បេសកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៦ របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

183

នៅក្នុង​ឱកាស​នៃ​រដូវ​កាល​ឈប់សម្រាក និង​ឱកាស​ឆ្នាំ​ថ្មី​សកល​ឈានចូល​មកដល់ ក្នុងនាម​សហព័ន្ធ​កម្ពុជា​ក្រោម ខ្ញុំ​សូម​ជូនពរ​ដល់​លោកអ្នក និង ក្រុមគ្រួសារ​ឲ្យ​បាន​ប្រកប​តែ​ភាព​រីករាយ ជីវិត​ស្រស់ថ្លា មាន​សុខ​ភាពល្អ និង​សុភមង្គល​គ្រប់ពេលវេលា ។ សួស្ដី​ឆ្នាំ​ថ្មី !

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅក្នុង​ឆ្នាំ ២០១៥ សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ថ្នាក់ដឹកនាំ​បានធ្វើ​ដំណើ​រ​ជុំវិញ​ពិភពលោក ដូចជា នៅ​ទីក្រុង​ញូវយ៉ក​, វ៉ាស៊ីនតោន​ឌី​ស៊ី​, សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​, ទីក្រុង​ម៉ុងរ៉េអាល​, ទីក្រុង​ប៉ារីស​, ទីក្រុង​ព្រុស​សែ​ល​, ទីក្រុង​ហ្សឺ​ណែវ​, ទីក្រុង​ឡាអេ​, ទីក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ជម្រុញ​ឲ្យ​ពិភពលោក​ដឹង​អំពី​បញ្ហា​ខ្មែរក្រោម ដែល​ត្រូវ​កំពុងតែ​ប្រឈមមុខ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ។ សមិទ្ធផល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​នេះ ជា​គ្រឹះ​មួយ​យ៉ាងរឹងមាំ​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុងការ​បោះជំហាន​ទៅមុខ​ថែម​មួយ​ជំហាន​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅរក​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ប្រជាជន​ខ្មែរក្រោម​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​តំណាង​របស់ខ្លួន ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នា​ការិយាល័យ អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​ខែមេសា និង កិច្ចប្រជុំ​យន្តការ​អ្នក ជំនាញ​ស្ដីអំពី​សិទ្ធិ​ជនជាតិដើម (EMRIP) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស នៅក្នុង​ខែកក្កដា ។ ខ្ញុំ​ចង់​គូសបញ្ជាក់​អំពី​សកម្មភាព​សំខាន់ៗ​មួយចំនួន​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានបញ្ចប់​ដោយ​ជោគជ័យ​រួមមាន​៖

នៅ​ខែមីនា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ លើក​ទី ២៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ខណៈដែល​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​វប្បធម៌ លោកស្រី Farida Shaheed និង​អ្នករាយការណ៍​ពិសេស​ស្តីពី​សេរីភាព​ជំនឿ​សាសនា Heiner Bielefeldt បានបង្ហាញ​របាយការណ៍​ស្តីពី​បេសកកម្ម​របស់ខ្លួន​នៅ​ប្រទេស​វៀតណាម ។ លោក Heiner Bielefeldt បានលើកឡើង​ក្នុង​កិច្ចប្រជុំ ដោយឡែក​មួយ​សម្រាប់​សេរីភាព​សាសនា​នៅ​ប្រទេស​វៀតណាម និង​នៅក្នុង​តំបន់​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​សហការ​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ចាប់ពី​ខែកុម្ភៈ ដល់ ខែឧសភា គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ដំណើរ​ជាច្រើនលើក ទៅ Washington DC តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ទទួល បន្ទុក​ខាង​សេរីភាព​ខាង​ជំនឿ​សាសនា​នៅ​វៀតណាម ។ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏បាន​ចូលរួម​ក្នុង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន / វេទិកា​អាស៊ាន​ក្នុង​ឆ្នាំ ២០១៥ (SEAN People’s Forum 2015 Wisma MCA ) នៅ Jalan Ampang និង Kuala Lumpur កាលពី​ខែមេសា ។​

​កាលពី​ខែឧសភា​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ប្រជុំ​ជាមួយនឹង​គណៈកម្មាធិកា​រ​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យឡើងវិញ​នូវ​សំណុំរឿង​ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​សុំចូល ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ សហប្រជាជាតិ (ECOSOC) ។ គណៈកម្មាការ​នេះ បាន​ចំណាយពេល​ជាង ៣០ នាទី ដើម្បី ពិនិត្យឡើងវិញ នូវ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ គណៈកម្មាការ​នេះ មិនអាច​ចេញ​សេច ក្តី​សម្រេច​ណាមួយ​លើ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានឡើយ តែ​បាន​ផ្ញើ​សំណួរ​ចំនួន ៣ សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បំភ្លឺ​ទាក់ទង​នឹង​ការចោទប្រកាន់ របស់​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត យួន ដែល​បាន​ចោទថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នក​បំបែក រដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ​នៅក្នុង​ខែកញ្ញា​ថា បេសកកម្ម​របស់​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​គោលបំណង “​ស្ថាបនា​មិនមែន​ជាការ​បំបែក​រដ្ឋ​” នៅក្នុង​ប្រទេស​វៀត ណា​ម​ឡើយ ។ គណៈកម្មាការ​នេះ​នឹង​ចាប់ផ្តើម​ពិនិត្យ​លើ​ប្រវត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សាជាថ្មី នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ ដើមឆ្នាំ​នេះ ។​

មិថុនា​ជា​ខែ​មួយ​រវល់​បំផុត​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក បានរៀបចំ​ព្រឹត្តិការណ៍ ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​សោកនាដកម្ម​ដែល​ដែន ដី​កម្ពុជា​ក្រោម​ត្រូវ​កាន់កាប់ ដោយ​វៀតណាម ហើយ​ពលរដ្ឋ​ខ្មែរក្រោម​វាល់​លាន​នាក់​បាន​បាត់បង់​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​រស់​នៅ​ទាំង​វេទនា​លើដី​ដូនតា​របស់ខ្លួន​ក្នុងនាម​ជា​ជនជាតិភាគតិច ។ នៅក្នុង​ខែ​ដដែល​នេះ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទៅ​ជួប​តំណាង​សភា​អឺរ៉ុប​នៅ​ទីក្រុង Brussels ប្រទេស បែ​ល សិ​ក (Belgium) និង​មន្ត្រី​អគ្គស្នងការ​អង្គការសហប្រជាជាតិ ទទួល​ជនភៀសខ្លួន (UNHCR) នៅ​ទីក្រុង​ហ្សឺ​ណែវ (Geneva) ប្រទេស​ស្វិ​ស ។ ការជួបប្រជុំ​ជាមួយ​តំណាង​អង្គការ UNHCR ដើម្បី​ជម្រាប​អំពី​ការព្រួយបារម្ភ​របស់ខ្លួន​ទាក់ទង​នឹង​បញ្ហា​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុងតែ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ​អគ្គស្នងការ​អង្គការ​សហ ប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ទីក្រុង​បឹងកក ប្រទេស​ថៃ ។ ក្រោយ​ខែមិថុនា ជនភៀសខ្លួន​ខ្មែរក្រោម​ជាច្រើន​នៅក្នុង​ទីក្រុង​បឹងកក ប្រទេស​ថៃ ត្រូវបាន​អង្គការ UNHCR បញ្ជូន ទៅ​តាំង​ទីលំនៅ នៅក្នុង​ទ្វីបអាមេរិក​ខាងជើង និង​អឺរ៉ុប ។ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលរួម​ក្នុងការ​រំឭក​ខួប ៧០ ឆ្នាំ ថ្ងៃ​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ នៅ​សាលាក្រុង San Francisco សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ផងដែរ ។ លោក បាន គី​មូ​ន បាន​ថ្លែង​សុន្ទរកថា កត់សម្គាល់​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ពិសេស​មួយ​របស់​មនុស្ស​ជាតិ​នៅក្នុង​អង្គប្រជុំ​នេះ ។​

នៅក្នុង​ខែកក្កដា គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​ទី ៦១ នៃ​សន្និបាត​អង្គការសហប្រជាជាតិ ស្ដីពី​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង ប្រឆាំងនឹង​ស្ត្រីភេទ ហៅ​កាត់ ជា​ភាសា​អង់គ្លេស​ថា “​ស៊ីដ​” (CEDAW) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដើម្បី​ពិនិត្យឡើងវិញ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​រំលោភសិទ្ធិ​លើ​ស្ត្រី ។ នៅ​ខែឧសភា មុនពេល​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានដាក់​របាយការណ៍​ជូនដំណឹង​ដល់​អ្នកជំនាញ​ស៊ីដ​អំពី​បញ្ហាសំខាន់​ដែល​ស្ត្រី​ខ្មែរក្រោម កំពុងតែ​ប្រឈម​ជាមួយនឹង​ការ រើសអើង​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​នៅ​ដែនដី​កម្ពុជា​ក្រោម សម្រាប់​កិច្ចប្រជុំ​មុន​សម័យប្រជុំ​ពេញអង្គ​របស់ខ្លួន ។ វា​ត្រូវបាន​គេ​សន្យាថា រដ្ឋាភិបាល​វៀតណាម​នឹង​អនុញ្ញាត​ឱ្យមាន​ចូលរួម​ប្រ ជុំ​នៅក្នុង​សន្និបាត​នេះ ពី​អង្គការក្រៅរដ្ឋាភិបាល​ម​ក​ពី​ប្រទេស​វៀតណាម រាប់ទាំង​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល​ដែល​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល ផង ។​

​ក្នុង​ខែសីហា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានរៀបចំ​ទិវា​ខ្មែរក្រោម ក្នុង​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ប្រទេស​កាណាដា ។ វា​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ដែល​បាន​ធ្វើជា​រៀងរាល់ឆ្នាំ ។ សាលាក្រុង​ម៉ុងរ៉េអាល បានចាប់ផ្តើម​ទទួលស្គាល់​នូវ​ព្រឹ​ត្ត​ការណ៍​នេះ និង​ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ ។​

​នៅក្នុង​ខែកញ្ញា​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ។​

នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​ជា​ផ្លូវការ​នៃ​នាយកដ្ឋាន ព័ត៌មាន​សាធារណៈ​អង្គការសហប្រជាជាតិ (UNDPI) ។ គោលបំណង​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ចូល​ជា​សមាជិក​នាយកដ្ឋាន ព័ត៌មាន សាធារណៈ​អង្គការសហប្រជាជាតិ​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចង់បង្ហាញ​ឲ្យ​ឃើញថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ​ស្របច្បាប់​ធ្វើការ ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​ដោ​យ​សន្តិវិធី​ដើម្បី​ទប់ស្កាត់ រាល់​ទម្រង់​អំពើហិង្សា លើ ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ ពេល​បាន​ក្លាយជា​សមាជិក​នាយ​ក​ដ្ឋា​ន ព័ត៌មាន​សាធារណៈ អង្គការសហប្រជាជាតិ (UNDPI) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹងត្រូវ​បញ្ជូន​សមាជិករ​បស់​ខ្លួន​ចំនួន ៦ រូប ក្នុងនោះ ១ រូប ធ្វើជា​ប្រធាន​តំណាង​អង្គការ មនុស្សពេញវ័យ ៣ រូប​ជា​សមាជិក និង យុវជន ២ រូប ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ទីក្រុង​ញូវយ៉ក (New York ) និង​ទីក្រុង​ហ្សឺ​ណែវ (Geneva) ។​

​ថ្ងៃទី ៧ និង ៨ ខែធ្នូ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី ៦ នៃ “​វេទិកា​គំនិត​ច្នៃប្រឌិត​ថ្មី​ប្រក​ដ​ដោយ​និរន្តរភាព​” ឆ្នាំ ២០១៥ ហៅ​កាត់​ថា COP21 នៅក្នុង​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង ។​

​ចាប់ពី​ថ្ងៃ ១៨ ដល់ ២០ ខែធ្នូ សមាជិក និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​ជាង ១០០ នាក់ បានធ្វើ​ដំណើរ​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រចាំឆ្នាំ របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Tacoma រដ្ឋ​វ៉ា​សិង​តោន (Washington State) សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​ថ្មី​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យកទៅអនុវត្ត នៅក្នុង​ឆ្នាំ ២០១៦ ខាងមុខនេះ ។​

ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​គូសបញ្ជាក់​ពី​ការរីកចម្រើន​សំខាន់​មួយចំនួន​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បានធ្វើ​ការតស៊ូ​មតិ​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​សិទ្ធិ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​៖

  • សព្វថ្ងៃនេះ កូនសិស្ស​ខ្មែរក្រោម​ដែល​សិក្សា​នៅតាម​សាលា​រដ្ឋ​យួន អាច​រៀន​ភាសា​ខ្មែរ បាន​ខ្លះ​ហើយ តែ​នៅមាន​កំណត់ គឺ​ពួកគេ​មាន​សិទ្ធិ​រៀនអក្សរ​ខ្មែរ​យ៉ាងហោច ពីមួយ​ទៅ​ពីរ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ។ ទោះយ៉ាងណា​ក៏ដោយ យើង​នៅតែ​មើលឃើញថា ការរៀន​អក្សរ​ខ្មែរ​បែបនេះ មិនមែន​មាននៅ​គ្រប់​តំបន់​ទាំងអស់​ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ទេ ។​
  • សាលារៀន​រដ្ឋ​វៀតណាម​មួយចំនួន​បានអនុញ្ញាត​ឱ្យ​សិស្ស​និស្សិត​ខ្មែរក្រោម បាន​ឈប់ សម្រាក តែ​កូន​យួន​នៅ​រៀន​ជាធម្មតា ក្នុង​ពិធីបុណ្យ​ជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ និង បុណ្យ​សែនដូនតា ប៉ុន្តែ​មិនមែន​គ្រប់​សាលារៀន​ទាំងអស់​នៅ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ចេញ​ច្បាប់​មួយ​ឲ្យ សាលារៀន​រដ្ឋ​និង​រោងចក្រ​ទាំងអស់ នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវ​បិទទ្វារ​ឈប់ សម្រាក ក្នុង ឱកាស​បុណ្យជាតិ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ដូច​រដ្ឋាភិបាល​វៀតណាម​ធ្វើ​សម្រាប់​ជន ជាតិ​យួន​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​យួន​ដែរ ។​
  • ពុទ្ធបរិស័ទ​ខ្មែរក្រោម​មាន​សេរីភាព​កាន់តែច្រើន ក្នុង​ការរៀបចំ​ពិធីបុណ្យ​សាសនា​នៅតាម​ផ្ទះ​និង​វត្ត​អារាម​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​ត្រូវ​ការស្នើ​សុំច្បាប់​ធ្វើបុណ្យ ក្នុង​ការរៀបចំ​ពិធីបុណ្យ ផ្សេងៗ ។ ទង្វើ​បែបនេះ បង្ហាញ​ឲ្យ ឃើញ ថា រដ្ឋាភិបាល​វៀតណាម​នៅតែ​ត្រួតពិនិត្យ​យ៉ាងខ្លាំង​លើ​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម ។​
  • សព្វថ្ងៃនេះ ខ្មែរក្រោម​អាច​ពាក់​សម្លៀកបំពាក់​តា​ម​បែប​ប្រពៃណី នៅក្នុង​ពិធីបុណ្យ​ផ្សេងៗ ដូចជា ពិធីបុណ្យ​កឋិនទាន​ដោយ​គ្មាន​ការយាយី​ពី​អាជ្ញាធរ​មូលដ្ឋាន ។​
  • ក្រុមគ្រួសារ​ខ្មែរក្រោម​មួយចំនួន​ដែល​ត្រូវ​រដ្ឋាភិបាល​ចាត់ទុកថា​ជា​គ្រួសារ​ក្រីក្រ នៅក្នុង​តំបន់​មួយចំនួន មានលទ្ធភាព​ទទួលបាន​ធានារ៉ាប់រង​សុខភាព ប៉ុន្តែ​មិនមែន​ទាំងអស់​នោះទេ ។​
  • ឥឡូវនេះ ពលរដ្ឋ​ខ្មែរក្រោម អាច​មើល​កម្មវិធី​ភាសា​ខ្មែរ នៅលើ​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​រដ្ឋ​នៃ​បក្សកុម្មុយនិស្ត​វៀតណាម (VTV) រៀងរាល់ថ្ងៃ តែ​ជា​អកុសល កម្មវិធី​ផ្សាយ​ទាំងនោះ គ្រាន់តែ​ជាការ​ឃោសនា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​យួន​ប៉ុណ្ណោះ ។ រដ្ឋាភិបាល យួន មិន​អនុញ្ញាតិ​ឱ្យ​ខ្មែរក្រោម​បង្កើត​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​របស់ខ្លួន​បាន​ដោយ​សេរី និង​ការច្នៃប្រឌិត​ឡើយ ។ ម្យ៉ាងទៀត រាល់​ការផ្សព្វផ្សាយ​នៅលើ​ទូរ ទស្សន៍ និង​វិទ្យុ​រដ្ឋ យួន រដ្ឋា ភិ​បាល​យួន​បាន​កែ​កាឡៃ​ភាសា​ខ្មែរ​ឲ្យ​ប្រាសចាក​ទម្រង់​ប្រយោគ​ភាសា​ខ្មែរ ទៅជា​ប្រយោគ ភាសា​យួន​យ៉ាង​គគ្លើន ។​
  • ប្រជាជន​ខ្មែរក្រោម​ពី​បរទេស​មកលេង​ស្រុកកំណើត​របស់​ពួកគេ ត្រូវ​រំខាន​ដោយ​អាជ្ញាធរ​មូលដ្ឋាន​តិចជាង​មុន ប៉ុន្តែ ពួកគេ​នៅតែ​ត្រូវ​តម្រូវឱ្យ​រាយការណ៍​ទៅកាន់​ស្នងការ​ប៉ូលិស​មូលដ្ឋាន អំពី​ការ​ស្នាក់នៅ​របស់​ពួកគេ បើទោះបីជា​រដ្ឋាភិបាល​វៀ​ត​ណា​ម​មិនបាន​តម្រូវឱ្យ​ពួកគេ​ធ្វើ​ដូច្នេះ យ៉ាងណាក៏ដោយ ។ វា​នៅតែ​ជា​បទ​ប្បញ្ញត្តិ​មួយ​ដាក់​គំនាប​ជា​ទម្ងន់​លើ ពលរដ្ឋ​ខ្មែរក្រោម ដូចជា ករណី​មួយចំនួន​ដែល​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស នៅតែ​ត្រូវ កោះហៅ​ទៅ​សួរចម្លើយ​អំពី​សកម្មភាព​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម្បីតែ​សកម្មភាព​ទាំងនោះ ត្រូវបាន​បង្ហោះ​ជា​សាធារណៈ​នៅលើ​អ៊ី​ន​ធើ​ណិ​ត ។​

ក្នុងនាម​ជា​អង្គការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជំ​រុញឱ្យ​ប្រទេស​វៀតណាម បើក​ការសន្ទនា​ដោយ​ចំហ​នៅលើ​វេទិកា​អចិន្ត្រៃយ៍​អង្គការ​សហ ប្រជា​តិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ដោះស្រាយ​បញ្ហា​របស់ ប្រជាជន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការរំលោភ​សិទ្ធិមនុស្ស តែ​បែរជា ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចោទប្រកាន់​ក្នុង​គោល បំណង បង្ខូច​កេរ្តិ៍ឈ្មោះ​ក្នុងការ​តស៊ូ​មតិ​ពិតប្រាកដ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ សព្វថ្ងៃនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក​ជា​ផ្លូវការ នៃ​នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​អង្គការសហប្រជាជាតិ (UNDPI) ហើយ ។ វា​បង្ហាញ​ឲ្យ​ឃើញ ថា ការងារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សកម្មភាព​តស៊ូ​មួយ​ពិតប្រាកដ​បាន​ចូលរួមចំណែក​ជា​វិជ្ជមាន​ជាមួយនឹង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ផ្តោត​សំខាន់​លើ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស ។​

ផែនការ​ឆ្នាំ ២០១៦ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់ចេញ​នៅក្នុង​ក្របខណ្ឌ​មួយ ដើម្បី​ជំរុញ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានការ​ផ្លាស់ប្ដូរ​សក​ម្ម​ភាព​របស់ខ្លួន​ឈានទៅដល់​កម្រិត​ខ្ពស់ មួយកម្រិត​ទៀត ។ ឆ្នាំ ២០១៦ វៀតណាម​នឹង​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បក្ស​ថ្នាក់មជ្ឈិម នៅក្នុង​ខែមករា នេះ ។ សង្ឃឹមថា មេដឹកនាំ​ជាប់ឆ្នោត​ថ្មី​របស់​ប្រទេស​វៀតណាម​នឹងមាន​ការបើកចំហ ទទួលយក​អនុសាសន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នៅក្នុង​និង​ក្រៅប្រទេស ដើម្បី​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​វៀតណាម​អាចនឹងទទួល​បាន​នូវ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ដោយ​រីករាយ ជាពិសេស សេរីភាព​ខាង​សាសនា ។ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃ វត្ត​សេរី តាសេក ខេត្ត​ឃ្លាំង នៅតែ​ត្រូវ​ជាប់​នៅក្នុង​ពន្ធនាគារ នៅឡើយ ។ រដ្ឋ​ភិ​បាល​យួន គួរតែ​ដោះលែង ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ នៅក្នុង​ឆ្នាំ​ថ្មី​នេះ ។ លើសពីនេះ ការចូលរួម​សន្ទនា​ជាមួយ​សង្គម​ស៊ីវិល​ដោយ​ចំហ វា​អាចជួយ​ដល់​ប្រទេស​វៀតណាម ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ដែល​កើត មាន​នៅតាម​ខេត្ត​មួយចំនួន​នៅ​ដែនដី​កម្ពុជា​ក្រោម ដូចជា ខេត្ត​ទឹកខ្មៅ និង​ពល​លាវ កន្លែង​ដែល ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន កំពុងតែ​ប្រឈម​នឹង វិបត្តិ​ថវិកា ។ មន្ត្រី​អាជ្ញាធរ​ខ្មែរក្រោម ដែល​ធ្វើការ ឲ្យ​រដ្ឋាភិបាល​យួន​ក្នុង​ខេត្ត​ទាំងនេះ​មាន​ក្ដីបារម្ភ​ថា ពួកគេ​អាច​នឹងមិន​មានលទ្ធភាព​ក្នុង​ការបើក ប្រាក់ខែ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១៦ នេះ ។​

​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ យើង​នឹង​នាំគ្នា​រក្សា​អត្តសញ្ញាណ​ខ្មែរក្រោម និង​ការប្ដេជ្ញាចិត្ត​របស់​យើង​ឲ្យ​បាន រឹងមាំ ។ សូម​ឲ្យ​ឆ្នាំ​ថ្មី​នាំមក​នូវ​សេរីភាព យុត្តិធម៌ និង ប្រជាធិបតេយ្យ ដល់​ពលរដ្ឋ ខ្មែរក្រោម​គ្រប់រូប កុំបី​ខាន​ឡើយ ៕​

ដោយសេចក្ដីគោរព

ថាច់ ង៉ុក ថាច់

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

——————————

ទាញយកសារជូនពរឆ្នាំថ្មីជាភាសាអង់គ្លេស

…………………………………..

ប្រែសម្រួលពីភាសាអង់គ្លេសទៅជាភាសាខ្មែរដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

Comments are closed.