សហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធ ខូប ១០ នៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម
ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៦ ខែកញ្ញា ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើពិធីខួប ១០ ឆ្នាំ ដើម្បីរំឭកដល់ ថ្ងៃដែលអង្គការសហប្រជាជាតិបានប្រកាស សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ ពិធីនេះ នឹងប្រារព្ធនៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមានថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួម ដើម្បីថ្លែងរំឭកឡើងវិញ នូវប្រវត្តិ នៃការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងជនជាតិដើមនានា នៅជុំវិញពិភព លោកដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិអនុម័ត សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិ ដើម ។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយមានរដ្ឋជាសមាជិកអង្គការសហប្រជាជាតិភាគច្រើនចំនួន ១៤៤ ប្រទេសបោះឆ្នោតគាំទ្រ ៤ ប្រទេសជំទាស់ និង ១១ ប្រទេសអនុបវាទ ។ ប្រទេសដែលជំទាស់នោះ រួមមាន អូស្ត្រាលី កាណាដា នូវែលសេឡង់ និង សហរដ្ឋអាមេរិក ។ ប្រទេសដែលអនុបវាទ រួមមាន អាហ្សែបែហ្ស (Azerbaijan), បង់ក្លាដែស (Bangladesh), ប៊ូតាន (Bhutan), ប៊ូរុនឌី (Burundi) , (កូឡុំប៊ី) Colombia, ហ្សកហ្ស៊ី (Georgia), កេនយ៉ា (Kenya), នីហ្សេរីយ៉ា (Nigeria), សហព័ន្ធរុស្ស៊ី( Russian Federation), សាម័រ (Samoa) និង អ៊ុយក្រែន (Ukraine) ។
រយៈពេល ១០ ឆ្នាំបានកន្លងផុតទៅចាប់តាំងពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម បានអនុម័តមក ប្រទេសទាំង ៤ ដែលបានបោះឆ្នោតជំទាស់បានផ្លាស់ប្តូរជំហររបស់ខ្លួន ហើយឥឡូវនេះគាំទ្រសេចក្តីប្រកាសនេះវិញ ។ ថ្ងៃនេះ សេចក្តីប្រកាសនេះ គឺជាឧបករណ៍អន្តរជាតិដ៏ទូលំទូលាយបំផុតស្តីពីសិទ្ធិរបស់ជនជាតិដើម ។ វាបង្កើតក្របខ័ណ្ឌសកលស្តីពីស្តង់ដារអប្បបរមាសម្រាប់ការរស់រានមានជីវិត ភាពថ្លៃថ្នូរ និងសុខុមាលភាពរបស់ជនជាតិដើម នៅលើពិភពលោក ហើយវាបរិយាយអំពីស្តង់ដារសិទ្ធិមនុស្សដែលមានស្រាប់ និងសេរីភាពជា មូលដ្ឋាននៅពេលពួកគេអនុវត្តចំពោះស្ថានភាពជាក់ស្ដែងរបស់ជនជាតិដើម ។
វៀតណាមជាប្រទេសមួយក្នុងចំណោម ១៤៤ ប្រទេសដែលបានគាំទ្រសេចក្ដីប្រកាសនេះ តែមិនបានអនុវត្តតាមកិច្ចសន្យារបស់ខ្លួនក្នុងការគោរពសិទ្ធិជនជាតិដើមឡើយ ។ ឆ្លើយតបនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ដែលធ្វើនៅការិយាល័យកណ្ដាលរបស់អង្គការសហប្រជាជាតិ នាទីក្រុង New York ជារៀងរាល់ឆ្នាំ តំណាងប្រទេសវៀតណាមតែងតែបដិសេធឋានៈរបស់ពលរដ្ឋខ្មែរក្រោមថា មិនមែនជាជាតិដើមនៃដែនដីកម្ពុជាក្រោមឡើយ ហើយថា នៅក្នុងប្រទេសវៀតណាមគ្មានជនជាតិដើមទេ គឺមានតែជនជាតិភាគតិចតែប៉ុណ្ណោះ ។
នៅឆ្នាំ ១៩៨០ ពលរដ្ឋខ្មែរក្រោមដែលបានភៀសខ្លួនចេញមកទៅក្រៅប្រទេស បានចាប់ផ្ដើមប្រមូល ផ្ដុំគ្នាបង្កើតជាសមាគម នៅឆ្នាំ ១៩៨៥ បានធ្វើមហាសន្និបាតសកលនៃខ្មែរកម្ពុជាក្រោម ជាលើកដំបូង ដើម្បីបង្កើតទៅជាសភាកម្ពុជាក្រោម និងឆ្នាំ ១៩៩៦ បានប្ដូរពីសភាកម្ពុជាក្រោម ទៅសហព័ន្ធ ខ្មែរកម្ពុជាក្រោម វិញ ។
រយៈពេលជិត ៤០ ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនៃ អង្គការ ប្រជាជាតិ និងប្រជាជនគ្មានតំណាង (U.N.P.O) នៅឆ្នាំ ២០០១ និង ជាសមាជិក វេទិកាអចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (U.N.P.F.I.I) នៅឆ្នាំ ២០០៤ ដើម្បីតស៊ូមតិនៅលើឆាកអន្តរជាតិ ស្វែងរកសេរីភាពជូនប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹមអាណានិគមយួន សព្វថ្ងៃ ។ បន្ទាប់ពីរួមកម្លាំងគ្នាជាមួយនឹងក្រុមជនជាតិដើមនានា នៅជុំវិញពិភពលោក ធ្វើការតស៊ូមតិនៅក្នុងការសហប្រជាជាតិជាបន្តបន្ទាប់មក នៅឆ្នាំ ២០០៧ អង្គការសហប្រជាជាតិបានអនុម័ត សេចក្ដីប្រកាសជាសកលស្ដពីសិទ្ធិជនជាតិដើម ដើម្បីឲ្យរដ្ឋាភិបាលនានា គោរពសិទ្ធិជនជាតិដើម នៅក្នុងប្រទេសរបស់ខ្លួន ។
សព្វថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែធ្វើការតស៊ូមតិដោយអហិង្សា នៅលើឆាកអន្តរជាតិ ដើម្បី ឲ្យប្រទេសវៀតណាមទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ស្របតាមគោល ការណ៍នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី ។
Comments are closed.