ហេតុអ្វីមនុស្សសុខចិត្តស្លាប់ ដើម្បីសិទ្ធិសេរីភាព

379

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

ចម្លើយ៖ ព្រោះរស់គ្មានសិទ្ធិសេរីភាព ចាញ់ស្លាប់ ។

ធម្មតា​នៃ​ធម្មជាតិ គឺ​មនុ​សស្ស​គ្រប់គ្នា​កើតឡើង​ក្នុង​លោក​នេះ សុទ្ធ​តែមាន​សិទ្ធិ​របស់ខ្លួន​ស្មើគ្នា​ដោយ​ស្វ័យប្រវត្តិ ដែល​ហៅថា​សិទ្ធិមនុស្ស ប្រែ​ថា​សិទ្ធិ​របស់​មនុស្សជាតិ ។ ពោលគឺ​មនុស្ស​គ្រប់ ៗ គ្នា ត្រូវមាន​សិទ្ធិ​ស្មើ ៗ គ្នា​ក្នុង​ការរស់នៅ ការស្វែងរក​ទ្រព្យសម្បត្តិ ការការពារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​របស់ខ្លួន ជាដើម ប៉ុន្តែ​មនុស្ស​មិន​ត្រូវមាន​សិទ្ធិ​កាប់សម្លាប់ សិទ្ធិ​រឹត​ត្បឹ​ត សិទ្ធិ​លួច​ប្លន់ សិទ្ធិ​រំលោភបំពាន​លើ​កម្មសិទ្ធិ​របស់​មនុស្ស ផង​គ្នា​ឡើយ ។​

​ពោល​ដោយ​សង្ខេប​ឲ្យ​ត្រង់​សេចក្តី​សំខាន់បំផុត​បន្ទាប់​សិទ្ធិ​ក្នុង​ការរស់នៅ គឺ​សិទ្ធិ​ក្នុង​ការគិត ក្នុងការ​និយាយ ក្នុង​ការធ្វើ ដើម្បី​សម្រេច​ជា​ផលប្រយោជន៍​ក្រោម​ក្រមសីលធម៌ ពោលគឺ​បើ​បាន​ជីវិត​រស់នៅ​ហើយ ត្រូវតែ​ទាមទារ​ឲ្យ​មាន​សិទ្ធិ​ក្នុង​ការគិត ការធ្វើ ការនិយាយ​ជាការ​ចាំបាច់​ដ៏​ចម្បង ព្រោះ​មនុស្ស​មិនអាច​រស់នៅ​បាន​ដោយ​សុខសាន្តត្រាណ​ក្នុងស្ថានភាព​បង្ខំ​ឲ្យ​ពុត​ធ្វើជា​ថ្លង់ ធ្វើ​ជាគ ធ្វើជា​ពិការ​ទាំង​មាន​ខួរក្បាល មាន​មាត់ មាន​ដៃជើង​កាយសម្បទា​ល្អ​មាំមួន​ជា​រៀងរហូត​បាន​បានឡើយ ។ ដើម្បី​ធានា​ឲ្យ​មនុស្ស​រស់នៅ​ក្នុងសង្គម​មួយ​ជាមួយគ្នា​ប្រកបដោយ​សេចក្តីសុខសាន្ត សន្តិសុខ ត្រូវមាន​ច្បាប់​បើក​ឲ្យ​មនុ​ស្សមាន​សិទ្ធិ ប៉ុន្តែ​សិទ្ធិ​នេះ​គេ​នៅតែ​មិនអាច​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​បានទេ ប្រសិនបើ​គ្មាន​សេរីភាព​ក្នុងការ​អនុវត្តន៍​នោះ ។ ទើប​ពាក្យ​ថា​សិទ្ធិ​នេះ​ត្រូវ​ដើរ​ជា​គូ​ទន្ទឹមគ្នា​នឹង​ពាក្យ​ថា សេរីភាព គឺ​សិទ្ធិសេរីភាព​, ព្រោះហេតុនោះ​បានជា​មនុស្ស​គ្រប់គ្នា​មានការ​ស្រេកឃ្លាន ទាមទារ ត្រូវការ​ចង់បាន​សេរីភាព លើសលែង​ជាង​អាហារ​និង​អ្វី ៗ ទាំងអស់ ដើម្បី​ឈោង​ឈានទៅរក​សម្រេច​សិទ្ធិ​របស់ខ្លួន​ក្នុងការ​និយាយស្តី រិះគន់ បញ្ចេញមតិ ផ្តល់យោបល់ ក្នុងការ​គិតគូរ ត្រិះរិះ ពិចារណា ពិនិត្យពិច័យ ក្នុងការ​ប្រកបការងា​រ បំពេញ​សកម្មភាព អនុវត្ត​ផែនការ​ណា​ដែល​សមស្រប​ហើយ​ត្រូវបាន​ធានា​ដោយ​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន ។​

​ទំព័រ​ប្រវត្តិសាស្ត្រ​សកលលោក​បាន​ប្រាប់​យើង​ឲ្យ​ដឹងថា តាំងពី​បុរាណ​រៀងមក​សិទ្ធិសេរីភាព​របស់​មនុស្ស​តែងតែ​កើតមានឡើង​ដោយ​ការតស៊ូ​ព្យាយាម និង​ប្រាជ្ញា​របស់​មនុស្ស មិនមែន​របស់​ទេពតា ឥន្ទ ព្រហ្ម ឬ​អាទិទេព​ទេ ។ បុព្វហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ហ៊ាន​លះបង់​ទាំង​ជីវិត និង​អ្វី ៗ គ្រប់យ៉ាង ដើម្បី​សិទ្ធិសេរីភាព ក៏​ព្រោះតែ​ការ​មានជីវិត​រស់នៅ​គ្មាន​សេរីភាព ទាប​ជាង​ការស្លាប់​បង់ជីវិត ។​

​ទោះបី​សង្គម​ណាក៏ដោយ កាលបើ​មនុស្ស​ត្រូវគេ​គាបសង្កត់​រឹតត្បិត​សេរីភាព ដោយ​ហាម​មិន​ឲ្យ​មនុស្ស​ក្នុងសង្គម​ប្រើ​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិយោបល់ គិតគូរ អនុវត្ត​ជាក់ស្តែង ឲ្យ​គ្រប់គ្រាន់​ពេញលេញ​ទេ សង្គមមនុស្ស​នោះ​ឈ្មោះថា​សង្គម​គ្មាន​សិទ្ធិសេរីភាព ជា​ធុន​សង្គម​ដែល​មនុស្ស​គ្រប់គ្នា​ស្អប់ខ្ពើម​បំផុត ដែល​គេ​តែងតែ​រើបម្រះ បដិវត្តន៍​ដើម្បី​ផ្លាស់ប្តូរ ឬ​ដល់​ថ្នាក់​គេ​បន់ដាក់​បណ្តាសា​ជន​រឹតត្បិត​សិទ្ធិសេរីភាព (​ជន​ផ្តាច់ការ​) នោះ​ឲ្យ​វិនាស​ហិនហោច ឬក៏​គេ​ធ្វើបុណ្យ​បញ្ចៀស​កុំ​ឲ្យ​ជួប​គ្រប់ ៗ ជាតិ គឺ​គេ​ខ្លាច​សង្គម​ដែល​គ្មាន​សិទ្ធិសេរីភាព ដូចជា​ខ្លាច​ធ្លាក់​នរក ។ ប្រែ​ថា​សង្គម​ដែល​មនុស្ស​រស់នៅ​គ្មាន​សិទ្ធិសេរីភាព​ប្រៀបដូចជា​ឋាននរក ជា​សង្គម​ទឹកភ្នែក ហែកហួរ អាប់ឱន ជា​សង្គម​គ្មាន​ការអភិវឌ្ឍន៍ គ្មាន​ការ​ជឿនលឿន គ្មាន​ក្តី​រីកចម្រើន​លូតលាស់​ទាន់សម័យ​នឹង​គេ រីក​រាលដាល​តែ​ជំងឺ​លាប​ពណ៌​គ្នីគ្នា ខ្សោយ​ខាង​យកឈ្នះ​សត្រូវ តែ​ពូកែ​ខាង​យកឈ្នះ​គ្នី​គ្នាឯង​ដោយ​អសីលធម៌ ជា​សង្គម​ពុកផុយ​ស្អុយរលួយ​ដែល​សម្បូរ​ដោយ​ជនពាល​អាង​កម្លាំងបាយ មិន​អាង​កម្លាំង​ប្រាជ្ញ អាង​កម្លាំង​បាប មិន​អាង​កម្លាំង​បុណ្យ ជា​ធុន​មនុស្ស​ឡើងចាង​ស៊ី​ជោរ អួតអាង ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម ឬ​ដូច​គីង្គក់​ក្នុង​ថ្លុក​ជើងគោ​អួត​គេ​ថា​អញ​គ្រាន់តែ​សង្កៀត​ធ្មេញ​ភ្លាម​មហាមេឃ​ត្រូវតែ​ញាប់​ញ័រ​ផ្គរលាន់​គ្រហឹម​ក្ឌូង ៗ ផ្លេកបន្ទោរ​ប្លៀ​ក ៗ ច្រាល​រន្ទាល រន្ទះ​ក្ឌុង​ក្ឌាំង​កក្រើករំពើក​រំជើបរ​ញ្ជួ​យ​ជ្រួលច្របល់​កួច​កើតជា​ខ្យល់​ព្យុះភ្លៀង​តាមចិត្ត ។ តែបើ​តាម​ការពិត​គ្រាន់តែ​ជា​គីង្គក់​ដែល​គេ​តែងតែ​ដើរ​ចាប់​ច្រក​ត្រក​ធ្វើជា​អាហារ​ក្រោយពី​ពេល​រាំងភ្លៀង​ព្រោះតែ​អំណួត​ភ្លេចខ្លួន​នោះ​សោះ ។ ការណ៍​នេះ​ព្រោះ​អ្វី​? ព្រោះតែ​មនុស្ស​ក្នុងសង្គម​បែបនេះ​មិនមាន​ការអភិវឌ្ឍន៍ និង​មិន​ចូលចិត្ត​ការអភិវឌ្ឍន៍ ហើយ​តែងតែមាន​ជំងឺ​ទើស​ទាស់​ស្អប់​ច្រណែន​នឹង​មនុស្ស​ដែលមាន​ការអភិវឌ្ឍន៍ ចាត់ទុក​ធុន​មនុស្ស​ដែលមាន​ការអភិវឌ្ឍន៍​ជា​ឆ្អឹង​ទទឹង​ក ជា​បន្លា​ក្នុង​ភ្នែក​ដែល​ត្រូវតែ​ខ្វេះ​និង​ឆ្កឹះឆ្កៀល​ចេញ​ឲ្យ​ត្រាតែ​បាន ដោយ​ប្រើល្បិច​កលោបាយ​ថោកទាប​គ្រប់​ធុន ដើម្បី​កម្ចាត់​ធនធានមនុស្ស​ដែល​ទទួលបាន​ការអភិវឌ្ឍ​ន៍​ហើយ​នោះ ចេញពី​កែវភ្នែក​របស់ខ្លួន ។​

​ក្នុង​លោក​នេះ​គ្មាន​មនុ​ស្សណា​ម្នាក់​រស់នៅ​ក្រៅសង្គម​ទេ ។ ទីណា​មាន​មនុស្ស​រស់នៅ​តាំងពី​ពីរ​នាក់​ឡើងទៅ ទីនោះ​ហៅថា សង្គម ។ រាល់​សង្គម​តែងមាន​ច្បាប់​បញ្ញត្តិ​និង​អនុញ្ញាត​ដើម្បី​ពង្រឹងពង្រីក ការពារ អភិវឌ្ឍន៍​ឲ្យ​មាន​ស្ថិរភាព និង​វឌ្ឍនភាព ។ ទន្ទឹមនឹងនោះ​ក៏​គ្មាន​ច្បាប់​សុចរិត​ណាមួយ​បញ្ញត្តិ​ឡើង​ដើម្បី​បិទ​សិទ្ធិសេរីភាព​ឡើយ មានតែ​បញ្ញត្តិ​ឡើង​ដើម្បី​បើក​ពង្រីក​សិទ្ធិសេរីភាព​ឲ្យ​ទូលំទូលាយ​និង​ការពារ​នូវ​សិទ្ធិសេរីភាព​របស់​មនុស្ស​ក្នុងសង្គម​ឲ្យ​បាន​ឋិតថេរ ។ តែ​ផ្ទុយទៅវិញ​ក៏​គ្មាន​ច្បាប់​ទុច្ចរិត​ណាមួយ​បញ្ញត្តិ​ឡើង​ដើម្បី​បើកទូលាយ​និង​ការពារ​សិទ្ធិសេរីភាព​ដែរ មានតែ​បញ្ញត្តិ​ឡើង​ដើម្បី​បិទ​សិទ្ធិសេរីភាព​របស់​មនុស្ស​ក្នុងសង្គម​តែប៉ុណ្ណោះ ។ ច្បាប់​បែបនេះ​កើតចេញពី​ខួរក្បាល​មនុស្ស​ទុច្ចរិត បង្កើតឡើង​ដើម្បី​ស្វែង​រកតែ​ផលប្រយោជន៍​សម្រាប់​ខ្លួន និង​បក្សពួក មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​មនុស្ស​ក្នុងសង្គម ។​

​សង្គម​ដែល​អាច​រីកចម្រើន​ទៅបាន លុះត្រាតែ​មនុស្ស​គ្រប់គ្នា​ក្នុងសង្គម​មាន​សេរីភាព​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុង​ការគិត ក្នុងការ​និយាយ ក្នុង​ការធ្វើ​ដើម្បី​ចូលរួម​កសាង​ស្ថាបនា​សង្គម ការពារ​សង្គម លើកស្ទួយ​សង្គម​ឲ្យ​ប្រសើរ កុំ​ឲ្យ​សង្គម​ថោក​ថយ ទន់ទាប ហើយ​ប្រសិនបើ​គ្មាន​សេរីភាព​ដើម្បី​ប្រើ​សិទ្ធិ​របស់ខ្លួន​ទេ ត្រូវ​ឲ្យ​ចេះ​តស៊ូ​ទាមទារ​ស្វែងរក​ឲ្យ​ត្រាតែ​បាន ព្រោះថា​មនុស្ស​ត្រូវតែមាន​សិទ្ធិសេរីភាព​ជាដាច់ខាត ។​

​ខ្មែរក្រោម​ក៏ដូចជា​សកល​មនុស្ស​ក្នុង​សកលលោក​នេះដែរ សុទ្ធតែ​ត្រូវការ​សេរីភាព ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុង​ការគិត ការនិយាយ ការធ្វើ ដើម្បី​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ។ ហេតុ​ដូច្នោះ​ខ្មែរក្រោម​ត្រូវតែ​រួបរួមសាមគ្គី​គ្នា​តស៊ូ​មតិ​ដោយ​អហិង្សា​លើ​ឆាក​អន្តរជាតិ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង លើ​ទឹកដី​របស់​ខ្លួនឯង ឲ្យ​ត្រា​បាន ៕​

……………………………………………………………………………………………………………………..

ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
អតីតសាស្ត្រាចារ្យ នៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅទីក្រុងព្រែកឫស្សី និង
ជាអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម
ចូលរួម​ផ្តល់​យោបល់​តាមរយៈ tranthachdung9@gmail.com

Comments are closed.