សាខា KKF ប្រចាំ​រដ្ឋ Washington នឹង​រំឭក​ខួប ១៤ ឆ្នាំ ថ្ងៃ KKF ចូល​ជា​សមាជិក UNPO

158

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington នឹង​ប្រារព្ធ​ខួប ១៤ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO នៅ ថ្ងៃទី ២៥ ខែកក្កដា ខាងមុខនេះ ។ ពិធី​នេះ មានការ​ចូលរួម​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​ជា​អធិបតី និង លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ថ្លែង ការ​អំពី​សកម្មភាព​ថ្មីៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​លទ្ធផល​ក​ដែល​ខ្មែរក្រោម​បានទទួល​ក្រោយពី ១៤ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​អង្គការ UNPO ។​

speakour-the-hague
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម សិក្សាវគ្គសិក្សាសិទ្ធិមនិស្ស “Speak Out” នៅការិយាល័យអង្គការ UNPO នាទីក្រុង ឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១២ ។ រូបថត៖ UNPO

​នេះ​ជា​កម្មវិធី​មួយ​ដែល​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​សម្ដែង​ការអបអរ សាទរ​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ។​

ចាប់តាំងពី​ឆ្នាំ ២០០១ មក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KKF មាន មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ ជាច្រើន ដូចជា សហព័ន្ធ​កីឡា​ទូក ប្រណាំង​អន្តរជាតិ (IDBF), វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) , វេទិកា​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី (Convention on the Elimination of All Forms of Discrimination Against Women) ហៅ​កាត់​ថា CEDAW និង​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (TPR) នៅ​អឺរ៉ុប ជាដើម ។​

​តាមរយៈ​ការចូល​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ទាំងនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​តស៊ូ​មតិ​ដោយ​សន្តិ វិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក្ស​ក​ម្មុយ និ​ស្ត​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ​មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ។ បច្ចុប្បន្ន អង្គការ UNPO មាន​ប្រជាជាតិ​ជា​សមាជិក​ចំនួន ៤៣ នៅក្នុង​ពិភពលោក ។ ពួក​ប្រជាជាតិ​ជា​សមាជិក UNPO ទាំង​នោះបាន​រួបរួមគ្នា​ធ្វើការ​តស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​, ការពារ​វប្បធម៌​របស់ ពួកគេ​មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់​រាល់​វិបត្តិ​ដែល​ជះឥទ្ធិពល​មក លើ​ខ្លួន​ពី​សំណាក់​បរទេស ឬ ពី​ប្រទេស​ដែល​ដាក់​អាណានិគម​លើ​ខ្លួន ។​

​អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក​ចាប់ពី​ចំនួន ១៥ ជា​សមាជិក ។ បន្ទាប់ពី ២៤ ឆ្នាំ ដែល​អង្គការ UNPO បាន​បង្កើតឡើង មាន​សមាជិក​កើន​កើនឡើង​ដល់​ជាង ៧០ ហើយ​បច្ចុប្បន្ននេះ មាន​សមាជិក​នៅសល់​ចំនួន ៤៣ តែប៉ុណ្ណោះ បន្ទាប់​សមាជិក​មួយចំនួន បាន​ឯករាជ្យ ហើយ​សមាជិក​មួយចំនួន​ត្រូវ​ដាច់​សមាជិកភាព ព្រោះ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល UNPO តម្រូវ ការ ។​

យោងតាម​គោលការណ៍​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផង ត្រូវគោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​, ការពារ​បរិស្ថាន និង ការយោគយល់ ៕​

Comments are closed.