សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ផ្តួច​ផ្តើម​គំនិត​បង្កើត​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​ប្រើប្រាស់​ជុំវិញ​ពិភពលោក

0 313

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ផ្តួចផ្តើម​គំនិត​បង្កើត​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​ប្រើ​ប្រាស់​ជុំវិញ​ពិភពលោក និង​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម ។ តើ​ទង់​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ មាន​អត្ថន័យ​ និង​លក្ខណៈ​សំគាល់​ដូចម្តេចដែរ? ។

ក្រុម​និស្សិត​នាំ​គ្នា​លាត​សន្ធឹង​ទង់​ខ្មែរ​កម្ពុជា​ក្រោម នា​បរិវេណ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​ ១ មិថុនា ឆ្នាំ​ ២០១៤ ។ រូប៖ RFA/Hang Savyouth
ក្រុម​និស្សិត​នាំ​គ្នា​លាត​សន្ធឹង​ទង់​ខ្មែរ​កម្ពុជា​ក្រោម នា​បរិវេណ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​ ១ មិថុនា ឆ្នាំ​ ២០១៤ ។ រូប៖ RFA/Hang Savyouth

ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ជួយថែ​រក្សា​អត្តសញ្ញាណ​ខ្មែរ​ក្រោម ដើម្បី​សំគាល់​ជា​ប្រជាជាតិ​មួយ​រស់​នៅ នៅ​លើទឹកដី​កម្ពុជា​ក្រោម​ ឲ្យ​បាន​គង់​វង្ស​ នៅលើ​​ឆាក​អន្តរជាតិ ។ អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លោក ថាច់ ប្រីជា គឿន លើកឡើង​ថា ខ្មែរក្រោម​មិន​ប្រើ​ប្រាស់​ទង់​ជាតិ​ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រោះ​ខ្មែរ​ក្រោម​ចង់​ឲ្យ​គេ​ស្គាល់​និមិត្តរូបនៃ​អត្តសញ្ញាណ​ខ្មែរ​​កម្ពុជាក្រោម៖ «ជំហាន​ដំបូង​​ហ្នឹងគេ​យើង​បង្កើត​អត្តសញ្ញាណ​របស់​ខ្លួន ដើម្បី​ឲ្យ​ពិភពលោក​ដឹង​ថា យើង​មក​ពី​ទឹកដី​កម្ពុជា​ក្រោម ។ ជាខ្មែរ​ក្រោម ​នៅលើ​ទឹក​ដី​កម្ពុជា​ក្រោម​ហ្នឹង ​ដើម្បី​ឲ្យ​គេ​ស្គាល់ ។ ឥឡូវនេះ ពិភពលោក​កំពុង​ផ្តោត​អារម្មណ៍​ លើ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយខ្លួនឯង តាម​សេចក្តីប្រកាស​របស់​អង្គការ​សហប្រជាជាតិ ។​ ទៅអនាគត​ជា​សិទ្ធិរបស់​ខ្មែរ​ក្រោម ​ថា​ តើ​អាច​បង្កើត​ប្រទេស ឬ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​ជា​ដើម​ហ្នឹង»

ទង់​ជាតិ​កម្ពុជា​ក្រោម ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពីឆ្នាំ ១៩៩២ ក្នុង​មហាសន្និបាត​សកល នៅ​សហរដ្ឋ​អាមេរិក ។ ទង់ជាតិ​កម្ពុជា​ក្រោម មាន​បីឆ្នូត​ ដែល​មាន​ទំហំ​ស្មើគ្នា និង​មាន​បី​ព័ណ៌​ផ្សេងៗ ​គ្នា គឺព័ណ៌ ខៀវ លឿង និងក្រហម ។ ឯកសារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បញ្ជាក់​ថា ឆ្នូត​ព័ណ៌​ខៀវ នៅ​ផ្នែក​ខាង​លើ ជា​និមិត្តរូបនៃ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ ឆ្នូត​ព័ណ៌​លឿង នៅ​ចំកណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរ​ក្រោម​ និង​ឆ្នូត​ព័ណ៌​ក្រហម នៅ​ខាង​ក្រោម បង្ហាញ​ពី​វីរភាព​អង់អាច​ក្លាហាន​របស់វីរ​ជនខ្មែរ​​ក្រោម ដែល​ហ៊ានបូជាជីវិតខ្លួន​ដើម្បី​ជាតិ​រស់ ។​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បង្កើត​ទង់ជាតិ​ខ្មែរ​កម្ពុជាក្រោមនេះ កើតចេញពីទង់ពុទ្ធ​សាសនា ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម ជាអ្នកគោរព​ប្រតិបត្តិតាមពុទ្ធ​សាសនា​ថេរវាទ តាំងពីយូរ​លង់​ណាស់​មក​ហើយ ។

បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​ក្រោម​ ជា​សាធារណៈ​លើ​ឆាក​អន្តរជាតិ ដើម្បី​សំគាល់​ខ្មែរក្រោម ក្នុង​យុទ្ធនាការ​ស្វែង​រក​សិទ្ធិ​ស្វ័យសម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត ។ ​លោក ថាច់ ប្រីជា គឿន អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​ ប្រើ​ប្រាស់​ទង់​ជាតិ​ខ្មែរ​ក្រោម ជា​ជាង​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា ឬវៀតណាម៖ «ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម នៅតាម​គេហដ្ឋាន នៅ​តាម​វត្ត​អារាម​អី​ហ្នឹង​ គួរ​តែ​លើក​ទង់​ជាតិ​របស់​ខ្លួន​ឡើង​ មិន​ត្រូ​វខ្លាច​របប​អាណានិគម​យួនហ្នឹង​មក រំលោភ​សិទ្ធិ​ ​ឬ​បំពាន​អ្វី​មក​លើ​យើង​ទេ ពីព្រោះ​អី​ជា​អត្តសញ្ញាណ​របស់​យើង ចំណែក​ទង់របស់​វៀតណាម​ហ្នឹង ជាទង់​របស់​បរទេស​តែ​ប៉ុណ្ណោះ ។ ​​សូម​អំពាវនាវ​លើក​ទង់​ជាតិ​ នៅ​​​តាម​ផ្ទះ​តូច​ធំ​អី​ក៏​ដោយ យើង​អាច​ធ្វើបាន​តាម​សេរីភាព​របស់​យើង»

បច្ចុប្បន្ន​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​ផ្សព្ធផ្សាយ​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ប្រើប្រាស់​ទង់ជាតិ​ខ្មែរ​ក្រោម ទោះ​បី​ពួកគេ​អាច​ប្រឈម​មុខ​នឹង​ការ​ឃាត់​ខ្លួន​ដាក់​ពន្ធនាគារ​ក៏ដោយ ។​

យុវជន​ខ្មែរ​ក្រោម​លោក យឿង ខាយ ប្រាប់​វិទ្យុអាស៊ីសេរី​ កាលពីថ្ងៃទី ២៤ ខែមេសា​ថា កាល​ពី​ថ្មីៗ​ នេះ​ អាជ្ញាធរ​វៀតណាម បាន​គំរាម​កំហែង​លោក រឿង​លោក​ផ្សព្ធផ្សាយរូបភាព មានទង់ជាតិ​កម្ពុជា​ក្រោម ។​ វៀតណាម​ ចោទ​លោក​ថា ការ​ប្រើប្រាស់​ទង់ជាតិ​ខ្មែរ​ក្រោម ជា​អំពើ​ក្បត់​ជាតិ​ និង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​វៀតណាម៖ «ទង់ជាតិហ្នឹង​ជា​របស់​ខ្មែរ​ក្រោម មិន​មែន​ជា​របស់​សហព័ន្ធទេ ។ បើយើង​ថា ទង់​ជាតិ​ជារបស់​សហព័ន្ធ​គេយក​លេស​ថា យើងឃុបឃិតផ្តួល​រំលំរដ្ឋាភិបាល (វៀតណាម) ក្បាត់​ជាតិ និង​បង្ក​អសន្តិសុខ​ជាតិ​បង»

លោក យឿង ខាយ ត្រូវ​បាន​វៀតណាម​ឃាត់​ខ្លួន ជា​ច្រើន​​​លើកច្រើន​សារ​មក​ហើយ​ ​ដោយ​សារ​តែ​លោក​ ហ៊ាន​បញ្ចេញ​មតិ​ទាមទារ​សិទ្ធិជន​ជាតិ​ដើម ។ លោកថា ខ្មែរក្រោម​ចាំបាច់​ត្រូវតែ​មាន​ទង់ជាតិ​មួយ​ សម្រាប់​ប្រើប្រាស់​ ដើម្បី​សំគាល់​ខ្មែរ​ក្រោម​នៅ​លើ​ទឹក​ដី​កំណើត៖ «បើបាន​ហ្នឹង​យើង​ស្រួលបង ។ យើង​ធ្វើ​ម្ចាស់​ការ​ខ្លួន​ឯង ។ យើង​ជួញ​ដូ​រខ្លួន​ឯង​ ស្រួល​បង»

ទឹកដីខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បារាំង​កាត់​ឲ្យ​វៀតណាម​កាលពី ៧៣ ​ឆ្នាំ​មុន ។ បច្ចុប្បន្ន ខ្មែរ​ក្រោម​ប្រមាណ ៧ លាន​នាក់​កំពុង​រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់នៅ​លើ​ទឹក​ដី​កំណើត ។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ធ្វើ​ទុក្ខបុក​ម្នេញ​ ជារៀង​រាល់​ថ្ងៃ ។ ការ​ធ្វើ​ទុក្ខម្នេញ​ទាំងនោះ​រួមមាន ការបំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិប្រតិបត្តិ​សាសនា សិទ្ធិដី​ធ្លី និង​ការ​លុប​បំបាត់​ប្រវត្តិសាស្រ្តខ្មែរ ។ ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ ត្រូវ​បាន​វៀតណាម​​ ចាប់ដាក់​ពន្ធនាគារ និង​ផាក​ពិន័យ​ដោយ​សារ​តែ ការ​ទាមទារ​ចង់​បាន​សិទ្ធិជា​ជន​ជាតិ​ដើម​ និងដីធ្លី​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ៕

Leave A Reply

Your email address will not be published.