ពលរដ្ឋ​ខ្មែរក្រោម ១៣ គ្រួសារ​តវ៉ា​រឿង​ដីធ្លី ដែល​អាជ្ញាធរ​យួន​យក​គ្រឿងចក្រ​ឈូសឆាយ​

391

ដោយ ស៊ឺន ចែងចើន| VOKK

ពល​រដ្ឋ​ខ្មែរក្រោម​ចំនួន ១៣ គ្រួសារ រស់នៅ​ភូមិ​កិ​ញ្ឆា​ង​-​ពោធិ៍ សង្កាត់​លេខ ៥ ទី​រួម​ខេ​ត្រ​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បាននាំគ្នា​ទៅ​តវ៉ា​បញ្ហាដីធ្លី​របស់ខ្លួន ក្នុងពេលដែល​អាជ្ញាធរ​យួន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដំណាំ​ស្រូវ​របស់​ពួកគេ ។​

ពលរដ្ឋខ្មែរក្រោមតវ៉ាម្នាក់ គំរាមយកសាំងដុតខ្លួន ។
ពលរដ្ឋខ្មែរក្រោមតវ៉ាម្នាក់ គំរាមយកសាំងដុតខ្លួន ។

ការ​ងើប​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ១៩ កក្កដា​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគេ គ្មាន​ភាពយុត្តិធម៌ និង​មិន​តម្លាភាព​អស់​រយៈពេល ១០ ឆ្នាំ ។​

​ខណៈ​ការស្រែក​តវ៉ា​របស់​ពក​រដ្ឋ​ខ្មែរក្រោម នៅ​ទីកន្លែង​កើតហេតុ គេ​សង្កេតឃើញ​កម្លាំង​នគរបាល​ចម្រុះ​ពី​ថ្នាក់​ខេត្ត​រាប់រយ​នាក់ ប្រដាប់​ដោយ​ដំបងឆក់ ខែល និង​អាវុធ​ក្នុង​ដៃ​ផង បាន​កមក​ការពារ​គ្រឿងចក្រ​ឈូសឆាយ និង​ទប់ស្កាត់​ការតវ៉ា​នេះ ។ ក្នុងពេល​ជាមួយគ្នា ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​គំរាម​ចាក់​សាំង​ដុត​ខ្លួន​ផងដែរ ។​

នៅក្នុង​វីដេអូ ដែល​បង្ហោះ​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អមដោយ​ការបរិយាយ​រៀបរាប់​ពី​សាវតា​នៃ​បញ្ហា​ជម្លោះ​ដី​ថ្លី​នេះ​ថា កាលពី ១០ ឆ្នាំមុន​រដ្ឋាភិបាល​យួន បានចេញ​គម្រោង​ទិញ​ដីស្រែ​ចំការ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម ដើម្បី​អភិវឌ្ឍន៍​ឲ្យ​​ក្លាយ​ទៅ​តំបន់ឧស្សាហកម្ម ហើយ​ក៏​​បង្ខំ​ឲ្យ​ពួកគេ​លក់​ក្នុង​តម្លៃថោក ព្រមទាំង​បាន​គំរាម​រឹបអូស​យក​ដីធ្លី ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា មិន​ព្រម​លក់​ទៅ​ឲ្យ​រដ្ឋ ។​

 

កម្លាំងនគរបាល ប្រដាប់​ដោយដំបងក្នុង​ដៃ ។
កម្លាំងនគរបាល ប្រដាប់​ដោយដំបងក្នុង​ដៃ ។

សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនរងគ្រោះ​បញ្ហាដីធ្លី​ផង​នោះ បាន​រៀបរាប់​បន្តថា រដ្ឋអំណាច​យួន បាន​លួងលោម និង​បង្ខំ​ឲ្យ​ពួកគេ​យល់ព្រម​លក់​ដីស្រែ​ចំការ ដោយ​រដ្ឋ​បាន​សន្យាថា នឹង​អភិវឌ្ឍន៍​តំបន់​នោះ ឲ្យ​ក្លាយទៅជា​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​សន្យា​បង្កើន​ការងារ​ជូន​ពលរដ្ឋ ដោយ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ឡើយ ។ ដោយ​មើលឃើញថា ខ្លួន នឹង​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​របស់​រដ្ឋ​នោះ ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​គ្រួ​សារបាន​បង្ខំចិត្ត​យល់ព្រម​ប្រគល់​ដីស្រែ​ចំការ​របស់​ពួកគាត់ ជូនទៅ​រដ្ឋអំណាច ដោយ​ទទួលបាន​សំណង​ក្នុង ១ កុង​ត្រឹមតែ ២៤ លាន​ដុង ។ ខណៈ​កាលពី ១០ ឆ្នាំមុន ពួកគេ​ទៅ​ទិញ​ដី​នៅ​កន្លែង​ផ្សេង​សម្រាប់​សង់​ទី​លំនៅដ្ឋាន​របស់ខ្លួន ដែលមាន​តម្លៃ​ក្នុង ១ កុង​ដី ប្រមាណ​ជាង ១០០ លាន​ដុង ពោលគឺ​លើស ៤ ដង​នៃ​សំណង​របស់​រដ្ឋ ។

ពលរដ្ឋខ្មែរក្រោមតវ៉ាម្នាក់ ទ្រហោរស្រែកយំ ចំពោះភាពអយុត្តិធម៌របស់ខ្លួន
ពលរដ្ឋខ្មែរក្រោមតវ៉ាម្នាក់ ទ្រហោរស្រែកយំ ចំពោះភាពអយុត្តិធម៌របស់ខ្លួន

​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​តវ៉ា​នោះ បាន​ឲ្យ​ដឹងថា រយៈពេល ១០ ឆ្នាំ​មកនេះ រដ្ឋាភិបាល​យួន មិនបាន​អភិវឌ្ឍន៍​តំបន់​នោះឡើយ ហើយ​សំណង​របស់​រដ្ឋអំណាច​យួន ក៏​មិនទាន់បាន​សង​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ចំនួន​ដែរ ។ ប៉ុន្តែ ស្រាប់តែ​ពេលនេះ អាជ្ញាធរ​យួន​យក​គ្រឿងចក្រ​មក​ឈូសឆាយដី​ស្រែចំការ និង​ផលដំណាំ​របស់ពួកគាត់តែម្តង ។ ដូច្នេះ ការដែល​ពលរដ្ឋ​ខ្មែរក្រោម​​ក្រោក​ឡើង​តវ៉ា​នេះ គឺ​ដើម្បី​សុំ​ឲ្យ​រដ្ឋ​ដោះស្រាយ​សំណង​បន្ថែម​ទៅ​ពួកគាត់ ខណៈដែល​រដ្ឋាភិបាល​ខ​ក​ខានមិនបាន​អភិវឌ្ឍន៍​តំបន់​នោះ តាម​ការសន្យា​របស់ខ្លួន ។ ក្រៅតែពី​សង​សំណង​មិន​សមស្រប់​ទៅតាម​តម្លៃ​ទីផ្សារ រដ្ឋាភិបាល​យួន​បែរជា​បង្វែរ​គម្រោង​អភិវឌ្ឍន៍​តំបន់ឧស្សាហកម្ម​នោះ ទៅជា​គម្រោង​អ្វីមួយ​ផ្សេង ដែល​នេះ វា​ខុស​ទៅ នឹង​កិច្ចព្រមព្រៀង ដែល​រដ្ឋ​បាន​សន្យា​កាលពី​ជាង ១០ មុន ។ ប្រការនេះ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅតែ​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ និង​ត្រូវ​បង្ខំចិត្ត​ទៅធ្វើ​ការ​ចំណាកស្រុក​ដដែល ។​

កន្លងមក​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចូលរួម​តវ៉ា​នោះ​មានដូចជា ខេត្ត​មាត់ជ្រូក ខេត្ត​ឃ្លាំង ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​ក្រមួនស អតីត​ទឹកដី​ខ្មែរ​កម្ពុជា ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បានរួម​គ្នា​តវ៉ា​ពី​បញ្ហាដីធ្លី​នេះ ។ បន្ទាប់មក​នៅ​ដើមឆ្នាំ ២០០៩ ក៏មាន​ការចាប់ខ្លួន​ព​ល​រដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ​ជា​ហូ​ហែរ ។ រីឯ​សកម្មភាព​នៃ​ការតវ៉ា ក៏បាន​ថមថយ​រហូតមកដល់​ថ្ងៃនេះ ។​

សូមបញ្ជាក់ថា នៅក្នុង​សេចក្តីថ្លែងការណ៍​ជាស​កល ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ត្រង់​មាត្រា ១៧ ចែងថា “​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ ទោះជា​បុគ្គល ឬ​សមូហភាព​ក្តី ។ គ្មាន​ជនណាម្នាក់ ត្រូវគេ​ដកហូត​កម្មសិទ្ធិ​របស់​ខ្លូន​តាមតែ​អំពើ​ចិត្ត​បានឡើយ ។​”

​ចំណែក​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម នៅត្រង់​មាត្រា ២៦ និង​មាត្រា ២៧ បានចែង​ក្នុង​ខ្លឹមសារ​ថា “​ជនជាតិដើម​ភាគតិច​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ប្រភពធនធាន និង​ប្រើប្រាស់ និង​អភិវឌ្ឍន៍​លើដី​ដែល មាន​តាម​ប្រពៃណី​របស់​ពួកគេ​។ រដ្ឋ​ត្រូវ​ទទួលស្គាល់​ស្របច្បាប់ ហើយ​និង​ផ្តល់​កិច្ចការពារ​ប្រភពធនធាន​ទាំងនេះ ដោយ​ឯករាជ្យ មិន​លំអៀង និង​ប្រកបដោយ​តម្លាភាព ដោយ​គោរព​ទទួលស្គាល់​ច្បាប់ ប្រពៃណី ទំនៀមទម្លាប់ និង​ប្រព័ន្ធ​នៃ​ការកាន់កាប់​ដី​សម្រាប់​ជនជាតិដើម ដើម្បី​ទទួលស្គាល់ និង​ធ្វើការ​វិនិច្ឆ័យ​សិទ្ធិ​នៃ​ជនជាតិដើម ចំពោះ​ដី ដែនដី និង​ប្រភពធនធាន ដោយ​រាប់បញ្ចូល​ទាំង​អ្វីដែល​ពួកគេ​បាន កាន់កាប់​មកជា​ប្រពៃណី ឬក៏​តាំងនៅ​ឬ​ប្រើប្រាស់​” ។​

មិន​ខុសពី​ច្បាប់​របស់​អន្តរជាតិ​ដែរ រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានធ្វើ​វិសោធនកម្ម និង​បានអនុម័ត កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នីតិកាល​ទី ១៣ (XIII) សម័យប្រជុំ​លើក​ទី ៦ ជំពូក ២ មាត្រា ១៤ ត្រង់​កថាខណ្ឌ ១ បាន​ចែងថា “​សិទ្ធិមនុស្ស​គ្រប់រូប សិទ្ធិ​ពលរដ្ឋ​ក្នុង​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ត្រូវបាន​ការទទួលស្គាល់ ការគោរព ការការពារ និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​” ៕

 

វីដេអូបង្ហាញពីសកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរក្រោម


Comments are closed.