​អតីត​សមណ​ប្បា​តុ​ករ​រំឭក​នូវ​ព្រឹត្តិការណ៍​ ​១​៩​ ​មករា​ ​ថ្ងៃ​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​

0 475

ដោយ ស៊ឺន ចែងចើន

​គិត​មកដល់​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ មាន​រយៈពេល ១៥ ឆ្នាំ​ហើយ ពោលគឺ​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ សមណ​សិស្ស​ខ្មែរក្រោម ដែល​និមន្ត​មកពី​ខេត្ត​នានា ដូចជា ខេត្ត​ព្រះ​ត្រពាំង មាត់ជ្រូក ក្រមួនស ពល​លាវ លង់​ហោរ និង​ព្រែក​ឫស្សី ជាដើម មក​ស្នា​ក់រៀន នៅ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ឬ​ថ្នាក់​បាលី​រង នៅ​វត្ត​កំពង់​និគ្រោធ ហៅ​វត្ត​កំពង់​ជ្រៃ ចំនួន ៤១ ព្រះអង្គ ចេញ​ធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី នៅមុខ​ការិយាល័យ​នគរបាល​ស្រុក​កញ្ចោង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋអំណាច​វៀតណាម នៅ​ស្រុក​មួយ​នេះ ផ្តល់​សេរីភាព​ដល់​ភិក្ខុ ថាច់ ធន ។​

អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង ចាប់ផ្សឹកកាលពីឆ្នាំ ២០០៧
អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង ចាប់ផ្សឹកកាលពីឆ្នាំ ២០០៧

​ក្រោយពី​ការធ្វើ​បាតុកម្ម​នេះ សមណ​សិស្ស​ខ្មែរក្រោម មិនតិចជាង ១០ អង្គ​នោះទេ ដែល​ត្រូវ​របប​បក្សកុម្មុយនិស្តក្រុង​ហាណូយ សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ក្នុង​ខេត្ត​ព្រះ​ត្រពាំង ធ្វើការ​ចាប់​ផ្សឹក ដោយ​ចោទប្រកាន់​ពីបទ «​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ទី​សារ​ធារ​ណៈ​» ។​

​ក្នុងឱកាស​គម្រប់​ខួប ១៥ ឆ្នាំ នៃ ព្រឹត្តិការណ៍ ១៩ ខែមករា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ប្រជាជាតិ​កម្ពុជា​ក្រោម នា​ដើម​សតវត្សរ៍​ទី ២១ ដែលមាន​សមណ​សិស្ស​ប្រមាណ​ជាង ៤០ អង្គ និង​រូប​នៃ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ (​ថ្នាក់​បាលី​រង​) វត្ត​កំពង់​ជ្រៃ បាន​ក្រោក​ឡើង​ធ្វើបាតុកម្ម ដោយ​អហិង្សា​ទាមទារ​ឲ្យ​របប​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម គោរព​សិទ្ធិ​ខ្មែរក្រោម ក្នុងនាម​ជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ព្រះតេជព្រះគុណ ថាច់ ចាន់​តារា ដែល​កាលនោះ ព្រះ​អង្គជា​អតីត​សមណ​ប្បាតុករ​មួយអង្គ ក្នុងចំណោម​សមណ​ប្បាតុករ​រាប់សិប​អង្គ ដែល​បាន​ចូលរួម​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ព្រះនាម ថាច់ ធន ដែល​ត្រូវបាន​នគរបាល​យួន​ស្រុក​កញ្ចោង​ចាប់​យកទៅ​ឃុំ​ព្រះកាយ ដោយ​ចោទថា នាំយក​ព្រឹត្តិបត្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

ព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានចាប់ផ្សឹក កាលពីឆ្នាំ ២០០៧ ។
ព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានចាប់ផ្សឹក កាលពីឆ្នាំ ២០០៧ ។

តើ​ព្រឹត្តិការណ៍​នេះ មាន​អត្ថន័យ​យ៉ាងណា​? ព្រះតេជព្រះគុណ ថាច់ ចាន់​តារា រំឭក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​នេះ ដូចតទៅ ៖

​ព្រឹត្តិការណ៍ ១៩ ខែមករា ២០០៧ ជា​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់ ដែល​បាន​កើតឡើង នៅក្នុង​សតវត្សរ៍​ទី ២១ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​តស៊ូ​របស់​ព្រះ​វីរ​សមណៈ វីរបុរស វីរនារី​ខ្មែរក្រោម និង​វីរជន​អ្នកស្នេហាជាតិ​ខ្មែរក្រោម​ជំនាន់​មុនៗ រួមមាន​ក្នុងសម័យ​ព្រះតេជព្រះគុណ សឺ​ន វ៉ង់ ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ គឹម តុ​ក​ចើ​ង និង​ព្រះសង្ឃ​ស្នេហា​ជាតិ​ជាច្រើន​អង្គ​ទៀត ដែល​កាលណោះ បាន​ក្រោក​ឡើង​ធ្វើបាតុកម្ម តវ៉ា រហូតដល់​ពលិកម្ម​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​វត្ត​អារាម ព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ ភាសា អត្តសញ្ញាណ និង​ប្រវត្តិសាស្ត្រ​របស់ខ្លួន (​ប្តូរ​ឈ្មោះ​ខេត្ត​ពី​ខ្មែរ​ទៅជា​ភាសា​វៀតណាម​) នៅ​ដែនដី​កម្ពុជា​ក្រោម ពី​ការហាមឃាត់​យ៉ាង​តឹងរ៉ឹង ពី​សំណាក់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម មិន​ឲ្យ​បើក​សាលា និង​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ នៅលើ​ទឹក​កំណើត ។​

Leave A Reply

Your email address will not be published.