទ ។ ទោះជាយ៉ាងយ៉ាងនេះក្ដី ក៏មានលោកអាចារ្យវត្តព្រះបួនព្រះភ័ក្ត្រមួយរូប សុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់វិទ្យុសម្លេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ថ្មី ៗ នេះ ថា ព្រះចៅអធិការវត្តនេះព្រះអង្គមានៈណាស់ព្រះអង្គមិនស្ដាប់ពុទ្ធបរិស័ទទេ ព្រះអង្គវាយកម្ទេចក្លោងទ្វារបុរាណដោយសំអាងលេសថាក្លោងទ្វារចាស់តូច ទាបពេករថយន្ត ធំ ៗ ដែលមានកំពស់លើសពី ៣ ម៉ែត្រមិនអាចចូលក្នុងទីធ្លាវត្តដើម្បីធ្វើបុណ្យទាននិងទស្សនាវត្តបានឡើយ ។

លោកអាចារ្យអាថ៌កំបាំងម្នាក់នេះ បន្តប្រាប់ដោយភ័យខ្លាចទៀតថា ព្រះចៅអធិការវត្តអង្គនេះមិនត្រឹមតែឃុបឃិតជាមួយឈ្មួញវាយកម្ទេចក្លោងទ្វារវត្តចោលប៉ុណ្ណោះទេ ព្រះអង្គថែមទាំងឃុបឃិតជាមួយឈ្មួញជាមួយអាជ្ញាធរមូលដ្ឋានលក់ផ្ទៃដីស្រះស្រី ដែលជាកេរ្តិ៍ដំណែលវប្បធម៌ដូនតាខ្មែរក្នុងស្រុក កំពង់ធំនេះទៀតផង ។
វត្តព្រះបួនព្រះភ័ក្ត្រ គឺជាវត្តមួយក្នុងចំណោមវត្តទាំង ៩២ វត្តនៃខេត្តឃ្លាំង ។ ឯវត្តដែលអាយុចាស់ជាងគេនៅក្នុងខេត្តឃ្លាំង ទី ១ គឺវត្តប្រាសាទគង់ កសាងនៅគ្រឹស្តសករាជ ១២២៤ ។ ទី ២ គឺវត្តជ្រោយទឹមចាស់ កសាងនៅគ.ស ១៤៦៥ ។ ទី ៣ វត្តពាងសំរិទ្ធិ ១៤៩៥ ។ ទី ៤ វត្តព្រែក គយចាស់ កសាងនៅគ្រឺស្តសករាជ ១៥០២ ។ ទី៥ គឺវត្តឃ្លាំង កសាងនៅគ្រឺស្តសករាជ ១៥៣២ ។ ទី ៦ គឺវត្តបួនព្រះភ័ក្ត្រ កសាងនៅគ្រឹស្តសករាជ ១៥៣៧ ។