ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងរៀបចំមហាសន្និបាត លើកទី ១០ របស់ខ្លួន នៅទីក្រុង សាន់ ហូស្សេ (San Jose) រដ្ឋ California សហរដ្ឋអាមេរិក រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៨ និង ២៩ ខែឧសភា ឆ្នាំ ២០១៦ នេះ បន្ទាប់ពីបានធ្វើចលនា តស៊ូនៅលើឆាកអន្តរជាតិដើម្បីស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជា ក្រោម អស់រយៈពេល ៥ អាណត្តិ ២០ ឆ្នាំ កន្លងមកនេះ ។

យោងតាមសេចក្ដីជូនដំណឹងមួយរបស់ លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ពីប្រទេសបារាំង ចុះថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៦ បានបញ្ជាក់អំពីមូលហេតុនៃមហាសន្និបាតនេះថា ធ្វើឡើងក្នុង គោលបំណង ៣ យ៉ាងគឺ៖
១. ធ្វើរបាយការណ៍អំពីសកម្មភាព និងសមិទ្ធផល នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានបំពេញ នៅក្នុងឆ្នាំ ២០១៦ ។
២. បោះឆ្នោតជ្រើសរើស គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិកាលទី ៦ ពីឆ្នាំ ២០១៦ ដល់ ២០២០ ។
៣. ធ្វើផែនការសម្រាប់អនុវត្តនាពេលខាងមុខ ។
យោងតាមលិខិតនេះដដែល មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅនៅ វត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។
សម្រាប់ សមាជិក សមាជិកា ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រប់ជាន់ថ្នាក់ និងលោកអ្នក នៅសហរដ្ឋអាមេរិក និង ប្រទេសនានាទូទាំងពិភពលោក ដែលមានបំណងចង់ចូលរួមមហាសន្និបាតនេះ សូមទិញសំបុត្រយន្តហោះចុះនៅ ព្រលានយន្តហោះណាមួយក្នុងចំណោមព្រលានទាំងពីរនេះគឺ ៖
ទីមួយ អាកាសយានដ្នានអន្តរជាតិ សាន់ ហូស្សេ (San Jose International Airport) (SJC)
ទីពីរ អាកាសយានដ្នានអន្តរជាតិ សាន់ ហ្វ្រាន់ស៊ិស្កូ (San Francisco International Airport) (SFO)
ព័ត៌មានបន្ថែម សូមទាក់ទង ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ព្រះចៅអធិការវត្តខេមររង្សី និងជាប្រធាននាយដ្ឋាន ព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម តាមយៈអ៊ីមែល និងលេខទូរស័ព្ទ ដូចខាងក្រោម៖
- E-mail: khmerkampucheakrom@gmail.com
- ទូរស័ព្ទ៖ (408) 550-5060
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលហៅកាត់ជាភាសាអង់គ្លេសថា KKF ដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិក តែងតែរៀបចំមហាសន្និបាតរៀងរាល់ ៤ ឆ្នាំម្ដង ដើម្បីបោះឆ្នោតជ្រើស រើសមេ ដឹកនាំថ្មី ។
យោងតាមសៀវភៅមគ្គុទេសន៍ “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានរៀបរៀង និងបោះពុម្ពដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងឆ្នាំ ២០០៩ បានបញ្ជាក់អំពីប្រវត្តិ សហព័ន្ធខ្មែរកម្ពុជា ក្រោមថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតឡើង “នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ ដោយមហាសន្និបាតលើកទី ៥ នៃខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានប្រព្រឹត្តទៅ នៅទីក្រុង តូ រន តូ (Toronto) ប្រទេសកាណាដា បានឯកភាពគ្នាបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែប្រវត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាប់ផ្តើមតាំងពី ឆ្នាំ ១៩៨៥ មកម្ល៉ោះ និង ដើម្បីបំរើផលប្រយោជន៍ជាតិ និងសង្គមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម” ។
យោងតាមសៀវភៅដដែលបានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតទង់ជាតិ និង រូបសញ្ញា ធ្វើជាសញ្ញ លក្ខណ៍របស់ខ្មែរក្រោមដំណាលគ្នានឹងការបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើចលនា តស៊ូដោយសន្តិវិធី និង អហិង្សា ស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងជូនពលរដ្ឋខ្មែរក្រោម ម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។
យោងតាមសៀវភៅមគ្គុទេសន៍ “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ទង់ជាតិកម្ពុជាក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានពណ៌ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី ។
- ឆ្នូតពណ៌ខៀវនៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត ។
- ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌ ។
- ពណ៌ក្រហមនៅខាងក្រោម ជានិមិត្តរូប នៃវីរភាព អង់អាចក្លាហាន របស់វីរជន ខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់ ។
ចំណែក រូបសញ្ញារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ឬ រូបសញ្ញាតំណាងខ្មែរក្រោម វិញ ជារូប រាហូចាប់ចន្ទ ។ រូប រាហូចាប់ចន្ទ ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមពិពណ៌នាអត្ថន័យរបស់វាថា៖
“ព្រះច័ន្ទកំពុងត្រូវរងគ្រោះថ្នាក់ ដោយត្រូវរាហូត្របាក់លេប ប្រៀបធៀបទៅនឹង ទឹកដីកម្ពុជាក្រោម ដែលកំពុងត្រូវយួនលុកលុយ ។ រាហូចាប់ច័ន្ទ ប្រៀបបានដូចព្រះច័ន្ទគ្រាស គឺវាមិនឋិតថេរចិរកាលទេ ។ យ៉ាងណាមិញ ខ្មែរកម្ពុជាក្រោមក៏ដូច្នេះដែរ ទុក្ខវេទនាដែលយើងកំពុងទទួលរងគ្រោះ សព្វថ្ងៃនេះ និងត្រូវបានផុតរលត់ជាស្ថាពរក្នុងអនាគតជាមិនខាន ដូចជាព្រះច័ន្ទ ដែលបានរើបំរៈផុតពីក្រញាំដៃរាហូយ៉ាងនោះដែរ ។ នេះជាច្បាប់ធម្មជាតិ។ ប្រស្នានេះ គឺជានិមិត្តរូននៃសេចក្តីសង្ឃឹមយ៉ាងមាំរបស់ប្រជាពលេរដ្ឋខ្មែរកម្ពុជាក្រោមគ្រប់រូប ដែលកំពុងធ្វើការតស៊ូ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។ យុត្តិធម៌ត្រូវតែឈ្នះអយុត្តិធម៌ ។ នេះជាច្បាប់អន្តរជាតិ” ៕
Comments are closed.