វត្ត​វេឡុវ័ន​ ឫស្សីស្រុក

0 630

ដោយ​ ភិក្ខុ​ ចិ​ត្ត​សទ្ធោ​ ថាច់​ ធា​

វត្ត​វេឡុវ័ន​ ឫស្សីស្រុក

​(ព.ស​. ២០៦៩​ – គ.ស​. ១៥២៥​)

វត្ត​វេឡុវ័ន​ ឫស្សីស្រុក​ ជាវ​ត្ត​ពុទ្ធសាសនា​ខ្មែរ​មួយ​ ឋិតនៅ​ដែនដី​កម្ពុជាក្រោម​ ដែល​មាន​អាយុ​ កាល​ជិត​ ៥០០​ ឆ្នាំ​ ។ នេះ​ជាវ​ត្ត​មួយ​ក្នុងចំណោម​វត្តអារាម​ខ្មែរ​ទាំងអស់​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​នូវ​ប្រ​លឹង​ជាតិខ្មែរ​ ដូចជា​ ពុទ្ធសាសនា​ អក្សរ​សាស្រ្ត​ ​វប្បធម៌​ ប្រពៃណី​ និង​ទំនៀមទម្លាប់​ ជាដើម​ ឲ្យបាន​គង់វង្ស​មកដល់​ សព្វថ្ងៃ​ ។

ព្រះវិហារ វត្ត​វេឡុវ័ន​ ឫស្សីស្រុក
ព្រះវិហារ វត្ត​វេឡុវ័ន​ ឫស្សីស្រុក

ពាក្យ​ថា​ “វត្ត​វេឡុវ័ន​ ឫស្សីស្រុក​” កាត់​ជា​ចេញ​ពីរ​ស័ព្ទ​ គឺ​ “វេឡុវ័ន​” មានន័យថា​ “ព្រៃ​ឫស្សី​” ។ ឯពាក្យ​ថា ​“ឫស្សីស្រុក​” ជា​ឈ្មោះ​ភូមិ​មួយ​ឋិតនៅ​ចំ​កណ្ដាល​ផ្នោ​ដែល​សម្បូណ៌​ដោយ​ឫស្សី​ហើយ​ពាក្យ​ “ឫស្សីស្រុក​” នេះ​កាលពីដើម​ឡើយ​គេ​ហៅថា​ “ឫស្សី​ស្រុត​” គឺ​ដោយហេតុ​តែ​ក្នុង​បរិវេណ​វត្ត​ នេះ​ មាន​ឫស្សី​ មួយ​គុម្ព​បាន​ស្រុត​ចុះទៅ​ក្រោម​ដី​បន្តិច​ម្ដង​ៗ ទាល់តែ​បាត់​ចុង​ឫស្សី​នោះ​ ។ អាស្រ័យហេតុ​អស្ចារ្យ​ហ្នឹងហើយ​ទើប​ចាស់​បុរាណ​ដែល​អស់លោក​ជា​អ្នក​កសាង​វត្ត​ ក៏បាន​ដាក់​ ឈ្មោះថា​ “វត្ត​វេឡុវ័ន​ ឫស្សី​ស្រុត​” ។

មួយវិញទៀត​នៅ​ភូមិ​ ឫស្សី​ស្រុត​ គឺ​សម្បូរ​ដោយ​ឫស្សី​គ្រប់​ប្រភេទ​ដែល​បាន​អ្នកភូមិ​ដាំ​ធ្វើជា​របង​ជុំវិញ​ផ្ទះ​នី​មួយ​ៗទៀតផង​ ទើប​ អ្នក​ជំនាន់​ក្រោយ​តែង​សម្គាល់​ហៅថា​ “ឫស្សីស្រុក​” តរៀងមក​ ។ បច្ចុប្បន្ន​ឈ្មោះ​ហៅ​ “ឫស្សីស្រុក​” នេះ​ គឺ​ក្លាយ​ចេញពី​ឈ្មោះ​ដើម​ថា​ “ឫស្សី​ស្រុត​” ។

វត្ត​វេឡុវ័ន​ ឫស្សីស្រុក​ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​ផ្នោ​នៃ​ភូមិ​ឫស្សីស្រុក​ ឃុំ​ឫស្សីស្រុក​ (ផុង​ភូ​), ស្រុក​កំពង់ស្ពាន​ (កូវកែ​), ខេត្ត​ព្រះត្រពាំង​ (ត្រា​វិញ​) ដែនដី​កម្ពុជាក្រោម​ចម្ងាយ​ពីទី​រួម​ខេត្ត​ព្រះត្រពាំង​ ប្រមាណ​ ៤០​ គីឡូ​មែ​ត្រ​ និង​ពីទី​រួម​ស្រុក​ កំពង់ស្ពាន​ ៦ គីឡូ​មែ​ត្រ​ ជាវ​ត្ត​មួយ​ក្នុងចំណោម​ ២២​ វត្ត​នៃ​ស្រុក​កំពង់ស្ពាន​ មាន​អាយុកាល​ ៤៩៥ ឆ្នាំ​ ។ នេះ​បើ​យោង​តាម​សៀវភៅ​សំណេរ​របស់​លោកគ្រូ​ ឡឹម​ សៀ​ (ឆ្នាំ​ ១៩៧០​) និង​ កម្រង​ប្រវត្តិ​វត្ត​វេឡុវ័ន​ ឫស្សីស្រុក​ (ឆ្នាំ​ ២០១៤​) ។

វត្ត​នេះ​ស្ថាបនា​ឡើង​កាលពី​ពុទ្ធសករាជ​ ២០៦៩​ គ្រឹ​ស្ត​សករាជ​ ១៥២៥​ លើ​ផ្ទៃដី​ទំហំ ៦៣,១២០​ ម៉ែត្រ​ការេ​ (m2​) ដី​នេះ​ជា​កេរដំណែល​របស់​លោកតា​ តូច​ លោកយាយ​ ពៅ​ លោកយាយ​ សឺ​ វិញ​ លោកយាយ​ ដែប​ លោកតា​ សំ​ លោកតា​ សេ​កៅ​ មាន​សទ្ធា​ជ្រះថ្លា​ប្រគេន​ព្រះសង្ឃ​ដើម្បី​កសាង​វត្ត​។ ហើយ​មាន​ដីស្រែ​ចំនួន​ ២៦,១៨០​ ម៉ែត្រ​ការេ​ (m2​) ដី​នេះ​ជា​កេរដំណែល​របស់​លោកតា​ សែត​ លោកយាយ​ យ៉ា​ និង​លោ​តា​ សោ​ លោកយាយ​ សោយ ​ព្រមទាំង​លោកតា​ ឡាយ​ លោកយាយ​ ធូ​ បាន​ប្រគេន​វត្ត​ ។ រី​ឯព្រះតេជព្រះគុណ​ដែល​កសាង​វត្ត​នេះ​មុនដំបូង​បំផុង​គឺ​ព្រះនាម​ មាឃ​ ជា​ព្រះចៅ​អធិការ​វត្ត​ ។

ចាប់តាំងពី​វត្ត​បាន​កកើត​ឡើង​រហូត​មក​គឺ​មាន​ព្រះចៅ​អធិការ​ចំនួន​ ១៨​ ជំនាន់​ហើយ​ក្នុង​នោះ​ គឺ​ មាន​ព្រះ​ឧបជ្ឈាយ៍​ ៤ ព្រះអង្គ​ ។

  • ទី​ ១ ព្រះ​ឧបជ្ឈាយ៍​ ព្រះ​មុនី​បុ​ទម​បរម​សត្ថា​វិ​រិយា​ធម្ម​ព្រហ្ម​ត្ថេ​រ ព្រះនាម​ ណឹម​ ប្រសូត​ ព.ស​. ២៣៨១​ គ.ស​. ១៨៣១​ អនិច្ចធម្ម​ ព.ស​. ២៤៦៦​ គ.ស​. ១៩២២​ ក្នុង​ព្រះជន្មាយុ​គម្រប់​ ៨៥​ ព្រះវស្សា​ ។
  • ទី​ ២ ព្រះ​ឧបជ្ឈាយ៍​ ព្រះ​វិ​នយ​ត្ថេ​រ ថា​ច់​ ក្រាញ់​ ប្រសូត​ ព.ស​. ២៤២៩​ គ.ស​. ១៨៨៣​ អនិច្ចធម្ម​ ព.ស​. ២៤៩២​ គ. ស. ១៩៤៦​ ក្នុង​ព្រះជន្មាយុ​គម្រប់​ ៦៣​ ព្រះវស្សា​ ។
  • ទី​ ៣ ព្រះ​ឧបជ្ឈាយ៍​ ព្រះ​បញ្ញា​វិ​នយ​ត្ថេ​រ (វិន័យ​ធម៌​) ថាច់​ ហែម​ ប្រសូត​ ព.ស​. ២៤៣០​ គ.ស​. ១៨៨៦​ អនិច្ចធម្ម​ ព.ស​. ២៥២១​ គ.ស​. ១៩៧៧​ ក្នុង​ព្រះជន្មាយុ​គម្រប់​ ៩១​ ព្រះវស្សា​ ។
  • ទី​ ៤ ព្រះតេជព្រះគុណ​ ព្រះ​ឧបជ្ឈាយ៍​ ព្រះ​ធម្ម​សុ​វណ្ណ​ត្ថេ​រ ថាច់​ ចឿង​ ប្រសូត​ ព.ស​. ២៤៦៣​ គ.ស​. ១៩១៩​ អនិច្ចធម្ម​ ព.ស​. ២៥៤៩​ គ.ស​. ២០០៥​ ក្នុង​ព្រះជន្មាយុ​គម្រប់​ ៨៦​ ព្រះវស្សា​ ។

ក្រៅពីនោះ​នៅ​មាន​អតីត​ព្រះចៅ​អធិការ​វត្ត​ដូចជា​ ព្រះ​ឧបជ្ឈាយ៍​ ធម្ម​ជោ​តោ​ សេន​ ប៊ុ​នសង​ ព្រះ​ គ្រូ​ ធម្ម​ប្ប​ញ្ញោ​ ថាច់​ ធា​ ជាដើម​ ។ បច្ចុប្បន្ន​គឺ​ព្រះតេជព្រះគុណ​ សង្ឃ​នា​ទោ​ ថាច់​ ឡេង​ ជា​ព្រះចៅ​ អធិការ​វត្ត​ ។

ទីតាំង​ភូមិសាស្ត្រ​នៃ​វត្ត​វេឡុវ័ន​ ឫស្សីស្រុក​ គឺ​៖ ទិសខាងលិច​ មាន​ព្រំប្រទល់​ជាប់ នឹង ​វត្ត​ទេព​ឧទ្យាន​ តា​ដេវ ។ ទិសខាងកើត​ មាន​ព្រំប្រទល់​ជាប់ នឹង​វត្ត​ មង្គល​ឧទ្យាន​ កិ​ញ្ឆាង​ ។ ទិសខាងជើង​ មាន​ព្រំប្រទល់​ ជាប់ នឹង​វត្ត​ ពោធិ​វ័ន​ អូរ​សំពៅ​ ។ ទិសខាងត្បូង​ មាន​ព្រំប្រទល់​ជាប់ នឹង​វត្ត​ ជោ​វ័ន​សង្វារ​មាស​ បាត់​ក្រមា​ និង​ វត្ត​ មុនី​រង្សី​ មេ​ពាំង​ ។

ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នា​ពេល​បច្ចុប្បន្ន​ (ឆ្នាំ​ ២០២០​) មាន​ចំនួន​ ៤៧៥គ្រួសារ​ ក្នុង​នោះ​ មាន​ចែកចេញជា​ចំណុះ​វេន​ចំនួន ៧​ វេន​ ឬ ក្រុម​ គឺ​៖ ១ វេន​ក្បាលថ្នល់​, ២ វេន​ភូមិ​ញាតិ​, ៣ វេន​មាត់ស្រះ​ (ខាងត្បូង​វត្ត​), ៤ វេន​ខាងត្បូង​ផ្សារ​, ៥ វេន​ស្នៀត​ (ខាងជើង​ផ្លូវ​), ៦ វេន​វាល​ (ខាងជើង​ព្រែក​), ៧ វេន​ខាងលិច​វត្ត​

ចំណែក​ឯព្រះសង្ឃ​ក្នុង​វត្តមាន​ចំនួន​ ៣០​ អង្គ​ ដែល​មាន​ព្រះតេជព្រះគុណ​ សង្ឃ​នា​ទោ​ ថាច់​ ឡេង​ ជា​ព្រះចៅ​អធិការ​ ព្រះតេជព្រះគុណ​ រតន​ជ្ជោ​តោ​ ថាច់​ សុផល​ ជា​ពហុស្សូត​ស្តាំ​ និង​ ព្រះតេជព្រះគុណ​ ចិ​ត្ត​សទ្ធោ​ ថាច់​ ធា​ ជា​ពហុស្សូត​ឆ្វេង​ ។

ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ មេ​វេន​ និង​ ពុទ្ធបរិស័ទ​ក្នុង​ចំណុះជើងវត្ត​ទាំងមូល​មាន​សាមគ្គីភាព​ យ៉ាង​ល្អ​ ប្រសើរ​ក្នុង​ការប្រតិបត្តិ​តាម​គន្លងធម៌​វិន័យ​នៃ​ព្រះពុទ្ធ​សាសនា​ ។ សមិទ្ធផល​នានា​ក្នុង​វត្ត​រួមមាន​ ព្រះវិហារ​ ព្រះ​ត្រៃ​រតន​សា​នា​ សង្ឃ​និវេសនដ្ឋាន​ សមណ​កុដិ​ សាលា​សម​គ្គី​ រោង​ភត្ត​ បន្ទប់​អនាម័យ​ កុដិ​កន្តាំង​ ព្រះ​ចេតិយ​ និង​ សាលារៀន​ ដោយមាន​ក្បូរក្បាច់​រចនា​បទ​ខ្មែរ​សុទ្ធសាធ​ ជាពិសេស​គឺ​វត្ត​នេះ​ មាន​ទទួល​ បើក​សាលារៀន​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី​ ១ (បាលី​ទី​ ១) និង​ ឆ្នាំទី​ ៤ (បាលី​រង​) ហើយ​មាន​សមណ​-សិស្ស​ យុវ័ន​ យុវតី​សិស្ស​ពី​ ៣០​ ដល់​ ៥០​ អង្គ​ និង​ រូប​ បាន​មន្ត្រី​សង្ឃ​ខេត្ត​ – ស្រុក​ បញ្ជូន​មក​ស្នាក់​រៀន​ជា​រៀងរាល់​ឆ្នាំ​។ ក្រៅពីនោះ​ នៅ​មានបើ​កថ្នាក់​ ប្រជា​ខេមរភាសា​ សម្រាប់​កុមារា​ កុមារី​ និង​ យាយតា​រៀន​ធម៌​តាម​ភូមិ​ ឬ វេន​នី​មួយ​ៗក្នុង​ចំណុះជើងវត្ត​ជាប្រចាំ​ទៀតផង​ ដោយសារ​ ព្រះសង្ឃ​ និង​ គណៈកម្មការ​វត្ត​យល់ឃើញ​ថា​៖ “ការសិក្សា​អប់រំ​ ការ​បណ្ដុះបណ្ដាល​ ថែរក្សា​នូវ​ប្រពៃណី​ ទំនៀមទម្លាប់​ វប្បធម៌​ និង​ សាសនា​ (អរ្យ​ធម៌​ខ្មែរ​) ជាគោល​ដៅ​របស់​ខ្មែរ​គ្រប់រូប​” ៕

រូបភាពខ្លះៗ នៃប្រវត្តិវត្តវេឡុវ័ន-ឫស្សីស្រុក

       

Leave A Reply

Your email address will not be published.