អ្នកស្រី ឡឹម លី​ណា ចង់​កសាង​សង្គម​ខ្មែរក្រោម​ឲ្យ​កាន់តែខ្លាំង​ឡើង​

0 652

ដោយ ថាច់ វឿ​ង​

​អ្នកស្រី ឡឹម លី​ណា ជា​ខ្មែរក្រោម​ដែលមាន​ដើមកំណើត​មកពី​ខេត្ត​ឃ្លាំង នៃ​ដែនដី​កម្ពុជា ក្រោម និង​ស្វាមី​របស់គាត់​គឺ លោក Chris Larsen ជា​ជនជាតិ​អាមេរិក និង​ជា​ម្ចាស់​ក្រុម ហ៊ុន​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក កំពុងតែ​រៀបចំ​ដំណើរ​ការកសាង​វត្ត​មួយ​នៅ​ទីក្រុង San Jose រដ្ឋ California ដើម្បី​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណីជាតិ និង​សាសនា ព្រមទាំង​ជាទី សម្រាប់​ផ្សព្វផ្សាយ​ពុទ្ធសាសនា និង វប្បធម៌​ខ្មែរ ផងដែរ ។

Lyna Lam stands at the future home of the Khmer Krom Buddhist temple. Tomas Ovalle
Lyna Lam stands at the future home of the Khmer Krom Buddhist temple. Tomas Ovalle

​យោងតាម ទស្សនាវដ្ដី Silicon Valley Business Journal ចុះផ្សាយ​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកស្រី ឡឹម លី​ណា បានបញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​គ្រួសារ​អ្នក ស្រី​សម្រេច​កសាង​វត្ត​មួយ​ដែលមាន​ឈ្មោះ “​វត្ត​កម្ពុជា​ក្រោម​” ថា “​វត្ត​អារាម​មាន​សារៈ សំខាន់​ខ្លាំងណាស់​សម្រាប់​សហគម​ន៍ ជាពិសេស សម្រាប់​មនុស្ស​ចាស់ៗ ។ ពួកគាត់​នាំគ្នា ទៅ​វត្ត​ដើម្បី​ជួបជុំគ្នា និង​ឧបត្ថម្ភ​ដល់​វត្ត​” ។ ដូច្នេះ ទើប​គ្រួសារ​អ្នកស្រី លី​ណា “​ចង់​កសាង​វត្ត មួយ​ឲ្យ​បាន​សមរម្យ ស្រស់ស្អាត និង​ជាទី​ស្ងប់​ស​ម្ងា​ប់​សម្រាប់​សហគមន៍ ដែល​ពួកគាត់ អាច​ប្រតិបត្តិ​តាម​មាគ៌ា​សាសនា និង​រក្សា​ប្រពៃណីជាតិ និង​វប្បធម៌​ខ្មែរ​ឲ្យ​បាន​រឹងមាំ និង​គង់វង្ស ដូច​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់ថា ខ្មែរ​ជា​ជាតិ​សាសន៍​មួយ​ដ៏​រុងរឿង ។​

​យោងតាម​ទស្សនាវដ្ដី​ដដែល អ្នកស្រី ឡឹម លី​ណា បាន​បន្តទៀតថា អ្នកស្រី​ចង់​មាន​កន្លែង មួយ​ដែល​ធ្វើ​ឪ្យ​សហគមន៍​របស់ខ្លួន​មាន​មោទនភាព​ទៅលើ​វត្ត​នេះ និង​ថា វត្ត​គឺជា​មូលដ្ឋាន គ្រឹះ​នៃ​សង្គមជាតិ​របស់​ខ្មែរក្រោម ។​

​អ្នកស្រី​បាន​បន្តទៀតថា មិន​ត្រឹមតែ​កសាង​វត្ត​អារាម​មួយ​មុខ​ប៉ុណ្ណោះ​ទេ អ្នកស្រី​គ្រោង​នឹង កសាង​សង្គម​ខ្មែរក្រោម​តាម​វិធី​ជាច្រើន​ទៀត ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ឲ្យ​សង្គមជាតិ ខ្មែរក្រោម​ទាំងមូល​កាន់តែខ្លាំង​ឡើង ដូចជា “​ជួយ​ដល់​វិស័យ​សិក្សាអប់រំ ផ្ដល់ប្រាក់​កម្ចី សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជួយ​ដល់​សហគមន៍​ឲ្យ​បាន​ឈានទៅ រក​វឌ្ឍនភាព និង​រុងរឿង​” ។​

​វត្ត​ដែល​គ្រួសារ អ្នកស្រី ឡឹម លី​ណា កំពុងតែ​រៀបចំ​កសាង​នោះ មាន​ឈ្មោះថា “​វត្ត​កម្ពុជា ក្រោម​” ដែល​គ្រោង​នឹង​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ២ ហិ​ក​គើ នៅ​ទីក្រុង San Jose រដ្ឋ California ។ ផែនការ​កសាង​វត្ត​នេះ បានចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១៨ មកម្ល៉េះ ។​

​ព្រះតេជព្រះគុណ ថាច់ តី ជា​ព្រះសង្ឃ​ខ្មែរក្រោម និមន្ត​មកពី​វត្ត​ព្រែក​ពិន្ទង ខេត្ត​ឃ្លាំង សព្វថ្ងៃ គង់នៅ​វត្ត​ពុទ្ធឃោសាចារ្យ នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បាន​មាន​ថេរ​ដីកា​ចាប់អារម្មណ៍​ចំពោះ​ការកសាង “​វត្ត​កម្ពុជា​ក្រោម​” នេះ​ថា ព្រះអង្គ​មាន មោទនភាព​ដែល​បានឃើញ​គ្រួសារ អ្នកស្រី លី​ណា មាន​សទ្ធា​ជ្រះថ្លា​កសាង​វត្ត​អារាម ដើម្បី ទុកជា​សម្បត្តិ​ជាតិ និង​ពុទ្ធសាសនា ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​សុន្ទរ៍ទាន និង​រក្សា​ប្រពៃណី ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស ព្រមទាំង​ផ្សព្វផ្សាយ​នូ​វក​ត្តិ​នាម​ខ្មែរក្រោម​ឲ្យ​បរទេស​បានដឹង​នៅលើ ទឹកដី​សហរដ្ឋអាមេរិក ។​

អ្នកស្រី ឡឹម លី​ណា និងសមាជិកសហគមន៍ខ្មែរ នៅ​ទីក្រុង San Jose រដ្ឋ California ។ រូបផ្តល់ឲ្យ
អ្នកស្រី ឡឹម លី​ណា និងសមាជិកសហគមន៍ខ្មែរ នៅ​ទីក្រុង San Jose រដ្ឋ California ។ រូបផ្តល់ឲ្យ

​អ្នកស្រី ឡឹម លី​ណា ឆ្នាំនេះ​អាយុ ៤៩ បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​របស់ខ្លួន​ប្រាប់ ទស្សនាវដ្ដី The Silicon Valley Business Journal ថា អ្នកស្រី​បាន​ភៀសខ្លួន​ជាមួយនឹង​ម្ដាយ​ឪពុក ចេញពី​ដែនដី​កម្ពុជា​ក្រោម មក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​អ្នកស្រី​មាន​អាយុ ១៤ ឆ្នាំ ម្ល៉េះ ។ ដំបូង​ឡើយ គ្រួសារ​អ្នកស្រី​បាន​ភៀសខ្លួន​ចេញពី​កម្ពុជា​ក្រោម ទៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ១៩៧៩ ពេលដែល​របប​ខ្មែរក្រហម​ទើប​ដួលរលំ​ភ្លាម ។ បន្ទាប់មក បាន​ភៀសខ្លួន​ទៅ នៅក្នុង​ជំរុំ​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​អស់ ២ ឆ្នាំ និង​ក្រោយមកទៀត បាន​ទៅ​នៅ​ប្រទេស ហ្វីលីពីន​អស់ ៩ ខែ មុនពេល​បានមក​រស់នៅ​សហរដ្ឋអាមេរិក នា​ចុងឆ្នាំ ១៩៨៣ ។

​អ្នកស្រី​បាន​បន្តថា ក្នុង​ដំណើរ​ឆ្លងដែន​ពី​ដែនដី​កម្ពុជា​ក្រោម មកដល់​សហរដ្ឋអាមេរិក​នេះ អ្នកស្រី និង​គ្រួសារ​ត្រូវ​ប្រឈម​នឹង​ឧ​ប​ស័គ្គ​ជាច្រើន​រាប់មិនអស់ ។​

​ក្រៅពី​កំពុង​រៀបចំ​កសាង​វត្ត​អារាម​ខាងលើ អ្នកស្រី លី​ណា និង​ស្វាមី​តែងតែ​ចំណាយ​ទ្រព្យ របស់ខ្លួន​បរិច្ចាគ​ដល់​សង្គម​នានា​ជាច្រើន​នៅ​សហរដ្ឋអាមេរិក និង​នៅក្រៅ​ប្រទេស ក្នុងនោះ មាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ២៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ឧបត្ថម្ភ​ដល់ សាកលវិទ្យាល័យ​សេដ្ឋកិច្ច San Francisco ក្នុង​ឆ្នាំ ២០១៩ ផងដែរ ។​

​នៅ​ថៃ្ង​ទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅពេលដែល សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម នៅ​ទីក្រុង San Jose រដ្ឋ California បានរៀបចំ​ពិធី​អប់អរសាទរ ខួប ១១ ឆ្នាំ ថៃ្ង​ដែល​អង្គការ​សហ​ប្រជា​តិ ប្រកាស​ទទួលស្គាល់ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិ​ទិ្ធ​ជនជាតិដើម ក្រុមគ្រួសារ​អ្នកស្រី ឡឹម លី​ណា ដែលមាន​លោកតា ឡឹម វ៉ាង ជា​ឪពុក ក៏បាន​បរិចាគ​ថវិកា​ចំនួន មួយ​ម៉ឺន​ដុល្លារ $10,000.00 ដើម្បី​ជួយឧបត្ថម្ភ​សកម្មភាព​របស់ សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម ដែល​កំពុងតែ តស៊ូ​មតិ​ទាមទារ “​សិ​ទិ្ធ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅ​ឆាក​អន្តរជាតិ​ជូន​ពលរដ្ឋ ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ៕

Leave A Reply

Your email address will not be published.