ទិវា ០៤ មិថុនា នៅទូលូស្ស៍ ប្រទេសបារាំង
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង ទូលូស្ស៍ ប្រទេសបារាំង បានប្រារព្ធកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃបារាំងកាត់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ប្រគល់វៀតណាមធ្វើអាណា និគមបន្តលើពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពិធីនេះ មានការចូលរួមពីព្រះសង្ឃ និងមន្ត្រី ជាន់ខ្ពស់នៃ សហព័ន្ធកម្ពុជាក្រោម ដែលបាននិមន្ត និងអញ្ជើញមកពីវត្ត និងប្រទេសនានា ក្នុងពិភពលោក ។

ទិវា ០៤ មិថុនា នៅទូលូស្ស៍ ប្រទេសបារាំង
ព្រះសង្ឃ និងមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានចូលក្នុងកម្មវិធីនេះ រួមមាន លោក ថាច់ វៀន អធិបតី នៅប្រទេសបារាំង, លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ មកពីកាណាដា, លោក ត្រឹង សារ៉ុង ប្រធានប្រចាំអ៊ឺរ៉ុបមកពីប្រទេសអ៊ីតាលី, លោក ខួន ណាកា អនុប្រធាន ប្រចាំអ៊ឺរ៉ុប, អ្នកស្រី ថាច់ សុភាព ប្រធានប្រចាំប្រទេសស្វិស , លោក ឡឹម វ៉ាង កឿង ប្រធានប្រចាំទីក្រុង ទូលូស្ស៍ ប្រទេសបារាំង, កញ្ញា គឹម ធីវណ្ណាដា លេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅអ៊ឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ, លោក ខួន តូម៉ា ប្រធានគណៈកម្មការធិការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ប្រចាំអ៊ឺរ៉ុប , អ្នកស្រី អៀង សុផា ប្រធានប្រចាំសេណូ, ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី មកពីប្រទេសកម្ពុជាតាមការធានា និងនិមន្តពីសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអ៊ឺរ៉ុប, ព្រះតេជព្រះគុណ សឺន វុឌ្ឍ ព្រះសង្ឃ ខ្មែរក្រោម នៅទីក្រុងប៉ារិស ប្រទេសបារាំង, ព្រះតេជព្រះគុណ អួង សុខ ប្រធានគណៈកម្មការសង្ឃខ្មែរក្រោម នៅប្រទេស បារាំង, ព្រះតេជព្រះគុណ ថាច់ វាសនា ព្រះសង្ឃវត្តរស្មីខេមរារាម នៃប្រទេសអ៊ីតាលី និងអ្នកមុខអ្នកការជាច្រើនរូប ទៀត ។
ឡឹម វ៉ាង កឿង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង ទូលូស្ស៍ បានឡើងថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយ ដែល បានអញ្ជើញចូលក្នុងកម្មវិធីនេះថា៖
តាំងនាមជាប្រធានសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខេត្តទូលូស្ស៍ ខ្ញុំបាទមានកិត្តិយស សូមធ្វើនូវសេចក្តីស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសេចក្តីជ្រះថ្លារបស់បងប្អូនជនរួមជាតិ ដែលបាននិមន្ត អញ្ជើញមកចូលរួមចំណែករំលែកទុក្ខសោកនាដកម្មរបស់បងប្អូនខ្មែរកម្ពុជាក្រោម នៅថ្ងៃនេះដោយ សេចក្តីគោរ និងដោយសេចក្តីសង្ខេប សូមគោរព សូមអរគុណ។
លោក ថាច់ វៀង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងអំពីប្រវត្តិ និង ភូមិសាស្ត្រនៃដែនដីកម្ពុជាក្រោម ទៅកាន់មនុស្ស ដែលចូលរួមយ៉ាងនេះថា៖
បើយើងតាមដានៃការស្រាវជ្រាវតាមវិទ្យាសាស្ត្រ គឺថាក្នុង ១០ ឆ្នាំម្តង គឺថាមានការផ្លាសប្តូរផែនដីនេះ គឺអាចថែមចំណែកប្រជាជនជារៀងរាល់ថ្ងៃ។ បើយើងមើលតាមការវាស់វែងរបស់យួនសព្វថ្ងៃ នៅក្នុងភូមិសាស្ត្ររបស់គេ គឺថារហូតដល់ឆ្នាំ ២០១៣ នេះ កម្ពុជាក្រោមដែលមាន ២១ ខេត្តហ្នឹង មាន ៨៤៣០០ គីឡូម៉ែត្រការ៉េ។ ហេតុដូច្នេះ លើសជាង ២ ម៉ឺនគីឡូម៉ែត្រការ៉េ ពេលដែលបារាំងបានវាស់វែង តាំងពីឆ្នាំ ១៩២៧ ។ សព្វថ្ងៃមានប្រជាពលរដ្ឋខ្មែរក្រោម នៅក្នុងទឹកដីរបស់ខ្លួន ប្រមាណជា ៨ លាននាក់ អស់លោកដែលថា មាន ១៤ លាននាក់មិនមែនជាការខុស។ ព្រោះថា យើងធ្វើការនេះ គឺធ្វើការប៉ានស្មាន ហើយអត់មានការជំរឿនប្រជាជនឲ្យបានច្បាស់លាស់។ ដូចជារឿង ៨ លាន យើងកំណត់ថា ៨ លាននាក់ ៗ នេះ សហព័ន្ធបានរៀបចំធ្វើលេខ តាំងពីឆ្នាំ ១៩៩៨ ។ ក្នុងឆ្នាំ ១៩៩៨ សហព័ន្ធ បានលើកយកមកដោយផ្អែកតាមប្រធានាធិបតី ង្វ៉ៀង វ៉ាំងធៀវ ដែលគាត់ធ្វើនៅខេត្តព្រែកឫស្សី គាត់ថា ខ្មែរក្រោមមានជាង ៤ លាននាក់។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងអំពីផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលនឹងធ្វើនៅ ពេលបច្ចុប្បន្ន និងនៅពេលអនាគតយ៉ាងនេះថា៖
មកដល់ដំណាក់កាលទី ៣ ខ្ញុំជឿថា ដំណាក់កាលទី ២ ហ្នឹង យើងមិនចំណាយពេលវេលាមិនដល់ទៅ ១០ ឆ្នាំទេ តិចជាងហ្នឹង ដល់ពេលយើងធ្វើបានហើយ ពេលហ្នឹង រឿងប្រទេសសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅពេលណានោះ យើង នឹងជំរុញធ្វើយ៉ាងណានោះ ឲ្យអន្តរជាតិចូលរួមឲ្យមានធ្វើប្រជាមតិ ការបោះឆ្នោតដោយបងប្អូនខ្មែរក្រោមៗ នៅកម្ពុជាក្រោម គាត់ជាអ្នកសម្រេចក។ ហើយយើងអ្នកជួយគាត់ៗ ឲ្យមានស្មារតីគ្រប់គ្រាន់ ឲ្យគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចវាសនាខ្លួនដោយខ្លួនគាត់ អាហ្នឹងបានយើងបានជោគជ័យ។ ពេលណា ដែលគាត់ដឹងហើយ ខ្ញុំជឿថាបានជោគជ័យ ហើយយើងខ្ញុំបានសាកល្បង កាលពីឆ្នាំទៅមិញហ្នឹង ប៉ុន្មានឆ្នាំមុនយើងបានឧបត្ថម្ភដល់សមណៈនិស្សិត នៅកម្ពុជាក្រោម ដោយមិនបានយករូប និងយកឈ្មោះទេ គឺថាយើងបានជោគជ័យ កាលពីឆ្នាំទៅមិញ។ ហើយយើងបានផ្ញើលុយ ផ្ញើប្រាក់ជួយយុវជនក្រីក្រ ដែលរៀននៅមហាវិទ្យាល័យ បានជិត ៣ ម៉ឺនដូល្លារ៍។
ព្រះតេជព្រះគុណ ព្រហ្ម ចម្រើន ព្រះសង្ឃខ្មែរក្រោម នៅប្រទេសបារាំង បានថ្លែងប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះអង្គមាន ក្ដីរំភើបពេលដែលបានឃើញពលរដ្ឋខ្មែរក្រោមចូលរួមក្នុងកម្មវិធីមួយនេះយ៉ាងច្រើនកុះករ ។
អារម្មណ៍ ដែលមាននៅក្នុងឱកាសពេលនេះ គឺថាសប្បាយផង កើតទុក្ខផង លាយលំជាមួយគ្នា គឺសប្បាយដោយបានឃើញបងប្អូនទាំងខ្មែរកណ្តាលទាំងខ្មែរក្រោមហ្នឹង គឺថាយើងបានរួបរួមសាមគ្គីគ្នា មកយ៉ាងច្រើនកុះករ ក្នុងការចូលរួមកម្មវិធីរំឭកដល់ខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម លើកទី ៦៥ នៅទីក្រុងទូលូស្ស៍នេះ។
អ្នកស្រី អ៊ូ អាន ពលរដ្ឋខ្មែរម្នាក់ នៅខេត្តត្រ ជិតទីក្រុងប៉ារិស ប្រទេសបារាំង បានថ្លែងប្រាប់ VOKK ថា៖
ខ្ញុំមកនេះ ចំណាប់អារម្មណ៍ខ្ញុំខ្លាំងបំផុត គឺថាចូលរួមក្នុងកម្មវិធីយួនប្លន់ដីខ្មែរក្រោមយើង ៦៥ ឆ្នាំហើយ។ ដូច្នេះ ខ្ញុំជាសញ្ជាតិខ្មែរ ជាខ្មែរនៅប្រទេសកម្ពុជា ខ្ញុំមានការឈឺចាប់ ហើយក៏មកចូលរួមជាមួយ នឹងបងប្អូនយើងខ្មែរកម្ពុជាក្រោម ក៏ដូចជាបងប្អូនយើង នៅខ្មែរកណ្តាល ខ្ញុំមកចូលរួម ដើម្បីដេញឲ្យយួន វាឈប់នៅស្រុកយើង ឲ្យវាដកយួនចេញពីប្រទេសកម្ពុជាក្រោមយើងវិញ។
អ្នកនាង កែវ មុនី គឹម អនុប្រធានគណៈកម្មការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំអ៊ឺរ៉ុប បានថ្លែងប្រាប់ VOKK ថា នាង មានក្ដីរំភើបដោយបានឃើញក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានមកចូលរួមកម្មវិធីនេះច្រើនឡើងៗ និងនាងរំពឹងថា ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងនាំគ្នាសិក្សាអំពីសិទ្ធិមនុស្សឲ្យច្រើន ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ក្រោម ។
អារម្មណ៍ដែលសប្បាយ ពីព្រោះធ្វើនឹករឭកបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមយើង ហើយមាននៅក្មេងៗ ឆ្នាំនេះ មកច្រើនឡើងៗ ។
សូមបញ្ជាក់ថា នៅក្នុងខែមិថុនា នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមប្រទេសនានា ក្នុងពិភពលោក បានប្រារព្ធពិធី បុណ្យរំឭកខួបបាត់បង់ដែនដីកម្ពុជាក្រោម ជាបន្តបន្ទាប់ ។ កម្មវិធីនេះ ពួកគេធ្វើឡើង ដើម្បីផ្ដល់ឱកាសដល់សហព័ន្ធខ្មែរកម្ពុជា ក្រោម បានឡើងជម្រាបអ្នកគាំទ្រឲ្យយល់អំពីសកម្មភាព និងផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែធ្វើការតស៊ូ មតិដោយសន្តិវិធីនៅឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៅកម្ពុជាក្រោម ផង និង ដើម្បី រំឭកឲ្យពលរដ្ឋខ្មែរទូទៅជំនាន់នេះ ដឹងអំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ឲ្យទៅវៀតណាម ផង ។
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) ប្រធានាធិបតី នៃប្រទេសបារាំង បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ប្រគល់ដែនដី កូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ឲ្យក្លាយទីជារដ្ឋចំណុះ វៀតណាម ។ តាំងពីពេលនោះ មកពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ជាច្រើនលាននាក់ បានរស់នៅក្រោមការត្រួតត្រារបស់ របបវៀតណាមរហូតមកដល់ សព្វថ្ងៃ ។
ខាងក្រោមនេះ ជាសេចក្តីទាំងស្រុង នៃសេចក្ដីប្រកាសច្បាប់ លេខ ៤៩-៧៣៣ ដែលប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសឲ្យកម្ពុជាក្រោម ឋិតនៅក្រោមរដ្ឋចំណុះវៀតណាម៖
“ យោងតាមមតិពីរដ្ឋសភា នៃសហភាពបារាំងសែស, រដ្ឋសភានិងក្រុមប្រឹក្សា នៃសាធារណរដ្ឋបារាំង បានសម្រេច ហើយអនុមតិដោយរដ្ឋសភានៃសាធារណរដ្ឋបារាំងប្រធានាធិបតី នៃសាធារណរដ្ឋប្រកាស ច្បាប់ដូចតទៅ នេះ៖
មាត្រា ១ – ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសែស និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈទឹកដីកូស័ងស៊ិនត្រូវបានកែប្រែតាមមាត្រាដូចខាងក្រោម៖
មាត្រា ២ – ទឹកដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យួន យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ស្ថិត នៅក្នុងលក្ខន្តិកៈ ជាទឹកដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣ – ក្នុងករណីដែលលក្ខន្តិកៈស្រុកយួនត្រូវកែប្រែលក្ខន្តិកៈ កូស័ងស៊ីន ត្រូវចាត់ទុកជាកម្មវត្ថុ នៃការ សម្រេចចិត្តរបស់សភាខាងលើដូចបាន ចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃសភាបារាំងសែស ) ។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ូល( ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូលកូស ផ្លរ៉េ (រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ) ។”
Comments are closed.