ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ប្រភពព៌ត៌មានពីកម្ពុជាក្រោមបានបញ្ជាក់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា អាជ្ញាធរយួននៅខេត្តព្រះត្រពាំង បាននាំគ្នាចូល ទៅ មុនីរង្សី មេពាំង នៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដើម្បីសួរចម្លើយព្រះសង្ឃរឿងព្រះ សង្ឃវត្តនេះ បានធ្វើប្រទីប រាង រចនាបទ្មជាព្រះវិហារមានដំបូល ៣ ពណ៌ គឺខៀវ លឿង និងក្រហម ដែលអាជ្ញា ធរយួនចាត់ទុកថា ជាពណ៌ទង់ជាតិ កម្ពុជាក្រោម ។

ព្រះសង្ឃវត្តមុនីរង្សីមេពាំង បានធ្វើប្រទីបរចនាបទ្មជាព្រះវិហារមានដំបូល ៣ ពណ៌ ដើម្បីលយនៅក្នុងពិធី“បុណ្យអកអំបុក” ពុទ្ធសករាជ ២៥៥៩ នេះ ដែលបានប្រព្រឹត្តទៅ នៅយប់ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងទៅនេះ ។
អាជ្ញាធរយួនបានដាក់កម្លាំងសម្ងាត់ដែលមានឯកសណ្ឋានស៊ីវិល មកឃ្លាំមើលសកម្មភាពព្រះសង្ឃវត្តមុនី រង្សីមេពាំង ចាប់តាំងពីព្រះសង្ឃបានចាប់ផ្ដើមធ្វើប្រទីបមកម្ល៉េះ ។ យោងតាមទំព័រ Facebook មួយមាន ឈ្មោះថា “ Khmer Ekareach” បានបង្ហោះរូបថតប្រទីបដែលមានពណ៌ ខៀវ លឿង ក្រហម និងរូប បុរសពីរនាក់ កំពុងតែអង្គុយនៅក្នុងវត្តមួយ ភ្ជាប់ជាមួយ នឹងពាក្យសរ សេរថា៖ “ព័ត៌មានពីវត្តមួយនៅមេពាំង កម្ពុជាក្រោម ។ យួនដាក់ភ្នាក់ងារស៊ីវីលមកហាម ឃាត់មិនឲ្យធ្វើប្រទីប ដែលមាន ពណ៌ដូចពណ៌ទង់ កម្ពុជា ក្រោម” ។
ព្រះសង្ឃខ្មែរក្រោមអ្នកប្រើបណ្ដាញសង្គម Facebook បានលើកឡើងថា ទង្វើរបស់អាជ្ញាធរយួនដែលកំពុង តែដើរហាមមិន ឲ្យព្រះ សង្ឃខ្មែរក្រោម ធ្វើប្រទីប ៣ ពណ៌ គឺ ខៀវ លឿង និងក្រហម នោះ ព្រោះរដ្ឋាភិបាល យួនកំពុងតែជ្រួយច្របល់ ភ័យខ្លាចនឹងទង់ជាតិកម្ពុជាក្រោម ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែធ្វើ ចលនាដោយអហិង្សានៅលើឆាក អន្តរជាតិដើម្បីទាមទារ “សិទ្ធិសេរីភាព និង សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅ ដែនដីកម្ពុជា ក្រោម សព្វថ្ងៃ ។
ទាក់ទងនឹងរឿងនេះដែរ កាលពីខែមីនា ឆ្នាំ ២០១៥ កន្លងទៅនេះ អាជ្ញាធរយួនក៏ធ្លាប់បានចេញបញ្ជាជា កំហិតឲ្យព្រះ សង្ឃខ្មែរក្រោម វត្តសាគរគិរីកោះកើយ (ផ្នោរាំង) ភូមិផ្នោរាំង ឃុំទួលសំរោង ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង រុះរើមណ្ឌប ភ្នំពាន់មួយដែលបានប្រក់សំពត់ ៣ ពណ៌ គឺខៀវ លឿង ក្រហម នៅក្នុងពិធីតាំង ពិពរណ៍ពុទ្ធសាសនា និង វប្បធម៌ខ្មែរមួយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ផងដែរ ។
សូមបញ្ជាក់ថា នៅប្រទេសដែលមានសេរីភាព និងគោរពសិទ្ធិមនុស្ស ការលើកទង់ជាតិតំណាងជាតិសាសន៍ ឬ ក្រុមនីមួយៗ ជារឿងធម្មតា ដោយមិនមានបុគ្គលណាមកហាមឃាត់ ឬបំបិទសិទ្ធិសេរីភាពឡើយ ។ នៅ សហរដ្ឋអាមេរិក ការលើកទង់ជាតិ មិនត្រឹមតែជាប្រទេស ជាតិសាសន៍ ក្រុមចលនានយោបាយ និងអង្គ ការមិនមែនរដ្ឋាភិបាលតែប៉ុណ្ណោះទេ ដែលមានទង់ជាតិ ឬ ទង់តំណាងរបស់ខ្លួន និងអាចលើកទង់ទាំងនោះ បាន សូម្បីតែក្រុមហ៊ុនឯកជន ក៏មានទង់ជាតិរបស់ខ្លួនដែរ ដូចជា ក្រុមហ៊ុន Apple, Macdonald និង Yahoo ជាដើម ។ ក្រៅពីនេះ ទង់ជាតិកម្ពុជាក្រោម ត្រូវបានពលរដ្ឋខ្មែរក្រោមនៅសហរដ្ឋ អាមេរិក និងប្រ ទេសនានាទូទាំងពិភព លោកលើកឡើងនៅតាមវត្តអារាម និងតាមផ្ទះ ដោយមិនដែលត្រូវរដ្ឋាភិបាលណា មួយមកហាមឃាត់ឡើយ ។

ចំណែកព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោមវិញ គួរណាស់ត្រូវតែបានសិទ្ធិ លើកទង់ជាតិ តំណាងប្រ ជាជាតិ របស់ខ្លួននៅលើដែនដីកំណើតរបស់ខ្លួន ដែលត្រូវយួនធ្វើអាណានិគមនោះ តែបែរជាត្រូវរដ្ឋាភិបាលយួន គំរាមកំហែងចាប់ដាក់គុកទៅវិញ ដោយគ្រាន់តែព្រះសង្ឃ និង ពលរដ្ឋម្ចាស់ស្រុក ទាំងនោះធ្វើប្រទីប ៣ ពណ៌ តែប៉ុណ្ណោះ ។

កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើសេចក្ដីអនុមតិមួយ ស្ដីពីសេចក្ដីប្រកាសជាសាកលនៃអង្គការ សហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើម ដោយវៀតណាមបានសន្យាថា ខ្លួននឹងគោរពឲ្យបានពេញលេញនូវសិទ្ធិជាមូលដ្ឋាន របស់ជនជាតិដើមទាំងអស់ដែលនៅក្នុងប្រទេសវៀតណាម ក្នុងនោះ មានខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមវាល់លាននាក់ ផងដែរ ។
មាត្រាទី ៣ នៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិជនជាតិដើមបានចែងថា៖ “ជនជាតិដើមគ្រប់រូបមានសិទ្ធិ សម្រេចវាសនា ខ្លួន ដោយ ខ្លួនឯង យោងតាមគុណធម៌របស់ខ្លួនល្អត្រឹមត្រូវនោះ ពួកគេមានសិទ្ធិសេរីភាពក្នុង ការកំណត់នូវស្ថានភាព នយោបាយ សិទ្ធិសេរីភាពក្នុងការបង្កើត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ពួកគាត់” ដោយមិនមានបុគ្គល ឬ រដ្ឋាភិបាល ណាមួយហាមឃាត់ឡើយ ៕
Comments are closed.