ដោយ សឺង សម្រេច | VOKK
កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១២ កន្លងទៅហើយថ្មីៗនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ បានបោះឆ្នោះតបដិសេធមិនទទួលស្គាល់ការសុំចូលជាសមាជិក នៃក្រុមប្រឹក្សានេះ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាការប្តូរឥរិយាបទរបស់ គណៈកម្មការក្រុមប្រឹក្សានេះ ពីការដែលបានទទួលស្គាល់ (Granted) ឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ ដោយសារការប្រឆាំងជំទាស់យ៉ាងខ្លាំង របស់តំណាងរដ្ឋាភិបាល នៃប្រទេសសា ធារណរដ្ឋសង្គម និយមយៀតណាម ។ ការបដិសេធ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ចនៃអង្គការសហប្រជាជាតិនេះបានធ្វើឱ្យមជ្ឈដ្ឋាននានា មានយោ បល់ និងមានកង្វល់ខុសៗពីគ្នា ។

ក្នុងការជំទាស់នោះវៀតណាម មានលោក ឡេ ហ្វាយ ត្រុង ជាតំណាង បានលើកយកប្រការមួយចំនួន ដែលទាក់ទងទៅ និងស្ថានភាពនៃការរស់នៅរបស់ខ្មែរក្រោម នឹងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មកលាតត្រដាង ដើម្បីជាលេសក្នុងការសុំអំពាវនាវឱ្យអង្គការសេដ្ឋកិច្ច និងសង្គមកិច្ចនេះបដិសេធ ការស្នើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយបានបញ្ចុះបញ្ចូលបណ្ដាប្រទេសមួយចំនួន ឱ្យគាំទ្រញត្តិជំទាស់របស់វៀណាម ។ ក្នុងការលើកឡើងនោះ មានចំណុចមួយវៀតណាមបាននិយាយថា “មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រើពាក្យ សៀម ឬ យួន ក្នុងន័យមើលងាយដល់ប្រជាជាតិទាំងពីរនេះ” ។ មិនតែប៉ុណ្ណោះ អ្នកការទូតយួនរូបនេះ បានភ្ជាប់ការប្រើពាក្យថា ‹‹យួន›› នេះរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅនឹងអ្នកដឹកនាំខ្មែរកុម្មុយនិស្តមាន ប៉ុល ពត ជាដើម ដែលធ្លាប់តែប្រើប្រាស ជាលេសក្នុងការឈ្លានពានប្រទេសវៀតណាម និងជាប់ទោស ក្នុងការសម្លាប់ជនស្លូតត្រង់ យៀតណាមក្នុងអម្លង់ ឆ្នាំ ១៩៧៧-១៩៧៩› ។ រឿងកាប់សម្លាប់មនុស្សនៅ ប្រទេសកម្ពុជាកាលពីជាង ៣០ ឆ្នាំមុននោះ ឥឡូវនេះ កំពុងតែត្រូវបានតុលា ការអន្តរជាតិធ្វើការ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ហើយសង្ឃឹមថាតុលាការនេះ នឹងមានសុភវិនិច្ឆ័យក្នុងការរកយុត្តិ ធម៌នេះ ។ រីឯរឿងពាក្យថា ‹‹យួន›› នោះវិញ សូមទុកឱ្យភាសាវិទូជាអ្នកមាន ជំនាញ ខាងផ្នែកភាសាលោកពន្យល់ ចុះ ។ (១)
ចំណែកខ្ញុំវិញ ធ្លាប់តែប្រើពាក្យថា ‹‹យួន›› នេះតាំងតែពីពេលដែលចេះនិយាយមកម្ល៉េះ ព្រោះនៅឯស្រុកខ្ញុំ គឺខែត្រព្រះត្រពាំងយួនដូរ ទៅជាត្រាយិញ រួចទៅជាវិញបិញ – ទៅជាគីវឡុង រួចមកជាត្រាវិញដដែល នៅពេលបច្ចុប្បន្ននេះ ពុំដែលមាននរណាម្នាក់ហៅជនជាតិយួនថាយៀតណាម ឬវៀតណាម ទេ ព្រោះពាក្យថា ‹‹យៀតណាម›› នេះគេប្រើសម្រាប់ហៅប្រទេសនេះ គឺគេហៅថា ប្រទេសយៀតណាមតាមសំ នៀងអ្នកនៅយៀតណាមខាងត្បូង ។
ជនជាតិយួនជានរណា ?
ក្នុងឯកសារពុំឃើញ មានចែងអំពីជនជាតិយៀតណាមទេ ។ កាលពីប្រទេសវៀតណាមបែកបាក់ជាពីរសាធា រណរដ្ឋយៀតណាម ឬយៀតណាមខាងត្បូងគេហៅ ជនជាតិយួនខ្លួនគេថា ‹‹ងើយយៀត (Nguoi Viet)›› គេហៅ ខ្មែរក្រោមថា ងើយយៀតហ្គក់មៀង (Nguoi Viet Goc Mien) ក្នុងន័យថា ពលរដ្ឋយួនដើមកំណើតជាខ្មែរ ។
យួនកុម្មុយនិស្ដសព្វថ្ងៃនេះ គេហៅយួនខ្លួនគេថា ងើយគិញ (Nguoi Kinh) ជាជាតិមនុស្សមួយក្នុងបណ្ដាជាតិមនុស្សទាំង ៥៤ ដែលកំពុងតែរស់ នៅក្នុងប្រទេសនេះ ។ ក្នុងភាសាខ្មែរពុំមានឃើញពាក្យថា ‹‹គិញ›› ក្នុងន័យហៅជាតិមនុស្សមួយ នៅប្រទេសយៀត ណាមទេ ផ្ទុយមកវិញមានពាក្យថា ‹‹យួន›› ជាជំនួស ដូច្នេះហើយបានជាខ្មែរយើងប្រើពាក្យថា ‹‹យួន យួន›› នេះជាហូររហែតាំងតែពី បូរាណកាលមក ដូចគ្នានឹងជនជាតតិយួន ដែលតែងតែហៅខ្មែរយើងថាងើយមៀង (Nguoi Mien) ឬ មៀង (Mien) អ៊ីចឹងដែរយួនជំនាន់ថ្មីគេហៅខ្មែរយើងថា ងើយកម្ពុជាទៅវិញ ។ ដូច្នេះការដែលខ្មែរយើងប្រើពាក្យ ‹‹យួន›› ដើម្បីហៅជាតិមនុស្ស មួយនៅ ក្នុងសហគមន៍យៀតណាម នោះ ពុំមានការខុសឆ្គងអ្វីឡើយក្នុងន័យ នៃភាសាខ្មែរមិនគួរអ្នកការទូតយួន យកជាលេស ក្នុងការឃោសនានៅអង្គការសហប្រជាជាតិ ដើម្បីចញ្ចុះបញ្ចូលប្រទេសមួយចំនួនឱ្យគាំទ្រញត្តិ របស់ខ្លួនឡើយ ព្រោះថាការចោទប្រកាន់នេះ ជាការចោទប្រកាន់ ដែលពុំមានមូលដ្ឋានត្រឹមត្រូវទាល់តែសោះ ។ ហើយការ ចោទប្រកាន់នេះទៀតសោត វាផ្ទុយទៅនឹងសេចក្ដីប្រកាសរបស់ អង្គការសហប្រជាជាតិថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ស្ដីអំពីសិទ្ធិរបស់ជនជាតិដើមត្រង់មាត្រាទី ១៣ ៖
Article 13/-1.Indegi nous people have the right to revitalize, use, develop and transmit to future generations their histories, languages, oral traditions, philosophies, writing systems and to designate, and retain their own names for communities, places and persons.
មាត្រាទី ១៣.១ ជនជាតិដើម មានសិទ្ធិធ្វើឱ្យរស់ឡើងវិញ សិទ្ធិប្រើប្រាស់អភិវឌ្ឍ និងផ្ទេរឱ្យកូនចៅជំនាន់ក្រោយនូវប្រវត្តិសាស្ដ្រ ភាសា ច្បាប់ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធសរសេរចារ និងអក្សរសាស្ដ្រ ព្រមទាំងរក្សាឈ្មោះដើមរបស់ពួកគេ នៅក្នុងសហគមន៍ ដូចជា ទីកន្លែង និងបុគ្គលម្នាក់ៗ ។
តាមពិតទៅ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច នៃអង្គការសហប្រជាជាតិគួរតែទទួលស្គាល់ ហើយផ្ដល់សមាជិកភាព ឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើជាដៃគូក្នុងការអភិវឌ្ឍសង្គមកិច្ច នៅប្រទេសវៀតណាម ដែលមានជនជាតិដល់ទៅ ៥៤ ជនជាតិនៅក្នុងសហគមន៍នេះមានជាអាទិ៍ ជនជាតិខ្មែរកម្ពុជាក្រោមផងដែរ ។ តែការធ្វេសប្រហែសរបស់បណ្ដាប្រទេស មួយចំនួនដែលមានសិទ្ធិបោះឆ្នោតកាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២ បាន ធ្វើឱ្យសំឡេងរបស់ប្រជាពល រដ្ឋវៀតណាម មិនអាចបានឮ ដល់មជ្ឍដ្ឋានអន្តរជាតិដូចជាប្រសាសន៍ របស់អ្នកការពារសិទ្ធិមនុស្ស Vo Van Ai ថា៖ ‹‹វាជារឿងគួរឲ្យ អាម៉ាស់ ដែលប្រទេសជាសមាជិកនៃ UN មិនបានធ្វើអ្វីទៅតាមឆន្ទៈរបស់ខ្លួន ដោយសារតែមានសម្ពាធពីវៀតណាម ហើយសមគំនិតជាមួយប្រទេសវៀតណាម ដើម្បីបន្ទច់បង្អាក់សំឡេងអ្នកការពារសិទ្ធិមនុស្ស ហើយក៏ជាការបង្ហាញនៃសញ្ញាអវិជ្ជមានទៅប្រជាជន ក្នុងប្រទេសវៀតណាមដែលសហគមន៍អន្តរជាតិមិនឈរ ខាងភាគីប្រជាពល រដ្ឋក្នុងប្រទេសវៀតណាម ដែលស្រេកឃ្លានសេរីភាព» ៕
—————————
(១) យួនជាពាក្យដែលខ្មែរតែងប្រើតាំងពីបូរុមបូរាណមក ដូចជា យួន ចិន ចាម ជ្វា ម៉ាឡាយូ ក្លិង្គ ភូមា ។ល។