UNPFII ប្រកាសពន្យាពេលកិច្ចប្រជុំលើកទី ១៩
វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) បានប្រកាស ពន្យាកិច្ចប្រជុំរបស់ខ្លួន ដែលគ្រោង នឹងត្រូវធ្វើនៅក្នុងខែមេសាខាងមុខនេះ ដោយសារបារម្ភពីការឆ្លងរោគ COVID-19 ។
យោងតាមលិខិតប្រកាសព័ត៌មានចុះថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ ដោយអធិបតី នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) អ្នកស្រី អែន នួហ្គែម (Anne Nuorgam) និងប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) អ្នកស្រី មូណា ជូល (Mona Juul) បានបញ្ជក់ថា៖ “សមាជិក នៃវេទិកាអចិន្រ្តៃយ៍ស្តីពីបញ្ហាជនជាតិដើម បានសម្រេចចិត្តពន្យារពេលនូវកិច្ចប្រជុំលើកទី ១៩ របស់ខ្លួន ដែលគ្រោង នឹងធ្វើចាប់ពីថ្ងៃទី ១៣ ដល់ ២៤ ខែមេសា ឆ្នាំ ២០២០ នេះ រហូតដល់ថ្ងៃកំណត់ជាថ្មី” ។
លិខិតដដែល បានបញ្ជាក់ថា៖ “សមាជិកនៃវេទិកាអចិន្រ្តៃយ៍ បានកត់សម្គាល់ថា ពួកគេមិនបានមើលស្រាលនូវសេចក្តីសម្រេចចិត្តនេះទេ ប៉ុន្តែ ពួកគេជឿជាក់ថា នេះ គឺជាសកម្មភាព ទទួលខុសត្រូវតែមួយគត់ ក្នុងការយកចិត្តទុកដាក់លើស្ថានភាពមិនប្រក្រតី ដែលទាក់ទង នឹងការផ្ទុះឡើង នៃមេរោគ COVID-19 ហើយពិចារណានូវការចូលរួមខ្ពស់ នៅក្នុង សម័យប្រជុំប្រចាំឆ្នាំ នៃវេទិកាអចិន្រ្តៃយ៍នេះ ។ កត្តាបន្ថែមទៀត គឺស្ថានភាពសុខភាព ដែលមិនច្បាស់លាស់រួចទៅហើយ ដែលជនជាតិដើមជាច្រើនរស់នៅ និងភាពចាំបាច់ ដើម្បីជៀសវាងផលប៉ះពាល់ជាអវិជ្ជមាន” ។
ទាក់ទង នឹងបញ្ហានេះដែរ វេទិកាអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម បានបញ្ជាក់នៅក្នុងលិខិតថា ខ្លួនកំពុង “ស្វែងរកកាលបរិច្ឆេទ និងទីកន្លែង ដែលអាចធ្វើទៅបាន ដើម្បីរៀបចំសម័យប្រជុំលើកទី ១៩ របស់វេទិកានេះ នាពេលខាងមុខ” ។
សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តែងតែបញ្ជូនប្រតិភូរបស់ខ្លួនទៅប្រជុំនៅក្នុងវេទិកាមួយនេះ ជារៀងរាល់ឆ្នាំ ដើម្បីថ្លែងការណ៍អំពីករណី ដែលរដ្ឋាភិបាលវៀតណាម ធ្វើទុក្ខបុកម្នេញលើជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ៕