បើ​មិន​ទាន់​អាច​យក​កម្ពុជា​ក្រោម​មក​វិញ តើ​មេដឹកនាំ​កម្ពុជា​ អាច​ជួយ​ខ្មែរ​ក្រោម បាន​ដែរ​ឬ​ទេ?

0 189

ដោយ ជុន ច័ន្ទបុត្រ | RFA Khmer

នារយៈពេល​ចុង​ក្រោយ​នេះ រឿង​រ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​ ត្រូវបាន​អ្នក​នយោបាយ​ប្រឆាំង​ និង​ពលរដ្ឋ​ដែល​ឈឺ​ឆ្អាល​អំពី​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​ បាន​ចេញ​មុខ​បញ្ចេញ​ទស្សនៈ ហើយ​ដែល​ភាគច្រើន​បាន​រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​ថ្មី កាលពី​ថ្ងៃទី ៣ ខែមីនា ព្រមាន​អ្នកចង់​ទៅ​ធ្វើ​សង្រ្គាម​វាយយក​ទឹកដី​កម្ពុជា​ក្រោម​ ពី​វៀតណាម ជាការ​ទៅ​រក​សេចក្តី​ស្លាប់ ។ លោក ហ៊ុន សែន ថែម​ទាំង​បញ្ជាក់​ថា នឹង​ត្រៀ​ម​ក្តារមឈូស សម្រាប់​ដាក់​ខ្មោច​អ្នក​ចង់​ទៅ ទាមទារ​យកទឹក​ដី​ខ្មែរ​ ដែល​បាត់​បង់​ទៅ​វៀតណាម​ នោះ​ទៀត​ផង។ ប៉ុន្តែ​ សំណួរ​នៅ​ត្រង់​ថា បើទោះជា​មិន​ប្រើ​សង្រ្គា​ម​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម ​ពី​វៀតណាម​វិញ ក៏​ដោយ​ចុះ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើអ្វីខ្លះ​បាន​ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជា​ឈាមជ័រ​ជា​ខ្មែរ​ដូច​គ្នា? ។

លោក ហ៊ុន សែន បានថ្លែងនៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ ។ រូប៖ ហ្វេសប៊ុក SMP
លោក ហ៊ុន សែន បានថ្លែងនៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ ។ រូប៖ ហ្វេសប៊ុក SMP

បើ​ទោះជាទឹកដី​កម្ពុជា​ក្រោម ​ត្រូវ​បាន​ជនជាតិ​វៀតណាម​ ចូល​ទន្រ្ទាន​ឈ្លាន​ពាន​កាន់​កាប់​ ពី​ប្រទេស​កម្ពុជា​បន្តិច​ម្តងៗ​ ចាប់​តាំង​ពី​ជាង ៤០០ ឆ្នាំមុន និង​ត្រូវ​បាន​អាណានិគម​បារំាង​ផ្ទេរ​ទៅឱ្យ​វៀតណាម ​ត្រួត​ត្រា​បន្ត​ដោយ​ខុស​ច្បាប់​ នៅ​ឆ្នាំ ១៩៤៩ ក្តី បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​ នៅ​តែ​បន្ត​ជា​ប្រធាន​បទ​រសើប និង​ចំរូងចំរាស់​បំផុត​មួយ​ នៅ​ក្នុង​នយោបាយ​កម្ពុជា និង​ក្នុង​ចំណោម​ពលរដ្ឋខ្មែរ​ ដែល​យក​ចិត្ត​ទុកដាក់​ ពី​ប្រវត្តិសាស្រ្ត​នៃ​ទឹកដី​ខ្មែរ​មួយ​ផ្នែក​នេះ ។

បញ្ហាទឹក​ដី​កម្ពុជា​ក្រោម​ ត្រូវ​បាន​សាធារណជន​លើក​ឡើង​និយាយ​ជា​ថ្មី​ទៀត​ ក្រោយ​ពី​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​រំលឹកពី​ការ​ឆ្លើយតប​របស់​លោក​ទៅ​កាន់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដែល​បាន​ចូល​បញ្ចេញ​ទស្សនៈស្នើ​ឱ្យ​លោក ហ៊ុន សែន លើក​ទ័ព​ចូល​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ស្របពេល​ដែល​សង្រ្គាម​រវាង​ប្រទេសរុស្សី ​(Russia) និង​អ៊ុយក្រែន​ (Ukraine)​ កំពុង​កើត​មាន​ឡើង ។

ជាការ​ឆ្លើយ​តប លោក ហ៊ុន សែន ថា លោកមិន​ទៅ​វាយ​យក​កម្ពុជា​ក្រោម​នោះ​ទេ ហើយ​បើអ្នក​ណា​ពូ​កែ ទៅ​វា​យ​យក​ចុះ លោកជួយ​ចេញ​លុយ​ធ្វើ​បុណ្យ​សព​ទៀត​ផង៖ «មាន​មួយ​នោះ ​មក​ឆ្កុយ​ទៅ​ហ្មង សម្តេច សូម​លើក​ទ័ព​ទៅ​វាយ​យក​កម្ពុជា​ក្រោម ។ ឆ្លើយ​តប​ទៅ​វិញ ទៅ​វាយ​យក​ខ្លួន​ឯង​ទៅ ។ បិះថែម​មួយ​បន្ទាត់​ទៀត ទៅវាយ​ខ្លួន​ឯង​ទៅ ខ្ញុំជួយ​ធ្វើ​ក្តារមឈូស​ និង​កប់​ខ្មោច​ឱ្យ […] អ្នក​ណា​ពូកែ​សូម​អញ្ជើញ​ទៅ ហើយ​ខ្ញុំ​ជួយ​ក្នុង​ការ​ធ្វើ​ក្តារមឈូស​ និង​ជួយ​កប់​ខ្មោច​ឱ្យ ហើយ​រឿង​ហ្នឹង ​ខ្ញុំ​បាន​និយាយ​តាំង​ពី​ឆ្នាំ ៩៥-៩៦ នៅពេល​នោះ​ មាន​ការ​ព្យាយាម​ចង់​ធ្វើ ហើយ​ខ្ញុំ​ប្រកាស​ត្រង់ៗ​ តែ​ម្តង ។ រឿង​អតីត​កាល​វា​បាន​កន្លង​ផុត មិន​ដឹង​ថា​ ផុត​ទៅ​ឯណា​នោះ»

ជាការពិត​ណាស់ នៅក្នុង​គោលនយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា ​ដែល​ជា​គណបក្ស ត្រូវ​បាន​វៀតណាម​ជ្រោមជ្រែង​ឱ្យ​ឡើង​កាន់​អំណាច​ ចាប់​តាំង​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ មិន​ដែល​មាន​និយាយ​អ្វី ​ដែល​ពាក់ព័ន្ធ​នឹង​ការ​សើរើ​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម ឬក៏ជួយ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រ​ង​របស់​រដ្ឋាភិបាល​វៀតណាម​នោះទេ​ បើ​ទោះ​បី​ជា​ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សញ្ជាតិ​របស់​ប្រទេស​កម្ពុជា សុទ្ធ​តែ​ធានា​អំពី​ការ​គាំ​ពាររបស់​រដ្ឋ​ដោយ​គ្រប់​មធ្យោបាយ​ការទូត​ ចំពោះរាល់​ពលរដ្ឋខ្មែរ​ ដែល​កំពុង​រស់​នៅ​ឯ​បរទេស​ក្តី ។

ជាការ​ពិត​ណាស់ បើប្រៀប​ជា​មួយ​ប្រទេស​វៀតណាម ទាំង​ទំហំ​ទឹកដី ទាំង​ចំនួន​ប្រជាជន​ ទំាង​កម្លាំង​សេដ្ឋកិច្ច និង​កម្លាំង​យោធា វាអាច​មិនមែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​កម្ពុជា​នោះ​ទេ ប្រសិន​បើ​ប្រើ​កម្លាំង​ទ័ព​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ។ នេះគេ​នៅ​មិ​ន​ទាន់​និយាយ​ដល់​គោលការណ៍​អន្តរជាតិ ​ដែលមិន​សូវ​ជាលើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​កម្លាំង​យោធា​ដោះស្រាយ​បញ្ហា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ផង​នោះ ។

អ្នកប្រើប្រាស់​បណ្តាញស​ង្គម​ហ្វេសប៊ុក​ (Facebook) ម្នាក់ ​ដែល​បញ្ចេញ​ទស្សនៈឱ្យ​លោក ហ៊ុន សែន លើក​ទ័ព​ទៅវាយ​យក​កម្ពុជា​ក្រោម​នោះ អាច​ប្រហែល​ជា​ចង់​ឌឺដង​ឱ្យ​លោក ហ៊ុន សែន ក៏អាច​ថា​បាន ដោយ​សារ​តែ​លោក ហ៊ុន សែន តាំងតែ​ពី​ដើម​មក ​ហាក់​មិនបាន​យក​ចិត្ត​ទុកដាក់​ពី​រឿង​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​នោះ​ឡើយ ។

ចំណែក​​ពី​ខាង​លោក ហ៊ុន សែន វិញ ដែល​ឆ្លើយតប​ថា បើ​ខ្លាំង​ទៅ​វាយ​យកខ្លួន​ឯង​ទៅ​នោះ ក៏​ហាក់​ជា​ការ​ឌឺដង​ទៅវិញ​ដែរ ។ ក៏ប៉ុន្តែ​ ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន បែប​នេះ ក៏បាន​ទទួល​នូវ​ការ​រិះគន់​មិន​តិច​ដែរ​ទេ​ ដោយ​អ្នក​ខ្លះ​បាន​និយាយ​ចោទ​លោក ហ៊ុន សែន ថា នៅតែជា​អាយ៉ង​របស់​វៀតណាម និង​ជា​មេដឹកនាំ​ខ្មែរ​ ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ទឹកដី​ដូនតា​ ដែល​ត្រូវ​បាន​បរទេស​ដណ្តើម​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង ។

បន្ថែមពី​លើ​នេះ ក៏មាន​មតិខ្លះ​លើក​ឡើង​ថា ក្នុងករណី​នេះ លោក ហ៊ុន សែន គួរ​ជ្រើស​យក​ផ្លូវ​ នៅ​ស្ងៀម​មិន​ឆ្លើយ មិនឆ្លង​ប្រសើរ​ជាង ព្រោះថា ​ការ​ឆ្លើយ​តប​បែប​នេះ វា​មិន​បាន​ចំណេញ​អ្វី ដល់​ផល​ប្រយោជន៍​ជាតិ​ច្រើន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វាហាក់​ដូចជា​ការ​បន្ទុច​បង្អាក់​បំបាក់ស្មារតី​ស្នេហាជាតិ​របស់​មនុស្ស​មួយ​ចំនួន​ ជាពិសេស​ គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​តស៊ូ​មតិ​ ទាមទារ​សិទ្ធិ​សេរីភាព​ នៅ​ដែនដី​កម្ពុជា​ក្រោម និង​ហាក់​បង្ហាញ​នូវភាព​ចុះចាញ់ ឬ​អស់​សង្ឃឹម​ ថា ទឹកដី​កម្ពុជា​ក្រោម​ លែង​មាន​ឱកាស​អាច​ក្លាយ​ជា​របស់​កម្ពុជា​វិញ​ដែរ ។ លើសពី​នេះ ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ក៏ហាក់​ជា​ការ​ចេញ​មុខ​ជួយ​និយាយ​ការពារ​ការ​ទន្រ្ទាន​ទឹកដី​របស់​ជនជាតិ​វៀតណាម​ និង​ហាក់​ចាត់​ទុកថា ការ​លេប​យក​ទឹក​ដី​ខ្មែរ​ដោយ​វៀតណាម ​ជារឿង​ខ្មែរ​មិន​គួរ​សើរើ​ឡើង​វិញ​ដែរ ។

លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​កាល​ពី​ឆ្នាំ ២០១២ ដែល​នៅពេល​នោះ លោក​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ទឹកដី​កម្ពុជា​ក្រោម រួមទាំង​កោះត្រល់​ផង ដែល​ថា កម្ពុជាបាន​បាត់បង់ ហើយ​មិន​អាច​ទាមទារ​យក​មក​វិញ​បាន ក្រៅតែពី​ការពារ​ទឹកដី​ ដែល​មាន​សេសសល់​នៅ​ពេល​បច្ចុប្បន្ន ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក៏នៅ​មាន​មនុស្ស​មួយចំ​នួ​ន​យល់​ឃើញ​ដែរ​ថា កម្ពុជា​គួរ​ចងក្រង​ឯកសារ​ពិនិត្យ​លទ្ធភាព​ប្តឹង​ប្រទេស​វៀតណាម​ ទៅកា​ន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ដើម្បី​សើរើបញ្ហា​ទឹកដី​កម្ពុជា​ក្រោម ​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​ភាគី និង​គ្រប់​និន្នាការ​មាន​ការ​អស់​ចិត្ត ដូច​ដែល សម្តេច​ព្រះ​នរោត្តម​ សីហនុ ធ្លាប់​ធ្វើ​ជាមួយ​ប្រទេស​ថៃ ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​មក​វិញ កាល​ពី​ឆ្នាំ ១៩៦២ ។

ដូច្នេះ ប្រហែល​ជាគេ​អាច​និយាយ​បាន​ថា ការ​ជ្រើសរើស​ផ្លូវ​ប្រើ​កម្លាំង​ទ័ព​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​ ប្រហែល​មិនមែន​ជាជំរើស​ល្អ​នោះ​ទេ ប៉ុន្តែ​ ការ​សាកល្បង​ប្រើប្រាស់​យន្តការ​ប្តឹង​ ផ្តល់​តាម​ច្បាប់​ទៅកាន់​តុលាការ​អន្តរជាតិ សើរើ​រឿង​ទឹកដី​ប្រហែល​អាច​ជាជ​ម្រើស​ដ៏ប្រសើរ​មួយ​ ដើម្បី​តតាំង​ជា​មួយ​ប្រទេស​វៀតណាម​ផង និង​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​ទទួល​យក​បាន​ផង ប្រសិន​បើ​កម្ពុជា​យល់ថា ខ្លួន​មាន​ឯកសារ​រឹងមាំ​អាច​តតាំង​ឈ្នះ​ក្តី​លើ​ប្រទេស​វៀតណាម ។

ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​នេះ ប្រសិន​ទទួល​បាន​ជោគជ័យ​វា​នឹង​ជា​ប្រយោជន៍ ធំធេង​សម្រាប់​ជាតិ តែបើ​មិន​ជោគជ័យ​ទេ ​វាក៏បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា ចំពោះ​ប្រជាជន​និង​ទឹកដី​ខ្មែរ​ ដែល​ត្រូវ​បាន​បរទេស​ឈ្លាន​ពាន​គ្រប់គ្រង​ និង​ក៏​អាច​ជាការ​បំផុស​នូវ​ស្មារ​តី​សាមគ្គី ឯកភាពជាតិ ជាពិសេស​រវាង​ពលរដ្ឋ​ខ្មែរក្រោម និង​មេដឹកនាំ​កម្ពុជា​ផង​ដែរ ។

លោកបណ្ឌិត កែម ឡី កាលនៅ​មាន​ជីវិ​ត​នៅ​ឡើយ ធ្លាប់​លើក​ឡើង​ជា​ហូរ​ហែរ​ថា មាន​កត្តា​ច្រើន​ណាស់​ ដែល​កម្ពុជា​អាចមាន​ប្រៀប​ក្នុង​ការ​ទាមទារ​យកទឹកដី​កម្ពុជា​ក្រោម​នេះ ​ពី​វៀតណាម​មក​វិញ​បាន ។ ជាបន្ត​ទៅទៀ​ត​នេះ គឺជា​ប្រសាសន៍​របស់​លោក​បណ្ឌិតកែម ឡី ដែលធ្លាប់លើក​ឡើង​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី៖ «ធ្វើយ៉ាងម៉េច​ដើម្បី​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ? ខ្ញុំថា​បាន ។ ដោយ​សារ​អី? យើងមាន​ទាំង​កត្តា​នយោបាយ យើង​មាន​ទាំង​កត្តា​ច្បាប់​ យើងមាន​ទាំង​កត្តា​ភូមិសាស្ត្រ​ វិទ្យាសាស្ត្រ ប្រជាសាស្រ្ត ហើយ​កត្តា​វប្បធម៌​ទៅ​ទៀត វត្តអារាម ប្រពៃណិយ៍ ទំនៀមទំលាប់ យើងនៅច្រើនណាស់ ។ គឺយើង​អាច​ប្តឹងផ្តល់​បាន ។ ដូច​ផ្លូវ​ច្បាប់ ​យើង​មាន​ផែនទី​តម្កល់​នៅអង្គការ​សហប្រជាជាតិ​តើ»

ទាក់ទង​នឹងការ​ដែល​សំអាង​ថា វាហួស​ពេល​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ​ ដោយ​សារ​បារាំង​បាន​កាត់​ទឹកដី​នេះ​ប្រគល់​ទៅ​អោយវៀតណាម​រួច​ទៅហើយ​នោះ លោក​បណ្ឌិត កែម ឡី លើក​ឡើង​ថា ទង្វើរបស់​បារាំង​នេះ មិ​ន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ៖ «ញុំគិតថា​ជំនាន់​ហ្នឹង​ គឺ​មាន​ន័យថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រគល់​អោយ​ទេ ។ គឺមាន​ប្រទេស​មួយ​ប្រគល់​អោយ ។ អញ្ចឹង​បើ​សិន​ជា​មាន​ប្រទេស​មួយ​ប្រគល់​អោយ​អញ្ចឹង ខ្ញុំ​អាច​ប្រគល់​អាមេរិក​ហ្នឹង​ទៅ​អោយ​ចិ​ន​បាន​ ហើយ​ចិន​អាច​ទៅ​គ្រប់គ្រង​អាមេរិក​បាន…អត់បាន​ទេ​ទាល់​តែ​អាមេរិក​ហ្នឹង​ប្រគល់​អោយ​ដែរ»

យ៉ាងណា​ក៏​ដោយ​ចុះ មកដល់​ត្រង់​នេះ បើ​ទោះជា​ថា​ទឹកដី​កម្ពុជា​ក្រោម​ នៅ​បន្ត​ឋិតក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​ក្តី រដ្ឋាភិបាល​កម្ពុជា ​ក៏​ប្រហែលជានៅតែ​អាច​ជួយ​ខ្មែរ​ក្រោម​ បាន​ដដែល​ ទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ឡើង​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា និង​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅលើ​ទឹក​ដី​កម្ពុជាក្រោម ​ក្រោមការ​គ្រប់គ្រង​ដោយ​វៀតណាម ។

សម្រាប់​ខ្មែរ​ក្រោម​ឡើង​មក​កម្ពុជា ខ្មែរក្រោម​តែង​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ភាព​ស្រប​ច្បាប់​ ដល់​ពួកគាត់​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​ផ្តល់​ឱកាស​ដល់​ពួកគាត់​កសាង​ជីវិ​ត ​នៅលើទឹក​កម្ពុជា ​ដោយ​គ្មាន​ការ​គំរាម​កំហែង ឬ​បំភិត​បំភ័យ ។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ ឯណោះ​វិញ រដ្ឋាភិបាល​កម្ពុជា ក៏ប្រហែល​ជាអាច​ជួយ​គាំពារ​ពួកគាត់​តាម​រយៈ ការ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ​ឱ្យយក​ចិត្តទុក​ដាក់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដូច​ដែល​វៀតណាម​ ស្នើ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ដូច្នោះ​ដែរ ។ លើស​ពី​នេះ នៅពេល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​ក្រោម​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម រដ្ឋាភិបាលកម្ពុជា ​ក៏​គួរ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ការទូត​ ដើម្បី​ជួយ​ខ្មែរ​ក្រោម​ ផងដែរ ។

លោក​បណ្ឌិត កែម ឡី ក៏ធ្លាប់​លើកឡើង​ពី​ចំនុច​នេះ​ដែ​រ ។ លោក​មាន​ប្រសាសន៍ថា ច្បាប់​អន្តរជាតិ តម្រូវ​អោយ​ប្រទេស​នីមួយៗ​ ការពារ​ជនជាតិ​ដើម​ភាគ​តិច ។ លោកអះអាង​ទៀត​ថា បើ​រដ្ឋាភិបាល​មាន​ឆន្ទៈចង់​ជួយ​ដល់​ខ្មែរ​ក្រោម​មែន បើមិន​អាច​ទាមទារ​យក​មក​ទឹកដី​មក​វិញ​បាន​ ក៏អាច​ទាមទារ​អោយ​ទឹក​ដី​កម្ពុជា​ក្រោម ​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​បាន​ដែរ ។ លោកថា នៅលើ​ពិភពលោក​ មាន​គេ​ធ្វើបែប​នេះ​ ជា​ច្រើន​ករណី​ហើយ​ដែរ៖ «កន្លែង​ហ្នឹង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​ធ្វើ​បាន​ ហើយ​អត់​ខុសពី​ច្បាប់​អន្តរជាតិ​ទេ ។ អោយវៀតណាម​ហ្នឹង​ផ្តល់​ព័ត៌មាន​ជា​ប្រវត្តិសាស្រ្តហ្នឹង​អោយ​បាន​ត្រឹមត្រូវ​ ហើយ​អោយ​វៀតណាម​ហ្នឹង​គោរព​សិទ្ធិ​ជា​មូល​ដ្ឋាន នៅក្នុង​កម្ពុជា​ក្រោម​ហ្នឹង ។ អាហ្នឹង​ក៏​ជា​អាច​ថា​បាន​ដែរ ។ នៅក្នុង​កាលៈទេសៈ​នេះ ខ្ញុំគិតថា​ រដ្ឋាភិបាល​ខ្មែរ​យើង​អាច​ទាញ​ប្រយោជន៍​ច្រើន ។ ប្រសិន​បើ​ ក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​មួយ​ការពារ​ប្រយោជន៍​ជន​ជាតិ​ខ្មែរ​មែន​ ការពារ​ប្រទេស​កម្ពុជា​មែន​ អាច​ចាត់​វិធានការ​អោយវៀតណាម​ហ្នឹង គោរព​សិទ្ធិខ្មែរ​កម្ពុជា​ក្រោម ឬមួយ​ក៏រៀប​ចំ​ធ្វើ​ម៉េច​អោយ​កម្ពុជា​ក្រោម​ជា​ទឹកដី​ខ្មែរ​យើង​ហ្នឹង អោយ​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ ។ រដ្ឋាភិបាល​កម្ពុជា​អាច​ទាមទារ​អាហ្នឹង​បាន ។ បើយើង​មិន​ទាមទារ​ទឹក​ដីមក​វិញ​ ក៏​អាច​ទាមទារ​ជា​រដ្ឋ​ឯករាជ្យ​ ពីព្រោះ​ម៉ូដែល​នៅលើ​ពិភពលោក​ច្រើន ​ដែល​លេច​ចេញ​រូបរាង​ហ្នឹង ពីព្រោះ​ជនជាតិ​ខ្មែរ​យើង​រស់​នៅ​ហ្នឹង​ច្រើន»

ទោះជា​យ៉ាង​ណា រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​បាន​យក​ចិត្តទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​ ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ ដោយ​អាជ្ញាធរ​វៀតណាម​នោះ​ឡើយ ហើយ​គេ​ ក៏មិន​ដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ និយាយ​ជា​សាធារណៈ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម ​ឱ្យ​គិតគូរ​ពី​ខ្មែរ​ក្រោម​ ឬកុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោ​ម​នោះ​ដែរ ។

សរុប​សេចក្តី​មក ដរាប​ណា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅតែ​មិន​ខ្វល់​ខ្វាយ ឬ​ឈឺឆ្អាល​ ពី​ទុក្ខ​លំបាក​របស់​ខ្មែរ​ក្រោម ប្រាកដ​ណាស់ លោក ហ៊ុន សែន នឹង​នៅ​តែ​បន្ត​ទទួល​នូវកា​រ​រិះគន់​ថា ហាក់​កំពុង​បោះបង់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​ជា​ឈាមជ័រ​ខ្មែរ​តែ​មួយ​ចោល និង​ជារដ្ឋាភិបាល​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជនជាតិ​ខ្លួន​រស់​នៅ​ឯ​បរទេស ​ដែល​ការពារ ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏ប្រហែល​ជា​ នៅ​តែ​ត្រូវ​គេ​និ​យាយ ចោទប្រកាន់ថា ជាអាយ៉ង​របស់​វៀតណាម​ ប្រសិន​បើ​លោក​នៅ​តែ​មិន​ហ៊ានលេ​ង​ស្មើ​មុខ​ស្មើមាត់ជា​មួយ​រដ្ឋាភិបាល​វៀតណាម​ ទាក់ទង​នឹង​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម និង​ជា​ពិសេស​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​ក្រោម​ ពីសំណាក់​អាជ្ញាធរ​វៀតណាម ៕

Leave A Reply

Your email address will not be published.