សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១៩ របស់​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 233

ដោយ ថាច់ ប្រីជា គឿន​
​នៅ​ថ្ងៃទី ១ ខែមករា នេះ ជា​ថ្ងៃ​ចូលឆ្នាំ​សកល ឆ្នាំ ២០១៩ ពី​សហរដ្ឋអាមេរិក ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KKF បាន​ផ្ញើ​សារ​ប្រគេន និង ជូនពរ​ឆ្នាំ​ថ្មី ដល់​ថ្នាក់ដឹកនាំ សមាជិក អ្នកគាំទ្រ និង ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិ​ព​ភព​លោក ឲ្យ​បាន​ប្រកប​តែ​នឹង​សេចក្ដីសុខ សេចក្ដីចម្រើន​គ្រប់ប្រការ ។​

​យោងតាម​លិខិត​ប្រគេន និង ជូនពរ​ថ្មី ឆ្នាំ ២០១៩ ជា​ភាសា​អង់គ្លេស របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ចុះ​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ លោក ប្រាក់ សេរី​វុ​ឌ្ឍ បានបញ្ជាក់​អំពី សកម្មភាព ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បំពេញ​ក្នុង ឆ្នាំ ២០១៨ ថា ដោយសារ​មាន ការគាំទ្រ និង ការចូលរួម​ធ្វើការ​ស្ម​គ្រ​ចិត្ត​ពី​សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ។ សារលិខិត​នេះ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម “​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង អ្នកគាំទ្រ នៅ​ជុំវិញ​ពិភពលោក ដែល​បានធ្វើការ​ដោយ​មិនចេះ​នឿយហត់ ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹងថា ជនជាតិដើម​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម នៅតែ​ត្រូវ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង ជិះជាន់​លើ​សេរីភាព​សាសនា ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ជា​ទម្ងន់​” ។​

​ក្នុង​សារលិខិត​នេះ​ដដែល​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០១៩ នេះ ជា​ឆ្នាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រំឭក​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម កត់សម្គាល់​នូវ​ខួប ៧០ ឆ្នាំ ដែល ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន ត្រូវ​ផ្ទេរ​ដោយ​អំណាច​អាណានិគមនិយម​បារាំង​នៅ​ឥណ្ឌូចិន ឲ្យ​ទៅ ស្ដេច បាវ ដាយ របស់​វៀតណាម នា​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយ​គ្មាន​ការយល់ព្រម​ពី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ឡើយ ។​
​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​មួយ របស់​ពលរដ្ឋ​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ធ្វើការ​តស៊ូ​ដោយ​សន្តិ​វិធិ និង អហិង្សា ដើម្បី ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

Leave A Reply

Your email address will not be published.